ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

ទ្រីស្ហូមី ជា​ជំងឺ​អ្វី ?

ទ្រីស្ហូមី ជា​ជំងឺ​អ្វី ?
 
កុមារ​Gammy ​មាន​ផ្ទុក​ជំងឺ Trisomie 21 REUTERS/Damir Sagolj

ថ្ងៃទី ២១​ មីនា ជា​ទិវា​ពិភពលោក​នៃ​ជំងឺ​ទ្រីស្ហូមី ២១ ឬ​ World Down Syndrome Day។ តាំង​ពី​ជាង​២០​ឆ្នាំ​មក អង្គការ​សុខភាព​ពិភពលោក​បាន​ ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ពញ្ញាក់​ស្មារតី​សាធារណជន​ឱ្យ​បាន​ស្គាល់​ជំងឺ​ដ៏​កម្រ​មួយនេះ។ តើ​ ទ្រីស្ហូមី ជា​ជំងឺ​អ្វី ? លេខ​សម្គាល់ ២១ -១៦-១៨ មាន​ន័យ​យ៉ាងដូចម្តេច ? គេ​អាច​ការពារ និងព្យាករណ៍​ទុក​ជាមុន​បាន​ដែរ​ឬទេ ? តើ​ជំងឺ​នេះ​បង្ក​ផលវិបាក និងអាច​សម្គាល់ បាន​​យ៉ាង​ដូចម្តេច​ខ្លះ ?

ទ្រីស្ហូមី ជា​ជំងឺ​កម្រ​មួយ ដែល​បង្ក​ឡើង​ដោយ​ភាពមិន​ប្រក្រតី​នៃ​​ក្រូម៉ូស្យូម​។ តាម​ច្បាប់​ធម្មជាតិ មនុស្ស​គ្រប់​រូប កើត​​មាន​ក្រូម៉ូស្យូម​ទាំង​អស់ ៤៦ ឬ​ ២៣​គូ អូតូសូម autosomomes។ ២៣​​ បាន​មក​ពី​​ម្តាយ និង​ ២៣​បាន​មកពី​ឪពុក។ ក្រូម៉ូស្យូម​ ១ ដល់​លេខ២២ ជា​ក្រូម៉ូស្យូធម្មតា និងមួយគូ​ទៀត ជា​​ក្រូម៉ូស្យូមភេទ​ ៖ ក្រូម៉ូស្យូម​ XX ពីរ សម្រាប់​មនុស្ស​ស្រី និង​សម្រាប់​មនុស្សមាន​ក្រូម៉ូស្យូម​Xមួយ ក្រូម៉ូស្យូម​Yមួយ​(XY)។

ក្រូម៉ូស្យូម​ទាំង​២៣គូ​ជា​ ពូជដើម​នៃ​ការ​បង្ក​កំណើត​ ចេញ​មក​ពី​​មេជីវិត​បុរស​​ ​​​ស្ពែម៉ាតូហ្សូអ៊ីត និង មេជីវិត​ញី​ ​​អូវុល​។ ​នៅពេល​​ស្ពែម៉ាតូហ្ស៊ីត និង​​អូវុល​ ជួប​គ្នា ក៏​មាន​​ការ​បង្ក​កំណើត​ឡើង​ នូវអំប្រ៊ីយ៉ុង ​ដែល​ការ​បូក​​ក្រូម៉ូស្យូមចូល​គ្នាស្មើ​នឹង​​៤៦​ (២៣XXឬ២៣XY)។ ប៉ុន្តែជួនកាល​ដោយ​មិនដឹង​ហេតុ​អ្វី ឬ​ដោយ​ចៃដន្យ ​នៅ​ពេល​បង្កកំណើត មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ ជួប​គ្នា​ ត្រូវ​​ចាប់​ជា​​​គូ ​២៣​ក្រូម៉ូស្យូម​ បែរ​ជាមាន​លើស​ក្រូម៉ូស្យូម​​មួយ ធ្វើ​ឱ្យ​គេ​រាប់​ឃើញ​មាន​ក្រូម៉ូស្យូម​ដល់​ទៅ ២៤។ នៅ​ពេល​ក-​ជីវិត​ ​អំប្រ៊ីយ៉ុងកូន​នោះ​មាន​ក្រូម៉ូស្យូម ដល់​ទៅ​ ៤៧ មិនមែន​៤៦ ឬ​២៣​គូ​​ដូច​មនុស្ស​ទូទៅទេ ព្រោះ​មាន​គូ​ក្រូម៉ូស្យូម​មួយណា​នោះ​ឡើង​ដល់ទៅ​បី។ ហេតុ​ដូច្នេះ​ហើយ​បាន​គេ​ឱ្យ​ឈ្មោះ​ជំងឺ​នេះ ថា ទ្រីស្ហូមី ដោយ​ចង់​​សំដៅ​ថា​មាន​ក្រូម៉ូស្យូម​ បី ចាប់​គូ​គ្នា (​ ទ្រី​ ជា​ភាសា​ឡាតាំង ស្មើ​ បី)។ ហើយ​ក្រូម៉ូស្យូម​ណា​មាន​បី គេ​ហៅ​ ទ្រីស្ហូមី​ លេខ​នោះ។ ​មាន​តែ​​ ភាព​មិន​ប្រក្រតី​កើត​លើ ក្រូម៉ូស្យូម​លេខ២១ទេ ដែល​​អំប្រ៊ីយ៉ុងកូន​អាច​បន្ត​លូត​លាស់​ បញ្ចប់​គ៌ភ រហូត​អាច​ប្រសូត​បាន។ បើ​ប៉ះលើ​ក្រូម៉ូស្យូម​លេខ​ផ្សេង​ទៀត អំប្រ៊ីយ៉ុង​មិន​អាច​រស់​បាន​ទេ ឬ​ត្រូវ​រលូត​ចេញមុនកាល​។ ហេតុដូច្នេះ​បាន​ជាគេ​ច្រើន​និយាយ​តែ​ពី​​ ទ្រីស្ហូមី ២១។ ​ករណី​ទ្រីស្ហូមី ១៨ ឬ​១៣ ក៏​អាច​មាន​ដែរ​ តែ​កម្រជាង​ទ្រីស្ហូមី ២១​ទៅទៀត។

គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ទ្រីស្ហូមី​នេះ​ទេ ប៉ុន្តែ​​អាយុក្នុង​ពេល​ពរពោះ​​របស់​អ្នក​ជា​ម្តាយ ជា​តំណាង​​ហានិភ័យដ៏ខ្ពស់​មួយ​​នៃ​ការ​កើត​ជំងឺ​ទ្រីស្ហូមី របស់​ទារក។ គេសង្កេត​ឃើញ​ថា ហានិភ័យ​នៃ​គ្រោះ​កើត​ជំងឺទ្រីស្ហូមី២១ កើន​ឡើង​ទៅ​ទៅ​តាម​វ័យ​របស់​អ្នក​ជាម្តាយ។ ចាប់​ពី​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ​ មាន​ហានិភ័យ​កូន​កើត​ទ្រីស្ហូមី ២១ កំរិត​១/១៥០០​ និងឡើង​ដល់​១ក្នុង​ចំណោម​១០០​កូន​កើត ពេល​ម្តាយ​ពរ​ពោះ​នៅ​ ​អាយុ​ ៤០​ឆ្នាំ។ អ្នក​ជា​ម្តាយ​ពរ​ពោះ​ក្នុង​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​កាន់​តែ​ខ្ពស់។

អាការៈ​សញ្ញា​ទ្រីស្ហូមី

មនុស្ស​ដែល​មាន​ជំងឺ​​ទ្រីស្ហួមី ២១ មាន​ការ​វិវឌ្ឍ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី​ និង​រូប​រាង​កាយ​ យឺត​ ខុស​មនុស្ស​ដទៃ និង​ មា​នរូបរាង​បុគ្គលិក​​​លក្ខណៈ​ប្លែក​ពិសេស ​ស្ទើរ​ដូច​គ្នា​ទាំង​អស់​។ លក្ខណៈ​មួយ​ដែល​គេ​សម្គាល់​ឃើញ​មាន​ស្ទើរ​លើ​គ្រប់​ក្មេង​ទើប​នឹង​កើត​ទាំង​អស់​នោះ គឺ​ មាន​សម្ពាធ​សាច់ដុំ​ខ្សោយ​ ទន់​ខ្លាំង​ មុខ​មូល​ កញ្ចឹងក​សំប៉ែត ច្រមុះ​តូច​ រង្វះត្របក​ភ្នែក​ឆៀវ ផ្នត់​បាតដៃ​មាន​តែ​មួយ​ឆូត។ ដៃ​ជើង ច្រើន​តែ​ខ្លី​និង​តូច។ ការ​លូតលាស់​យឺត កម្ពស់​លូត​អស់​​បាន​យ៉ាង​ច្រើន​១,៥ម៉ែត្រ។ អ្នក​មាន​ទ្រីស្ហូមី​២១​ភាគ​ច្រើន មាន​ខួរក្បាល​ វិវឌ្ឍ​មិន​ល្អ​ ហើយ​យឺតយាវទៀត។ វិបត្តិ​រ​លូតលាស់ខួរ​ក្បាល​មាន​បញ្ហា​ ​ខ្លាំង ឬ​ខ្សោយ​ ប្រែប្រួល​ពី​ក្មេង​ម្នាក់ទៅ​ក្មេង​ម្នាក់ និង​ទៅ​តាម​ហ្សែន​ពី កំណើត​ផង​ ទៅ​តាម​បរិស្ថាន​នៅ​ជុំ​វិញ​ខ្លួនផង ការ​អប់​រំ​និង​រៀន​សូត្រ​ផង។

ផលវិបាក​នៃ​អ្នក​មាន​ទ្រីស្ហូមី

មាន​ទ្រីស្ហូមី អ្នក​ជំងឺ​មាន​គ្រោះ​ជួប​ករណី​សរីរាង្គ​ការ​លូតលាស់​មិន​ល្អ មិន​ត្រឹម​ត្រូវ​ ជាង​មនុស្ស​ទូទៅ ដូច​ជា​ភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ​បេះដូង (៥០%​នៃ​ក្មេង​ទ្រីស្ហូមី ២១) ភាព​មិន​ប្រក្រតី​នៃ​បំពង់​អាហារ គ្មាន​រន្ធ​លាមក ស្ទះ​ចុង​ពោះវៀន​ធំ និង​ក្នុងករណី​ធ្ងន់ធ្ងរខ្លាំង គឺ​ភាព​មិនប្រក្រតី​លើ​សរីរាង្គ​ភ្នែក​ឡើង​បាយ​តាំង​ពី​នៅ​ក្នុង​ពោះ​។ល។

ក្រៅ​ពី​នេះ កុមារ​ទ្រីស្ហូមី ងា​យ​នឹង​ឆ្លង​ឬ​​កើត​ជំងឺ​ធម្មតា​ផ្សេង​ទៀត ជាង​កុមារ​ដទៃ​ មិន​ថា​ជា​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​រលាក ជំងឺ​ច្រមុះ​បំពង់ក ថ្លង់ អន់​ភ្នែក មីញ៉ូម ទល់​លាមក ភ្លើឡើង​អាស៊ីត ជំងឺ​បេះដូង (ដែលមិនមែន​ជាភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ​បេះដូង) ... អាយុកាល​ដែល​អ្នក​ទ្រីស្ហូមី​សង្ឃឹម​រស់​បាន​ក៏​ខ្លី​ជាង​មនុស្ស​ធម្មតា (ប្រមាណ​៥០​ឆ្នាំ សម្រាប់​ពលរដ្ឋ​នៅ​អឺរ៉ុប​ដែល​ធម្មតា​មាន​អាយុ​វែង​ជា​មធ្យម​ដល់​៨០​ឆ្នាំ)។

មាន​កូន​កើត​ទ្រីស្ហូមី គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ការ​មើលការ​ខុសត្រូវ​ ​ថែរក្សា ជីវិតរស់​នៅ​ប្រចាំ​ថ្ងៃផង និង​ត្រូវ​ស្វែងរក​ការព្យាបាល ថែទាំ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​ទៀត ដើម្បី​ឱ្យ​កូន​អាច​លូតលាស់​និងចូល​ក្នុង​សង្គម​បាន​ខ្លះ​។ ប្រឈម​នឹង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ទាំង​សម្រាប់​អ្នក​ជំងឺ​ផ្ទាល់​ និង​សម្រាប់​គ្រួសារ​ នៅ​ប្រទេសបារាំង​​ការ​ធ្វើ​តេស្តជា​ស្វ័យ​ប្រវត្តិ​ស្វែង​រក​សញ្ញា​ទ្រីស្ហូមី​លើ​​នៅ​ពេល​ស្ត្រី​មា​ន​ផ្ទៃ​ពោះ ដើម្បី​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កូន​កើន​មក​មាន​​ជំងឺ​ទ្រីស្ហូមី​។ ​គេ​អាច​ដឹង​អំពី​ការលូត​លាស់​ទារក​ក្នុង​ផ្ទៃ តាម​រយៈ​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូសាស្ត្រ នៅត្រី​មាសទី​មួយ​នៃ​គ៌ភ។

ក្រៅ​អំពីការពិនិត្យ​អេកូសាស្ត្រ គេ​ត្រូវ​បូក​បន្ថែមនឹង​ការ​ពិនិត្យ​ឈាមរបស់​ម្តាយ ក្នុង​កំឡុង​ត្រីមាស​ទី​មួយ​នៃ​គ៌ភ​ ឬ​នៅ​រវាង​ពី​សប្តាហ៍​ទី ១១​និងទី​១៣។ លទ្ធផល​នៃ​ការ​វាស់វែង​​អំប្រ៊ីយុង​កូន ​ប្រវែង​កម្រាសក​របស់​​ទារក​ក្នុង​ផ្ទៃ លទ្ធផល​ឈាម បូក​និងអាយុ​របស់​អ្នក​ជា​ម្តាយ​ពពោះ​ទៅ គេអាច​ដឹង អំពី​កំរិត​ហានិភ័យ​នៃ​ការ​ផ្តល់​កំណើត​កូន​មានទ្រីស្ហូមី​ ២១​កំរិត​ណា​ហើយ។ បើ​មាន​កំរិត​ដល់​ទៅ ១លើ​២៥០ នោះ​គ្រូពេទ្យ​បារាំង​នឹង​ស្នើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែមទៀត ដូច​ជា​ត្រូវ​បូម​យក​ទឹក​ភ្លោះ​មក​វិភាគ​មើល​ក្រូម៉ូស្យូម របស់​ទារក​ក្នុង​ផ្ទៃ។

មាន​វិធីសាស្ត្រ​មួយ​ទៀត ដែលកាន់​តែ​មាន​ប្រសិទ្ធិភាព​និង​គ្មាន​ផលរំខាន និង​ដែល​​សិក្សា​បង្ហើយ គឺ​ការវិភាគឈាម​រក​មើល​អាដេអិន​របស់​ទារក​ក្នុង​ផ្ទៃ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ