ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT

តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?

តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?
 
ក្រូច ឬ​ទឹក​ផ្លែ​ក្រូច ? Getty Images/Adam Gault

សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​វីតាមីន​ ព្រមទាំង​ជាតិ​ស្ករធម្មជាតិ​ ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ផ្នែក​អាហារូបត្ថម្ភ។ ប៉ុន្តែយើង​អាច​ទាញ​យក​​គុណប្រយោជន៍ពី​ផ្លែឈើ​បាន​យ៉ាង​ពេញលេញ​ ដរាប​ណា​យើងចេះ​​​ទទួល​ទាន​​វា​ដោយ​ត្រឹម​ត្រូវ ! តើ​គួរ​ទទួល​ទាន​ផ្លែ​ទាំង​មូល ឬ​គាប​ កិន​ យក​តែ​ទឹក ? តើ​ការ​ទទួល​ទានបែប​ណា​ប្រសើរ​ជាង ?

បរិភោគ​ផ្លែឈើ​​ និងបរិភោគ​ទឹក​ផ្លែឈើ ​មិន​ដូច​គ្នាទេ ! មិន​ដូច​ទាំង​របៀប​បរិភោគ និង​ការ​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព។ ទឹក​ផ្លែឈើ​​កំប៉ុង ដាក់​ប្រអប់ ទឹក​ផ្លែឈើ​បែប​ឧស្សាហកម្ម​ ដែល​គេ​យក​កំហាប់​ជាតិ​ផ្លែឈើ ឬរសជាតិ​ផ្លែឈើ​ មក​លាយ​ជាមួយ​ទឹក​និ​ងស្ករ ជា​ប្រភេទ​ ទឹកផ្លែឈើ ដែល​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ ប្រៀប​ដូច​ភេសជ្ជៈ​ផ្អែម​ និងភេសជ្ជៈ​កំប៉ុង​​ ដទៃ​ទៀត​ខ្លាំងណាស់។ គ្រប់​គ្នា​សុទ្ធ​បាន​ដឹង​និង​យល់​យ៉ាង​ច្បាស់ ដោយ​គ្មាន​សង្ស័យ​អំពី​ផលប៉ះពាល់​របស់​ភេសជ្ជៈ​ប្រភេទ​នេះ​ហើយ។ ប៉ុន្តែ​​ ទឹក​ផ្លែឈើ ដែល​យើង​​លើក​មក​និយាយ​នៅ​ពេល​នេះ គឺ​ជា​ទឹកផ្លែឈើ​ដែល​ច្របាច់/គាប កិនក្រឡុក ​ចេញ​ពី​ផ្លែ​​របស់​វា​ដោយ​ស្រស់ៗ និង​ដោយ​គ្មាន​ដាក់​ស្ករ​ថែម​ទេ។

ទោះគាប​ច្របាច់​​ចេញ​ពី​ផ្លែដោយ​ផ្ទាល់ដៃ ជា​ទឹក​ផ្លែឈើ​សុទ្ធ ទឹកក្រឡុក​ផ្លែឈើ​សុទ្ធ​ កិន​គាប​ថ្មីៗ គ្មាន​បន្ថែម​ស្ករសោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ទឹក​ផ្លែឈើ​ មិន​ប្រាកដ​ថា​ល្អ​ឥតខ្ចោះ​សម្រាប់​សុខភាព​ឡើយ។ ​ទឹក​ផ្លែឈើ​ដ៏​បរិសុទ្ធ​ពិតៗ​នេះ គ្មាន​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ​ និង​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ដូច​ ញ៉ាំ​ផ្លែឈើ​ទាំង​មូល​ទេ។​ ​

កាឡូរី

ផ្លែឈើ​ និង​ទឹក​ផ្លែ​ឈើ ផ្តល់​ជាតិ​កាឡូរី​ មិន​ដូច​គ្នា ៖ ព្រោះ​ដើម្បី​បាន​ទឹក​ផ្លែ​ឈើ​មួយកែវ តូច​ល្មម​បរិភោគ គេ​ត្រូវការ​គាប​ឬ​ច្របាច់​ផ្លែ​ឈើ ពីរ​ទៅ​បី​ផ្លែ។ ឧទាហរណ៍​ ដើម្បី​បាន​ទឹក​ក្រូច​ច្របាច់​មួយ​កែវ ១២៥​មីល្លីលីត្រ គេ​ត្រូវ​ការ​ក្រូច​យ៉ាង​ហោច​បី​ផ្លែ។ បើហូប​ក្រូច​ច្រើនផ្លែ កាឡូរី​ដែល​នឹង​ស្រូប​ទៅ​ក៏​ច្រើន​តាម​នោះ​ដែរ។ តាមធម្មតា​តើ​អ្នក​អាច​ទទួល​ទាន​ក្រូច​ម្តង​ ​បីបួន​ផ្លែ​​ទេ ? មិន​ទេ ! យ៉ាង​ច្រើន​ពីរ ក្រពះ​នឹង​ស្រែក​ថា​ទេ​ឆ្អែត​បាត់​ទៅ​ហើយ ! តែ​ការ​ពិសារ​ទឹក​ក្រូចវិញ មួយ​កូនកែវ​១២៥​មីល្លីត្រ​ លើក​តែ​មួយ​ខ្អឹក​ពិត​ជា​អស់​។ ដូច្នេះ​ការ​ទទួល​ទឹក​ផ្លែឈើ​ ជា​ការ​បង្កើន​ជាតិ​កាឡូរី ឱ្យ​សរីរាង្គកាយ​ ដោយ​មិន​ខ្លួន ឬ​ដោយ​គ្មាន​អារម្មណ៍​ថា​ញ៉ាំ​លើស​ចំណុះ​ទេ។

សារធាតុ​សរសៃ

នៅពេល​យើង​ទទួល​ទាន​ទឹក​ផ្លែឈើ សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​របស់​ផ្លែឈើ ក្លាយ​ជា​សំរាម ជាសំណល់​​​ដែល​គេត្រូវ​​បោះចោលក្រោយ​ពី​បានគាប​និង​ច្របាច់​រួច។ នេះ​ហើយ​ជា​ភាព​ខុស​គ្នា​ខ្លាំង​រវាង​ការ​ទទួល​ទាន​ផ្លែឈើ ពី​ការ​ទទួល​ទាន​ទឹកផ្លែឈើ​នោះ។ ជាតិ​សរសៃ​ឬ​សាច់​ផ្លែឈើ មាន​ប្រយោជន៍​ខ្លាំង​ណាស់ ក្នុង​ការ​ជួយទប់​សកម្មភាព​​រំលាយ​អាហារ និងជួយ​​ធ្វើ​ឱ្យ​ឆ្អែត។ ប៉ុន្តែ​ជាតិ​សរសៃ​និង​សាច់​ផ្លែឈើ​នេះ បែរ​ជា​ត្រូវ​បាន​គេ​បោះបង់​​ចោល​ទៅ​វិញ។

ជា​ចុងក្រោយ និង​ផ្ទុយ​ពី​ផ្លែឈើ ​ទឹក​ផ្លែឈើ អាច​ជួយ​បំបាត់​អាការៈ​ស្រេក​ទឹក​បាន​យ៉ាង​លឿន ងាយ​ស្រួល​ញ៉ាំ​ និង​ងាយ​ជ្រាប​ចូល​ក្នុង​សពាង្គកាយ​ណាស់ ! បើ​ជ្រាបចូល​​លឿន ដូច្នេះ​វា​ក៏​ងាយ​នឹង​ផ្តល់​ផលវិបាក គឺ​ងាយ​ធ្វើ​ឱ្យ​កំរិត​ជា​តិ​ស្ករ និង​ជាតិ​អាំងស៊ុយលីន ក្នុង​ឈាម​ ឆាប់​ប្រែប្រួល​ ប្តូរ​ផ្លាស់។ ជាតិ​ស្ករ​អាច​ឡើង​ចុះ​លឿន ​ ដែល​ជា​តំណាង​ហានិភ័យ​ដ៏​ខ្ពស់​នៃ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ហានិភ័យ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កើន​ឡើង​ដល់​ទៅ​៨​ដង​ ដោយ​សារ​ការ​ទទួល​ទាន​ទឹក​ផ្លែឈើ បើ​ប្រៀប​ទៅ​នឹង​ការ​ទទួល​ជា​ផ្លែឈើ។

ជាង​នេះ​ទៅ​ទៀត កាលពី​ថ្ងៃ​ទី ១៧​ឧសភា ខែ​មុន ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​ បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​កា​រ​សិក្សារបស់​ខ្លួន ​ក្នុង​Journal of the American Medical Association ​ ដោយ​​អះអាង​ថា ការ​ទទួលទាន​ទឹក​ផ្លែ​ឈើ រាប់​ទាំង​ទឹក​ផ្លែឈើ​ដែល​គេ​គាប​ដោយ​ស្រស់ៗ​ផ្ទាល់​ដៃ​ ​ គ្មាន​លាយ​អ្វី​ទាំង​អស់​ មាន​តែ​ជាតិ​ផ្លែឈើ​សុទ្ធ​ក៏​ដោយ ក៏​បង្កើន​គ្រោះ​​ឆាប់​ស្លាប់មុន​អាយុ ប្រមាណ​ពី​៩ទៅ​៤២%​។ គ្រោះ​ថ្នាក់​មាន​កំរិត​ប្រហាក់​ប្រហែល​នឹង​ការ​ទទួល​ទាន​​ទឹក​ផ្លែឈើ​បែប​ឧស្សាហកម្ម ទឹក​ផ្លែឈើ​ដែល​ផលិត​ចេញ​ពី​លាយ​កំហាប់​ជាតិ​ផ្លែឈើ​ និង​ភេសជ្ជៈកំប៉ុង​ផ្អែមៗផ្សេង​ទៀតដែរ។ ​

តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច ?

មូលហេតុ​មក​ពី​ នៅ​ក្នុង​ទឹក​ផ្លែឈើ មាន​ផ្ទុក​បរិមាណ​ជាតិ​ស្ករ​ខ្ពស់ខ្លាំង។ ក្នុង​ទឹក​ផ្លែឈើ ឧទាហរណ៍​ទឹក​ក្រូច មួយ​កូន​កែវ ដែល​ស្មើ​នឹង​ក្រូច​ពីរផ្លែ កំរិត​ជាតិ​មាន​ដល់​ទៅ​៤​ដុំ ទឹក​ផ្លែឈើ​កិន​មួយ​កូន​កែវ​មានកំរិត​ជាតិ​​ស្ករដល់​ទៅ ៦​ដុំ ចំណែកទឹកកូកា​មួយ​កែវ​ស្មើ​គ្នា​មាន​ស្ករ​៥​ដុំ។ គ្រាន់​តែ​ថា​ជាតិស្ករ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ ជា​ជាតិ​ស្ករ​ធម្មជាតិ មិន​មែន​ជា​ស្ករ​ដាក់​បន្ថែម​ដូច​ភេសជ្ជៈ​ដទៃ​ទៀត​ទេ។ តែ​ទោះ​បី​មាន​ប្រភព​ធម្មជាតិ​ក៏​ដោយ​ ក៏​ជាតិ​ស្ករ​អាចមាន​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដែរ​ និង​ដល់​ថ្លើម ប្រសិន​បើ​យើង​ទទួល​ទាន​វា​ច្រើន​ពេក។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​ដឹកនាំ​ការ​សិក្សា ដោយ​បញ្ជាក់​ថា​ ៖

តាម​រយៈ​ការសិក្សា​​​វិភាគ​ទិន្នន័យ​ព័ត៌មាន​សុខភាព​​លើ​មនុស្ស​ជាង​១៣៤៤០នាក់ អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង​ទៅ​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា សរីរាង្គ​កាយ​របស់​ពួក​គេដែលទទួល​និង​ប្រឈម​នឹង​​​ជាតិ​ស្ករ​ (ស្ករ​ធម្មជាតិ ក្នុង​ផ្លែឈើ ឬ​ទឹក​ឃ្មុំ) ក្នុង​កំរិត​ដ៏​ច្រើន ​នឹងធ្វើ​ឱ្យ​ស៊ាំ​​ជាតិ​អាំងស៊ុយលីន។

ចំណែក​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Harvardសហរដ្ឋ​អាមេរិក បាន​អះអាងចំៗ​ថា ការ​ទទួលទាន​​ផ្លែឈើ​ទាំង​មូល កាត់​បន្ថយ​គ្រោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ផ្ទុយ​ទៅវិញការ​ទទួល​ទាន​ទឹក​ផ្លែឈើ​ជាអ្នក​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម។

នៅពេល​គាប​/ច្របាច់ ឬ​កិន​​ផ្លែឈើ​យក​ទឹក​មក​ញ៉ាំ កាក​ជាតិ​សរសៃរបស់​ផ្លែឈើ​នោះ​​ត្រូវ​បាន​កម្ចាត់​ចេញ ​ដូច្នេះហានិភ័យ​នៃ​ការ​រក្សា​ទុក​ជាតិស្ករ​​fructose (ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​ផ្លែ​ឈើ​ ឬ​ក្នុង​ទឹក​ឃ្មុំ) នៅ​ក្នុង​ថ្លើម កើន​ខ្ពស់។ ​មិន​ដូច​ការ​ទទួល​ទាន​សាច់​ផ្លែឈើ​ទេ ទឹក​ផ្លែឈើ​ជ្រាប​ចូល​ទៅ​ក្នុង​សរីរាង្គកាយ​យ៉ាង​លឿន។ នៅ​ពេល​​ជាតិ​ស្ករទៅ​ដល់​ថ្លើម​លឿន​​​ពេក ថ្លើមមិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្តេច​ទេ ​មិន​អាច​ស្រូបនិង​មិន​អាច​បំលែង​​ដោយ​សន្សឹមៗ​បាន​ឡើយ។ ​ ​​ជា​លទ្ធផល​ ជាតិ​ស្ករ​ហ្វ្រុចតូស​នេះ នឹង​ទៅ​កកស្តុក​ទុក​ ក្នុង​ទម្រង់​ជា​ខ្លាញ់​នៅ​ថ្លើម និង​សម្រួល​ឱ្យ​មានជំងឺ​ខ្លាញ់​រុំថ្លើម។ មួយ​ភាគ​ធំ​នៃ​ជាតិ​ស្ករ​ដែល​ប្រែ​ទម្រង់​ទៅជា​ខា្លញ់​នោះ​ ហូរ​ឆ្លង​តាម​ឈាម​ និង​ទៅ​បង្កើន​ភាព​ស៊ាំនឹង​ជាតិ​ស្ករ​អាំងស៊ុយលីន​ដល់​កោសិកា ទើប​បាន​ជា​មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ឡើង។

សរុប​ទៅ ​ទឹក​ផ្លែ​ឈើ​​​មិន​អាច​ជំនួសផ្លែឈើ​វា​បាន​ទេ។ គួរ​តែ​ជ្រើសរើស​ការ​ទទួលទាន​​ផ្លែឈើ​ទាំង​មូល​ ដោយ​ ចិតដុំ ដោយ​​ខាំ​ ទំពារ មុន​នឹង​លេប​ចូល​ ទៅ​ក្នុងពោះ ​នូវ​ផ្លែឈើ​​រឹង​ ព្រោះ​​ជា​ដំណាក់​កាល​ទី​មួយ​ នៃ​ការ​រំលាយ​អាហារ។ ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​ឱ្យ​ក្រពះ​បញ្ចេញ​ទឹក​ពី​ក្រពេញ​រំលាយ​អាហារ​ ទៅ​កិន​បំបែក​ជាតិ​សរសៃ​ ឱ្យ​ម៉ដ្ឋ​រលាយ។ ដំណាក់កាល​ទី​មួយ​នេះ ក៏​ជា​ពេល​វេលា​ដ៏​ចំបង​ដែល​ជា​សារ​ផ្តល់​ព័ត៌មាន​ប្រាប់​ទៅ​ប្រព័ន្ធ​ប្រសាទ​ ខួរក្បាល​អំពី​រសជាតិ​អាហារ​ និងអំពី​ដំណើរការ​ផលិត​ជាតិ​ស្ករ ថា​កំពុង​ចាប់​ផ្តើម និ​ងបាន​មក​ដល់​នៅ​ក្នុង​មាត់​​ហើយ។ នេះ​ជា​ពន្យល់​លម្អិត​របស់​លោក​វេជ្ជបណ្ឌិត​ Arnaud Cocaul គ្រូពេទ្យ​ឯកទេស​ចំណី​អាហារ​នៃ​មន្ទីរ​ពេទ្យ​ Pitié Salpêtrière ក្រុង​ប៉ារីស ដោយ​រំលឹក​ទៀត​ថា “ហានិភ័យ​នៃ​ការ​ទទួល​ទាន​ទឹក​ផ្លៃឈើ ឬ​អាហារ​រាវ​ផ្សេង​ទៀត គឺ​ពិសារ​ហួស​កំរិត​​ជាតិ​ស្ករ​ និង​ បញ្ច្រៀប​ជាតិ​កាឡូរី ​ដោយ​មិន​ដឹង​ខ្លួន​ ក្រៅ​របប​អាហារ​ព្រោះ​​​ខួរ​ក្បាល​មិន​បានទទួល​​ដឹង”​។ ផឹក​ទឹក​ផ្លែឈើ​គឺ​ជា​ការ​ពន្លឿន​ការ​បំផ្លាញ​យន្តការ​សរីរាង្គកាយ​ និង​ធ្វើ​ឱ្យ​ក្រពះ​ផ្តើម​ដំណើរការ​រំលាយ មុន​​អាហារ​ចូល​ដល់។ ពោល​គឺ វា​នឹង​ចូល​រួម​ចំណែក បំផ្លែង​ជាតិ​ស្ករ​យឺត ឱ្យ​ទៅ​ជា​តិ​ស្ករ​បញ្ច្រៀប​លឿន។

កំរិត​នៃ​ការ​ទទួល​ទាន​ទឹក​ផ្លែឈើ

ថ្វីបើអ្នក​ស្រាវជ្រាវ​អាមេរិក​មួយ​ចំនួន​ទៀត មិន​តក់​ស្លុត មិន​ស្រែក​អាសន្ន​​នឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ដោយ​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​បន្ថែម​ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​កាន់​តែ​ទូលំទូលាយ​ខ្លាំង​ជាង​នេះ​មែន ប៉ុន្តែ​គ្រប់អ្នក​វិទ្យាសាស្ត្រ​សុទ្ធ​តែ​យល់​ស្រប​គ្នា​ អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ទទួល​​ផ្លែឈើ​។ ចំណែក​ ការបរិភោគ​ទឹក​ផ្លែឈើ ត្រូវ​មាន​កំរិត យ៉ាង​ច្រើន​បំផុត ត្រឹម ១៨​សង់ទីលីត្រ ក្នុង​មួយ​ថ្ងៃ សម្រាប់ក្មេង​ក្រោម​អាយុ​៦​ឆ្នាំ និង​យ៉ាង​ច្រើន​បំផុត ត្រឹម​២៣​សង់ទីលីត្រ សម្រាប់​ក្មេង​ធំ​និង​មនុស្សធំ​ពេញ​វ័យ។

ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ទឹក​ផ្លែឈើ​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព សូម​ទទួល​ទាន​ទឹក​ផ្លែឈើ​ ក្នុង​ពេល​បាយ​។ ឥទ្ធិពល​នៃ​ទឹក​ផ្លែឈើ​មិន​សូវ​បង្កគ្រោះ​ថ្នាក់​ទេ​នៅ​ពេល​ញ៉ាំ​និង​បញ្ច្រៀប​ចូល​ក្នុងពេល​​ជាមួយ​នឹង​ការ​ស្រូប​ជាតិ​សរសៃ​។ ប្រសិន​បើ​អ្នក​ចូល​ចិត្តមែន​ទែន សូមយក​ទឹក​ផ្លែ​ឈើ​/ទឹក​ក្រូច​​ច្របាច់​ដោយ​ខ្លួន​ឯង​ ​ឬ​​ទឹក​ក្រូច​​សុទ្ធទិញ​ពី​ផ្សារ មក​ជាមួយ​ទឹក​ មុននឹង​ទទួល​ទាន។ ទឹកក្រូច​ ឬ​ទឹក​ផ្លែឈើ​មួយ​ភាគ ទឹក​ពីរភាគ គឺ​ជា​ជម្រើស​ដ៏​ប្រពៃ។ បើ​ឱ្យ​កាន់​តែ​ប្រសើរ​ទៀត​ គឺ​សូម​ទទួល​ទាន​​ផ្លែឈើ​រាល់​ថ្ងៃ ​ឯទឹក​ផ្លែឈើ​តែ​ក្នុង​ពិធី​ការ​ ពិធី​បុណ្យ​ម្តង​កាល៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ