អាជ្ញាធរបានប្រកាសឱ្យដឹងថានៅខែមេសា និងឧសភានេះ កម្ពុជានឹងរងអាកាសធាតុក្តៅខ្លាំង និងបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាសុខភាព។ អាកាសធាតុឡើងក្តៅខ្លាំងពេក ផលវិបាកចំពោះសុខភាពក៏អាចមានច្រើន ទៅតាមវ័យនិងសកម្មភាពរបស់មនុស្ស និងអាចធ្វើមានគ្រោះដល់បាត់បង់ជីវិតផង។ ប៉ុន្តែមនុស្សខ្លះងាយរងគ្រោះខ្លាំង អ្នកខ្លះក៏ធុនខ្លាំង។ តើអាកាសធាតុក្តៅខ្លាំង ជះផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព ?
អាកាសធាតុឡើងក្តៅខ្លាំង អាចបង្កគ្រោះថ្នាក់ ផលវិបាកនៃអាកាសធាតុក្តៅខ្លាំង ប៉ះពាល់ដល់សុខភាព នៅពេលមានកត្តាបីជួបគ្នា ៖ អាកាសធាតុឡើងក្តៅខ្លាំង សីតុណ្ហភាពមិនចុះថយ ឬចុះតិចខ្លាំងនៅពេលយប់ ហើយស្ថានភាពពីរនេះអូសបន្លាយរយៈពេលយូរថ្ងៃ (ចាប់ពីបីថ្ងៃទៅ) ជាប់គ្នាឥតដាច់។
រយៈកាលដើមរដូវ ជាពេលវេលាដែលសរីរាង្គកាយពិបាកទ្រាំជាងគេ ព្រោះពុំទាន់ស៊ាំនឹងអាកាសធាតុ។ ក្តៅហើយសើមដូចនៅប្រទេសកម្ពុជា បូកផ្សំការថប់អត់ខ្យល់ និងមានផ្សែងពុលក្នុងបរិយាកាសទៀត ជាបណ្តុំលក្ខខណ្ឌអាកាសធាតុដែល ផ្តល់ការលំបាកកាន់តែខ្លាំងណាស់ដល់សរីរាង្គកាយ។ ប៉ុន្តែករណីបរិយាកាសមិនអំណោយផល និងមិនអនុគ្រោះឡើងក្តៅខ្លាំង ហើយថប់ទៀតកាន់តែពិបាកទ្រាំ មានកើតឡើងកាន់តែញយឡើង វែងឡើងៗ នៅកម្ពុជា និងនៅលើពិភពលោក។ អាកាសធាតុដែលក្តៅខ្លាំងបែបនេះ សឹងថាមិនធ្លាប់ជួបប្រទះពីមុនទេ និង បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរក្សាសុខភាព។
ហេតុអ្វីបានខ្លួនប្រាណយើងពិបាកទ្រាំនឹងអាកាសធាតុក្តៅខ្លាំង?
សរីរាង្គមនុស្ស ដែលមានសុខភាពល្អ មានកម្តៅ៣៧អង្សារ។ នៅពេលអាកាសធាតុខាងក្រៅឡើងក្តៅខ្លាំង សរីរាង្គកាយយើង ក៏ប្រឹងជាស្វ័យប្រវត្តិ និងដោយធម្មជាតិ សម្របខ្លួនទៅតាមបរិយាកាស ជាហេតុធ្វើឱ្យកម្តៅក្នុងខ្លួនឡើងលើសពី៣៧អង្សារ។ ប៉ុន្តែនៅពេលកម្តៅខ្លួនយើងឡើងលើសពី ៣៧អង្សារ យន្តការចាត់ចែងកម្តៅក្នុងប្រាណមនុស្ស ចាប់ដំណើរការ ដោយស្តែងជាអាការៈដូចខាងក្រោម ៖
- ខ្លួនប្រាណចាប់បែកញើស ដង្ហើមញាប់ (ដើម្បីបញ្ចុះកម្តៅតាមរយៈការបញ្ចេញទឹក និងចំហាយទឹកតាមដង្ហើម)
- សរសៃឈាម ជាប់ផ្ទៃស្បែក ឡើងប៉ោងរីកធំ ដើម្បីធ្វើឱ្យឈាមចុះត្រជាក់។
នេះ ជាយន្តការជាធម្មជាតិរបស់មនុស្សសត្វ ដើម្បីទ្រទ្រង់សុខភាពទល់នឹងកម្តៅសីតុណ្ហភាពខ្ពស់។ ផ្ទុយទៅវិញ សរីរាង្គ និងយន្តការនេះអាចបំពេញតួនាទីរបស់គេបានយ៉ាងត្រឹមត្រូវ នៅពេលណា
- សរីរាង្គកាយត្រូវតែមានជាតិសំណើមគ្រប់គ្រាន់ សម្រាប់ផលិតញើស
- ត្រូវមានខ្យល់ កម្តៅ ធម្មតា និងគ្រប់គ្រាន់ សម្រាប់សម្រួលការហួតញើស នៅលើស្បែក។
តើអាកាសធាតុក្តៅខ្លាំង អាចបង្កគ្រោះហានិភ័យ និងផលវិបាកយ៉ាងណាដល់សុខភាព ?
នៅពេលកម្តៅឡើងខ្លាំង សរីរាង្គកាយរបស់មនុស្សនឹងរងពិបាកទ្រាំ និងធ្វើឱ្យមានការបែកញើសខ្លាំង (នេះជាប្រតិកម្មតាមធម្មតារបស់សរីរាង្គ) ប៉ុន្តែ ប្រសិនបើយើងមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់ទេ នោះខ្លួនប្រាណនឹងអាចជួបករណីខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស។ ហើយរោគសញ្ញានៃការខ្វះជាតិទឹកដំបូង ពុំស្តែងចេញដោយច្បាស់លាស់ទេ អាចជា អាការៈ អស់កម្លាំង នឿយហត់ ទន់ងងោកងងុយ រវើរវាយពិបាកផ្ចង់អារម្មណ៍ ... ប្រសិនបើយើងមិនអាចផ្តល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ទាន់ពេលទេ យើងអាចជួបគ្រោះខ្សោះទឹកយ៉ាងឆាប់រហ័សខ្លាំងជ្រុល ដែលសរីរាង្គកាយមិនអាចទ្រាំបាន និងដែលអាចនាំឱ្យមានគ្រោះដល់បាត់បង់ជីវិតបាន។
ជាទូទៅ គេអាចរាប់ផលវិបាកដែលបង្កឡើងកម្តៅខ្លាំងជ្រុលដូចខាងក្រោម ៖
រងកម្តៅព្រះអាទិត្យដោយផ្ទាល់ ៖ នៅពេលដើរត្រូវថ្ងៃ ដោយគ្មានការការពារ ជាពិសេសក្មេងៗដែលរត់លេងកណ្តាលថ្ងៃក្តៅ ដោយគ្មានពាក់មួក ផលវិបាកអាចធ្ងន់ធ្ងរខ្លាំង។ រងកម្តៅកាំរស្មីព្រះអាទិត្យដោយផ្ទាល់បង្កឱ្យមានអាការៈមិនស្រួលខ្លួនមួយរំពេច ឈឺក្បាលខ្ទោកៗ ទន់ខ្លួន ឬដល់សន្លប់បាត់ស្មារតី ក្តៅខ្លួន និងរលាកស្បែក។
រងកម្តៅខ្លាំង នឹងធ្វើឱ្យសរីរាង្គពិបាកទ្រាំ ដោយអាចនឹងមានអាការៈរមួលចុកពោះ រមួលក្រពើ ឬក្តាមកាច់នៅជើង។ ផលវិបាកបែបនេះ ច្រើនកើតឡើងនៅពេលដែលយើងបែកញើសខ្លាំង និងក្នុងពេលប្រឹងបញ្ចេញ កម្លាំងធ្វើចលនា។
កម្តៅឡើងខ្លាំង នឹងធ្វើឱ្យមនុស្សស្ងួតកម្លាំង។ ក្តៅមួយថ្ងៃពីរដំបូង សរីរាង្គពិបាកទ្រាំ ប៉ុន្តែបើអូសបន្លាយយូរថ្ងៃ នោះខ្លួនប្រាណនឹងចុះទន់ខ្សោយឬអស់កម្លាំង ព្រោះការបែកញើសច្រើនពេក នឹងធ្វើឱ្យខ្លួនប្រាណបាត់បង់បរិមាណអេឡិចត្រូលីត និងជាតិអំបិលរ៉ែពីក្នុងខ្លួន។ អស់កម្លាំងបណ្តាលមកពីកម្តៅឡើងខ្លាំង ស្តែងដោយអាការៈធ្ងន់ក្បាលងេងងោង ហត់ ខ្សោយ គេងមិនលក់ ឬគេងមិនស្កប់នៅពេលយប់។
ប្រឈមនឹងកំដៅសីតុណ្ហភាពឡើងខ្លាំង និងយូរថ្ងៃ អាចបង្កឱ្យមានផលវិបាកធ្ងន់ខ្លាំងដល់ដោយខ្លួនប្រាណមិនអាចចាត់ចែងសីតុណ្ហភាពផ្នែកខាងក្នុងខ្លួនប្រាណបាន ជាហេតុធ្វើឱ្យយើងមានអាការៈក្តៅខ្លួនខ្លាំង បេះដូងលោតខុសចង្វាក់(លឿនជ្រុល) ស្បែកឡើងក្រហម និងស្ងួត ចង់ក្អួត ចង្អោរ។ ការនេះអាចធ្ងន់ធ្ងរដល់ថ្នាក់ប្រកាច់ ឬបាត់បង់ស្មារតី និងសន្លប់លែងដឹងខ្លួន។
ប៉ុន្តែដោយលក្ខខណ្ឌអាយុ លក្ខខណ្ឌការងារ ស្ថានភាពជីវិត បុគ្គលខ្លះងាយរងគ្រោះនឹងអាកាសធាតុក្តៅខ្លាំង។ បុគ្គលទាំងនោះមានជាអាទិ៍ ៖
- ទារកនិងក្មេង ងាយរងគ្រោះខ្លាំងមែនទែន។ ក្រោមអាយុ៤ឆ្នាំ ក្មេងមានសមមាត្រជាតិទឹកក្នុងខ្លួនច្រើនជាងមនុស្សពេញវ័យ តែមានបំរុងជាតិតិច និងងាយបាត់បង់ជាតិទឹក តាមស្បែក និងតាមការដកដង្ហើម ក៏លឿន និងច្រើនជាងមនុស្សពេញវ័យទៅវិញដែរ។ ចំពោះទារកវិញ គ្រប់ទារកសុទ្ធតែចំណាយជាតិចេញពីខ្លួនអស់ប្រមាណ២៥% ក្នុងមួយថ្ងៃ មិនដូចមនុស្សចាស់ដែលអស់ត្រឹម៦%ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បូកផ្សំនឹងកត្តាផ្សេងទៀតៗទៅ ក្មេងនិងទារកងាយជួយគ្រោះខ្ចោះជាតិទឹកណាស់ នៅពេលអាកាសធាតុឡើងក្តៅខ្លាំង។ ដូច្នេះសូមប្រុងប្រយ័ត្នឱ្យខ្ពស់ កុំបណ្តោយឱ្យក្មេង នៅហាលក្តៅ រងកាំរស្មីព្រះអាទិត្យដោយផ្ទាល់ និងដោយការការពារឱ្យសោះ ទោះបីជាមួយភ្លែតក៏ដោយ។ ចៀសវាងដាក់ទុកក្មេងនៅកន្លែង ឬបរិស្ថានជុំវិញខ្លួន ដែលបិទជិត និងមានថប់ ក្តៅខ្លាំង (ក្នុងឡាន ក្នុងបន្ទប់គ្មានបង្អួច)។
- មនុស្សវ័យចំណាស់ អាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ហេតុអ្វី ? ព្រោះមនុស្សចាស់ពិបាកធុននឹងកម្តៅខ្លាំង ហើយញាណស្រេកទឹករបស់គាត់ធ្លាក់ចុះ ទោះបីស្រេកហើយតែមិនដឹងថាស្រេក ចង់ពិសារទឹកទៀត ដែលងាយនឹងធ្វើឱ្យពួកគាត់ឆាប់ខ្វះជាតិ។ ដោយសារប្រព័ន្ធប្រសាទចុះខ្សោយ ក្រពេញបញ្ចេញញើសរបស់មនុស្សចាស់ដំណើរការមិនល្អ ធ្វើឱ្យពួកគាត់មិនអាចវាយតម្លៃត្រូវអំពីកំរិតនៃភាពក្តៅ និងមិនសូវបញ្ចេញញើស។ នៅពេលខ្លួនប្រាណបែកញើសតិច សីតុណ្ហភាពខ្លួនប្រាណងាយនឹងឡើងកម្តៅ ក្លាយទៅជាមានអាការៈជំងឺក្តៅខ្លួនមួយរំពេច។
- ស្ត្រីមានផ្ទៃពោះ។ ពេលពរពោះស្ត្រីត្រូវការជាតិទឹកច្រើន ដើម្បីការលូតលាស់និងសុខភាពផ្ទៃល្អ។
- មនុស្សដែលបាត់បង់ស្វ័យភាព។ ជនពិការ អ្នកជំងឺនៅគេងលើគ្រែ ដែលរំពឹងអ្នកទីបីក្នុងការរស់នៅប្រចាំថ្ងៃ ក៏ជាជនងាយ និងឆាប់រងគ្រោះពីការប្រែប្រួលអាកាសធាតុឡើងខ្លាំងនេះដែរ។
- អ្នកមានជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន។ កំដៅអាចកាន់តែធ្វើឱ្យអ្នកជំងឺរ៉ាំរ៉ៃមួយពិបាកទ្រាំទ្រ ឬអាចធ្វើឱ្យជំងឺកាន់តែដុនដាប មានអាទិ៍អ្នកជំងឺទើបមានគ្រោះសរសៃឈាម អ្នកជំងឺហឺត អ្នកជំងឺញ័រប៉ាគីសុន ជំងឺធាត់ជ្រុលចុកខាញ់ រលាក ជំងឺផ្លូវចិត្ត។ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ក៏អាចជាកត្តាបន្ថែមឱ្យកាន់តែមានផលវិបាកទៀត នៅពេលអាកាសធាតុក្តៅ ខ្លាំង ឬរំខានសរីរាង្គកាយឱ្យពិបាកសម្របខ្លួនកម្តៅ។ ឧទាហរណ៍ ការប្រើប្រាស់ថ្នាំAspirine (ចាប់ពីលេខ៥រយមួយគ្រាប់ក្នុងមួយថ្ងៃ) អាចជាផលរំខានដល់តួនាទីរបស់តម្រងនោម ក្នុងការចាត់ចែងសមភាពជាតិទឹកក្នុងខ្លួនបានហើយ។ ថ្នាំបញ្ចុះទឹកនោម អាំចនឹងបង្កើនហានិភ័យឱ្យឆាប់ខ្សោះជាតិទឹក។ ថ្នាំសម្រួលអារម្មណ៍ និងខួរក្បាល អាចធ្វើឱ្យមានបម្រែបម្រួលសីតុណ្ហភាពរបស់សរីរាង្គក្នុងករណីខ្លះ។ ថ្នាំបំបាត់ការឈឺចាប់ ជួនកាលអាចទប់សរសៃឈាមមិនឱ្យរីកតាមកម្តៅអាកាសធាតុខាងក្រៅ ឬបន្ថយការបែកញើស។
ជាសរុប យើងអាចនិយាយបានថាផលវិបាកនៃអាកាសធាតុក្តៅខ្លាំង អាចប្រែប្រួលធ្ងន់ឬខ្សោយទៅតាមបុគ្គល ឯវិធីការពារក៏ត្រូវតែសម្របទៅតាមស្ថានការណ៍ និងបុគ្គលដែរ។
- ទទួលទានទឹកឱ្យបានពី១,៥ទៅ២លីត្រក្នុងមួយថ្ងៃ (ច្រើនលើសពេលធម្មតា)។ ជាទឹកធម្មតា កុំឱ្យត្រជាក់ពេកខ្លាចមានប្រតិកម្មក្តៅត្រជាក់ពេកនាំក្លាយជាឈឺទៅវិញ។ ប្រសិនបើពិបាកលេបទឹក សូមទទួលទានផ្លែឈើ (ត្រសក់ស្រូវ ឪឡឹក ក្រូច ...)
- កុំទទួលទាន សុរា គ្រឿងស្រវឹង ឬភេសជ្ជៈមានផ្ទុកសារធាតុកាហ្វេអ៊ីន ដែលមានសកម្មភាពពន្លឿនការបត់ជើងតូច ជាហេតុនាំឱ្យឆាប់ខ្សោះជាតិទឹក
- ទទួលទានអាហារតាមទម្លាប់ ទោះបីជាមានអារម្មណ៍មិនឃ្លានក៏ដោយ
- ស្លៀកពាក់ខោអាវ រលុងៗ ស្រាលៗ ធ្វើសរសៃអំបោះ ឬទេសឯក
- កុំចេញក្រៅ ទៅហាលវាល ក្នុងអំឡុងពេលក្តៅខ្លាំង (១០-១៦ម៉ោង) បើចេញត្រូវការពារក្បាលកុំឱ្យត្រូវកម្តៅព្រះអាទិត្យផ្ទាល់។
- កុំបញ្ចេញកម្លាំងកាយ ធ្វើកីឡា ហាត់ប្រាណ ពេលអាកាសធាតុកំពុងក្តៅខ្លាំង
- បិទបង្អួច វាំងនង ដើម្បីកុំឱ្យពន្លឺនិងកំដៅព្រះអាទិត្យចាំងចូលផ្ទះ ហើយបើកចំហពេលព្រលឹមពេលព្រលប់ និងពេលយប់ដើម្បីឱ្យខ្យល់ត្រជាក់ចូល
- លា ហាលកន្សែង កម្រាលសើម នៅមាត់បង្អួច
- សម្រាកនៅ ក្នុងបន្ទប់ត្រជាក់ ក្រោមម្លប់ ឬកន្លែងមានម៉ាស៊ីនត្រជាក់ឱ្យបានយ៉ាងហោចពីរម៉ោង
- មុជទឹកឱ្យញយ ឬផ្សើមខ្លួន នឹងក្រណាត់សើម នឹងចំណាយទឹក និងបក់ឱ្យមានខ្យល់តិចៗប៉ះខ្លួន។
- សូមឧស្សាហ៍សម្រាក និងប្រុងប្រយ័ត្នមើលថែអ្នកនៅជុំវិញខ្លួនផង
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ