អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហែល​ទឹក​ ជិះកង់ ដើរ ដើរ​លឿន រាំ រត់ ឬ​ធ្វើ​ហាត់​តៃឈី យូហ្កា ។ល។ និង​។ល។ ​កីឡាទាំង​នេះ ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិ​​សុខភាព​និ​ងស្រាវជ្រាវ​វេជ្ជសាស្ត្រ​​បារាំង ទើបបាន​ចេញ​អនុសាសន៍ កាលពី​ថ្ងៃទី ១៤​កុម្ភៈ ២០១៩ បញ្ជាក់​ថា ការ​ធ្វើ​កីឡា​ពិត​ជា​មាន​គុណប្រយោជន៍ជា​​ថ្នាំ ​សម្រាប់ការពារ និង​​ព្យាបាល​ជំងឺរ៉ាំរ៉ៃ​ចំនួន​១១​ប្រភេទ មាន​ជាអាទិ៍​ ជំងឺ​​ទឹក​នោម​ផ្អែម ជំងឺ​សរសៃឈាម​បេះដូង ធ្លាក់​ទឹក​ចិត្ត និង​មហារីក។ តើ​កីឡា​ជា​ថ្នាំ​ព្យាបាល​ជំងឺរ៉ាំ​រ៉ៃ​​អ្វី​ខ្លះ ? តើ​ត្រូវ​ជ្រើសរើស​ធ្វើ​កីឡា​មួយ​ណា ? និង​ក្នុង​កំរិត​ណា ?

ហាត់ប្រាណ​ ធ្វើ​កីឡា ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ
ហាត់ប្រាណ​ ធ្វើ​កីឡា ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ Pixabay
ផ្សាយពាណិជ្ជកម្ម

ជំងឺ​រ៉ាំរ៉ៃ​ ជា​ជំងឺ​បង្ក​រោគ​​រយៈ​ពេល​យូរ។ ជំងឺរ៉ាំរ៉ៃ មិនមែន​ជា​ជំងឺ​ឆ្លង -​គ្មាន​កា​រចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​​មនុស្ស​ម្នាក់​ទេ​ តែ​ជួន​កាល​ជំងឺ​នេះ​វិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ​ ទៅ​តាមពេល​ កាន់​តែ​យូរ​ កាន់​តែ​ធ្ងន់។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក ជំងឺរ៉ាំរ៉ៃ គឺ​ជាមូលហេតុ​ទី​មួយ​នៃ​មរណភាព​របស់​មនុស្ស​ជាតិ​នៅ​ភព​ផែនដីនិង​នៅ​អឺរ៉ុប ដោយ​មានអត្រា​ស្លាប់​ព្រោះ​ជំងឺ​នេះ​ដល់​ទៅ​​៨៦%។ ប៉ុន្តែ​ជំងឺ​ប្រភេទ​នេះ អាច​ការពារ​បាន​មួយ​ភាគ​ធំ ដោយ​ចៀសវាងមិន​ប្រព្រឹត្ត​​កត្តា​ហានិភ័យ​ចំនួនបួន​​យ៉ាង ៖ មិន​​ទទួល​ទាន​បារី មិនទទួល​ទាន​សុរា មិន​ទទួល​ទាន​ចំណីអាហារមិន​ល្អ​ចំពោះ​សុខភាព (អាហារ​​គីមី​ឬ​ឧស្សាហកម្ម​ឬ​ប្រៃ ...) មិន​អសកម្មនឹង​ការ​បញ្ចេញកម្លាំង​ធ្វើ​​ពលកម្ម​ធ្វើ​កីឡា។

ការ​បង្ការជំងឺ​ត្រូវ​​ធ្វើ​ឡើង​នៅ​មុនពេល​ធ្លាក់​ខ្លួន​ឈឺ តែ​ក៏​អាច​ត្រូវ​ចាប់​ផ្តើម​​ធ្វើ​នៅ​ក្នុង​អំឡុង​ពេល​ជំងឺ​កំពុង​វិវឌ្ឍ​បាន​ដែរ ដើម្បី​កុំ​ឱ្យ​ទប់​ស្កាត់​កុំ​ឱ្យ​ផលវិបាកធ្លាក់​​ធ្ងន់​ធ្ងរខ្លាំង និង​ ដើម្បី​កុំ​ឱ្យ​ជំងឺ​រ៉ាំរ៉ៃ​ក្លាយ​ជា​ភ្នាក់ងារ​នាំ​ឱ្យអ្នក​ជំងឺ​បាត់​បង់​ស្វ័យភាព។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រសួង​កីឡា​បាន​ទម្លាក់​បន្ទុក​ឱ្យ​អ្នក​ស្រាវជ្រាវ​ជំនាញ​១៣​នាក់របស់​វិទ្យាស្ថានជាតិ​សុខភាព​និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង ឱ្យ​សិក្សា​វិភាគ​អំពីឥទ្ធិពល​​ ​នៃ​ការ​ធ្វើ​កីឡា​និង​ជំងឺ​រ៉ាំរ៉ៃ តាម​បែប​វិទ្យាសាស្ត្រ និង​ដោយ​ផ្អែក​លើ​ឯកសារ​ស្រាវជ្រាវវិទ្យាសាស្ត្រ​អន្តរជាតិ​​ចំនួន​ជាង​ពីរ​ពាន់ឯកសារ​ ដើម្បី​បាន​យល់​អំពី​ប្រយោជន៍​នៃ​ការ​ធ្វើ​កីឡា​ចំពោះ​ជំងឺ​រ៉ាំរ៉ៃ​ចំនួន​១១​ប្រភេទ ជាពិសេស ​គឺ​ ៖ គ្រោះ​ថ្នាក់​​សរសៃ​ឈាម​បេះដូង ខ្សោយ​បេះ​ដូង ហឺត មហារីក ទឹក​នោម​ផ្អែមប្រភេទ​ទីពីរ ធាត់ជ្រុលចុក​ខ្លាញ់ ធ្លាក់​ទឹក​ចិត្ត វិបត្តិ​សាច់ដុំ​និង​គ្រោង​ឆ្អឹង ជំងឺ​រលាក និង​ជំងឺ​រលាក​ឆ្អឹង-សន្លាក់​។

ជា​លទ្ធផល វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង បានចេញ​​ណែនាំ​ថា ដល់​ពេល​ពេល​ដែល​ត្រូវ​បំភ្លេច​អំពី​ ពាក្យ​ថាឱ្យ​អ្នក​ជំងឺ​​សម្រាក តែ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍​ថ្មី​បញ្ច្រាស ដោយ​ត្រូវ​ បញ្ជា​ឱ្យ​អ្នក​ជំងឺដែល​មាន​រោគ​រ៉ាំរ៉ៃ​ទាំង​១១​មុខ​ខាង​លើ​​ទៅ​ធ្វើ​កីឡា និង​បញ្ចូល​សកម្មភាព​ធ្វើ​កីឡា ទៅ​ក្នុង​ដំណើរការ​ព្យាបាលជំងឺ និង​មានសរសេរ​​​ក្នុង​វេជ្ជបញ្ជា​តែ​ម្តង។ អ្នក​ស្រាវជ្រាវចេញ​អនុសាសន៍​បែប​នេះ ក៏​ព្រោះ​តែ ​ការ​សិក្សាវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​ កាលណា​យើង​គុណ​គិត​បញ្ចូល​គ្នា​អំពី​ផលល្អ​នៃការ​ធ្វើ​កីឡា និង​ផល​អាក្រក់​ដែល​បង្ក​ជា​ផលវិបាក​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ទាំងអស់​នោះ​ទៅ រឹត​តែ​ឃើញ​អំពី​គុណប្រយោជន៍​នៃ​ការធ្វើ​កីឡា​ឡើង។ ធ្វើ​កីឡា បញ្ចេញ​សកម្មភាព​កាយ​សម្បទា មិន​ត្រឹម​តែ​មិនបាន​​ធ្វើឱ្យ​ជំងឺ​ធ្លាក់​ធ្ងន់​ធ្ងរទេ តែ​បែរ​ជា​បង្កើន​ផលវិជ្ជមាន​ជួយ​អ្នក​ជំងឺ​ឱ្យ​បាន​ប្រសើរ​ឡើង​ ហើយ​ភាព​ប្រសើរ​មាន​កាន់​តែ​ខ្លាំង​ច្រើន​ថែម​ទៀត ប្រសិន​បើ​គេ​បញ្ចូល​ថ្នាំ​កីឡា បាន​តាំង​ពី​ដំបូង​ភ្លាម (គ្រាន់​តែ​វែក​រកសញ្ញា​រោគ​ឃើញ​ភ្លាម)។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​វិទ្យាស្ថាន​ ដោយ​បន្ថែម​សេចក្តី​ណែនាំជាពិសេស​​ទៀត​ថា គ្រូពេទ្យ​ជំនាញ​ គួរ​តែ​ចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នក​មាន​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ប្រភេទ​ស្រាល និង​មធ្យម​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់​ និង​ជំងឹរលាក​សរសៃ​ឈាម​​នៅ​អវៈយវៈក្រោម​ ទៅ​ហាត់ប្រាណ​ធ្វើ​កីឡា​សិន មុន​នឹង​ចាប់ផ្តើម​ផ្តល់​ថ្នាំ​សម្រាប់​ព្យាបាល។

ហេតុ​អ្វី​ត្រូវ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ហាត់ប្រាណ ?

ការ​ដែល​គ្រូពេទ្យ​ ត្រូវ​តែ​សរសេរ​ជាលាយ​លក្ខណ៍​អក្សរ​ បញ្ជាក់​ក្នុង​វេជ្ជបញ្ជា ឱ្យ​អ្នក​ជំងឺ​ហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​កាយសម្បទា ព្រោះ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា អ្នក​មាន​ផ្ទុក​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន ច្រើន​តែខ្វះ​ឆន្ទៈ​ក្នុង​ការ​​ទៅ​ធ្វើ​កីឡា​ឬ​ហាត់​ប្រាណ ដោយ​នៅ​ពេល​បញ្ចេញ​កម្លាំង​កាយ​សម្បទាដំបូង អ្នក​ជំងឺ​មាន​អារម្មណ៍​ហត់​ពេក និង​គិត​ថា​ធ្វើ​មិន​បាន។ ការ​ចាប់​ផ្តើម​ជា​អ្វី​ដែល​លំបាក​ជាង​គេ។ បើតាម​ការសង្កេត​ជាក់ស្តែង នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​ ១០០​នាក់ ៣០​នាក់​បាន​អនុវត្ត​ការ​ធ្វើ​កីឡា​ហាត់ប្រាណ​តាម​វេជ្ជបញ្ជា​យ៉ាង​ត្រឹម​ត្រូវ និង​បន្ត​ធ្វើ​រហូត ក្លាយ​ជា​ទម្លាប់​នៃ​ជីវិតប្រចាំ​ថ្ងៃ ៣០​នាក់​ផ្សេង​ទៀតអនុវត្ត​ធ្វើ​តាម​តែ​ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង និង​៣០​នាក់​ចុងក្រោយ​មិនធ្វើ​តាម​និង​​ប្តូរ​ផ្លាស់របៀបរបប​រស់​នៅ​ឱ្យ​សកម្មខាង​ផ្លូវ​កាយ​​ទេ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាដើម្បីលើក​ទឹក​ចិត្ត និង​ជំរុញ​អ្នក​ជំងឺ​ឱ្យ​ប្រកាន់​ខ្ជាប់​សកម្មភាព​ហាត់ប្រាណ​បញ្ចេញ​សកម្មភាព​ ​​ ​វិទ្យាស្ថានសង្ឃឹមលើ​​គ្រូពេទ្យដែល​ជា​អ្នក​ចេញ​វេជ្ជបញ្ជា ក្នុង​ការ​ផ្តល់​ព័ត៌មាន​ស្តី​អំពី​គុណ​ប្រយោជន៍​នៃ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ កំណត់​កម្មវត្ថុ​ និង​ស្វែង​យល់​អំពី​ចំណូល​ចិត្តធ្វើ​កីឡា​​របស់​អ្នក​ជំងឺ ដើម្បី​ធ្វើ​យ៉ាង​ណា​ពួក​គេ​មាន​ទឹក​ចិត្ត​បញ្ចេញ​សកម្មភាព​រាងកាយ​ឱ្យ​យូរ ឬ​​ជាប់​រហូតតែ​ម្តង និង​គិត​ថា​ បើ​ភ្លេច​ធ្វើ​កីឡា គឺ​ដូច​ជា​ភ្លេច​លេប​ថ្នាំ។

ហាត់ប្រាណ​ធ្វើកីឡា ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ប៉ុន្តែ​សួរ​តើ​ត្រូវ​ប្រកាន់​យក​ការ​ហាត់ប្រាណ​ប្រភេទ​ណា ? និង​ត្រូវ​ធ្វើ​រយៈ​ពេល​ប៉ុន្មាន​?

យើង​បាន​ឮ​គ្រប់​គ្នា​ហើយ ថា​ត្រូវ​បញ្ចេញ​សកម្មភាព​ យ៉ាង​ហោច​ កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ កន្លះ​ម៉ោង​ក្នុង​ថ្ងៃ​ជា​រយៈ​ពេល​គោល​ ដែល​អាច​សម្រប​សម្រួល​បន្ថែម​បន្ថយ​ ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង និងត្រូវ​បូក​បន្ថែម យ៉ាង​ហោច ​បី​ដង​ក្នុង​មួយ​សប្តាហ៍។​ ការ​ហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​រាងកាយ​ មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ និង​ក៏​មាន​តែ​សកម្មភាព​កីឡា​ដែល​ឆ្លើយ​តប​ជា​ពិសេស​ទៅ​នឹង​ប្រភេទ​នៃ​ជំងឺ​។ ប៉ុន្តែ​អ្នក​ជំងឺ​អាចជ្រើសរើស​ធ្វើ​ ទៅ​តាម​ចំណង់ចំណូល​ចិត្ត​ និង​ឱ្យ​បាន​សម​ស្រប​​ទៅ​រាងកាយ​និង​ស្ថានភាព​ផ្ទាល់​ខ្លួន។

ខាង​ក្រោម​នេះ​ជា​អនុសាសន៍ ដែល​បញ្ជាក់​អំពី​ប្រភេទ​នៃ​ការ​ធ្វើ​កីឡា ចំពោះ​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​នីមួយ ៖

  • ធាត់​ជ្រុល​ចុក​ខ្លាញ់ ៖ ត្រូវ​ដាក់​កម្មវិធី​ហាត់ប្រាណ​ធ្វើ​កីឡា បញ្ចេញ​​សកម្មភាព​បែប​ស៊ូនិង​ប្រឹង​ខ្លាំង ដូច​ជា​ ជិះ/ធាក់កង់ ហែលទឹក តៃឈី រាំ ឱ្យ​បាន​យ៉ាង​តិច ៤៥​នាទី​។ កម្មវត្ថុ និង​អនុសាសន៍​​នៃការធ្វើ​កីឡា​បែប​ស៊ូ​ខ្លាំង​នេះ គឺ​ដើម្បី​សម្រក​រង្វាស់​ចង្កេះ ក្បាល​ពោះ ច្រើន​ជាង​សម្រក​ទម្ងន់​ជា​ទូទៅ។
  • ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ៖ ​ជ្រើសរើស​ការ​ធ្វើ​កីឡា​បែប​ពង្រឹង​សាច់ដុំ (ហាត់​ពង្រឹង​សាច់​ដុំ​ជើង ដៃ និង​ពោះ) បូក​នឹង​ការ​ហាត់​ប្រាណ​បែប​ស៊ូ​កម្លាំង​ ក្នុង​កំរិត​មធ្យម​ទៅ​ខ្លាំង។
  • ជំងឺ​សរសៃឈាម ៖ បន្ត​ធ្វើ​កីឡា​ហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​ជា​ប្រចាំ បែប​ប្រឹង​ស៊ូ​ខ្លាំង ដោយ​បង្កើន​សមត្ថភាព​ស៊ូ​ បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ថ្ងៃ។
  • រលាក​សរសៃ​ឈាម​នៃ​អវៈយវៈ​ក្រោម​ ៖ ការ​ដើរ​តិចៗ (ដោយ​មិន​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់) គឺ​ជា​វិធី​ព្យាបាល​ដ៏​ប្រពៃ​ដំបូង​គេ​បង្អស់​ បន្ទាប់​មក​បង្កើន​ល្បឿន​និង​រយៈ​ចម្ងាយ​នៃ​ការ​ដើរ​បន្តិច​ម្តងៗ​ ឆ្ងាយ​ទៅៗជា​រៀង​រាល់​ថ្ងៃ។
  • ខ្សោ​យ​បេះដូង ៖ អ្នក​ជំងឺ​បេះដូង​ទោះ​ក្នុង​កំរិត​ធ្ងន់ធ្ងរ​យ៉ាងណាក៏​ដោយ ក៏​គួរ​តែ​មាន​កម្មវិធី​ហាត់​ប្រាណ​ ហ្វឹក​ប្រឹង​បញ្ចេញ​កម្លាំង​។ ជា​ការ​ហាត់​ប្រឹង​បញ្ចេញ​សកម្មភាព​ ដោយ​ទៀត​ទាត់ និង​វិវឌ្ឍ​ទៅ​មុខ​ដោយ​សន្សឹមៗ​ រហូត​អាច​សម្រេច​ធន់​នឹង​ការ​ប្រឹង ​ធ្វើ​សកម្មភាព ក្នុង​កំរិត​មធ្យម ​បានដល់​រយៈ​ពេល​​ ៣០នាទី​ ក្នុង​មួយ​ថ្ងៃ និង​រយៈ​ពេល​៥​ដង​ក្នុ​ងមួយ​សប្តាហ៍ និង​រក្សា​កំរិត​ធ្វើ​កីឡា​ត្រឹម​ណេះ​រហូតទៅ។
  • គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ៖ ប្រកាន់យក​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ឱ្យ​បាន​ទៀង​ទាត់​​ ដោយ​ត្រូវ​បូក​ផ្សំ​ជាមួយ​នឹងលំហាត់​ប្រាណ​​ប្រចាំ​ថ្ងៃ​ណា​ដែល​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ដង្ហើម​និង​បេះ​ដូង ព្រមទាំង​ហាត់​ពង្រឹង​សាច់​ដុំ​ ដើម្បី កាត់​បន្ថយ​ផលវិបាក​បន្សល់​ទុក​ដោយ​ការ​​រង​គ្រោះ​សរសៃ​ឈាម ដើម្បី​ដំឡើង​គុណភាព​ជីវិតបាន​ប្រសើរ​ឡើង​វិញ និង​ដើម្បី​បញ្ចៀស​គ្រោះ​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​កើត​ឡើង​ញយទៀតបាន។
  • ជំងឺ​សួត​ ៖ ត្រូវ​ការ​ធ្វើ​កីឡា និង​បញ្ចេញ​សកម្មភាព​រាងកាយ​ជានិរន្ត​ និង​ខុសៗ​គ្នា (​កីឡា​បែបប្រឹង ហាត់​ពង្រឹង​​​សាច់​ដុំ ហែល​ទឹក តៃឈី ...)។ លំហាត់​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ធ្វើ​គុណភាព​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ប្រសើរ​ឡើង​ផង និង​ដើម្បី​​កំរិត​ផលវិបាក​បង្ក​ឡើង​ដោយ​ជំងឺ​ផង។
  • ហឺត ៖ ខុស​ពី​គំនិត​ធ្លាប់​គិត កើត​ហឺត​មិនមែន​ត្រូវ​នៅ​ស្ងៀម​ដើម្បី​ចៀស​ហត់​ឡើយ ! ដើម្បី​កាត់​បន្ថយ​ជំងឺ​និង​អាការៈ​ធ្វើ​ទុក្ខ ​ត្រូវ​បង្កើន​សកម្មភាព និង​ធ្វើ​កីឡា​ បែប​ប្រឹង​ បែប​ស៊ូ។ ប្រឹង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​​បង្កើន​កំរិត​និង​ពេល​បន្តិចម្តង នោះ​អ្នក​ជំងឺ​នឹង​អាច​បង្កើន​សមត្ថភាព​ធ្វើ​កីឡា និង​ប្រឹង​​របស់​ខ្លួន​ លែង​ឆាប់​ដង្ហក់ដូច​មុន។
  • ជំងឺ​ឆ្អឹង​និង​សន្លាក់ ៖ កម្មវិធី​ហាត់ប្រាណ​ធ្វើ​កីឡា ត្រូវ​សម្រប​ទៅ​តាម​កំរិត​នៃ​ជំងឺ​នៅ​​សន្លាក់​និ​ងឆ្អឹង​។ តែ​ទោះ​ជា​ឈឺ​ក្តី​ ក៏​ត្រូវ​តែ​ប្រឹង​បញ្ចេញ​សកម្មភាព​រាងកាយ កុំ​ដំអក់​បណ្តោយ​តាម​សភាព​ឈឺ បើ​កាត់​បន្ថយ​ភាព​ពិការ​និង​ការឈឺ​ចុកចាប់។
  • ជំងឺ​មហារីក ៖ កម្មវិធី​ហាត់ប្រាណ ត្រូវ​មាន​លក្ខណៈ​ជាការ​ពង្រឹង​សាច់​ដុំ​ផង និង​ជាការ​ប្រឹង​ស៊ូ​បញ្ចេញ​ថាមពល​ផង ដើម្បី​​គុណភាព​ជីវិត​បាន​ និង​ដើម្បី​កាត់​បន្ថយ​ផល​វិបាល​បន្ទាប់​បន្សំ​បង្ក​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ​ព្យបាល​ជំងឺ​មហារីក។
  • ជំងឺ​ធ្លាក់​ទឹក​ចិត្ត ៖ ត្រូវ​ហាត់​ប្រាណ​ធ្វើ​កីឡា​បែប​ប្រឹង​ស៊ូខ្លាំង​និង​ពង្រឹង​សាច់​ដុំ។

ពាក្យ​ថា​ហាត់​ប្រាណ​ធ្វើ​កីឡា មិនមែន​ជា​ការ​ធ្វើ​កីឡា​បែប​អាជីព ប្រឹង​កំណត់​ម៉ោង បំបែក​ឯកទត្តកម្ម​អ្វី​ទេ យក​ឈ្នះ​យក​ចាញ់​ជាមួយ​នរណា​ឡើយ។ សូម​ជ្រើសរើស​និង​ដាក់​កម្មវិធី​ធ្វើ​កីឡា ដែល​សមស្រប​ តាម​បែប​វេជ្ជសាស្ត្រ ដោយ​មាន​កា​រអនុញ្ញត​ពី​គ្រូពេទ្យ ក្នុង​កំរិ​ត បរិមាណ រយៈ​ពេល​ ទៅ​តាម​ស្ថានភាព​របស់​អ្នក​ជំងឺ ដើម្បី​ឱ្យ​​សរីរាង្គ​កាយ​អាច​ទទួល​បាន និង​ធានា​សុវត្ថិភាពរបស់​​អ្នក​ជំងឺ។ ធ្វើ​កីឡា​ ជា​ថ្នាំ​ព្យាបាល​ ដូច្នេះត្រូវ​គោរព​កំរិត​ប្រើ​ ដូច​លេប​ថ្នាំ​ដទៃ​ទៀត​ដែរ បើ​ធ្វើ​ច្រើន​ជ្រុល​ក៏​អាច​ជា​គ្រោះ​ថ្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ