ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ
 
គំនូស​បំព្រួញ​ផែនការ​ទប់​ទល់​នឹង​អាកាសធាតុ​ក្តៅខ្លាំង នៅ​អឺរ៉ុប RFI/Anthony Terrade

អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នៅខែ​មេសា និង​ឧសភា​នេះ កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ ​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំងពេក ផលវិបាក​ចំពោះ​សុខភាព​ក៏​អាច​មាន​ច្រើន ទៅ​តាម​វ័យ​និង​សកម្មភាព​របស់​មនុស្ស និង​អាច​ធ្វើ​មាន​គ្រោះ​ដល់​បាត់​បង់​ជីវិត​ផង។ ប៉ុន្តែ​មនុស្ស​ខ្លះ​ងាយ​រងគ្រោះ​ខ្លាំង អ្នក​ខ្លះ​ក៏​ធុន​ខ្លាំង។ តើ​អាកាសធាតុ​ក្តៅ​ខ្លាំង ជះ​ផលវិបាក​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព ?

អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង អាច​បង្ក​គ្រោះថ្នាក់ ​ផលវិបាកនៃ​អាកាសធាតុ​ក្តៅ​ខ្លាំង ប៉ះពាល់​​ដល់​សុខភាព​​ នៅ​ពេល​មាន​កត្តា​បី​ជួប​គ្នា ៖ អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង សីតុណ្ហភាព​មិន​ចុះ​ថយ ឬ​ចុះ​តិច​ខ្លាំង​នៅ​ពេល​យប់ ហើយ​ស្ថានភាព​ពីរ​នេះ​អូស​បន្លាយ​រយៈ​ពេល​យូរ​ថ្ងៃ​ (ចាប់​ពី​បី​ថ្ងៃ​ទៅ​) ជាប់​គ្នា​ឥតដាច់។

រយៈកាល​ដើម​រដូវ ​ ជា​ពេល​វេលា​ដែល​សរីរាង្គ​កាយ​ពិបាក​ទ្រាំ​ជាងគេ ព្រោះ​ពុំ​ទាន់​ស៊ាំ​នឹង​អាកាសធាតុ​។ ក្តៅ​ហើយ​សើម​ដូច​នៅ​ប្រទេស​កម្ពុជា បូក​ផ្សំ​ការ​ថប់​អត់​ខ្យល់​ និង​មាន​ផ្សែងពុល​ក្នុង​បរិយាកាស​ទៀត ​ជាបណ្តុំ​​លក្ខខណ្ឌ​អាកាសធាតុដែល ផ្តល់​ការ​លំបាកកាន់​តែ​​ខ្លាំង​ណាស់​ដល់​សរីរាង្គកាយ។ ប៉ុន្តែ​ករណី​​បរិយាកាស​មិន​អំណោយ​ផល​ និង​មិន​អនុគ្រោះឡើង​ក្តៅ​ខ្លាំង ហើយ​ថប់​ទៀតកាន់​តែ​ពិបាក​ទ្រាំ​ មាន​កើតឡើង​​កាន់​តែ​ញយឡើង វែងឡើងៗ​ នៅ​កម្ពុជា និងនៅលើ​ពិភពលោក។ អាកាសធាតុ​ដែល​ក្តៅ​ខ្លាំងបែប​នេះ សឹងថា​មិន​ធ្លាប់​ជួបប្រទះ​ពី​មុនទេ និង​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​រក្សា​សុខភាព​។

ហេតុ​អ្វី​បាន​ខ្លួន​ប្រាណ​យើង​ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង?

សរីរាង្គ​មនុស្ស ដែល​មាន​សុខភាព​ល្អ ​មាន​កម្តៅ​៣៧​អង្សារ​។ នៅ​ពេល​អាកាសធាតុ​ខាង​ក្រៅ​ឡើង​ក្តៅ​ខ្លាំង​ សរីរាង្គកាយ​យើង ក៏​ប្រឹង​ជា​ស្វ័យ​ប្រវត្តិ​ និង​ដោយ​ធម្មជាតិ សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស ជា​ហេតុ​ធ្វើ​ឱ្យ​កម្តៅ​ក្នុង​ខ្លួន​ឡើង​លើស​ពី​៣៧​អង្សារ។ ប៉ុន្តែ​នៅ​ពេល​កម្តៅខ្លួន​យើង​ឡើង​លើស​ពី ៣៧អង្សារ ​យន្តការ​ចាត់ចែង​កម្តៅ​ក្នុង​ប្រាណ​មនុស្ស ចាប់​ដំណើរការ ដោយ​ស្តែង​ជា​អាការៈ​ដូច​ខាង​ក្រោម ៖

  • ខ្លួន​ប្រាណ​ចាប់​បែក​ញើស ដង្ហើម​ញាប់ (ដើម្បី​បញ្ចុះ​កម្តៅ​តាម​រយៈ​ការ​បញ្ចេញ​ទឹក និង​ចំហាយ​ទឹក​តាម​ដង្ហើម)
  • សរសៃ​ឈាម​ ជាប់​ផ្ទៃ​ស្បែក​ ឡើង​​ប៉ោង​រីកធំ ដើម្បី​ធ្វើ​ឱ្យ​ឈាម​ចុះត្រជាក់។

នេះ ជា​យន្តការ​ជា​​ធម្មជាតិរបស់​​មនុស្ស​សត្វ ដើម្បី​ទ្រទ្រង់​​សុខភាព​ទល់​​នឹង​កម្តៅ​សីតុណ្ហភាព​ខ្ពស់។ ផ្ទុយទៅ​វិញ ​សរីរាង្គ​ និង​យន្តការ​នេះ​អាច​បំពេញ​តួនាទី​របស់​គេ​បាន​យ៉ាង​ត្រឹម​ត្រូវ នៅ​ពេល​ណា​

  • សរីរាង្គកាយ​ត្រូវ​តែ​មាន​ជាតិ​សំណើម​គ្រប់គ្រាន់ សម្រាប់​ផលិត​ញើស
  • ​ត្រូវ​មាន​ខ្យល់ កម្តៅ ​ធម្មតា​ និង​គ្រប់គ្រាន់ សម្រាប់​សម្រួល​ការ​ហួត​ញើស នៅលើ​ស្បែក។

តើ​អាកាសធាតុ​ក្តៅ​ខ្លាំង អាច​បង្ក​គ្រោះ​ហានិភ័យ​ និង​ផលវិបាក​យ៉ាងណា​ដល់​សុខភាព ?​

នៅ​ពេល​កម្តៅ​ឡើង​ខ្លាំង សរីរាង្គ​កាយ​របស់​មនុស្ស​នឹង​រង​ពិបាកទ្រាំ និង​ធ្វើ​ឱ្យ​មាន​ការ​​បែក​ញើស​ខ្លាំង (នេះ​ជា​ប្រតិកម្ម​តាម​ធម្មតា​របស់​សរីរាង្គ) ប៉ុន្តែ ប្រសិន​បើ​យើង​មិន​ទទួល​ទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ទេ នោះ​ខ្លួន​ប្រាណ​នឹង​អាច​ជួប​ករណី​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស។ ហើយ​រោគ​សញ្ញា​នៃ​ការ​ខ្វះ​ជាតិទឹក​​ដំបូង ពុំ​ស្តែង​ចេញដោយ​ច្បាស់​លាស់​ទេ​ អាច​ជា អាការៈ អស់​កម្លាំង ​នឿយ​ហត់ ទន់​ងងោកងងុយ រវើរវាយពិបាក​ផ្ចង់​អារម្មណ៍ ... ប្រសិន​បើ​យើង​មិន​អាច​ផ្តល់​ជាតិ​ទឹកឱ្យ​បាន​គ្រប់​គ្រាន់​ទាន់​ពេល​ទេ យើង​អាច​ជួប​គ្រោះ​ខ្សោះ​ទឹក​យ៉ាង​ឆាប់​រហ័ស​ខ្លាំង​ជ្រុល ដែល​សរីរាង្គកាយ​មិន​អាច​ទ្រាំ​បាន និង​ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​ដល់​បាត់​បង់​ជីវិត​បាន។

ជា​ទូទៅ គេ​អាច​រាប់​ផលវិបាក​ដែល​បង្ក​ឡើង​កម្តៅ​ខ្លាំង​ជ្រុល​ដូច​ខាង​ក្រោម ៖

រង​កម្តៅ​ព្រះ​អាទិត្យ​ដោយ​​ផ្ទាល់ ៖ នៅ​ពេល​ដើរ​ត្រូវ​ថ្ងៃ ដោយ​គ្មាន​ការ​ការពារ ជាពិសេស​ក្មេងៗ​ដែល​រត់​លេង​កណ្តាល​ថ្ងៃ​ក្តៅ ដោយ​គ្មាន​ពាក់មួក ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង។ រង​កម្តៅ​កាំរស្មី​ព្រះ​អាទិត្យ​ដោយ​ផ្ទាល់​​បង្កឱ្យ​មាន​អាការៈ​​មិន​ស្រួល​ខ្លួន​មួយ​រំពេច ឈឺក្បាល​ខ្ទោកៗ​ ទន់​ខ្លួន ឬ​ដល់​សន្លប់​បាត់​ស្មារតី​ ក្តៅ​ខ្លួន​ និង​រលាក​ស្បែក។

រង​​កម្តៅខ្លាំង នឹង​ធ្វើ​ឱ្យ​​សរីរាង្គពិបាក​ទ្រាំ ដោយ​​អាច​នឹង​មាន​អាការៈ​រមួល​ចុក​ពោះ រមួល​ក្រពើ ឬ​ក្តាម​កាច់​នៅ​ជើង។ ផលវិបាក​បែប​នេះ ច្រើន​កើត​ឡើង​នៅពេល​ដែល​យើង​បែក​ញើស​ខ្លាំង និ​ងក្នុង​ពេល​ប្រឹង​បញ្ចេញ កម្លាំង​ធ្វើ​ចលនា។

កម្តៅ​ឡើង​ខ្លាំង នឹង​ធ្វើ​ឱ្យ​មនុស្ស​ស្ងួត​កម្លាំង។ ក្តៅ​មួយ​ថ្ងៃពីរ​ដំបូង សរីរាង្គ​ពិបាកទ្រាំ ប៉ុន្តែ​បើ​អូស​បន្លាយ​យូរ​ថ្ងៃ នោះ​ខ្លួន​ប្រាណ​នឹង​ចុះ​ទន់ខ្សោយ​ឬ​អស់​កម្លាំង​ ព្រោះ​ការ​បែក​ញើស​ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​បាត់​បង់​បរិមាណ​អេឡិចត្រូលីត និង​ជាតិ​អំបិល​រ៉ែ​ពី​ក្នុង​ខ្លួន។ អស់​កម្លាំង​បណ្តាល​មក​ពី​កម្តៅ​ឡើង​ខ្លាំង ស្តែង​ដោយ​អាការៈ​ធ្ងន់​ក្បាល​ងេងងោង ហត់ ខ្សោយ គេង​មិន​លក់ ឬ​គេង​មិន​ស្កប់​នៅ​ពេល​យប់។

ប្រឈម​នឹង​កំដៅ​សីតុណ្ហភាព​ឡើង​ខ្លាំង និង​យូរ​ថ្ងៃ អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ខ្លាំង​ដល់​ដោយ​​ខ្លួនប្រាណមិន​អាច​ចាត់​ចែង​សីតុណ្ហភាពផ្នែក​ខាង​ក្នុង​​ខ្លួនប្រាណ​បាន​ ជា​ហេតុ​ធ្វើ​ឱ្យ​យើង​​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង បេះដូង​លោត​ខុស​ចង្វាក់​(លឿន​ជ្រុល) ស្បែក​ឡើង​ក្រហម និង​ស្ងួត ចង់ក្អួត ចង្អោរ។ ការ​នេះ​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រកាច់ ឬ​បាត់​បង់​ស្មារតី និង​សន្លប់​លែង​ដឹង​ខ្លួន។

ប៉ុន្តែ​ដោយ​លក្ខខណ្ឌ​អាយុ លក្ខខណ្ឌ​ការងារ ស្ថានភាព​ជីវិត បុគ្គល​ខ្លះ​ងាយរងគ្រោះ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង។ បុគ្គល​ទាំង​នោះ​មាន​ជា​អាទិ៍ ៖

  • ទារក​និង​ក្មេង ងាយរងគ្រោះ​ខ្លាំង​មែនទែន។ ក្រោម​អាយុ​៤​ឆ្នាំ ក្មេង​មាន​សមមាត្រ​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ តែមានបំរុង​ជាតិ​តិច និង​​ងាយ​បាត់​បង់​ជាតិ​ទឹក តាម​ស្បែក និង​តាម​ការ​ដក​ដង្ហើម ​ក៏​លឿន​ និង​ច្រើន​ជាង​មនុស្សពេញ​វ័យ​​​ទៅ​វិញ​ដែរ។ ចំពោះ​ទារក​វិញ គ្រប់​ទារក​សុទ្ធ​តែ​ចំណាយ​ជាតិ​ចេញ​ពី​ខ្លួន​អស់​ប្រមាណ​២៥%​ ក្នុង​មួយថ្ងៃ មិន​ដូច​មនុស្ស​ចាស់​ដែល​អស់​ត្រឹម​៦%​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ បូក​ផ្សំ​នឹង​កត្តា​ផ្សេង​ទៀតៗទៅ​ ក្មេង​និង​ទារក​ងាយ​ជួយ​គ្រោះ​ខ្ចោះ​ជាតិ​ទឹក​ណាស់ នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់ កុំ​បណ្តោយ​ឱ្យ​ក្មេង​ នៅ​ហាល​ក្តៅ រង​កាំរស្មី​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ និង​ដោយ​ការ​ការពារ​ឱ្យ​សោះ ទោះបី​ជា​​មួយ​ភ្លែត​ក៏​ដោយ។ ចៀសវាង​ដាក់​ទុក​ក្មេង​នៅ​កន្លែង ឬ​បរិស្ថានជុំ​វិញ​ខ្លួន ដែល​បិទ​ជិត​ និង​មាន​ថប់​ ក្តៅ​ខ្លាំង (ក្នុង​ឡាន ក្នុង​បន្ទប់​គ្មាន​បង្អួច)។
  • មនុស្ស​វ័យ​ចំណាស់ អាយុចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ។ ហេតុ​អ្វី ? ព្រោះ​មនុស្ស​ចាស់​ពិបាក​ធុននឹង​កម្តៅ​ខ្លាំង ហើយ​ញាណ​ស្រេក​ទឹក​របស់​គាត់​ធ្លាក់​ចុះ ទោះ​បី​ស្រេក​ហើយ​តែ​មិន​ដឹង​ថា​ស្រេក ចង់​ពិសារទឹក​ទៀត ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​ពួកគាត់​ឆាប់​ខ្វះ​ជាតិ។ ដោយ​សារ​ប្រព័ន្ធប្រសាទ​ចុះ​ខ្សោយ ក្រពេញ​បញ្ចេញ​ញើស​របស់​មនុស្ស​ចាស់​ដំណើរការ​មិន​ល្អ ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​វាយតម្លៃ​ត្រូវ​អំពី​កំរិត​នៃ​ភាព​ក្តៅ​ និង​មិន​សូវ​បញ្ចេញ​ញើស។ នៅ​ពេល​ខ្លួន​ប្រាណ​បែក​ញើស​តិច សីតុណ្ហភាព​ខ្លួន​ប្រាណងាយ​នឹង​ឡើង​កម្តៅ ក្លាយ​ទៅ​ជា​មាន​អាការៈ​ជំងឺ​ក្តៅ​ខ្លួន​មួយ​រំពេច។
  • ស្ត្រី​មាន​ផ្ទៃពោះ។ ពេល​ពរ​ពោះ​ស្ត្រី​ត្រូវ​ការជាតិ​​ទឹក​ច្រើន ដើម្បី​ការ​លូតលាស់​និង​សុខភាព​ផ្ទៃ​ល្អ។
  • មនុស្ស​ដែល​បាត់​បង់​ស្វ័យភាព។ ជនពិការ អ្នក​ជំងឺ​នៅ​គេង​លើ​គ្រែ ដែល​រំពឹង​អ្នក​ទីបី​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក៏​ជា​ជន​ងាយ​ និង​ឆាប់​រង​គ្រោះ​ពីការ​ប្រែប្រួល​អាកាសធាតុ​ឡើង​ខ្លាំង​នេះ​ដែរ។
  • អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន។ កំដៅ​អាច​កាន់​តែ​ធ្វើ​ឱ្យ​អ្នកជំងឺ​រ៉ាំ​រ៉ៃ​មួយ​​ពិបាក​ទ្រាំ​ទ្រ​ ឬ​អាច​ធ្វើ​ឱ្យ​ជំងឺកាន់​តែ​ដុនដាប មាន​អាទិ៍​អ្នក​ជំងឺ​ទើប​មាន​គ្រោះ​សរសៃ​ឈាម​ អ្នក​ជំងឺ​ហឺត អ្នក​ជំងឺ​ញ័រប៉ាគីសុន​ ជំងឺ​ធាត់​ជ្រុល​ចុកខាញ់ រលាក ជំងឺ​ផ្លូវចិត្ត​។ ម្យ៉ាងទៀត ការប្រើប្រាស់​ថ្នាំព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន ក៏​អាច​ជា​កត្តា​បន្ថែម​ឱ្យ​កាន់​តែ​មាន​ផលវិបាក​ទៀត នៅ​ពេល​អាកាសធាតុ​ក្តៅ ខ្លាំង ឬ​រំខាន​សរីរាង្គ​កាយ​ឱ្យ​ពិបាក​សម្រប​ខ្លួនកម្តៅ។ ឧទាហរណ៍ ការ​ប្រើប្រាស់​ថ្នាំ​Aspirine (ចាប់ពី​​លេខ​៥រយ​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​) អាច​ជា​ផលរំខាន​ដល់​តួនាទី​របស់​តម្រង​នោម​ ក្នុង​ការ​ចាត់​ចែង​សមភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ហើយ។ ថ្នាំ​បញ្ចុះ​ទឹកនោម​ អាំច​នឹង​បង្កើន​ហានិភ័យ​ឱ្យ​ឆាប់​ខ្សោះ​ជាតិ​ទឹក។ ថ្នាំ​សម្រួល​អារម្មណ៍ ​និង​ខួរ​ក្បាល​ អាច​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​សីតុណ្ហភាព​របស់​សរីរាង្គ​ក្នុង​ករណី​ខ្លះ។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ជួន​កាលអាច​ទប់​សរសៃឈាម​មិន​ឱ្យ​រីក​តាមកម្តៅ​អាកាសធាតុ​ខាង​ក្រៅ ឬ​បន្ថយ​ការ​បែក​ញើស។

ជា​សរុប​ យើង​អាច​និយាយ​បាន​ថា​ផលវិបាក​នៃ​អាកាសធាតុ​ក្តៅ​ខ្លាំង អាច​ប្រែប្រួល​ធ្ងន់​ឬ​ខ្សោយ​ទៅ​តាម​បុគ្គល ឯវិធីការ​ពារ​ក៏​ត្រូវ​តែ​សម្រប​ទៅ​តាម​ស្ថានការណ៍ និង​បុគ្គល​ដែរ។

  • ទទួល​ទាន​ទឹក​ឱ្យ​បាន​ពី​១,៥ទៅ​២​លីត្រ​ក្នុង​មួយ​ថ្ងៃ (ច្រើនលើស​ពេល​ធម្មតា)។ ជា​ទឹក​ធម្មតា កុំ​ឱ្យ​ត្រជាក់​ពេក​ខ្លាច​មាន​ប្រតិកម្ម​ក្តៅ​ត្រជាក់​ពេក​នាំក្លាយ​ជា​ឈឺ​ទៅ​វិញ។ ប្រសិន​បើ​ពិបាក​លេប​ទឹក សូម​ទទួល​ទាន​ផ្លែឈើ (ត្រសក់​ស្រូវ ឪឡឹក ក្រូច ...)
  • កុំទទួល​ទាន សុរា គ្រឿង​​ស្រវឹង ឬ​ភេសជ្ជៈ​​មាន​ផ្ទុក​សារធាតុកាហ្វេអ៊ីន​ ដែលមាន​សកម្មភាព​ពន្លឿន​ការ​បត់​ជើង​តូច​ ជា​ហេតុ​នាំ​ឱ្យ​ឆាប់​ខ្សោះ​ជាតិ​ទឹក
  • ទទួល​ទាន​អាហារ​តាម​ទម្លាប់ ទោះ​បី​ជា​មាន​អារម្មណ៍​មិន​ឃ្លាន​ក៏​ដោយ
  • ស្លៀក​ពាក់​ខោអាវ​ រលុងៗ​ ស្រាលៗ ធ្វើសរសៃ​​អំបោះ ឬ​ទេស​ឯក
  • កុំ​ចេញ​ក្រៅ​​ ទៅ​ហាលវាល ក្នុង​អំឡុង​ពេល​ក្តៅ​ខ្លាំង (១០-១៦ម៉ោង) បើ​ចេញ​ត្រូវ​ការពារ​ក្បាល​កុំ​ឱ្យ​ត្រូវកម្តៅ​ព្រះអាទិត្យ​ផ្ទាល់។
  • កុំ​បញ្ចេញ​កម្លាំង​កាយ​ ធ្វើកីឡា ហាត់ប្រាណ​ ពេលអាកាសធាតុ​​កំពុង​ក្តៅ​ខ្លាំង
  • បិទ​បង្អួច​ វាំងនង ដើម្បី​កុំ​ឱ្យ​ពន្លឺ​និង​កំដៅ​ព្រះអាទិត្យ​ចាំង​ចូល​ផ្ទះ ហើយ​បើក​ចំហ​ពេល​ព្រលឹម​ពេល​ព្រលប់ និង​ពេល​យប់​ដើម្បី​ឱ្យ​ខ្យល់​ត្រជាក់​ចូល
  • លា ហាល​កន្សែង​ កម្រាល​សើម​ នៅ​មាត់​បង្អួច
  • សម្រាក​នៅ ក្នុង​បន្ទប់​ត្រជាក់ ក្រោម​ម្លប់​ ឬក​ន្លែង​មាន​ម៉ាស៊ីន​ត្រជាក់​ឱ្យ​បាន​យ៉ាង​ហោច​ពីរ​ម៉ោង
  • មុជទឹក​ឱ្យ​ញយ​ ឬ​ផ្សើម​ខ្លួន នឹង​ក្រណាត់សើម នឹង​ចំណាយ​ទឹក និង​​បក់​ឱ្យ​មាន​ខ្យល់​តិច​ៗ​ប៉ះខ្លួន។
  • សូម​ឧស្សាហ៍​សម្រាក​ និង​ប្រុងប្រយ័ត្ន​មើល​ថែអ្នក​នៅ​ជុំ​វិញ​ខ្លួន​ផង
  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ