ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

អង្គការ HRW អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះអ្នក​ដែល​រំឭក​ខួប​មរណភាព​លោក កែម ឡី

media ស្លាកសញ្ញាអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch HRW

ប្រតិកម្ម​នៅ​តែ​​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​យុវជន​ពីរ​នាក់ ត្រូវ​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​សារ​តែ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រំឭក​ខួប​៣​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ចុង​ក្រោយ​នេះ គឺ​ប្រតិកម្ម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ អង្គការ​អន្ដរជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះ​យុវជន​ទាំង​២​នាក់ គឺ គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ​។ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​កក្កដា​ម្សិលមិញ អង្គការ​អន្ដរជាតិ​នេះ ក៏​បានបន្ត​​អំពាវនាវ​ផង​ដែរ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី​។

អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះ​លែង​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​ការ​ចូល​រួម​រំឭក​ខួប​៣​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ​បន្ទាប់​ពី​តុលាការ​កម្ពុជា ចោទ​ប្រកាន់​យុវជន​ពីរ​នាក់ គឺ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ ជា​ការ​ចោទ​ប្រកាន់ ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​ទាំង​ពីរ​រូប ធ្វើ​សកម្មភាព​ដើម្បី​រំឭក​ខួប​៣​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី អ្នក​វិភាគ​បញ្ហា​នយោបាយ​ដ៏​ល្បី​ល្បាញ​។

លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​០៩​កក្កដា ជាមួយ​ភរិយា និង​បង​ប្អូន​ពីរ​នាក់​ទៀត បន្ទាប់​ពី​ពួក​គេ បាន​បោះ​ពុម្ព​ទ្រឹស្ដី​របស់​លោក កែម ឡី នៅ​លើ​អាវ​យឺត​ពណ៌​ស និង​ពណ៌​ខ្មៅ​។ សមត្ថកិច្ច​ចាត់​ទុក​​ទ្រឹស្តី​នៅ​លើ​អាវ​យឺត​នោះ​ថា មាន​ខ្លឹមសារ​ញុះញង់ វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាង​ណា​ម៉ិញ ក្នុង​ចំណោម​មនុស្ស​៤​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​០៩​កក្កដា​នោះ គឺ​មាន​តែ​យុវជន គង់ រ៉ៃយ៉ា ម្នាក់​ប៉ុណ្ណោះ ដែល​រង​ការ​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ពន្ធនាគារ​។

ដោយ​ឡែក លោក សួង នាគព័ន្ធ​វិញ, អាជ្ញាធរ​បាន​ឃាត់​ខ្លួន​យុវជន​រូប​នេះ នៅ​ថ្ងៃ​ទី​១០​កក្កដា ដោយ​ចោទប្រកាន់​ថា បាន​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារម៉ាត​កាល់​តិច ស្តុប​បូក​គោ​។

សម្រាប់​អង្គការ Human Rights Watch ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​អាថិ៍កំបាំង​អ្វី​ត្រូវ​លាក់​បាំង​ទេ​នោះ រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​សកម្មជន​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី រៀបចំ​កម្មវិធី​រំឭក​វិញ្ញាណក្ខន្ធ​​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ជំទាស់​ជារៀង​រាល់​ឆ្នាំ ចំ​ថ្ងៃ​ទី​១០​កក្កដា ដែល​ជា​ខួប​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​។ បន្ថែម​ពី​លើ​នេះ និង​ជា​ថ្មី​ម្ដង​ទៀត អង្គការ​អន្ដរជាតិ​នេះ បាន​បន្ត​អំពាវ​​ឲ្យ​​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី កាល​ពី​៣​ឆ្នាំ​មុន​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​ធ្វើ​សកម្មភាព​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយ​សេរី​និង​គ្មាន​ការ​ភ័យ​ខ្លាច​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ