ការបោះឆ្នោតក្រុមប្រឹក្សាបិទបញ្ចប់ ដោយមានអត្រាអ្នកទៅបោះឆ្នោតចំនួន៩៩,៩៤%
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៣រសៀល នាថ្ងៃអាទិត្យ ទី២៦ឧសភានេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃថា ការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតនាថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយរលូន និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈអត្រាអ្នកចូលរួមបោះឆ្នោតមានចំនួនរហូតដល់ទៅ ៩៩,៩៤ ភាគរយ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើនៅទីស្ដីការ គជប នាល្ងាចថ្ងៃអាទិត្យនេះ លោក នុត សុខុម អនុប្រធាន គជប បានគូសបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ បានបិទបញ្ចប់ទៅដោយរលូន ពោលគឺមិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ទេ។
បើតាម លោក នុត សុខុម មានអង្គបោះឆ្នោតចំនួន ១១, ៥៦៥នាក់ បានបង្ហាញវត្តមានសម្រាប់ការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន២០៣មណ្ឌល នៅទូទាំងប្រទេស ខណៈអង្គបោះឆ្នោតចំនួន៦នាក់អវត្តមាន និងម្នាក់ទៀតជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតពេលធ្វើដំណើរទៅបោះឆ្នោត។ សម្រាប់អនុប្រធាន គជប ការចូលរួមពីអង្គបោះឆ្នោតក្នុងអត្រាច្រើនលើសលុបរហូតដល់ទៅ ៩៩,៩៤ភាគរយ ដូច្នេះ គឺជាការសរបញ្ជាក់ឲ្យឃើញពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៃការបោះឆ្នោតនាថ្ងៃអាទិត្យនេះ។
ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល។ នៅក្នុងអាណត្តិទី៣នេះ មានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមតំណែងក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៩ អាសនៈ និងតំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣, ៥៥៥អាសនៈ។
ពីក្រៅប្រទេស លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានបរិហារការបោះឆ្នោតក្រុមប្រឹក្សានេះថា ជាការបោះឆ្នោតក្លែងក្លាយលើកទី៣ ខណៈអង្គបោះឆ្នោតភាគច្រើនលើសលុបបំផុត គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ សម្រាប់លោក សម រង្ស៊ី ការបោះឆ្នោតនេះ នឹងធ្វើឲ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលបានកៅអី ១០០ ភាគរយ នៅគ្រប់ស្ថាប័នរដ្ឋ ចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។
គួរជម្រាបជូនដែរថា ការប្រកាសលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ នឹងធ្វើឡើងជា៣ដំណាក់កាល៖ ក្នុងនោះលទ្ធផលបឋម ត្រូវប្រកាសនៅវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី២៦ ឧសភា។ ចំណែក លទ្ធផលបណ្ដោះអាសន្ន ត្រូវប្រកាសនៅថ្ងៃទី៣១ឧសភា និងចុងក្រោយ លទ្ធផលផ្លូវការ គជប នឹងប្រកាសនៅថ្ងៃទី០៨ មិថុនា ខាងមុខ។ លទ្ធផលបោះឆ្នោត នឹងប្រកាសតាមរយៈវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជាក៏ដូចជាបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ