អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​បរិបទ​នៃ​ការ​សន្សំ​សំចៃ​ថាមពល និង​ភាព​ជឿន​លឿន​ខ្លាំង អំពូល​ភ្លើង​បែប​បូរាណ មាន​ខ្សែ​រ៉េស៊ីស្តង់ អំពូល​អាឡូហ្សែន បាន​រលប់​បាត់​ពី​ទីផ្សារ​ទំនើប​ជា​បណ្តើរៗ និងលែង​មានដាក់​លក់​សោះ​លើ​ទីផ្សារ​អឺរ៉ុប​ ព្រម​ទាំង​បណ្តា​ប្រទេស​អ្នក​មាន។ ជា​ជំនួស​មក​វិញ គេ​ឃើញ​តែ​អំពូល​ភ្លើង ជំនាន់​ក្រោយ​ ​ទំនើប ផ្តល់​ពន្លឺ​ខ្លាំង ហើយ​​ស៊ី​ភ្លើង​តិច រីកសុះ​សាយយ៉ាង​ពេញ​និយម ដែល​​មាន​ឈ្មោះ​ថា Light-emitting diode ​ឬ​ហៅ​ខ្លី​ថា LED។ ប៉ុន្តែ​អំពូល​​ភ្លើង​ជំនាន់ថ្មី​​នេះ ផ្តល់​ពន្លឺ​ម្យ៉ាង​ដែល​អាច​បង្កគ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​ភ្នែក និង​ដំណេក។

ពន្លឺ​ខៀវ នៃ​អំពូល​LED អាច​ជា​គ្រោះ​ថ្នាក់​ចំពោះ​ភ្នែក​ និង​ចង្វាក់​ដំណេក
ពន្លឺ​ខៀវ នៃ​អំពូល​LED អាច​ជា​គ្រោះ​ថ្នាក់​ចំពោះ​ភ្នែក​ និង​ចង្វាក់​ដំណេក ©AFP
ផ្សាយពាណិជ្ជកម្ម

ផ្តល់​ពន្លឺ​ខ្លាំង តម្លៃ​ថោក ស៊ី​​ភ្លើងតិច​ មិន​ក្តៅ ប្រើ​បាន​យូរ អំពូល​ភ្លើង​ឡេដ (LED) មានប្រើ​នៅ​គ្រប់​ទិសទី​​សម្រាប់​បំភ្លឺ​​ក្នុង​ផ្ទះ ក្រៅផ្ទះ សម្រាប់​បំភ្លឺ​ផ្លូវ ជា​ពិល​ ​ជា​ភ្លើង​ឡានភ្លើង​ម៉ូតូ ជា​ភ្លើង​រំយោល​លំអ ឬ​ ​នៅ​តាម​ប​ង្គោល​ភ្លើងបំភ្លឺ​ក្រុង។ ពន្លឺ​ភ្លើង​ឡេដ ក៏​មាន​ប្រើផង​ដែរ សម្រាប់​បំភ្លឺ​​អេក្រង់ ឬ​កញ្ចក់​​ទូរស័ព្ទ​ដៃ តាប្លែត កុំ​ព្យូទ័រ ទូរទស្សន៍ ។ល។ និង​។ល។ ជិត​មួយ​ទសវត្សរ៍​ចុងក្រោយមក​នេះ យើង​រង​​ពន្លឺ​អំពូល កាន់​តែ​ខ្លាំង​​ឡើងៗ​ជា​លំដាប់ និង​ក្នុង​រយៈ​ពេល​កាន់​តែ​វែងឡើងៗទៀត។

ភាព​ពុល​នៃ​​ពន្លឺ​​​ខៀវ

ដើម្បី​បាន​ពន្លឺ​ភ្លឺ​ស​ល្អ អ្នកផលិត​បាន​ប្រើ​បច្ចេកវិទ្យា​ម្យ៉ាង​បូក​បញ្ចូលសារធាតុ​អេឡិចត្រូនិកខៀវ​diode លើ​ស្រទាប់​ផូស្វរ​លឿង។ ប៉ុន្តែ​​ប្រភេទ​នៃ​ពន្លឺបែប​នេះ និង​ដោយ​​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ផលិតផល ​អំពូលឡេដ​អាច​ជះ​ផលវិបាក​ដល់​សុខភាព​មនុស្ស​ទៅ​វិញ។ អំពូល​ឡេដ ជះ​ពន្លឺខ្លាំង ខ្លាំង​ជាង​ប្រភព​ពន្លឺ​ដទៃ និង​សម្បូរ​​​រលក​ពន្លឺខ្លី​ប្រវែងតែ ពី​៤០០​ទៅ​៤៥០​ណាណូម៉ែត្រ​​ ឬ​ហៅ​ថា​ពន្លឺ​​ពណ៌​ខៀវណាស់។ ​គឺ​ពន្លឺ​ខៀវ​នេះ​ឯង​ជា​ដើម​ហេតុ​នៃ​បញ្ហា។ មាន​ន័យ​ថា បើ​ពន្លឺអំពូល​ភ្លឺ​ខ្លាំង​ឡើង​ស ដូច​ព្រះអាទិត្យ​ពេល​ថ្ងៃ​ត្រង់ ជាង​ពន្លឺ​ព្រះអាទិត្យ​ហៀប​លិច នោះ​សមាមាត្រ​នៃពន្លឺ​ខៀវ​មាន​កាន់តែ​ខ្ពស់ ឯគ្រោះ​ថ្នាក់​ចំពោះ​សុខភាព​មាន​កាន់​តែ​ខ្ពស់។ ​ពន្លឺ​ខៀវ មាន​ថាមពល​ខ្លាំង​ជាង​​ពន្លឺ​ក្រហម ពន្លឺ​បៃតង និងមាន​ច្រើន​ក្នុង​​អំពូល​ឡេដ ជាង​អំពូល​សម័យ​មុន​ឆ្ងាយណាស់។

ជាង​នេះ​ទៅ​ទៀត កាំ​រស្មី​ពន្លឺ​ខៀវ មាន​លក្ខណៈ​ពិសេស​ជា​សារធាតុ​ពណ៌​ដែល​ភ្នែក​ងាយ​ចាប់​មើល​ឃើញ​ និង​​ងាយ​​មាន​ប្រតិកម្ម​ជាមួយសារធាតុ​ខ្លាញ់​ ឬ​លីពីត​ ធ្វើ​ឱ្យ​ភ្នែក​ឆាប់​ស្ងួត ដែលការ​នេះ​នឹង​ធ្វើ​​ភ្នែក​ចាប់​ចុះ​ខ្សោយ​ ល្អក់​ មុន​អាយុ។

គេ​បាន​ដឹង​អំពីគ្រោះថ្នាក់​នៃ​ពន្លឺ​ពណ៌​ខៀវ​តាំង​ពី​យូរ​មក​ហើយ។ ​កាលពី​ឆ្នាំ​២០១០ ភ្នាក់ងារជាតិ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បារាំងក៏​ធ្លាប់​បាន​អះអាង​អំពី​ហានិភ័យ​នៃ​ពន្លឺ​ខៀវ​នេះ​ចំពោះ​ប្រសី​ភ្នែក​ជា​ច្រើន​ដងរួច​មក​ហើយ។ ហើយ​នៅ​ពេល​នេះ ទិន្នន័យ​វិទ្យាសាស្ត្រថ្មី​បាន​បញ្ជាក់​កាន់​តែច្បាស់​​អំពី​ភាព​ពុល​នៃ​ពន្លឺ​ខៀវ​មក​លើ​ភ្នែក​។

សូម​ស្តាប់​ប្រសាសន៍​របស់លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Francine Behar Cohen ប្រធាន​ដឹកនាំ​ស្រាវជ្រាវនៃ​ភ្នាក់ងារជាតិស្រាវជ្រាវ​វិទ្យាសាស្ត្រ ​ពន្យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ពន្លឺ​ខៀវ​ចំពោះ​ប្រសី​ភ្នែក ៖

“​​​អំពូល​ភ្លើងLED ​អាច​ជា​​គ្រោះ​ថ្នាក់​សម្រាប់​​សុខភាព​ភ្នែក គឺ​បណ្តាល​មក​ពី​អំពូលប្រភេទ​​​នេះ​មាន​​​បន្សំ​ពន្លឺ​ពណ៌​ខៀវច្រើន​ពេក។ គ្រោះ​ថ្នាក់​​​អាចនឹង​ប៉ះពាល់​លើ​​ផ្ទៃ​នៃ​ភ្នែក​ ដោយ​បង្ក​ឱ្យ​មាន​ការ​រំខាន​ក្នុង​ភ្នែក ឬភ្នែក​ឡើង​ស្ងួត ជា​ដើម​។ល។ គ្រោះថ្នាក់​បែប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឯកទេស​ភ្នែក សម្គាល់​ឃើញ​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ប៉ុន្តែ​​​ឥទ្ធិពល​កាន់​តែអាក្រក់ និង​គ្រោះ​ថ្នាក់កាន់​តែ​​ធ្ងន់ធ្ងរ​ខ្លាំងរបស់​ពន្លឺ​ខៀវ​ ដែល​បញ្ជាក់បាន​យ៉ាង​ច្បាស់​​​តាម​បែប​វិទ្យាសាស្ត្រ​ គឺ​ ឥទ្ធិពលនៃ​ពន្លឺ​ទៅ​លើ​​ប្រសី​ភ្នែក ដោយ​អាច​ធ្វើ​ឱ្យ​យើង​បាត់​បត់​សមត្ថភាព​មើល​ ពន្លឿន​ភាព​ចាស់​ជរា​នៃ​ប្រសីភ្នែក ពោល​គឺ​ភ្នែក​ឆាប់​ចាស់​មើល​លែងសូវ​ច្បាស់ ដែល​ពី​មុន​ជា​ជំងឺ​របស់​មនុស្ស​ចាស់ ទាក់ទងទៅ​​នឹង​អាយុ។

តាំង​ពី ឆ្នាំ​២០១០​មក ដើម្បីការពារ​សុខភាព​ភ្នែក អឺរ៉ុប​បាន​កំណត់​បទ​ដ្ឋាន​សុវត្ថិភាព ដែល​អំពូល​ភ្លើង​​​LED ត្រូវ​​​គោរព​ ប៉ុន្តែ​អំពូល​ភ្លើង​ខ្លះ​ ដូច​ជា​អំពូល​រំយោល​លំអ អំពូល​ក្នុង​របស់​ក្មេង​លេង ឬអំពូល​ភ្លើង​ហ្វាឡាន គេច​មិន​គោរព​តាម​បទ​ដ្ឋាន​របស់​អាជ្ញាធរ​ទេ។ គឺ​ក្រុម​ពពួល​អំពូល​ភ្លើង​ខុស​បទ​ដ្ឋាន​នេះ​ហើយ​ដែល​ភ្នាក់ងារជាតិ​ផ្នែក​សុវត្ថិភាព​​អាហារ​ បរិស្ថាន​និង​ការងារ ​​ចង្អុល​មុខ​និង​ធ្វើ​ការ​បន្ទោស​នៅ​ពេល​នេះ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​១៤​ឧសភា ២០១៩​។ ភ្នាក់ងារ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពង្រឹង​ការ​ត្រួតពិនិត្យ និង​សើរើ​កំរិត​បទដ្ឋាន​សុវត្ថិភាព​អំពូល​ឡេដ​ឡើង​វិញ។ ​ក្រុម​អ្នក​ស្រាវជ្រាវ បាននិង​កំពុង​​​សិក្សាស៊ីជម្រៅ​​ឃើញ​អំពី​កំរិត​​គ្រោះ​ថ្នាក់​នៃពន្លឺ​ខៀវ​របស់​អំពូល​ឡេដ​ហើយ។ អ្នក​ស្រី នាយក​ផ្នែក​ស្រាវជ្រាវ Alicia Torriglia ៖

“កម្មវត្ថុ​នៃ​ការ​ស្រាវជ្រាវ​របស់​យើង គឺ​វាយ​តម្លៃ​កំរិត​ទាប​បំផុត​នៃ​ជាតិ​ពុល​ដោយ​បើ​វិធី​សាស្ត្រ​ទំនើប។ នៅ​ក្នុង​ការ​ដក​ពិសោធន៍ យើង​យក​សត្វ​កណ្តុរ​ឱ្យ​ប្រឈម​នឹង​ពន្លឺ​នៃ​អំពូល​ឡេដ បន្ទាប់​មក​យើង​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​មើល​ប្រសី​ភ្នែក​របស់​សត្វ​កណ្តុរ​នោះដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​យើង​អាច​មើល​ឃើញ​កោសិកា​ងាប់។ ​កោសិកាទាំង​អស់​នេះ ងាប់ ដោយ​សារ​តែ​បាន​ប្រឈម​នឹង​ពន្លឺ​ខៀវ​ ក្នុង​កំរិត​ដ៏​ទាប​បំផុត។​ ទាប​ជាង៥០​ដង​ ក្រោម​​ពន្លឺ​ដែល​គេ​រាប់​ថា​ចាប់​មាន​ឥទ្ធិពល​រំខាន​ដល់​ភ្នែក​ផង។ ប៉ុន្តែ​ទោះ​ត្រឹម​កំរិត​ពន្លឺ​ដ៏​ទាបបែប​នេះ​ក្តី​ ក៏​ពន្លឺខៀវ​នៃ​អំពូល​ ឡេដ មាន​កម្លាំង​​គ្រប់គ្រាន់បំពុលភ្នែក​សត្វ​​កណ្តុរ​ ដោយ​បាន​​ធ្វើ​ឱ្យ​កោសិកា​ប្រសីភ្នែក​របស់​កណ្តុរ​ងាប់​បាន​។”

អំពូល​ឡេដ​និង​ដំណេក

ភាព​ពុល​នៃ​ពន្លឺ​ខៀវ​ ឬការ​ប្រឈម​នឹង​ពន្លឺ​អំពូល​ឡេដ មាន​សក្តានុពល​បំផ្លាញ​ភ្នែក​របស់​មនុស្ស​យើង​ខ្ពស់ណាស់ តែកុមារ​និង​ក្មេង​ជំទង់ ជា​ជន​រងគ្រោះ​ខ្លាំង​ជាង​គេ ដោយអាច​រង​ភាព​ពុល​នឹង​ពន្លឺ​ក្នុង​កំរិត​និង​​ទំហំធំ​ទៀត។ មូលហេតុ​មក​ពី​នៅ​វ័យ​នេះ ស្រទាប់​គ្រីស្តាលីនដែល​ជា​អ្នក​ការពារ​ប្រសី​​ភ្នែក នៅ​ភ្លឺ​ថ្លា​ល្អ​ណាស់ និង​ទាន់​អាច​ចម្រោះញែក​​ពន្លឺ​ខៀវ​បានពេញ​លេញ​ដូច​ភ្នែក​មនុស្ស​ចាស់​ទេ​។ ​​លក្ខណៈ​ពិសេសនៃ​ភ្នែក​ក្មេង​​នេះ បាន​នឹង​ធ្វើ​ឱ្យ​សរីរាង្គកាយ​ក្មេង​ងាយ​​រង​​ឥទ្ធិពល​អាក្រក់​មួយ​ទៀត​ពី​ពន្លឺ​ខៀវ​ គឺ​បំរែបម្រួល​ចង្វាក់​ដំណេក។ ប្រឈម​នឹង​ពន្លឺ​ខៀវ ពេល​ល្ងាច​ ពេល​យប់ ទោះ​ក្នុង​កំរិត​ទាប​យ៉ាង​បំផុត​ក៏​ដោយ ក៏​នឹងទៅ​រំខាន​​​ចង្វាក់​ដំណេក​ ពោល​គឺ​ធ្វើ​ឱ្យ​មាន​បញ្ហា​គេង​មិន​លក់​។

យើង​ស្តាប់​ការ​ពន្យល់​របស់​អ្នក​ស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Sylvie Poyant Parola គ្រូពេទ្យ​ ​ចិត្ត​សាស្ត្រ​​ជំនាញផ្នែក​ដំណេក ៖

ពន្លឺ​មាន​សកម្មភាព​ខ្លាំង​ណាស់​លើ​ចង្វាក់របស់សរីរាង្គ​​មនុស្ស​យើង។ គឺពន្លឺ​នេះ​ហើយ​ដែល​ជា​អ្នក​អនុញ្ញាត​ឱ្យ​យើងគណនា​ដឹង​​ពី​​ពន្លឺ​ព្រះ​អាទិត្យ​បាន។ នេះ​គឺ​ដោយ​សារ​សកម្មភាព​របស់​អ័រមូន​យើង​ម្យ៉ាង​ដែល​គេ​ហៅ​ថា អ័រមូន មេឡានីន។ អ័រមូន​នេះជា​អ្នក​ចាត់​ចែង ​ប្រៀប​ដូច​ជា​នាឡិកា ដាស់​ប្រាប់​យើង​ថាដល់​ពេល​ងងុយ​ត្រូវ​ចូល​គេង។ នៅ​ពេល​ថ្ងៃ​ នៅពេល​ពន្លឺ​ព្រះ​អាទិត្យ​ចាំ​ចូល​ភ្នែក ប៉ះ​ដល់​ប្រសី​ ប្រព័ន្ធ​សរសៃ​ភ្នែក បាន​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល​ភ្លាម ខួរក្បាល​ក៏​ឈប់​បញ្ចេញ​អ័រមូន​មេឡាតូនីន។ នៅ​ពេល​យប់ នៅពេល​យើង​មើល​​អេក្រង់ មិន​ថា​ជា​អេក្រង់​ទូរទស្សន៍ ទូរស័ព្ទ​ តាប្លែតទេ ពន្លឺ​របស់​អេក្រង់ ជាពិសេស​ពន្លឺ​ខៀវ នឹង​ជះ​​​​ឥទ្ធិពល ដោយ​​​ផ្ទាល់ ​ទៅ​លើការ​បញ្ចេញ​អ័រមូន​មេឡាតូនីន។ បើ​​ការ​បញ្ចេញ​អ័រមូន​មេឡាតូនីន ត្រូវ​បញ្ឈប់​ នោះ​ភាព​​​ងងុយ​គេងក៏​ត្រូវ​បង្អូស​ពេល​​ហើយ។ ឥទ្ធិពល​ទីពីរ គឺពន្លឺ​ខៀវ​នឹង​ធ្វើ​ឱ្យខួរ​ក្បាល​​យើង​នៅ​សកម្ម​រហូត និង​ស្ថិត​ក្នុង​សភាព​នៅ​​​រង់​ចាំ​តាម​ដាន​មើល​អ្វី​មួយ​។ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​យើង​ពិបាក​គេង​លក់​ផង ហើយ​បើ​លក់ទៅ​ ក៏​ឆាប់​ឬ​ងាយ​ភ្ញាក់កណ្តាល​យប់​ទៀត​។”

ភ្នាក់ងារ​ជាតិ​ផ្នែក​សុវត្ថិភាព​អាហារ បរិស្ថាន​និង​ការងារ​បារាំង បាន​រំលឹក​ថា អេក្រង់​ ៖ អេក្រង់​កុំព្យូទ័រ អេក្រង់​ទូរស័ព្ទ​ដៃ ស្មានហ្វូន សុទ្ធ​ជា​ប្រភព​បញ្ចេញ​ពន្លឺ​ខៀវ​ ដ៏​សំខាន់​និង​យ៉ាង​ច្រើន​ទាំង​អស់។ ជាង​នេះទៅ​ទៀត ការស្រាវជ្រាវ​ថ្មី បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បន្ថែម​ទៀត​ថា បើ​អំពូល​ភ្លើង​ឡេដ មាន​សមមាត្រ​ពន្លឺ​ខៀវ​ខ្ពស់ ការ​ជះ​​​ពន្លឺ​ក៏ភ្លឺ​ ក្មេង​និង​កុមារ​កាន់​តែ​ងាយ​រងគ្រោះ​ ក្មេង​កាន់​តែ​ងាយ​​មាន​អារម្មណ៍​ទទួល​រង​ឥទ្ធិពល​ពន្លឺ​ ដោយ​ស្តែង​ជា​អាការៈ​មួយ​ចំនួន​ដូចជា ឈឺ​ក្បាល និង ហត់​ភ្នែក ជា​ដើម។

វិធី​ចៀស​វាង​ការ​ប្រឈមនឹង​ពន្លឺ​ខៀវ

ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ទូទៅ កុំ​ឱ្យ​រស់​ប្រឈម​នឹង​ពន្លឺ​ឡេដ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ហួស​កំរិតសុវត្ថិភាព ភ្នាក់ងារ​បារាំង​ចេញ​អនុសាសន៍​ឱ្យ​អាជ្ញាធរ​ចេញ​វិធានការ​ច្បាប់​ថ្មី ឱ្យ​គ្រប់​វត្ថុ​​មាន​ប្រព័ន្ធ​អំពូល​ឡេដ ត្រូវ​គោរព​បទ​ដ្ឋាន​សុខភាព និង​ជា​ពិសេស​ភ្នាក់ងារ​បានចេញ​សេចក្តី​ណែនាំ​ដល់​សាធារណជន​ទូទៅ​ ដូច​ខាង​ក្រោម ៖

- ការ​ពារ​បរិស្ថាន​ដោយ​ កាត់​បន្ថយ​ ឬ​បញ្ចុះ​ ឱ្យ​ដល់កំរិត​តាម​ដែ​ល​អាច​ធ្វើ​ទៅ​បាន​ ការ​ប្រើ​ពន្លឺ​ពុល

-​ ជ្រើសរើស​ការ​ប្រើ​អំពូល​បំភ្លឺ ប្រភេទ​ពន្លឺ​ក្តៅ ពោល​គឺ​អំពូល​ពណ៌​ដែល​មាន​កំរិត​កម្តៅ​ក្រោម​៣០០​០K។ សូម​ជ្រើសរើស​ប្រើអំពូល​ឡេដ​ ដែល​ផ្តល់​ពន្លឺ​មិន​ខុស​ពី​អំពី​បែប​បូរណា​ និង​ដែល​ដែល​មាន​កំរិត​ជាតិ​ពន្លឺ​ពុល​តិច​

- កញ្ចក់​វែនតា​ដែល​ជួយ​ការពារ​ពន្លឺ​ ឬ​កញ្ចក់ការពារ​ពន្លឺ​អេក្រង់​កុំព្យូទ័រ មាន​ប្រសិទ្ធភាព ប្រែ​ប្រួល​ខ្លាំង មិន​ដូច​គ្នា​ទេ ក្នុង​ការ​​ការពារ​ប្រសី​ភ្នែក​។ សូម​កុំ​ទុក​ចិត្ត​លើសម្ភារៈ​នេះ​ខ្លាំង​ពេក ! ​ម្យ៉ាង​ទៀត អ្នក​វិទ្យាសាស្ត្រ​ពុំ​ទាន់​រក​ឃើញ​និងពុំ​ទាន់​​បញ្ជាក់​បាន​អំពី​ប្រសិទ្ធភាព​នៃ​កញ្ចក់ការពារពន្លឺ​ខៀវ​​នេះ​ថា​អាច​ការពារ​មិន​ឱ្យ​ប៉ះពាល់​ដល់​​ចង្វាក់​ដំណេក​បាន​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ