អាស៊ីអាគ្នេយ៍៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៤
ភាពរីកចម្រើននៃ ហិរញ្ញវត្ថុឌីជីថល ឬហៅជាភាសាអង់គ្លេស Digital Finance ត្រូវមជ្ឈដ្ឋានទូទៅរំពឹងថា អាចជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចជួយកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុ រវាងអ្នកដែលមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប ឬរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទដាច់ស្រយាល ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ការទទួលបានសេវាហិរញ្ញវត្ថុ តួយ៉ាង សេវាកម្ចី សេវាបញ្ញើ សេវាធានារ៉ាប់រងជាមូលដ្ឋាន ឬសេវាទូទាត់សាច់ប្រាក់ក្នុងសកម្មភាពជួញដូរនានា ត្រូវគេចាត់ទុកជាទូទៅថាជាកត្តាដ៏គន្លឹះមួយដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាពលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន និងចុងក្រោយក៏អាចជំរុញដល់កំណើនសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងនោះក៏មានផងដែរ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ជាក់ស្ដែង ការធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ ជាពិសេសពលរដ្ឋរស់នៅតាមបណ្តាតំបន់ជនបទដាច់ស្រយាល ទទួលបានសេវាហិរញ្ញវត្ថុ តែងតែជាបញ្ហាប្រឈម។ ភាពខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ចំនួនប្រជាជនតិច ឬទំហំទាបនៃតម្រូវការទូទៅ បានបង្កជាឧបសគ្គរារាំងដល់ការអភិវឌ្ឍធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
មូលហេតុនេះហើយដែលមជ្ឈដ្ឋានទូទៅជឿជាក់ថា របកគំហើញនៃបច្ចេកវិទ្យាថ្មីៗមានតួនាទីយ៉ាងចម្បងក្នុងការលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុ។ ក្នុងន័យនេះ ដំណោះស្រាយ ហិរញ្ញវត្ថុឌីជីថល ឬហៅជាភាសាអង់គ្លេស Digital Finance ដែលបាននិងកំពុងរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ក្នុងវិស័យទូរសព្ទចល័ត អាចរំពឹងថានឹងជួយកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុ រវាងអ្នកដែលមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប ឬរវាងអ្នកនៅទីប្រជុំជនទីក្រុង និងអ្នកនៅទីជនបទដាច់ស្រយាល។ ភាពរីកចម្រើននៃបច្ចេកវិទ្យាក្នុងវិស័យទូរសព្ទចល័ត និងហិរញ្ញវត្ថុនេះ ក៏ត្រូវបានរំពឹងថានឹងជួយរួមចំណែកបង្កើនសកម្មភាពសេដ្ឋកិច្ច ជំនួញអាជីវកម្ម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្រ្ដីក្នុងការចាត់ចែងហិរញ្ញវត្ថុក្នុងគ្រួសារ ក៏ដូចជាវឌ្ឍនភាពនៃសេដ្ឋកិច្ចជាតិទាំងមូល។
ផ្នែកលើ ការស្រាវជ្រាវមួយរបស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ជាភាសាអង់គ្លេស ADB ដែលផ្តោតការសិក្សានេះលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនគឺ ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងមីយ៉ាន់ម៉ា បានរកឃើញថា មានតួអង្គបីចម្បងដែលកំពុងប្រឈមនឹងបញ្ហាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ តួយ៉ាង ពលរដ្ឋក្រីក្រ ស្រ្ដី និងសហគ្រាសធុនតូច និងមធ្យម (SMEs)។
លទ្ធផលនៃការសិក្សាបានប៉ាន់ប្រមាណថា ការរីកចម្រើនហិរញ្ញវត្ថុឌីជីថល អាចនឹងបង្កើនចំណូលជាតិ វាស់ដោយ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅចន្លោះរវាង ២% និង ៣% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅប្រទេសកម្ពុជា កត្តានេះអាចជំរុញសក្តានុពលដល់ចំណូលជាតិរហូតដល់ ៦%។ បច្ចេកវិទ្យាក៏អាចមានឥទ្ធិពលផងដែរ ដល់ការអភិវឌ្ឍនាពេលអនាគត ជាពិសេស នៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដែលការទទួលបានសេវាហិរញ្ញវត្ថុក្នុងចំណោមប្រជាជនសរុបនៅមានភាគរយតិចតួចនៅឡើយ ខណៈតម្រូវការបច្ចុប្បន្នត្រូវបានផ្គត់ផ្គង់តែដោយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លើសពីនេះ លទ្ធផលក៏បានបង្ហាញផងដែរថា សម្រាប់ប្រជាជនដែលរកប្រាក់ចំណូលបានតិចជាង ២ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ការរីកចម្រើនបច្ចេកវិទ្យា នឹងអាចជំរុញប្រាក់ចំណូលរបស់ពួកគាត់ឱ្យកើនឡើងរហូតដល់ ១០% នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយការកើនឡើងអាចរហូតដល់ប្រហែល ៣០% នៅក្នុងប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ