អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​បារាំង មហោស្រពភាពយន្ត​អន្តរជាតិកាន លើកទី ៧២ ចាប់ផ្តើម​បើក​ជាផ្លូវការ​​ ចាប់​ពី​​ថ្ងៃ​អង្គារ​នេះ រហូត​ដល់​ថ្ងៃទី២៥​ឧសភា។ នៅក្នុង​រយៈពេល​១០​ថ្ងៃ ខ្សែភាពយន្ត​ចំនួន​៦២​ ​មក​ពី​ប្រទេស​ចំនួន ២៥ ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់ដែល​មាន​ តាំង​ពី​តាល់ប័ត្រ​មាស រង្វាន់​Certain Regard និង​កាម៉េរ៉ា​មាស​ជាដើម។ នៅក្នុង​មហោស្រព​ភាពយន្តកាន​​ឆ្នាំនេះ មានផងដែរ ​ខ្សែ​ភាពយន្តចំនួន ២២ដែល​​ប្រកួត​ប្រជែងគ្នា ដើម្បី ដណ្តើម​ពានរង្វាន់​កាម៉េរ៉ា​មាស ដែល​មាន​លោក​ប៉ាន់ រិទ្ធី សមិទ្ធិករ​ភាពយន្ត​ខ្មែរ​ជា​ប្រធាន​គណៈ​មេប្រយោគ។ សមិទ្ធិករភាពយន្ត​ខ្មែរ​ត្រូវ​បានមហោស្រព​អន្តរជាតិ​កាន ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈមេប្រយោគ​សម្រាប់ កាម៉េរ៉ា​មាស ដែល​ជា​រង្វាន់ ​ដ៏​សំខាន់​មួយ​របស់​មហោស្រព​ គឺ​ជា​មោទនភាពសម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា។

តាល់ប័ត្រ​មាស​ដែល​ជា​រង្វាន់​ធំ​សំខាន់ជាងគេ​របស់​មហោស្រពភាពយន្ត​កាន លើកទី​៧២​ដែល​បើកសម្ពោធ​ពីថ្ងៃទី ១៤ រហូត​ដល់​ថ្ងៃទី ២៥​ឧសភា​២០១៩
តាល់ប័ត្រ​មាស​ដែល​ជា​រង្វាន់​ធំ​សំខាន់ជាងគេ​របស់​មហោស្រពភាពយន្ត​កាន លើកទី​៧២​ដែល​បើកសម្ពោធ​ពីថ្ងៃទី ១៤ រហូត​ដល់​ថ្ងៃទី ២៥​ឧសភា​២០១៩ ©REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

មហោស្រពភាពយន្ត​អន្តរជាតិ​កាន លើកទី ៧២ ចាប់ផ្តើម​បើក​ទ្វារ​ជា​ផ្លូវការ នៅថ្ងៃ​អង្គារ​នៅភាគខាងត្បូង​ប្រទេស​បារាំង។ នៅ​តាម​ឆ្នេរ​សមុទ្រ​កាន តំបន់​ជុំវិញ​មហោស្រព​​ត្រូវ​បាន​​ពង្រឹង​សន្តិសុខ​ខ្ពស់ ជាមួយ​វត្តមានរបស់​ប៉ូលិស​បារាំង ហើយ​និង​ការពង្រាយ​ដាក់​​ថូផ្កា​យក្ស ដើម្បី ធ្វើ​ជា​របាំង បង្ការ​ការវាយប្រហារដោយ​ប្រការ​ណាមួយ​ពីឧក្រិដ្ឋជន ឬ​ក្រុមភេរវនិយម។

នៅ​ថ្ងៃអង្គារ គ្រប់គ្នា​​ត្រៀមខ្លួនរួច​ហើយ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​មួយនេះ។ មិនថា ប្រជាជនស្នេហា​ខ្សែភាពយន្ត អ្នកថតរូប​ និង​អ្នកកាសែតដែល​មាន​មិនតិចជាង ៤ពាន់​នាក់ គ្រប់សញ្ជាតិ អឺរ៉ុប អាស៊ី អាមេរិក អាហ្រ្វិក ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តិត​ថតរូបភាព​តារាភាពយន្ត និង​រាយកាណ៍​ផ្ទាល់​ពី​មហោស្រព អន្តរជាតិ​កាន​លើកនេះ។

គ្រប់គ្នា​កំពុង​តាមដាន ផ្តោតការយកចិត្តទុក​​មហោស្រព​ភាពយន្ត​អន្តរជាតិ​កានលើក​ទី​៧២ បន្ទាប់ពី​អ្នករៀបចំ​មហោស្រព​បាន​ប្រកាស​រួចហើយ​ពី​លក្ខណៈ​ខុសប្លែក​ពី​ឆ្នាំមុន។ នៅ​ឆ្នាំនេះ ដើម្បី​ជៀសវាងកុំ​ឲ្យ​មាន​ការរិះគន់​ដូចឆ្នាំមុនៗ អ្នករៀបចំ​កម្មវិធី​បានប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បី​ធ្វើ​ឲ្យ​ចំនួន របស់ ​អ្នកដឹកនាំ​រឿង​ជាស្រ្តីភេទមាន​ច្រើន នៅក្នុង​មហោស្រព។ ជាលទ្ធផល នៅ​ឆ្នាំនេះ នៅក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំង​ ២១​ដែល​ត្រូវ​ប្រកួតប្រជែង​សម្រាប់​ពានរង្វាន់​តាល់ប័ត្រ​មាស កាម៉េរ៉ា​មាស​ជាដើម មាន​ខ្សែភាពយន្ត​៤ ដឹកនាំ​ដោយ​មនុស្ស​ស្រី ដែល​នេះ​ជា​រឿង​កម្រណាស់ នៅក្នុង​មហោស្រពភាពយន្ត​កាន ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​មហោស្រព​ដែល​រក្សា​ទុក​សម្រាប់តែ​ខ្សែភាពយន្ត​ផលិត​ដោយ​សមិទ្ធិករប្រុស។

ព្រឹត្តិការណ៍​ដែល​គេ​ទន្ទឹង​រង់ចាំ​មួយទៀត គឺ នៅក្នុង​មហោស្រព​លើក​ទី ៧២ នឹង​មាន​ការចូលរួម​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​ សមិទ្ធិករ​ល្បីៗ ដែល​នៅក្នុង​នោះ មាន៤នាក់​រួចហើយ ដែល​ធ្លាប់បាន​ទទួល​ពានរង្វាន់​តាល់ប័ត្រ​មាស ដូចជា អ្នកដឹកនាំរឿង​អង់គ្លេស Ken loch ឬ សមិទ្ធិករ អាមេរិកាំង Quentin Tarantino ជាដើម។ នៅ​យប់​នេះ ​ខ្សែភាពយន្ត​ដែល​ត្រូវ​ចាក់បញ្ចាំង​នៅយប់​ថ្ងៃ​​បើកសម្ពោធ​មហោស្រព មាន​ឈ្មោះ ថា The Dead dont die  ដែល​និយាយ​ពី​ការលុកលុយរបស់​ពួក​Zombie របស់​សមិទ្ធិករ​Jim Jarmusch ជាមួយ​នឹង​តារាសំដែង​ល្បីឈ្មោះ លោក Bill Murray។

តារាភាពយន្ត​ដែល​ត្រូវ​ដើរ​នៅ​លើ​កម្រាល​ព្រំ​ក្រហមនៅ​ក្នុង​មហោស្រព​​ទៀតសោត ក៏​ជា​តារាភាពយន្ត​ល្បីៗ​របស់​ហូលីវូដដែល​គេ​ស្គាល់ច្បាស់ ដូចជា Brat Pitt Leonado decaprio Sylvester Stallone ដែល​គ្រប់គ្នា​ស្គាល់​ជា​តួឯក រ៉ាំបូ ​ជាដើម។

លោកម៉ាក្រុង​ប្រកាស​បង្កើត​មូលនិធិ២២៥​លាន​អឺរ៉ូ សម្រាប់​ជួយសិល្បករ​បារាំង ទប់ទល់​នឹង​ក្រុមហ៊ុន​ភាពយន្ត​អាមេរិកាំង និង​ចិន

មហោស្រព​កាន​ធ្លាប់​រងការរិះគន់ ហើយ​និង​រឿង​អាស្រូវកន្លងមក ដូចជា​រឿង​ហាម​មិន​ឲ្យ​គេ ពាក់ស្បែកជើង​ផ្ទាត់ដើរ​នៅ​កម្រាលព្រំ រឿង​ម​មនុស្ស​ស្រី ត្រូវ​តែ​ពាក់ស្បែកជើង​កែង​ចោត នៅពេល​ដើរ​លើ​កម្រាលព្រំ ជាដើម។ នៅ​ឆ្នាំមុនទៀតសោត មហោស្រព​ភាពយន្ត​កាន​ប្រឈមខ្លាំង​​នឹង​រឿងចម្រូងចម្រាស​ពីរ។ ទី១ គឺ​រឿងអាស្រូវ​បំពារបំពាន​ផ្លូវភេទ​ទៅលើ​មនុស្ស​ស្រី ដែល​ធ្វើ​ការនៅក្នុង​វិស័យភាពយន្ត ។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការរិះគន់​ក្នុងរឿង​រើសអើង​ ទៅលើ​មនុស្ស​ស្រី​ អ្នករៀបចំ​កម្មវិធី​មហោស្រព​បាន​ព្យាយាម បង្ហាញ​ឆន្ទៈគាំទ្រ​របស់ខ្លួន​សម្រាប់​បុព្វហេតុ​មនុស្ស​ស្រី ដោយ​បានដាក់ជ្រើសរើស​ខ្សែភាពយន្ត​ផលិត​ដោយ​មនុស្ស​ស្រី ឲ្យ​បាន​ច្រើន​សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់តាល់ប័ត្រ​មាស​ឆ្នាំនេះ។

យ៉ាងណាក៏ដោយ នៅឆ្នាំមហោស្រព​នៅតែ​មិនអាច​ជៀសផុត​ពីការរិះគន់។ នៅ​ថ្ងៃ​ចន្ទ​ ក្រុមអ្នកគាំទ្រ​សិទ្ធិស្រ្តី បាន​ទាមទារ​ឲ្យ​មហោស្រព​លុបចោល​ទៅវិញ ការផ្តល់​ពានរង្វាន់​តាល់ប័ត្រ​កិត្តិយស​ដល់​តារាភាពយន្ត​បារាំង លោក​Alain Delon ដែល​គេ​ចោទថា ធ្លាប់​ស្អប់រើសអើង​មនុស្ស​ស្រី រើងអើង​ពូជសាសន៍ និង​ធ្លាប់​ទះកំភ្លៀង​មនុស្ស​ស្រី កាលលោក​នៅធ្វើ​ជា​តារាភាពយន្ត​កាលពី​អតីតកាល។​

ទាក់ទង​នឹង​​រឿង​ចម្រូងចម្រាស​ជាមួយ​​​ក្រុមហ៊ុន​អាមេរិកាំង Netflix មហោស្រព​បាន​បែរខ្នង មិន​ជ្រើសរើស​ខ្សែភាពយន្ត​ផលិត​ដោយ​ Netflix  សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់​តាល់ប័ត្រ​មាស​ទេ ដរាបណា​ក្រុមហ៊ុន​អាមេរិកាំង​រក្សា​ជំហរ​ដើម គឺ​មិន​ព្រមចាក់បញ្ចាំង ខ្សែភាពយន្ត​របស់ខ្លួន នៅតាម​រោងភាពយន្ត​បារាំង ទៅតាម​ការតម្រូវ​របស់​មហោស្រព។

រឿង​ប្រកួតប្រជែង​ជាមួយ ក្រុមហ៊ុន​បរទេស​ដែល​កំពុង​លុកលុយ​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត​នៅ​បារាំង ជា​ប្រធានរឿង​សំខាន់មួយ​របស់​រដ្ឋាភិបាល​បារាំង។ នៅ​ថ្ងៃ ចន្ទ ពោលគឺ នៅ​មួយ​ថ្ងៃមុន​មហោស្រពភាពយន្ត​កាន បើកសម្ពោធ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ផលិតភាពយន្ត សមិទ្ធិករ អ្នកនិពន្ធ​​បារាំង និង​អឺរ៉ុប​រូបរួម​គ្នា​ដើម្បី​ទប់ទល់​នឹង​ក្រុមហ៊ុន​យក្ស Netflix Disney  របស់​អាមេរិក និង​ក្រុមហ៊ុន​ចិន ដែល​គេ​ចោទប្រកាន់​ថា ធ្វើ​ជំនួញ បែប​ការពារ​ជាតិនិយម ហើយ​និង​វាតទីនិយម។ ដើម្បី​ទប់ទល់​នឹង​ការពង្រីកឥទ្ធិពល​ និង​ទីផ្សារផ្តាច់មុខ​របស់​ក្រុមហ៊ុន​អាមេរិក និង​ចិន ប្រធានាធិបតីបារាំង​បាន​ប្រកាស​បង្កើត​មូលនិធិវិនិយោគ ២២៥​លាន​ដុល្លារ​​សម្រាប់​ជួយវិស័យ​ភាពយន្ត​ និង​សិល្បៈ​នៅ​ប្រទេស​បារាំង។

លោក​ប៉ាន់ រិទ្ធី សមិទ្ធិករ​ភាពយន្ត​ខ្មែរ ដែល​ត្រូវ​បាន​មហោស្រព​ជ្រើសរើសឲ្យ​ធ្វើ​ជាប្រធាន​គណៈ​មេប្រយោគ​សម្រាប់​រង្វាន់កាម៉េរ៉ា​មាស ឆ្នាំនេះ

នៅមហោស្រពភាពយន្ត​អន្តរជាតិ កាន លោក​ប៉ាន់ រិទ្ធីមិនមែន​ជាមនុស្ស​ប្លែកមុខ នៅក្នុង​រង្វង់​អ្នករៀបចំ និង​គណៈមេប្រយោគ​នោះទេ។ នៅមុន​ត្រូវជ្រើសរើស​ឲ្យ​ធ្វើជាប្រធាន​គណៈមេប្រយោគ​កាម៉េរ៉ា​មាស នៅឆ្នាំនេះ ​លោក​ប៉ាន់ រិទ្ធី​ត្រូវ​បាន​គេ​ស្គាល់​ជា​លើកដំបូង នៅ​ឆ្នាំ ១៩៩៤ នៅពេល ​ខ្សែភាពយន្ត​រឿង អ្នកស្រែ របស់​លោក​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់តាល់ប័ត្រ​មាស។ នៅ​ឆ្នាំ ២០១៣ ខ្សែភាពយន្ត​របស់លោក​រឿង កង្វះរូបភាព​បាន​ទទួល​រង្វាន់​ certains regars  ពី​មហោស្រព។ នៅ​ឆ្នាំ ២០១៥ លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យធ្វើ​ជា​ប្រធាន​គណៈមេប្រយោគ​សម្រាប់​ពានរង្វាន់ ភ្នែកមាស​ដែល​រៀបចំដោយ​សមាគម​ក្នុង​អ្នកនិពន្ធ នៅក្នុង​មហោស្រព។

លោក​ប៉ាន់ រិទ្ធី​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅថា ជាសមិទ្ធិករភាពយន្តដែល ធ្វើការ​មិន​ចេះនឿយណាយ ដើម្បី ការចងចាំ នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយសារ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​ដោយ​វិបសៃតិ៍​ផ្លូវការ​របស់​មហោស្រពភាពយន្ត​កាន លោក​ប៉ាន់ រិទ្ធី​បាននិយាយ​ថា លោក​សប្បាយចិត្ត​ដែល​បាន​ត្រលប់​ទៅមហោស្រពកាន ក្នុង​នាមជាប្រធាន​គណៈប្រយោគ សម្រាប់រង្វាន់ កាម៉េរ៉ា​មាស។ លោក​កំពុង​ទន្ទឹង​រង់ចាំ យ៉ាងអន្ទះសារ ដើម្បី​មើល​ខ្សែភាពយន្ត ទាំង ២២​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួតប្រជែងសម្រាប់​រង្វាន់​កាម៉េរ៉ាមាស។ កាម៉េរ៉ា​មាស​នេះ នឹង​ត្រូវ​ផ្តល់​ទៅ​សមិទ្ធិករ​ ដឹកនាំ​រឿង​ថ្មីថ្មោង ដែល​ទើប​ផលិត និង​ដាក់​រឿង​របស់ខ្លួន សម្រាប់ការប្រកួត​ជាលើកដំបូង នៅក្នុង​មហោស្រព។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ