ក្រោយពីមានហេតុការណ៍កុមារីម្នាក់បានស្លាប់ ដោយមានប្រវត្តិសត្វខាំ នៅថ្ងៃទី ១៣កុម្ភៈមក គេសង្កេតឃើញមានចរន្តប្រជាជនសម្រុកនាំគ្នាមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងត្រូវចាក់ថ្នាំបង្ការនៅពេលណា ? តើគេអាចចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះមុនមានករណីសត្វខាំឬខ្វាចដែរឬទេ ?
អន្តរាគមន៍ដោយលោកវេជ្ជបណ្ឌិត លី សុវត្ថិ ប្រធានវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញ
ជំងឺឆ្កែឆ្កួតជាអ្វី ?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្កឡើងដោយមេរោគ ដែលកើតនៅសត្វចិញ្ចឹមកូនដោយទឹកដោះ ដូចជាឆ្កែ ឆ្មា កញ្ច្រោង ... អាចចម្លងពីសត្វទៅសត្វ និងពីសត្វមកមនុស្ស។ ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាករណីកម្របំផុតមែនទែន។ ជំងឺនេះអាចបង្កឱ្យស្លាប់។ រហូតមកទល់សព្វថ្ងៃនេះ ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ជំងឺឆ្កែឆ្កួតជាភ្នាក់ងារបង្កឱ្យមនុស្សបាត់បង់ជីវិតអស់រាប់សិបពាន់នាក់។
តើជំងឺឆ្កែឆ្កួតធ្វើការចម្លងមកមនុស្សយ៉ាងដូចម្តេច ?
ដូចឈ្មោះហៅ ជំងឺឆ្កែឆ្កួត ច្រើនចម្លងមកមនុស្ស ដោយញឹកញាប់ជាងគេ ដោយការខាំរបស់សត្វឆ្កែ។ ក៏ប៉ុន្តែសត្វ ឆ្មា សត្វប្រចៀវ និងសត្វព្រៃជាច្រើនផ្សេងទៀត ដែលស្ថិតនៅក្នុងចង្ក្រោមសត្វចិញ្ចឹមកូនដោយទឹកដោះ ក៏អាចជាចម្លងជំងឺនេះមកមនុស្សបានដែរ។ មេរោគឆ្កែឆ្កួត ចម្លងមកមនុស្សតាមរយៈទឹកមាត់សត្វដែលមានជំងឺឆ្កែឆ្កួត ដោយការខាំ ខ្វាញ ឬលិឍចំលើកន្លែងរលាត់ស្បែក។ មេរោគឆ្កែឆ្កួត មិនជ្រាបចម្លងតាមស្រទាប់ស្បែកជារបស់មនុស្សយើងបានឡើយ។ សូមចងចាំថា ទឹកមាត់សត្វអាចមានផ្ទុកមេរោគឆ្កែឆ្កួត តាំងពីមួយសប្តាហ៍ មុនសត្វនោះមានសញ្ញារោគឈឺ។ នៅពេលមេរោគឆ្កែឆ្កួតចូលដល់ក្នុងខ្លួនមនុស្សហើយ វាអាចសំងំស្ងៀម ក្នុងរយៈពេលជាមធ្យមពី៣០-៤៥ថ្ងៃ មុននឹងផ្តល់ជារោគសញ្ញាជំងឺ។ ប៉ុន្តែរយៈពេលសំងំអាចខ្លីឬវែង អាស្រ័យលើកំរិតនិងបរិមាណនៃការខាំ។
តើត្រូវធ្វើដូចម្តេចខ្លះនៅពេលមានសត្វខាំ ?
ទោះបីជាជំងឺឆ្កែឆ្កួតជាជំងឺកាចសាហាវ ព្រោះវាអាចបង្កឱ្យបាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែសូមចងចាំថា មិនមែនគ្រប់ករណីខាំ គ្រប់ឆ្កែគ្រប់ឆ្មា សុទ្ធតែមានផ្ទុកមេរោគឆ្កែឆ្កួតឡើយ។ គឺមានតែឆ្កែឬឆ្មា ឬសត្វមានជំងឺតែប៉ុណ្ណោះដែលអាចចម្លងមេរោគរបស់វាតាមរយៈទឹកមាត់មកមនុស្សយើង។ ដូច្នេះ លោកអ្នកគ្មានហេតុផលអ្វីត្រូវភ័យស្លន់ស្លោរទេ។ ក្រោយមានហេតុសត្វខាំ សូមអនុវត្តភ្លាមនូវកាយវិការដ៏សំខាន់ខាងក្រោមនេះ៖
- លាងរបួស ស្នាមដោយសត្វខាំ ឱ្យស្អាត ដោយប្រើទឹកចាក់បង្ហូរទឹកពីលើឱ្យបានច្រើន (ដើម្បីដោយទឹកមាត់សត្វខ្ទាតចេញពីរបួស) និងលាយជាមួយសាប៊ូ ដើម្បីសម្លាប់មេរោគ
- បន្ទាប់មកបើមានសូមលាងរបួសនឹងអាល់កុល ឬថ្នាំសម្លាប់មេរោគបន្ថែមទៀត
- និងចុងក្រោយទើបស្វែងរកការចាក់ថ្នាំបង្ការ
វិធានការបន្ទាប់បន្សំផ្សេងទៀត ៖ ប្រសិនបើជាសត្វមានម្ចាស់ត្រូវឱ្យពេទ្យសត្វតាមដានមើលសុខភាពសត្វនោះរយៈពេល១៥ថ្ងៃ។ បើសត្វនោះស្លាប់ ត្រូវនាំខ្មោចសត្វនោះទៅវិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតវិភាគ។ បើជាសត្វគ្មានម្ចាស់ ក៏ត្រូវជូនដំណឹងប្រាប់អាជ្ញាធរ ដើម្បីបានជារបាយការណ៍។
ចាក់ថ្នាំបង្ការ ក្រោយសត្វខាំ
វេជ្ជសាស្ត្របច្ចុប្បន្នពុំមានថ្នាំនិងលទ្ធភាពព្យាបាលជំងឺឆ្កែឆ្កួតទេ។ នៅពេលលេចរោគសញ្ញាជំងឺឆ្កែឆ្កួតហើយ មានន័យថាជាការហួសពេលហើយ។ ប៉ុន្តែជាសំណាងល្អគេអាចទប់ស្កាត់ជំងឺឆ្កែឆ្កួតនេះ បានដោយការចាក់ថ្នាំបង្ការ ដែលមានប្រសិទ្ធិភាពរយៈពេល៥ឆ្នាំ។ តាមគោលការណ៍ រាល់គ្រប់ថ្នាំបង្ការ សុទ្ធតែត្រូវបានគេចាក់វា នៅពេលមុនឈឺ មែនហើយ។ ប៉ុន្តែ សម្រាប់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ការចាក់ថ្នាំបង្ការគួរតែត្រូវធ្វើឡើង ក្រោយពីមានករណីសត្វខាំតែប៉ុណ្ណោះ។ ការចាក់ថ្នាំបង្ការ ត្រូវធ្វើចំនួនបួនដង ក្នុងចន្លោះពេលមួយខែ (០-៣-៧-២៨)គិតពីថ្ងៃចាក់លើកទីមួយ។
តើគេអាចចាក់បង្ការ មុនមានហេតុសត្វខាំបានទេ ?
មិនថានៅកម្ពុជា ឬស្រុកបារាំង ព្រមទាំងបណ្តាប្រទេសជឿនលឿនដទៃទៀតទេ ថ្នាំបង្ការជំងឺឆ្កែឆ្កួតមិនមែនជាថ្នាំបង្ការ ដែលចាំបាច់ត្រូវតែចាក់ដោយខានមិនបាន សម្រាប់បង្ការជំងឺទុកជាមុនឡើយ។ ក្រុមគ្រូពេទ្យមិនបានផ្តល់អនុសាសន៍ឱ្យពលរដ្ឋគ្រប់រូបនាំគ្នាទៅចាក់ថ្នាំបង្ការទុកជាមុនទេ លើកលែងតែ អ្នកមានអាជីពប្រឈមខ្លាំងនឹងសត្វតែប៉ុណ្ណោះ។
ទៅចាក់ថ្នាំបង្ការឆ្កែឆ្កួត នៅទីណា?
ក្រៅអំពីវិទ្យាស្ថានប៉ាស្ទ័រ លោកអ្នកអាចស្វែងរកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅមជ្ឈមណ្ឌលជាតិសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប និងបណ្តាគ្លីនិកឯកជនមួយចំនួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ