ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ ពោះវៀនពោះតាន់ គ្រឿងក្នុងគ្មានឈ្មោះជាអាហារល្អទេ និងក៏មានអ្នកមិនចូលចិត្តបរិភោគក៏ច្រើនដែរ។ ប៉ុន្តែ គ្រឿងក្នុងមិនអាក្រក់ដូចការគិតនោះឡើយ។ តើគ្រឿងក្នុងអាចល្អចំពោះសុខភាពយ៉ាងណា? តើត្រូវទទួលទានក្នុងកំរិតដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព ?
ថ្លើម ក្រលៀន បេះដូង អណ្តាត ខួរ ពោះវៀន ក្រពះ គ្រឿងក្នុងត្រូវបានចែកចេញជាពីរប្រភេទ គឺគ្រឿងក្នុងក្រហម និងគ្រឿងក្នុងស។ គ្រឿងក្នុងក្រហម ងាយទទួលទាន ដោយមិនចាំបាច់មានការរៀបចំអ្វីធំដុំទេ ចំណែកគ្រឿងក្នុងសវិញ ទាមទារការលាងសម្អាតចម្រាស និងជាទូទៅនៅប្រទេសបារាំង ច្រើនតែរៀបចំធ្វើជាពិសេសពីសំណាក់អ្នកជំនាញលក់គ្រឿងក្នុងសត្វ។ គ្រឿងក្នុងក្រហម មានដូចជា ថ្លើម ក្រលៀន បេះដូង អណ្តាត ថ្ពាល់ ឯគ្រឿងក្នុងស គឺពោះវៀន ពោះតាន់ ក្រពះ កោះ ១០០ស្រទាប់ និងក្បាល ជាដើម។ល។
ជាទូទៅ គ្រឿងក្នុងមិនសូវមានឈ្មោះល្អទេ។ ខ្លះយល់ថាផ្នែកនេះ មានបង្កប់ទៅដោយជាតិកូឡេស្តេរ៉ូលខ្លាំង ខ្លះថាកខ្វល់មានបង្កប់ទៅដោយមេរោគគ្រប់ប្រភេទ និងជាតិពុលទៀត។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ ? មិនត្រឹមត្រូវទេ។ គ្រឿងក្នុងខ្លះអាចជាប្រភពនាំឱ្យមានកូឡេស្តេរ៉ូលមែន ប៉ុន្តែគ្រឿងក្នុងមានជាតិខ្លាញ់តិចណាស់ ហើយផ្តល់ជាតិកាឡូរីទាបណាស់។ គ្រឿងក្នុងសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងជាតិរ៉ែ។ តើគ្រឿងក្នុងមានគុណប្រយោជន៍ល្អយ៉ាងណាចំពោះសុខភាព ? តើត្រូវទទួលទានក្នុងកំរិតណា និងយ៉ាងដូចម្តេច ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៉ាទ្រីស្ត សឺរ៉ុក (Patrick Serog) គ្រូពេទ្យឯកទេសចំណីអាហារ។
តើគ្រឿងក្នុង អាចចាត់ទុកបានថាជាប្រភេទអាហារ ដែលស្ថិតនៅក្នុងពពួក សាច់ បានដែរឬទេ?
Dr. Patrick Serog ៖ “គ្រឿងក្នុងត្រូវបានគេចាត់ទុកថាជា សាច់ ! ព្រោះវាមានគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើនដូចផ្នែកដទៃនៃសាច់ដែរ។ គ្រឿងក្នុង សម្បូរជាពិសេសទៅដោយសារធាតុប្រូតេអ៊ីន ដែលចាំបាច់បំផុតនៅពេលយើងឃ្លាន។ ជាងនេះទៅទៀត គ្រឿងក្នុង ជាអាហារដែលមានវីតាមីនច្រើន ដូចជាវីតាមីនអា វីតាមីនបេគ្រប់ប្រភេទ និងសារជាតិរ៉ែដែក សង្កស័។ល។ សរីរាង្គគ្រឿងក្នុងដែលមានវីតាមីនច្រើនជាងគេ គឺថ្លើមនិងក្រលៀន ឯគ្រឿងក្នុងសដូចជា ពោះ ក្រពះ ពោះវៀន មិនសូវមានវីតាមីនទេ។ ខុសពីជំនឿ គ្រឿងក្នុងពុំសូវផ្តល់កាឡូរីច្រើនទេ ព្រោះមានផ្ទុកជាតិលីពីត ឬខ្លាញ់តិច។ ផ្នែកខ្លះនៃគ្រឿងក្នុងមានខ្លាញ់ច្រើនខ្លាំង ខ្លះមានតិចតួចមែនទែន។ ឧទាហរណ៍ ចុងពោះវៀន មានជាតិខ្លាញ់តិច ពោះគោ ក្រពះស្ទើរតែអត់ខ្លាញ់សោះ ប្រសិនបើគេចេះធ្វើ គល់អណ្តាតមានខ្លាញ់ច្រើនជាងចុងអណ្តាត តែសម្បូរប្រូតេអ៊ីនខ្លាំង។
តើត្រូវទទួលទានគ្រឿងក្នុងជាអាហារ ប៉ុន្មានដងក្នុងមួយសប្តាហ៍ ដើម្បីកុំឱ្យមានឈ្មោះហូបច្រើនជ្រុល ?
Dr. Patrick Serog ៖ បើទទួលទានផ្នែកដែលមានខ្លាញ់ខ្លាំង ពីរដងក្នុងមួយសប្តាហ៍អាចចាត់ទុកថាច្រើនជ្រុលហើយ។ ប៉ុន្តែអ្នកបរិភោគតែគ្រឿងក្នុងដែលមិនសូវមានខ្លាញ់ ក្រពះពោះវៀន នោះមិនអីទេ ព្រោះយើងមានអាហារដល់ទៅ១៤ពេលឯណោះក្នុងសប្តាហ៍។ ចំពោះអ្នកដែលចូលចិត្តខ្លាំង គេអាចបណ្តោយខ្លួនញ៉ាំ គ្រឿងក្នុង មិនសូវខ្លាញ់ លាយចម្រុះជាមួយគ្រឿងក្នុងខ្លាញ់ខ្លាំង ម្តង ឬពីរដង បានក្នុងអាទិត្យ។
ចុះតើជាការពិតដែរឬទេ ដែលថា ការទទួលខួរ សត្វ (ជ្រូក ឬគោ) ទៅនឹងធ្វើឱ្យក្មេងកាន់តែឆ្លាត ?
Dr. Patrick Serog ៖ មិនពិតទេ ! នេះគ្រាន់តែជាជំនឿតែប៉ុណ្ណោះ។ ខួរគ្មានអាហារូបត្ថម្ភអ្វីជាពិសេស លើសផ្នែកផ្សេងៗទៀតនៃគ្រឿងក្នុងឡើយ។ ខួរសម្បូរទៅដោយជាតិប្រូតេអ៊ីន និងមានជាតិលីពីតច្រើនជាងគ្រឿងក្នុងដទៃ។ តែការទទួលទានខួរទំនងជាអាចបង្កើនជាតិផូស្វរ ព្រោះខួរសត្វ ឬសត្វមានជាតិផូស្វរមួយទៀតលើសមនុស្ស។
អ្នកមានបញ្ហាខ្វះឈាមស្លេកស្លាំង ត្រូវបានគេណែនាំឱ្យទទួលគ្រឿងក្នុង។ តើជាការពិតដែរឬទេ?
Dr. Patrick Serog ៖ មែន! មានគ្រឿងក្នុងពីរដែល គ្រូពេទ្យតែងណែនាំឱ្យអ្នកជំងឺទទួលទាន គឺ ថ្លើម និងឈាម។ ព្រោះនៅពេលយើងមានជំងឺស្លេកស្លាំង ខ្វះឈាម Anémie ឬខ្វះជាតិដែក គេត្រូវតែរកអាហារដែលសម្បូរជាតិដែកមកបង្គប់។ គេអាចជាដំបូង គិតគូរជាដំបូងរកទទួលទានសាច់ ដែលសម្បូរជាតិដែកដែរ ឱ្យបានច្រើនជាងមុន តែការបន្ថែមអាហារជាថ្លើម និងឈាម ដែលរឹតតែសម្បូរជាតិដែកខ្លាំងជាងសាច់សុទ្ធទៅទៀតនោះ ជាការកាន់តែប្រសើរ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាខ្វះគ្រាប់ឈាមស្លេកស្លាំងមែន គួរតែទទួលទានថ្លើមនិងឈាមពីរដងក្នុងសប្តាហ៍ ឬក្នុងមួយសប្តាហ៍ ត្រូវហូបថ្លើមម្តង និងឈាមម្តង។
តើក្មេងចាប់ពីអាយុប៉ុន្មានឡើងទៅអាចទទួលទានគ្រឿងក្នុង ? ១៥ខែ តើក្មេងពេកទេដឹង ?
Dr. Patrick Serog ៖ អនុសាសន៍របស់វេជ្ជសាស្ត្រ គឺត្រូវផ្តល់អាហារឱ្យបានប្លែកដល់ទារកនិងកុមារ។ តាមក្បួនវេជ្ជសាស្ត្រ ចាប់ពីអាយុ៤ឬ៦ខែឡើង អ្នកជាឪពុកម្តាយអាចផ្តល់អាហារសាច់ដល់កូនបានហើយ។ បើយោងតាមលក្ខខណ្ឌបែបនេះ ការកិនគ្រឿងក្នុងឱ្យកូនក្មេងញ៉ាំ មិនខុសអ្វីពីកិនសាច់ឱ្យក្មេងអាយុចាប់ពីមួយឆ្នាំឡើងញ៉ាំទេ។ ការឱ្យក្មេងញ៉ាំគ្រឿងក្នុងកាន់តែឆាប់ នឹងធ្វើឱ្យក្មេងកាន់តែឆាប់បានស្គាល់ និងបានភ្លក្សរស់ជាតិគ្រប់បែបយ៉ាង ដែលជាប្រការល្អទៅវិញទេ។ ហើយរឿងក្មេងចូលចិត្តឬមិនចូលចិត្តនោះជារឿងផ្សេង។ តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់ណែនាំឱ្យអ្នកជាឪពុកម្តាយ ដែលបើទោះខ្លួនឯងមិនចូលចិត្តក្តី ក៏គួរឱ្យកូនបានភ្លក្សអាហារមួយមុខនេះ។ គ្រឿងក្នុងជាអាហារដ៏គួរឱ្យចាប់អារម្មណ៍។ គ្រឿងក្នុងជា អាហារសាច់ដ៏ល្អ សម្រាប់អ្នកពុំសូវមានថវិកា។
បើអ្នកមានជំងឺសរសៃឈាមបេះដូង គួរតែចៀសវាងកុំបរិភោគគ្រឿងក្នុងឬ?
Dr. Patrick Serog ៖ មិនទេ ! គ្មានហេតុផលអ្វីដែលត្រូវចៀសមិនបរិភោគគ្រឿងក្នុងព្រោះតែមានជំងឺសរសៃឈាមបេះដូងជាប់នឹងខ្លួនឡើយ។ ជាធម្មតា នៅពេលនិយាយអំពីជំងឺសរសៃឈាមបេះដូង នៅក្នុងករណីនេះ គឺសំដៅលើជំងឺមានខ្លាញ់ក្នុងឈាម។ មិនមែនព្រោះតែមានជំងឺខ្លាញ់ខ្លាំង យើងត្រូវតែឈប់ទទួលទានគ្រឿងក្នុងឡើយ។ លោកអ្នកនៅតែអាចទទួលទានបានជានិច្ច គ្រាន់តែក្នុងកំរិតនិងបរិមាណទាប មិនញយដងពេកប៉ុណ្ណោះ។ បើនិយាយអំពីការខ្លាចឡើងខ្លាញ់ក្នុងឈាម ឬមានជំងឺខ្លាញ់ក្នុងឈាមនេះ សូមចងចាំថា សូម្បីតែការទទួលទានស៊ុត ក៏អ្នកមានជំងឺកូឡេស្តេរ៉ូល ត្រូវប្រុងប្រយ័ត្នដែរ។ គេមិនត្រូវទទួលទានពងមាន់មួយថ្ងៃមួយ ឬ៥ទៅ៦គ្រាប់ក្នុងមួយសប្តាហ៍ទេ ព្រោះជាបរិមាណដ៏ច្រើនជ្រុលសម្រាប់អ្នកមានជំងឺកូឡេស្តេរ៉ូល។ ប៉ុន្តែ ការទទួលទានគ្រឿងក្នុង ឬថ្លើមដែលមានកំរិតកូឡេស្តេរ៉ូលខ្ពស់ខ្លាំងជាងគ្រឿងក្នុងដទៃ ម្តងម្កាលក្នុងសប្តាហ៍ មិនចោទជាបញ្ហាអ្វីដល់សុខភាពទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចង់ធ្វើរបបអាហារ ដើម្បីបញ្ចុះទម្ងន់ ក្រុមគ្រូពេទ្យឯកទេស សូមណែនាំ ឱ្យអ្នកងាកមកបរិភោគគ្រឿងក្នុងជាអាហារ ព្រោះគ្រឿងក្នុងមានផ្ទុកខ្លាញ់តិចបំផុត ជាទូទៅ លើកលែងតែផ្នែក ក្បាលនិងអណ្តាតមួយចេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ