ឈឺចង្កេះចាក់ចុះទៅភ្លៅ ទៅដល់ជើងឬម្រាមជើង ការឈឺបែបនេះអាចជាអាការៈ ស្យ៉ាទិក ដែលជាទូទៅ ច្រើនបង្កឡើងដោយហេតុតែសរសៃស្យ៉ាទិក ត្រូវគាប។ តើស្យាទិកជាអ្វី ? មានរោគសញ្ញា និងការព្យាបាលយ៉ាងណា ? តើត្រូវធ្វើដូចម្តេចទើបអាចកាត់បន្ថយការឈឺចាប់ និងការពារមិនឱ្យជួបករណីស្យាទិកនេះបាន ?
អន្តរាគមន៍របស់លោក វេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា គ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ
ស្យ៉ាទិក ជាសរសៃដ៏ធំជាងគេបង្អស់នៃសរីរាង្គកាយមនុស្ស (សរសៃពួរ) ដែលស្ថិតនៅផ្នែកខាងក្រោយនៃជើងទាំងពីររបស់មនុស្សយើងម្ខាងមួយ និង តភ្ជាប់ពីឆ្អឹងខ្នង ត្រង់តំបន់ចង្កេះ/ត្រគៀក និងផាល ចុះដល់អវៈអវៈក្រោម។ និយាយឱ្យចំគឺ សរសៃស្យ៉ាទិក មានឬស៥ ដុះចេញពីខួរឆ្អឹងកងខ្នង។ នៅក្នុងចំណោមនោះ ឬសធំនិងសំខាន់ពីរ មួយដុះចេញពីចន្លោះឆ្អឹងកងទីបួននិងទី៥ (L4-L5)នៃក្រុមឆ្អឹងកងចង្កេះដែលមានសរុបចំនួន៥កង និងមួយទៀតដុះពីចន្លោះឆ្អឹងកងចង្កេះទី៥និងឆ្អឹងកងទីមួយនៃក្រុមឆ្អឹងផាល (L5-S1)។
ឈឺចង្កេះ ឈឺខ្លាំង ឈឺញយ ឈឺចាក់ទៅក្នុងកំប៉េះគូថ ឬឈឺសួរចាក់ទៅភ្លៅ ចាក់ទៅដល់ម្រាមជើង ... អាការៈបែបនេះ គេហៅថាស្យ៉ាងទិក។
រោគសញ្ញាស្យ៉ាទិក ៖
- អាការៈឈឺចង្កេះចុះទៅអវៈយវៈក្រោមមានសណ្ឋាន ប្រែប្រួលខុសគ្នាតិចតួច ទៅតាមការប៉ះពាល់របស់ឬសសរសៃ។
- បើគាបឬសសរសៃស្យ៉ាទិកនៅត្រង់ឆ្អឹងកងផាល (L5-S1) នោះអ្នកជំងឺនឹងមានអាការៈឈឺចង្កេះចាក់ចុះទៅភ្លៅ និងកំភួនជើងផ្នែកខាងក្រៅ ទៅដល់កែងជើង បាតជើង និងម្រាមជើង បីចុងក្រោយគេ
- បើគាបឬសនៅត្រង់ឆ្អឹងកង (L4-L៥) នោះអ្នកជំងឺមានអារម្មណ៍ឈឺចង្កេះចុះទៅភ្លៅ ផ្នែកខាងក្នុង ទៅកំភួនជើង និងលើខ្នងជើង រហូតដល់មេជើង ។
- ជាការឈឺខ្លាំង ឈឺមែនទែន នៅពេលប្រើកម្លាំងប្រឹងលើអ្វីមួយ
- ឈឺខ្លាំង ឈឺថែម នៅពេលអង្គុយ ក្អក កណ្តាស
- ស្ពឹកស្រពន់ និងមានអារម្មណ៍ដូចស្រមោលវាលើ នៅជើង និងប្រអប់ជើង
- សាច់ដុំជើងចុះខ្សោយ ដូចជាបាត់លំនឹងពេលឈរ
- មានអារម្មណ៍ធូរស្បើយពេលបានសណ្តូកជើង ឬទម្រេតខ្លួន
អាការៈសញ្ញាទាំងអស់នេះ ស្តែងចេញឡើងដោយជើងមានសភាពធម្មតា (គ្មានស្នាម គ្មានហើម គ្មានប្រែព៌ណសម្បុរ)។
- ករណីធ្ងន់ធ្ងរខ្លាំង ៖ ជើងបាត់បង់សមត្ថភាពធ្វើចលនា។ កាន់តែធ្ងន់ធ្ងរ ស្យ៉ាទិកអាច ធ្វើឱ្យមានបញ្ហា រាកនោម-ទល់នោម-ទល់លាមក។
មូលហេតុស្យ៉ាទិក
ស្យ៉ាទិកមិនមែនជាជំងឺទេ តែជាអាការៈសញ្ញាបញ្ជាក់ថា សរសៃស្យ៉ាទិក រលាក ឬមានបញ្ហា។ ជាទូទៅ និងក្នុងករណីភាគច្រើន អាការៈស្យាទិកស្តែងឡើង ដោយសារតែទ្រនាប់ឆ្អឹង គៀបកិន ឬសណាមួយ ក្នុងចំណោមឬសទាំង៥នៃសរសៃស្យ៉ាទិក ព្រោះឆ្អឹងខ្នងមានភាពទ្រុឌទ្រោម ចាស់រិចរិល ឬដោយគ្រោះថ្នាក់បុកប៉ះទង្គិច ឬដោយហេតុឥរិយាបថប្រចាំថ្ងៃមិនត្រឹមត្រូវ។
ស្យាទិក ចាប់មានកើតជាញឹកញយ នៅពេលមនុស្សចាប់ចូលដល់វ័យអាយុ៣០ឆ្នាំឡើងទៅ ប៉ុន្តែស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺពុកឆ្អឹង អ្នកចូលចិត្តភាពស្រណុកស្រួល មិនសូវធ្វើបញ្ចេញសកម្មភាពនិងធ្វើចលនា អង្គុយយូររាប់ម៉ោងជាប់គ្នា លើករបស់ធ្ងន់ សុទ្ធសឹងជាជនដែលមានកត្តាហានិភ័យខ្ពស់ជំរុញ ងាយរងគ្រោះជួបបញ្ហាស្យ៉ាទិកណាស់។
ការព្យាបាល
- ការប្រើថ្នាំ ការ
- វឹកហាត់ដោយចលនា
- និងការវះកាត់។ ប៉ុន្តែជម្រើសព្យាបាលដោយការវះកាត់ ធ្វើឡើងបានដរាបណាតែអ្នកជំងឺបានសាកល្បងគ្រប់វិធីហើយ នៅតែពុំបានធូរស្បើយ។
វិធីការពារ
ចេះប្រុងប្រយ័ត្នចំពោះឥរិយាបថរស់នៅប្រចាំថ្ងៃ
- រក្សាដងខ្លួនឱ្យត្រង់
- ធ្វើលំហាត់ប្រាណនិងចលនាជាប្រចាំ ដើម្បីឱ្យដងខ្លួននិងពោះមានភាពទន់ភ្លន់ងាយបត់បែន
- កុំអោនឈោងលើរបស់ធ្ងន់ តែត្រូវបន្ទន់ជង្គង់រួចសឹមលើកឡើង...
- ដើម្បីឱ្យការព្យាបាលស្យ៉ាទិក កាន់តែមានប្រសិទ្ធភាពនិងឆាប់ជា សូមព្យាយាមធ្វើកីឡានិងចលនាប្រាត់ប្រាណបែបស្រទន់ គឺដើរ និងហែលទឹក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ