ពន្លឺភ្លើង LED អាចធ្វើឱ្យឆាប់ខូចភ្នែក និងគេងមិនលក់ !
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៦
នៅក្នុងបរិបទនៃការសន្សំសំចៃថាមពល និងភាពជឿនលឿនខ្លាំង អំពូលភ្លើងបែបបូរាណ មានខ្សែរ៉េស៊ីស្តង់ អំពូលអាឡូហ្សែន បានរលប់បាត់ពីទីផ្សារទំនើបជាបណ្តើរៗ និងលែងមានដាក់លក់សោះលើទីផ្សារអឺរ៉ុប ព្រមទាំងបណ្តាប្រទេសអ្នកមាន។ ជាជំនួសមកវិញ គេឃើញតែអំពូលភ្លើង ជំនាន់ក្រោយ ទំនើប ផ្តល់ពន្លឺខ្លាំង ហើយស៊ីភ្លើងតិច រីកសុះសាយយ៉ាងពេញនិយម ដែលមានឈ្មោះថា Light-emitting diode ឬហៅខ្លីថា LED។ ប៉ុន្តែអំពូលភ្លើងជំនាន់ថ្មីនេះ ផ្តល់ពន្លឺម្យ៉ាងដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែក និងដំណេក។
ផ្តល់ពន្លឺខ្លាំង តម្លៃថោក ស៊ីភ្លើងតិច មិនក្តៅ ប្រើបានយូរ អំពូលភ្លើងឡេដ (LED) មានប្រើនៅគ្រប់ទិសទីសម្រាប់បំភ្លឺក្នុងផ្ទះ ក្រៅផ្ទះ សម្រាប់បំភ្លឺផ្លូវ ជាពិល ជាភ្លើងឡានភ្លើងម៉ូតូ ជាភ្លើងរំយោលលំអ ឬ នៅតាមបង្គោលភ្លើងបំភ្លឺក្រុង។ ពន្លឺភ្លើងឡេដ ក៏មានប្រើផងដែរ សម្រាប់បំភ្លឺអេក្រង់ ឬកញ្ចក់ទូរស័ព្ទដៃ តាប្លែត កុំព្យូទ័រ ទូរទស្សន៍ ។ល។ និង។ល។ ជិតមួយទសវត្សរ៍ចុងក្រោយមកនេះ យើងរងពន្លឺអំពូល កាន់តែខ្លាំងឡើងៗជាលំដាប់ និងក្នុងរយៈពេលកាន់តែវែងឡើងៗទៀត។
ភាពពុលនៃពន្លឺខៀវ
ដើម្បីបានពន្លឺភ្លឺសល្អ អ្នកផលិតបានប្រើបច្ចេកវិទ្យាម្យ៉ាងបូកបញ្ចូលសារធាតុអេឡិចត្រូនិកខៀវdiode លើស្រទាប់ផូស្វរលឿង។ ប៉ុន្តែប្រភេទនៃពន្លឺបែបនេះ និងដោយលក្ខណៈពិសេសនៃបច្ចេកវិទ្យាផលិតផល អំពូលឡេដអាចជះផលវិបាកដល់សុខភាពមនុស្សទៅវិញ។ អំពូលឡេដ ជះពន្លឺខ្លាំង ខ្លាំងជាងប្រភពពន្លឺដទៃ និងសម្បូររលកពន្លឺខ្លីប្រវែងតែ ពី៤០០ទៅ៤៥០ណាណូម៉ែត្រ ឬហៅថាពន្លឺពណ៌ខៀវណាស់។ គឺពន្លឺខៀវនេះឯងជាដើមហេតុនៃបញ្ហា។ មានន័យថា បើពន្លឺអំពូលភ្លឺខ្លាំងឡើងស ដូចព្រះអាទិត្យពេលថ្ងៃត្រង់ ជាងពន្លឺព្រះអាទិត្យហៀបលិច នោះសមាមាត្រនៃពន្លឺខៀវមានកាន់តែខ្ពស់ ឯគ្រោះថ្នាក់ចំពោះសុខភាពមានកាន់តែខ្ពស់។ ពន្លឺខៀវ មានថាមពលខ្លាំងជាងពន្លឺក្រហម ពន្លឺបៃតង និងមានច្រើនក្នុងអំពូលឡេដ ជាងអំពូលសម័យមុនឆ្ងាយណាស់។
ជាងនេះទៅទៀត កាំរស្មីពន្លឺខៀវ មានលក្ខណៈពិសេសជាសារធាតុពណ៌ដែលភ្នែកងាយចាប់មើលឃើញ និងងាយមានប្រតិកម្មជាមួយសារធាតុខ្លាញ់ ឬលីពីត ធ្វើឱ្យភ្នែកឆាប់ស្ងួត ដែលការនេះនឹងធ្វើភ្នែកចាប់ចុះខ្សោយ ល្អក់ មុនអាយុ។
គេបានដឹងអំពីគ្រោះថ្នាក់នៃពន្លឺពណ៌ខៀវតាំងពីយូរមកហើយ។ កាលពីឆ្នាំ២០១០ ភ្នាក់ងារជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំងក៏ធ្លាប់បានអះអាងអំពីហានិភ័យនៃពន្លឺខៀវនេះចំពោះប្រសីភ្នែកជាច្រើនដងរួចមកហើយ។ ហើយនៅពេលនេះ ទិន្នន័យវិទ្យាសាស្ត្រថ្មីបានបញ្ជាក់កាន់តែច្បាស់អំពីភាពពុលនៃពន្លឺខៀវមកលើភ្នែក។
សូមស្តាប់ប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Francine Behar Cohen ប្រធានដឹកនាំស្រាវជ្រាវនៃភ្នាក់ងារជាតិស្រាវជ្រាវវិទ្យាសាស្ត្រ ពន្យល់អំពីគ្រោះថ្នាក់នៃពន្លឺខៀវចំពោះប្រសីភ្នែក ៖
“អំពូលភ្លើងLED អាចជាគ្រោះថ្នាក់សម្រាប់សុខភាពភ្នែក គឺបណ្តាលមកពីអំពូលប្រភេទនេះមានបន្សំពន្លឺពណ៌ខៀវច្រើនពេក។ គ្រោះថ្នាក់អាចនឹងប៉ះពាល់លើផ្ទៃនៃភ្នែក ដោយបង្កឱ្យមានការរំខានក្នុងភ្នែក ឬភ្នែកឡើងស្ងួត ជាដើម។ល។ គ្រោះថ្នាក់បែបនេះ ត្រូវបានក្រុមគ្រូពេទ្យឯកទេសភ្នែក សម្គាល់ឃើញមានកាន់តែច្រើនឡើងៗ។ ប៉ុន្តែឥទ្ធិពលកាន់តែអាក្រក់ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរខ្លាំងរបស់ពន្លឺខៀវ ដែលបញ្ជាក់បានយ៉ាងច្បាស់តាមបែបវិទ្យាសាស្ត្រ គឺ ឥទ្ធិពលនៃពន្លឺទៅលើប្រសីភ្នែក ដោយអាចធ្វើឱ្យយើងបាត់បត់សមត្ថភាពមើល ពន្លឿនភាពចាស់ជរានៃប្រសីភ្នែក ពោលគឺភ្នែកឆាប់ចាស់មើលលែងសូវច្បាស់ ដែលពីមុនជាជំងឺរបស់មនុស្សចាស់ ទាក់ទងទៅនឹងអាយុ។”
តាំងពី ឆ្នាំ២០១០មក ដើម្បីការពារសុខភាពភ្នែក អឺរ៉ុបបានកំណត់បទដ្ឋានសុវត្ថិភាព ដែលអំពូលភ្លើងLED ត្រូវគោរព ប៉ុន្តែអំពូលភ្លើងខ្លះ ដូចជាអំពូលរំយោលលំអ អំពូលក្នុងរបស់ក្មេងលេង ឬអំពូលភ្លើងហ្វាឡាន គេចមិនគោរពតាមបទដ្ឋានរបស់អាជ្ញាធរទេ។ គឺក្រុមពពួលអំពូលភ្លើងខុសបទដ្ឋាននេះហើយដែលភ្នាក់ងារជាតិផ្នែកសុវត្ថិភាពអាហារ បរិស្ថាននិងការងារ ចង្អុលមុខនិងធ្វើការបន្ទោសនៅពេលនេះ តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃ១៤ឧសភា ២០១៩។ ភ្នាក់ងារបានទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការត្រួតពិនិត្យ និងសើរើកំរិតបទដ្ឋានសុវត្ថិភាពអំពូលឡេដឡើងវិញ។ ក្រុមអ្នកស្រាវជ្រាវ បាននិងកំពុងសិក្សាស៊ីជម្រៅឃើញអំពីកំរិតគ្រោះថ្នាក់នៃពន្លឺខៀវរបស់អំពូលឡេដហើយ។ អ្នកស្រី នាយកផ្នែកស្រាវជ្រាវ Alicia Torriglia ៖
“កម្មវត្ថុនៃការស្រាវជ្រាវរបស់យើង គឺវាយតម្លៃកំរិតទាបបំផុតនៃជាតិពុលដោយបើវិធីសាស្ត្រទំនើប។ នៅក្នុងការដកពិសោធន៍ យើងយកសត្វកណ្តុរឱ្យប្រឈមនឹងពន្លឺនៃអំពូលឡេដ បន្ទាប់មកយើងចាប់ផ្តើមធ្វើការសិក្សាមើលប្រសីភ្នែករបស់សត្វកណ្តុរនោះដោយប្រើបច្ចេកវិទ្យាដែលយើងអាចមើលឃើញកោសិកាងាប់។ កោសិកាទាំងអស់នេះ ងាប់ ដោយសារតែបានប្រឈមនឹងពន្លឺខៀវ ក្នុងកំរិតដ៏ទាបបំផុត។ ទាបជាង៥០ដង ក្រោមពន្លឺដែលគេរាប់ថាចាប់មានឥទ្ធិពលរំខានដល់ភ្នែកផង។ ប៉ុន្តែទោះត្រឹមកំរិតពន្លឺដ៏ទាបបែបនេះក្តី ក៏ពន្លឺខៀវនៃអំពូល ឡេដ មានកម្លាំងគ្រប់គ្រាន់បំពុលភ្នែកសត្វកណ្តុរ ដោយបានធ្វើឱ្យកោសិកាប្រសីភ្នែករបស់កណ្តុរងាប់បាន។”
អំពូលឡេដនិងដំណេក
ភាពពុលនៃពន្លឺខៀវ ឬការប្រឈមនឹងពន្លឺអំពូលឡេដ មានសក្តានុពលបំផ្លាញភ្នែករបស់មនុស្សយើងខ្ពស់ណាស់ តែកុមារនិងក្មេងជំទង់ ជាជនរងគ្រោះខ្លាំងជាងគេ ដោយអាចរងភាពពុលនឹងពន្លឺក្នុងកំរិតនិងទំហំធំទៀត។ មូលហេតុមកពីនៅវ័យនេះ ស្រទាប់គ្រីស្តាលីនដែលជាអ្នកការពារប្រសីភ្នែក នៅភ្លឺថ្លាល្អណាស់ និងទាន់អាចចម្រោះញែកពន្លឺខៀវបានពេញលេញដូចភ្នែកមនុស្សចាស់ទេ។ លក្ខណៈពិសេសនៃភ្នែកក្មេងនេះ បាននឹងធ្វើឱ្យសរីរាង្គកាយក្មេងងាយរងឥទ្ធិពលអាក្រក់មួយទៀតពីពន្លឺខៀវ គឺបំរែបម្រួលចង្វាក់ដំណេក។ ប្រឈមនឹងពន្លឺខៀវ ពេលល្ងាច ពេលយប់ ទោះក្នុងកំរិតទាបយ៉ាងបំផុតក៏ដោយ ក៏នឹងទៅរំខានចង្វាក់ដំណេក ពោលគឺធ្វើឱ្យមានបញ្ហាគេងមិនលក់។
យើងស្តាប់ការពន្យល់របស់អ្នកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Sylvie Poyant Parola គ្រូពេទ្យ ចិត្តសាស្ត្រជំនាញផ្នែកដំណេក ៖
“ពន្លឺមានសកម្មភាពខ្លាំងណាស់លើចង្វាក់របស់សរីរាង្គមនុស្សយើង។ គឺពន្លឺនេះហើយដែលជាអ្នកអនុញ្ញាតឱ្យយើងគណនាដឹងពីពន្លឺព្រះអាទិត្យបាន។ នេះគឺដោយសារសកម្មភាពរបស់អ័រមូនយើងម្យ៉ាងដែលគេហៅថា អ័រមូន មេឡានីន។ អ័រមូននេះជាអ្នកចាត់ចែង ប្រៀបដូចជានាឡិកា ដាស់ប្រាប់យើងថាដល់ពេលងងុយត្រូវចូលគេង។ នៅពេលថ្ងៃ នៅពេលពន្លឺព្រះអាទិត្យចាំចូលភ្នែក ប៉ះដល់ប្រសី ប្រព័ន្ធសរសៃភ្នែក បានបញ្ជូនសញ្ញាទៅខួរក្បាលភ្លាម ខួរក្បាលក៏ឈប់បញ្ចេញអ័រមូនមេឡាតូនីន។ នៅពេលយប់ នៅពេលយើងមើលអេក្រង់ មិនថាជាអេក្រង់ទូរទស្សន៍ ទូរស័ព្ទ តាប្លែតទេ ពន្លឺរបស់អេក្រង់ ជាពិសេសពន្លឺខៀវ នឹងជះឥទ្ធិពល ដោយផ្ទាល់ ទៅលើការបញ្ចេញអ័រមូនមេឡាតូនីន។ បើការបញ្ចេញអ័រមូនមេឡាតូនីន ត្រូវបញ្ឈប់ នោះភាពងងុយគេងក៏ត្រូវបង្អូសពេលហើយ។ ឥទ្ធិពលទីពីរ គឺពន្លឺខៀវនឹងធ្វើឱ្យខួរក្បាលយើងនៅសកម្មរហូត និងស្ថិតក្នុងសភាពនៅរង់ចាំតាមដានមើលអ្វីមួយ។ ដូច្នេះវានឹងធ្វើឱ្យយើងពិបាកគេងលក់ផង ហើយបើលក់ទៅ ក៏ឆាប់ឬងាយភ្ញាក់កណ្តាលយប់ទៀត។”
ភ្នាក់ងារជាតិផ្នែកសុវត្ថិភាពអាហារ បរិស្ថាននិងការងារបារាំង បានរំលឹកថា អេក្រង់ ៖ អេក្រង់កុំព្យូទ័រ អេក្រង់ទូរស័ព្ទដៃ ស្មានហ្វូន សុទ្ធជាប្រភពបញ្ចេញពន្លឺខៀវ ដ៏សំខាន់និងយ៉ាងច្រើនទាំងអស់។ ជាងនេះទៅទៀត ការស្រាវជ្រាវថ្មី បានបង្ហាញឱ្យឃើញថា បន្ថែមទៀតថា បើអំពូលភ្លើងឡេដ មានសមមាត្រពន្លឺខៀវខ្ពស់ ការជះពន្លឺក៏ភ្លឺ ក្មេងនិងកុមារកាន់តែងាយរងគ្រោះ ក្មេងកាន់តែងាយមានអារម្មណ៍ទទួលរងឥទ្ធិពលពន្លឺ ដោយស្តែងជាអាការៈមួយចំនួនដូចជា ឈឺក្បាល និង ហត់ភ្នែក ជាដើម។
វិធីចៀសវាងការប្រឈមនឹងពន្លឺខៀវ
ដើម្បីការពារប្រជាពលរដ្ឋទូទៅ កុំឱ្យរស់ប្រឈមនឹងពន្លឺឡេដក្នុងជីវភាពប្រចាំថ្ងៃហួសកំរិតសុវត្ថិភាព ភ្នាក់ងារបារាំងចេញអនុសាសន៍ឱ្យអាជ្ញាធរចេញវិធានការច្បាប់ថ្មី ឱ្យគ្រប់វត្ថុមានប្រព័ន្ធអំពូលឡេដ ត្រូវគោរពបទដ្ឋានសុខភាព និងជាពិសេសភ្នាក់ងារបានចេញសេចក្តីណែនាំដល់សាធារណជនទូទៅ ដូចខាងក្រោម ៖
- ការពារបរិស្ថានដោយ កាត់បន្ថយ ឬបញ្ចុះ ឱ្យដល់កំរិតតាមដែលអាចធ្វើទៅបាន ការប្រើពន្លឺពុល
- ជ្រើសរើសការប្រើអំពូលបំភ្លឺ ប្រភេទពន្លឺក្តៅ ពោលគឺអំពូលពណ៌ដែលមានកំរិតកម្តៅក្រោម៣០០០K។ សូមជ្រើសរើសប្រើអំពូលឡេដ ដែលផ្តល់ពន្លឺមិនខុសពីអំពីបែបបូរណា និងដែលដែលមានកំរិតជាតិពន្លឺពុលតិច
- កញ្ចក់វែនតាដែលជួយការពារពន្លឺ ឬកញ្ចក់ការពារពន្លឺអេក្រង់កុំព្យូទ័រ មានប្រសិទ្ធភាព ប្រែប្រួលខ្លាំង មិនដូចគ្នាទេ ក្នុងការការពារប្រសីភ្នែក។ សូមកុំទុកចិត្តលើសម្ភារៈនេះខ្លាំងពេក ! ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្រពុំទាន់រកឃើញនិងពុំទាន់បញ្ជាក់បានអំពីប្រសិទ្ធភាពនៃកញ្ចក់ការពារពន្លឺខៀវនេះថាអាចការពារមិនឱ្យប៉ះពាល់ដល់ចង្វាក់ដំណេកបាននៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ