ហែលទឹក ជិះកង់ ដើរ ដើរលឿន រាំ រត់ ឬធ្វើហាត់តៃឈី យូហ្កា ។ល។ និង។ល។ កីឡាទាំងនេះ ជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង ទើបបានចេញអនុសាសន៍ កាលពីថ្ងៃទី ១៤កុម្ភៈ ២០១៩ បញ្ជាក់ថា ការធ្វើកីឡាពិតជាមានគុណប្រយោជន៍ជាថ្នាំ សម្រាប់ការពារ និងព្យាបាលជំងឺរ៉ាំរ៉ៃចំនួន១១ប្រភេទ មានជាអាទិ៍ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធ្លាក់ទឹកចិត្ត និងមហារីក។ តើកីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃអ្វីខ្លះ ? តើត្រូវជ្រើសរើសធ្វើកីឡាមួយណា ? និងក្នុងកំរិតណា ?
ជំងឺរ៉ាំរ៉ៃ ជាជំងឺបង្ករោគរយៈពេលយូរ។ ជំងឺរ៉ាំរ៉ៃ មិនមែនជាជំងឺឆ្លង -គ្មានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជួនកាលជំងឺនេះវិវឌ្ឍកាន់តែធ្ងន់ធ្ងរ ទៅតាមពេល កាន់តែយូរ កាន់តែធ្ងន់។ បើតាមអង្គការសុខភាពពិភពលោក ជំងឺរ៉ាំរ៉ៃ គឺជាមូលហេតុទីមួយនៃមរណភាពរបស់មនុស្សជាតិនៅភពផែនដីនិងនៅអឺរ៉ុប ដោយមានអត្រាស្លាប់ព្រោះជំងឺនេះដល់ទៅ៨៦%។ ប៉ុន្តែជំងឺប្រភេទនេះ អាចការពារបានមួយភាគធំ ដោយចៀសវាងមិនប្រព្រឹត្តកត្តាហានិភ័យចំនួនបួនយ៉ាង ៖ មិនទទួលទានបារី មិនទទួលទានសុរា មិនទទួលទានចំណីអាហារមិនល្អចំពោះសុខភាព (អាហារគីមីឬឧស្សាហកម្មឬប្រៃ ...) មិនអសកម្មនឹងការបញ្ចេញកម្លាំងធ្វើពលកម្មធ្វើកីឡា។
ការបង្ការជំងឺត្រូវធ្វើឡើងនៅមុនពេលធ្លាក់ខ្លួនឈឺ តែក៏អាចត្រូវចាប់ផ្តើមធ្វើនៅក្នុងអំឡុងពេលជំងឺកំពុងវិវឌ្ឍបានដែរ ដើម្បីកុំឱ្យទប់ស្កាត់កុំឱ្យផលវិបាកធ្លាក់ធ្ងន់ធ្ងរខ្លាំង និង ដើម្បីកុំឱ្យជំងឺរ៉ាំរ៉ៃក្លាយជាភ្នាក់ងារនាំឱ្យអ្នកជំងឺបាត់បង់ស្វ័យភាព។
ហេតុដូច្នេះហើយបានជាក្រសួងកីឡាបានទម្លាក់បន្ទុកឱ្យអ្នកស្រាវជ្រាវជំនាញ១៣នាក់របស់វិទ្យាស្ថានជាតិសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង ឱ្យសិក្សាវិភាគអំពីឥទ្ធិពល នៃការធ្វើកីឡានិងជំងឺរ៉ាំរ៉ៃ តាមបែបវិទ្យាសាស្ត្រ និងដោយផ្អែកលើឯកសារស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិចំនួនជាងពីរពាន់ឯកសារ ដើម្បីបានយល់អំពីប្រយោជន៍នៃការធ្វើកីឡាចំពោះជំងឺរ៉ាំរ៉ៃចំនួន១១ប្រភេទ ជាពិសេស គឺ ៖ គ្រោះថ្នាក់សរសៃឈាមបេះដូង ខ្សោយបេះដូង ហឺត មហារីក ទឹកនោមផ្អែមប្រភេទទីពីរ ធាត់ជ្រុលចុកខ្លាញ់ ធ្លាក់ទឹកចិត្ត វិបត្តិសាច់ដុំនិងគ្រោងឆ្អឹង ជំងឺរលាក និងជំងឺរលាកឆ្អឹង-សន្លាក់។
ជាលទ្ធផល វិទ្យាស្ថានជាតិស្រាវជ្រាវវេជ្ជសាស្ត្របារាំង បានចេញណែនាំថា ដល់ពេលពេលដែលត្រូវបំភ្លេចអំពី ពាក្យថាឱ្យអ្នកជំងឺសម្រាក តែត្រូវអនុវត្តតាមអនុសាសន៍ថ្មីបញ្ច្រាស ដោយត្រូវ បញ្ជាឱ្យអ្នកជំងឺដែលមានរោគរ៉ាំរ៉ៃទាំង១១មុខខាងលើទៅធ្វើកីឡា និងបញ្ចូលសកម្មភាពធ្វើកីឡា ទៅក្នុងដំណើរការព្យាបាលជំងឺ និងមានសរសេរក្នុងវេជ្ជបញ្ជាតែម្តង។ អ្នកស្រាវជ្រាវចេញអនុសាសន៍បែបនេះ ក៏ព្រោះតែ ការសិក្សាវិទ្យាសាស្ត្របានបង្ហាញថា កាលណាយើងគុណគិតបញ្ចូលគ្នាអំពីផលល្អនៃការធ្វើកីឡា និងផលអាក្រក់ដែលបង្កជាផលវិបាកទាក់ទងនឹងជំងឺរ៉ាំរ៉ៃទាំងអស់នោះទៅ រឹតតែឃើញអំពីគុណប្រយោជន៍នៃការធ្វើកីឡាឡើង។ ធ្វើកីឡា បញ្ចេញសកម្មភាពកាយសម្បទា មិនត្រឹមតែមិនបានធ្វើឱ្យជំងឺធ្លាក់ធ្ងន់ធ្ងរទេ តែបែរជាបង្កើនផលវិជ្ជមានជួយអ្នកជំងឺឱ្យបានប្រសើរឡើង ហើយភាពប្រសើរមានកាន់តែខ្លាំងច្រើនថែមទៀត ប្រសិនបើគេបញ្ចូលថ្នាំកីឡា បានតាំងពីដំបូងភ្លាម (គ្រាន់តែវែករកសញ្ញារោគឃើញភ្លាម)។ នេះបើតាមការគូសបញ្ជាក់របស់វិទ្យាស្ថាន ដោយបន្ថែមសេចក្តីណែនាំជាពិសេសទៀតថា គ្រូពេទ្យជំនាញ គួរតែចេញវេជ្ជបញ្ជាឱ្យអ្នកមានជំងឺធ្លាក់ទឹកចិត្តប្រភេទស្រាល និងមធ្យម ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺធាត់ជ្រុលចុកខ្លាញ់ និងជំងឹរលាកសរសៃឈាមនៅអវៈយវៈក្រោម ទៅហាត់ប្រាណធ្វើកីឡាសិន មុននឹងចាប់ផ្តើមផ្តល់ថ្នាំសម្រាប់ព្យាបាល។
ហេតុអ្វីត្រូវចេញវេជ្ជបញ្ជាឱ្យហាត់ប្រាណ ?
ការដែលគ្រូពេទ្យ ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរ បញ្ជាក់ក្នុងវេជ្ជបញ្ជា ឱ្យអ្នកជំងឺហាត់ប្រាណបញ្ចេញសកម្មភាពកាយសម្បទា ព្រោះជាទូទៅគេសង្កេតឃើញថា អ្នកមានផ្ទុកជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន ច្រើនតែខ្វះឆន្ទៈក្នុងការទៅធ្វើកីឡាឬហាត់ប្រាណ ដោយនៅពេលបញ្ចេញកម្លាំងកាយសម្បទាដំបូង អ្នកជំងឺមានអារម្មណ៍ហត់ពេក និងគិតថាធ្វើមិនបាន។ ការចាប់ផ្តើមជាអ្វីដែលលំបាកជាងគេ។ បើតាមការសង្កេតជាក់ស្តែង នៅក្នុងចំណោមអ្នកជំងឺ ១០០នាក់ ៣០នាក់បានអនុវត្តការធ្វើកីឡាហាត់ប្រាណតាមវេជ្ជបញ្ជាយ៉ាងត្រឹមត្រូវ និងបន្តធ្វើរហូត ក្លាយជាទម្លាប់នៃជីវិតប្រចាំថ្ងៃ ៣០នាក់ផ្សេងទៀតអនុវត្តធ្វើតាមតែក្នុងអំឡុងពេល៦ខែដំបូង និង៣០នាក់ចុងក្រោយមិនធ្វើតាមនិងប្តូរផ្លាស់របៀបរបបរស់នៅឱ្យសកម្មខាងផ្លូវកាយទេ។
ហេតុដូច្នេះហើយបានជាដើម្បីលើកទឹកចិត្ត និងជំរុញអ្នកជំងឺឱ្យប្រកាន់ខ្ជាប់សកម្មភាពហាត់ប្រាណបញ្ចេញសកម្មភាព វិទ្យាស្ថានសង្ឃឹមលើគ្រូពេទ្យដែលជាអ្នកចេញវេជ្ជបញ្ជា ក្នុងការផ្តល់ព័ត៌មានស្តីអំពីគុណប្រយោជន៍នៃការបញ្ចេញសកម្មភាពរាងកាយ កំណត់កម្មវត្ថុ និងស្វែងយល់អំពីចំណូលចិត្តធ្វើកីឡារបស់អ្នកជំងឺ ដើម្បីធ្វើយ៉ាងណាពួកគេមានទឹកចិត្តបញ្ចេញសកម្មភាពរាងកាយឱ្យយូរ ឬជាប់រហូតតែម្តង និងគិតថា បើភ្លេចធ្វើកីឡា គឺដូចជាភ្លេចលេបថ្នាំ។
ហាត់ប្រាណធ្វើកីឡា ជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ ប៉ុន្តែសួរតើត្រូវប្រកាន់យកការហាត់ប្រាណប្រភេទណា ? និងត្រូវធ្វើរយៈពេលប៉ុន្មាន?
យើងបានឮគ្រប់គ្នាហើយ ថាត្រូវបញ្ចេញសកម្មភាព យ៉ាងហោច កន្លះម៉ោងក្នុងមួយថ្ងៃ។ កន្លះម៉ោងក្នុងថ្ងៃជារយៈពេលគោល ដែលអាចសម្របសម្រួលបន្ថែមបន្ថយ ទៅតាមស្ថានភាពជាក់ស្តែង និងត្រូវបូកបន្ថែម យ៉ាងហោច បីដងក្នុងមួយសប្តាហ៍។ ការហាត់ប្រាណបញ្ចេញសកម្មភាពរាងកាយ មានច្រើនបែបច្រើនយ៉ាងណាស់ និងក៏មានតែសកម្មភាពកីឡាដែលឆ្លើយតបជាពិសេសទៅនឹងប្រភេទនៃជំងឺ។ ប៉ុន្តែអ្នកជំងឺអាចជ្រើសរើសធ្វើ ទៅតាមចំណង់ចំណូលចិត្ត និងឱ្យបានសមស្របទៅរាងកាយនិងស្ថានភាពផ្ទាល់ខ្លួន។
ខាងក្រោមនេះជាអនុសាសន៍ ដែលបញ្ជាក់អំពីប្រភេទនៃការធ្វើកីឡា ចំពោះប្រភេទជំងឺរ៉ាំរ៉ៃនីមួយ ៖
- ធាត់ជ្រុលចុកខ្លាញ់ ៖ ត្រូវដាក់កម្មវិធីហាត់ប្រាណធ្វើកីឡា បញ្ចេញសកម្មភាពបែបស៊ូនិងប្រឹងខ្លាំង ដូចជា ជិះ/ធាក់កង់ ហែលទឹក តៃឈី រាំ ឱ្យបានយ៉ាងតិច ៤៥នាទី។ កម្មវត្ថុ និងអនុសាសន៍នៃការធ្វើកីឡាបែបស៊ូខ្លាំងនេះ គឺដើម្បីសម្រករង្វាស់ចង្កេះ ក្បាលពោះ ច្រើនជាងសម្រកទម្ងន់ជាទូទៅ។
- ទឹកនោមផ្អែមប្រភេទទី ២ ៖ ជ្រើសរើសការធ្វើកីឡាបែបពង្រឹងសាច់ដុំ (ហាត់ពង្រឹងសាច់ដុំជើង ដៃ និងពោះ) បូកនឹងការហាត់ប្រាណបែបស៊ូកម្លាំង ក្នុងកំរិតមធ្យមទៅខ្លាំង។
- ជំងឺសរសៃឈាម ៖ បន្តធ្វើកីឡាហាត់ប្រាណបញ្ចេញសកម្មភាពជាប្រចាំ បែបប្រឹងស៊ូខ្លាំង ដោយបង្កើនសមត្ថភាពស៊ូ បន្តិចម្តងៗជារៀងរាល់ថ្ងៃ។
- រលាកសរសៃឈាមនៃអវៈយវៈក្រោម ៖ ការដើរតិចៗ (ដោយមិនបង្កឱ្យមានការឈឺចាប់) គឺជាវិធីព្យាបាលដ៏ប្រពៃដំបូងគេបង្អស់ បន្ទាប់មកបង្កើនល្បឿននិងរយៈចម្ងាយនៃការដើរបន្តិចម្តងៗ ឆ្ងាយទៅៗជារៀងរាល់ថ្ងៃ។
- ខ្សោយបេះដូង ៖ អ្នកជំងឺបេះដូងទោះក្នុងកំរិតធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គួរតែមានកម្មវិធីហាត់ប្រាណ ហ្វឹកប្រឹងបញ្ចេញកម្លាំង។ ជាការហាត់ប្រឹងបញ្ចេញសកម្មភាព ដោយទៀតទាត់ និងវិវឌ្ឍទៅមុខដោយសន្សឹមៗ រហូតអាចសម្រេចធន់នឹងការប្រឹង ធ្វើសកម្មភាព ក្នុងកំរិតមធ្យម បានដល់រយៈពេល ៣០នាទី ក្នុងមួយថ្ងៃ និងរយៈពេល៥ដងក្នុងមួយសប្តាហ៍ និងរក្សាកំរិតធ្វើកីឡាត្រឹមណេះរហូតទៅ។
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល ៖ ប្រកាន់យកការបញ្ចេញសកម្មភាពរាងកាយ ឱ្យបានទៀងទាត់ ដោយត្រូវបូកផ្សំជាមួយនឹងលំហាត់ប្រាណប្រចាំថ្ងៃណាដែលជួយបង្កើនសមត្ថភាពផ្លូវដង្ហើមនិងបេះដូង ព្រមទាំងហាត់ពង្រឹងសាច់ដុំ ដើម្បី កាត់បន្ថយផលវិបាកបន្សល់ទុកដោយការរងគ្រោះសរសៃឈាម ដើម្បីដំឡើងគុណភាពជីវិតបានប្រសើរឡើងវិញ និងដើម្បីបញ្ចៀសគ្រោះដាច់ឬស្ទះសរសៃឈាមកើតឡើងញយទៀតបាន។
- ជំងឺសួត ៖ ត្រូវការធ្វើកីឡា និងបញ្ចេញសកម្មភាពរាងកាយជានិរន្ត និងខុសៗគ្នា (កីឡាបែបប្រឹង ហាត់ពង្រឹងសាច់ដុំ ហែលទឹក តៃឈី ...)។ លំហាត់នេះធ្វើឡើងក្នុងបំណងធ្វើគុណភាពជីវិតរស់នៅប្រចាំថ្ងៃបានប្រសើរឡើងផង និងដើម្បីកំរិតផលវិបាកបង្កឡើងដោយជំងឺផង។
- ហឺត ៖ ខុសពីគំនិតធ្លាប់គិត កើតហឺតមិនមែនត្រូវនៅស្ងៀមដើម្បីចៀសហត់ឡើយ ! ដើម្បីកាត់បន្ថយជំងឺនិងអាការៈធ្វើទុក្ខ ត្រូវបង្កើនសកម្មភាព និងធ្វើកីឡា បែបប្រឹង បែបស៊ូ។ ប្រឹងធ្វើជារៀងរាល់ថ្ងៃ ដោយបង្កើនកំរិតនិងពេលបន្តិចម្តង នោះអ្នកជំងឺនឹងអាចបង្កើនសមត្ថភាពធ្វើកីឡា និងប្រឹងរបស់ខ្លួន លែងឆាប់ដង្ហក់ដូចមុន។
- ជំងឺឆ្អឹងនិងសន្លាក់ ៖ កម្មវិធីហាត់ប្រាណធ្វើកីឡា ត្រូវសម្របទៅតាមកំរិតនៃជំងឺនៅសន្លាក់និងឆ្អឹង។ តែទោះជាឈឺក្តី ក៏ត្រូវតែប្រឹងបញ្ចេញសកម្មភាពរាងកាយ កុំដំអក់បណ្តោយតាមសភាពឈឺ បើកាត់បន្ថយភាពពិការនិងការឈឺចុកចាប់។
- ជំងឺមហារីក ៖ កម្មវិធីហាត់ប្រាណ ត្រូវមានលក្ខណៈជាការពង្រឹងសាច់ដុំផង និងជាការប្រឹងស៊ូបញ្ចេញថាមពលផង ដើម្បីគុណភាពជីវិតបាន និងដើម្បីកាត់បន្ថយផលវិបាលបន្ទាប់បន្សំបង្កឡើងដោយការប្រើថ្នាំព្យបាលជំងឺមហារីក។
- ជំងឺធ្លាក់ទឹកចិត្ត ៖ ត្រូវហាត់ប្រាណធ្វើកីឡាបែបប្រឹងស៊ូខ្លាំងនិងពង្រឹងសាច់ដុំ។
ពាក្យថាហាត់ប្រាណធ្វើកីឡា មិនមែនជាការធ្វើកីឡាបែបអាជីព ប្រឹងកំណត់ម៉ោង បំបែកឯកទត្តកម្មអ្វីទេ យកឈ្នះយកចាញ់ជាមួយនរណាឡើយ។ សូមជ្រើសរើសនិងដាក់កម្មវិធីធ្វើកីឡា ដែលសមស្រប តាមបែបវេជ្ជសាស្ត្រ ដោយមានការអនុញ្ញតពីគ្រូពេទ្យ ក្នុងកំរិត បរិមាណ រយៈពេល ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដើម្បីឱ្យសរីរាង្គកាយអាចទទួលបាន និងធានាសុវត្ថិភាពរបស់អ្នកជំងឺ។ ធ្វើកីឡា ជាថ្នាំព្យាបាល ដូច្នេះត្រូវគោរពកំរិតប្រើ ដូចលេបថ្នាំដទៃទៀតដែរ បើធ្វើច្រើនជ្រុលក៏អាចជាគ្រោះថ្នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ