ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT

អាស៊ីអាគ្នេយ៍៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច

អាស៊ីអាគ្នេយ៍៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច
 
តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច ©Jason Dorfman/MIT CSAIL

ភាពរីកចម្រើននៃ ហិរញ្ញវត្ថុឌីជីថល ឬហៅជាភាសាអង់គ្លេស Digital Finance ត្រូវមជ្ឈដ្ឋានទូទៅរំពឹងថា អាចជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង​ជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចជួយកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុ រវាងអ្នកដែលមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប ឬរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទដាច់ស្រយាល ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ការទទួល​បាន​សេវាហិរញ្ញវត្ថុ តួយ៉ាង សេវាកម្ចី សេវាបញ្ញើ សេវាធានារ៉ាប់រងជាមូលដ្ឋាន ឬសេវា​ទូទាត់សាច់ប្រាក់ក្នុងសកម្ម​ភាព​​ជួញដូរនានា ត្រូវ​គេ​ចាត់ទុកជាទូទៅ​ថា​ជាកត្តាដ៏គន្លឹះមួយ​ដើម្បី​ផ្តល់​ឱកាសឱ្យ​ប្រជាពលរដ្ឋ អាចមាន​លទ្ធភាព​​លើក​ស្ទួយជីវភាពរស់​នៅរបស់​ខ្លួន​ និង​ចុងក្រោយក៏​អាច​ជំរុញដល់កំណើន​សេដ្ឋកិច្ច នៅក្នុង​បណ្តាប្រទេស​កំពុងអភិវឌ្ឍ ក្នុ​ងនោះក៏មានផងដែរ​ បណ្តាប្រទេស​នៅតំបន់​អាស៊ីអាគ្នេយ៍។

ជាក់ស្ដែង ការធ្វើ​ឱ្យ​ប្រជាពលរដ្ឋក្រីក្រ ជាពិសេសពលរដ្ឋរស់​នៅតាមបណ្តា​តំបន់​ជនបទដាច់​ស្រយាល ទទួលបានសេវាហិរញ្ញវត្ថុ តែងតែជា​បញ្ហាប្រឈម​។ ភាពខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ចំនួន​ប្រជាជន​តិច ឬទំហំ​ទាបនៃ​តម្រូវការ​ទូទៅ បាន​បង្កជាឧបសគ្គរារាំង​ដល់​ការ​អភិវឌ្ឍ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

មូលហេតុ​នេះ​ហើយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ជឿជាក់ថា របកគំហើញ​នៃបច្ចេកវិទ្យាថ្មីៗមានតួនាទីយ៉ាងចម្បង​ក្នុងការលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុ។ ក្នុងន័យនេះ ដំណោះស្រាយ ហិរញ្ញវត្ថុឌីជីថល ឬ​ហៅជាភាសាអង់គ្លេស Digital Finance ដែល​បាននិង​កំពុង​រីកចម្រើន​យ៉ាង​គួរឱ្យ​កត់សម្គាល់​ក្នុងវិស័យ​ទូរសព្ទចល័ត អាចរំពឹងថា​នឹង​ជួយកាត់បន្ថយ​គម្លាតនៃ​ការទទួលបានសេវាហិរញ្ញវត្ថុ រវាង​អ្នក​ដែល​មាន​ចំណូលខ្ពស់ និងអ្នក​មាន​ចំណូល​ទាប ឬ​រវាង​អ្នក​នៅទីប្រជុំជន​ទីក្រុង និង​អ្នក​នៅ​ទីជនបទដាច់ស្រយាល។ ភាពរីកចម្រើន​នៃ​បច្ចេកវិទ្យាក្នុង​វិស័យ​ទូរសព្ទចល័ត និង​ហិរញ្ញវត្ថុនេះ ក៏ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​រួម​ចំណែក​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ ជំនួញអាជីវកម្ម កាត់បន្ថយ​ភាពក្រីក្រ លើក​កម្ពស់​ស្រ្ដីក្នុង​ការ​ចាត់ចែងហិរញ្ញវត្ថុ​ក្នុ​ងគ្រួសារ ក៏ដូចជាវឌ្ឍនភាព​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល។

ផ្នែកលើ ការស្រាវជ្រាវ​មួយរបស់​ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ជាភាសាអង់គ្លេស ADB ដែល​ផ្តោតការ​សិក្សានេះលើបណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ចំនួនបួនគឺ ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងមីយ៉ាន់ម៉ា បាន​រកឃើញថា មាន​តួអង្គបីចម្បង​ដែល​កំពុងប្រឈម​នឹង​​បញ្ហា​ក្នុង​ការទទួល​បាន​សេវាហិរញ្ញវត្ថុ តួយ៉ាង ពលរដ្ឋក្រីក្រ ស្រ្ដី និង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)។

លទ្ធផលនៃការសិក្សា​បានប៉ាន់ប្រមាណថា ការរីកចម្រើន​ហិរញ្ញវត្ថុឌីជីថល អាចនឹង​បង្កើនចំណូលជាតិ វាស់​ដោយ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅចន្លោះរវាង ២% និង ៣% នៅក្នុងប្រទេសដែល​មានសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅ​ប្រទេសកម្ពុជា កត្តា​នេះ​អាច​ជំរុញសក្តានុពលដល់ចំណូលជាតិ​រហូតដល់ ៦%។ បច្ចេកវិទ្យាក៏អាចមាន​ឥទ្ធិពលផងដែរ ដល់ការអភិវឌ្ឍនាពេល​អនាគត ជាពិសេស នៅក្នុងប្រទេស​កម្ពុជា និងមីយ៉ាន់ម៉ា ដែលការទទួលបាន​សេវាហិរញ្ញវត្ថុ​ក្នុង​ចំណោម​ប្រជាជន​សរុប​នៅមាន​​ភាគរយ​តិចតួចនៅឡើយ ខណៈតម្រូវការបច្ចុប្បន្នត្រូវបានផ្គត់ផ្គង់​តែ​ដោយស្ថាប័នហិរញ្ញវត្ថុ​ផ្លូវការ ដូចជាធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លើស​ពីនេះ លទ្ធផលក៏​បាន​បង្ហាញ​ផងដែរថា សម្រាប់ប្រជាជនដែល​រកប្រាក់ចំណូលបានតិចជាង ២ដុល្លារអាមេរិក​ ក្នុងមួយថ្ងៃ ការរីកចម្រើន​បច្ចេកវិទ្យា ​នឹង​អាច​ជំរុញ​ប្រាក់​ចំណូលរបស់​ពួកគាត់​ឱ្យ​កើនឡើងរហូតដល់ ១០% នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយការកើនឡើងអាចរហូតដល់​ប្រហែល ៣០% នៅក្នុងប្រទេសកម្ពុជា៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ