ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
កម្ពុជា

ស្ថានទូត​ចិន៖ ​វីដេអូ​ជនជាតិ​ចិន​គម្រាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ជា​ការ​​លេង​សើច

media ក្រុមជនជាតិចិន ដែលគម្រាមអុកឡុកខេត្តព្រះសីហនុ Video

នៅ​ទី​បំផុត​ទៅ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​មុខ​មក​បំភ្លឺ​អំពី​ករណី​ជនជាតិ​ចិន​មួយ​ក្រុម ដែល​ថត​វីដេអូ​គម្រាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅ​យប់​ថ្ងៃ​សុក្រ ទី​១៧​ឧសភា ស្ថានទូត​ចិន បាន​គូស​បញ្ជាក់​ថា ការ​ថត​វីដេអូ​ក្នុង​ខ្លឹមសារ​មិន​ល្អ ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា ពី​សំណាក់​ជនជាតិ​ចិន​មួយ​ក្រុម​នា​ពេល​កន្លង​មក ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ស្រវឹង​ស្រា​។ និង​ថា វា​ជា​ការថត​វីដេអូ​​លេង​សើច​ប៉ុណ្ណោះ​។

នៅ​ក្នុង​សំណេរ​ជា​ភាសា​ខ្មែរ​ប្រវែង​បី​កថាខណ្ឌ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា ជនជាតិ​ចិន​ដែល​ថត​វីដេអូ​គម្រាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​នោះ ធ្លាប់​បាន​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩​។ សមត្ថកិច្ច​ចិន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ជនជាតិ​ចិន​ទាំង​ជាង​១០​នាក់​ដែល​មាន​វត្តមាន​នៅ​ក្នុង​វីដេអូ​នោះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សង្គម​ងងឹត​ណាមួយ​ឡើយ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ថត​វីដេអូ​មាន​ខ្លឹមសារ​មិន​ល្អ ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា​ក៏​ដោយ។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​ស្ថានទូត​ចិន ការ​ថត​វីដេអូ​ក្នុង​ខ្លឹមសារ​មិន​ល្អរបស់​ពួក​គេ ធ្វើ​ឡើង​បន្ទាប់​ពី​​ស្រវឹង​ស្រា​ និង​ដើម្បី​ជា​ការ​​​លេង​សើច​ប៉ុណ្ណោះ​។

សូម​ជម្រាប​ជូន​ថា ការ​បំភ្លឺ​របស់​ស្ថានទូត​ចិន​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លេច​ឡើង​នូវ​វីដេអូ​ឃ្លីប​ខ្លី​មួយ​របស់​ជនជាតិ​ចិន​មួយ​ក្រុម មក​ពី​ទីក្រុង Chongqing។ នៅ​ក្នុង​ឃ្លីប​វីដេអូ​នោះ ពួក​គេ​បាន​និយាយ​ជា​ភាសា​ចិន ក្នុង​អត្ថន័យ​គម្រាម​បង្ក​ភាព​វឹកវរ ​អសន្តិសុខ ​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ។

ភ្លាម​​ៗ​ក្រោយ​ពី​បានឃើញ​វីដេអូ​នេះ សមត្ថកិច្ច​កម្ពុជា​និង​ចិន បាន​សហការ​គ្នា​ស្រាវ​ជ្រាវ​វែក​រក​មុខ​ជន​ជាតិ​ចិន​មួយ​ក្រុម​នេះ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។ ប៉ុន្តែ​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​បឋម សមត្ថកិច្ច​កម្ពុជា បាន​អះអាង​ថា ជនជាតិ​ចិន​មួយ​ក្រុម​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទេ​។ ពី​ភាគី​ចិន​វិញ ស្ថានទូត​ចិន​មិន​បាន​បញ្ជាក់​អំពីការ​ចាប់​ខ្លួន​ឬ​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​ជនជាតិ​ចិន​មួយ​ក្រុម​នេះ​ឡើយ​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​​នៅ​ថ្ងៃ​ទី​១៧​ឧសភា​ ស្ថានទូត​ចិន​គ្រាន់​តែ​សង្កត់​ធ្ងន់​ថា ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន​និង​កម្ពុជា ហើយ​ភាគី​ទាំង​ពីរ​​នឹង​ចាត់​វិធានាការ​ជាក់​ស្ដែង ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការផ្នែក​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់ ដែល​នឹង​នាំ​មក​នូវ​ភាព​សុខដុមរមនា និង​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាជន​ប្រទេសទាំង​ពីរ​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ