ហេតុអ្វីបានជាគេហាមឃាត់មិនឱ្យបរិភោគសាច់ជ្រូកមានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១០
ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងធ្វើការរាតត្បាត នៅទូទាំងពិភពលោក ចេញអាហ្វ្រិក ដល់អឺរ៉ុប និងមកដល់អាស៊ី។ បន្ទាប់ពីចិន ប៉េស្តជ្រូកអាហ្វ្រិក បានមកដល់វៀតណាម កម្ពុជា។ ការរាតត្បាតកាន់តែលឿន ក្តីព្រួយបារម្ភយ៉ាងខ្លាំង។ បើតាមភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីកសិកម្មនិងចំណីអាហារ FAO ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងជះឥទ្ធិពលអាក្រក់លើទីផ្សារកសិកម្ម និងសន្តិសុខចំណីអាហាររបស់ប្រជាពលរដ្ឋអាស៊ីយ៉ាងខ្លាំង។ ចុះតើប៉េស្តជ្រូកអាហ្វ្រិកអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរឬទេ ?
គោឆ្កួត ពងបែកក្នុងមាត់ ផ្តាសាយបក្សី ... ថ្ងៃនេះដល់វេនជ្រូកម្តង ដែលកំពុងរងគ្រោះកើត ជំងឺប៉េស្ត។ ប៉េស្តជ្រូកអាហ្វ្រិក ជាការរាតត្បាតដ៏ធំ ដែលពុំធ្លាប់កើតមានលើភពផែនដីទេ ! ប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះឡើងនៅអាស៊ី បាននិងកំពុងតែធ្វើឱ្យក្រុមបសុពេទ្យព្រួយបារម្ភយ៉ាងខ្លាំង។
តើប៉េស្តជ្រូកអាហ្វ្រិក ជាជំងឺអ្វី?
ប៉េស្តជ្រូកអាហ្វ្រិក ជាជំងឺបង្កឡើងវីរ៉ុស ដែលកើតតែនៅលើសត្វជ្រូកស្រុក និងជ្រូកព្រៃតែប៉ុណ្ណោះ។ វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិក មានកំណើតជាធម្មជាតិនៅលើ សត្វហ្វាកូស្ហែរ និងប៉ូតាម៉ូស្ហែរ ដែលជាពពួកសត្វចិញ្ចឹមកូនដោយទឹកដោះ ក្នុងចង្កោមគ្រួសារជ្រូកដែរ តែរស់នៅព្រៃលើទ្វីបអាហ្វ្រិក។ សត្វទាំងពីរប្រភេទនេះ មានផ្ទុកវីរ៉ុសដោយគ្មានបង្កជំងឺអ្វីទាំងអស់។ ប៉ុន្តែនៅពេលណា វីរ៉ុស បានឆ្លងមកដល់សត្វជ្រូកស្រុក ជ្រូកដែលមនុស្សចិញ្ចឹម និងសត្វជ្រូកព្រៃ វីរ៉ុសនឹងបង្កជាជំងឺឆ្លង ហូរឈាម និងបង្កឱ្យស្លាប់ ស្ទើរគ្មានលើកលែង។
ដាននៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានគេរកឃើញជាលើកទីមួយនៅកេនយ៉ា ក្នុងឆ្នាំ១៩២១។ ប៉េស្តជ្រូកអាហ្វ្រិក បានធ្វើការរាតត្បាតជាលើកដំបូង នៅក្នុងប្រទេសជាងម្ភៃនៃទ្វីបអាហ្វ្រិក ពីសេណេហ្កាល់ទៅកេនយ៉ា ទើបគេឱ្យឈ្មោះជំងឺនេះថា ជាប៉េស្តជ្រូកអាហ្វ្រិក រហូតមកទល់សព្វថ្ងៃ។
ប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងព្រំដែនចេញទ្វីបអាហ្វ្រិក នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលពាណិជ្ជកម្មអន្តរជាតិចាប់ផ្តើមលូតលាស់ខ្លាំង។ អាមេរិកនិងអឺរ៉ុប អាចកម្ចាត់វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិកឱ្យអស់ពីទឹកដីបានយ៉ាងឆាប់រហ័ស លើកលែងតែអេស្ប៉ាញនិងព័រទុយហ្កាល់ ដែលត្រូវរង់ចាំដល់ឆ្នាំ១៩៩៥ទើបកម្ចាត់វីរ៉ុសឈ្នះ។ ប៉ុន្តែមិនបានប៉ុន្មានផង នៅឆ្នាំ ២០០៧ វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិកបានវិលត្រលប់មកទ្វីបអឺរ៉ុបជាថ្មី ដោយផ្តើមដំបូងនៅប្រទេសហ្សកហ្ស៊ី រុស្ស៊ី នៅលើជ្រូកព្រៃ ឬជ្រូកស្រុកចិញ្ចឹមជាលក្ខណៈគ្រួសារ។ វីរ៉ុសក៏បានបន្តចម្លង ពីប្រទេសមួយទៅប្រទេសមួយនៃទ្វីប ក្នុងល្បឿនជាមធ្យម៣៥០គីឡូម៉ែត្រក្នុងមួយឆ្នាំ តាមរយៈសកម្មភាពរបស់មនុស្ស ជាជាងតាមការចម្លងដោយប៉ះពាល់សត្វព្រៃ។
នៅឆ្នាំ២០១៤ ប៉េស្តជ្រូកអាហ្វ្រិកបានធ្វើដំណើរមកដល់សហភាពអឺរ៉ុប។ មានករណីចម្លងរាតត្បាតនៅម៉ុលដាវី នៅឆ្នាំ២០១៦ រ៉ូមានី ឆែក នៅឆ្នាំ២០១៧ ហុងគ្រី ប៊ែលហ្សិក នៅឆ្នាំ២០១៨។ ទ្វីបអាស៊ីក៏មិនរួចខ្លួន ប៉េស្តជ្រូកអាហ្វ្រិកបានទៅដល់ចិន នៅខែសីហា ២០១៨ បន្ទាប់មកឆ្លងរាលទៅម៉ុងហ្គោលី តៃវ៉ាន់ វៀតណាម កម្ពុជានៅឆ្នាំ២០១៩។ ហានិភ័យនៃការឆ្លងរាតត្បាត បានក្លាយជាវិបត្តិពិភពលោក។
ប៉ុន្តែការរាតត្បាតនៅអាស៊ី មានទំហំធំ និងកាចខ្លាំងជាងនៅទ្វីបដទៃ ! ព្រោះចិនជាប្រទេសចិញ្ចឹមនិងផលិតសាច់ជ្រូកលំដាប់លេខមួយពិភពលោក។ ចំនួនសត្វជ្រូកនៅលើភពផែនដី ចំនួនពាក់កណ្តាលរស់នៅស្រុកចិន ដោយគេរាប់ឃើញមានជ្រូកចិញ្ចឹមដល់ទៅ ៧០០លានក្បាល ទល់២០លានក្បាលនៅបារាំង។ ម្យ៉ាងទៀត ចិនជាប់ឈ្មោះមិនល្អសោះខាងផ្នែកអនាម័យនៃការចិញ្ចឹមសត្វ ដែលជាកត្តាហានិភ័យបន្ថែមមួយនៃការរាតត្បាតជំងឺ។ ក្រៅពីចិន វៀតណាមប្រទេសលំដាប់ទី៥ពិភពលោកខាងផលិតផលជ្រូក ក៏ចាប់ផ្តើមរងគ្រោះពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដែរ។ ផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកមានលក្ខណៈ ធ្ងន់ធ្ងរជាពិសេសសម្រាប់តំបន់អាស៊ី និងអាចចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខចំណីអាហារផង។ នេះជាការព្រួយបារម្ភរបស់អង្គការកសិកម្មនិងចំណីអាហាររបស់អង្គការសហប្រជាជាតិហៅកាត់ថា FAO។
សន្តិសុខចំណីអាហារ មានន័យយ៉ាងណា ? មានន័យថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សឬ ?
មិនមែនទេ ! សន្តិសុខចំណីអាហាររងការគំរាមកំហែង ព្រោះសាច់ជ្រូកជាអាហារដ៏សំខាន់របស់ប្រជាពលរដ្ឋនៅតំបន់អាស៊ី។ ក្នុងពេលភ្លាមៗ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានធ្វើឱ្យប្រជាពលរដ្ឋខ្លាចរអារលែងហ៊ានទទួលទានសាច់ជ្រូក។ បន្ទាប់មកទៀត ដោយហេតុជំងឺប៉េស្តជ្រូកជាច្រើនបានងាប់ ដូច្នេះផលិតផលសាច់ជ្រូកនឹងត្រូវធ្លាក់ចុះ (នៅឆ្នាំនេះ ចុះអស់ប្រមាណ៩%) ឯតម្លៃសាច់ជ្រូកបានឡើងថ្លៃរួចស្រេចទៅហើយនៅប្រទេសចិន និងកំរិតពិភពលោក។
ប៉ុន្តែវីរ៉ុសប៉េស្តជ្រូកអាហ្វ្រិកមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ! ការទទួលទានសាច់ជ្រូកឈឺ សាច់ក្រក សាច់ចៀន សាច់អាំង សាច់ប្រលាក់ ទោះសាច់ជ្រូកនោះជាសាច់សត្វដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ ក៏គ្មានការប៉ះពាល់ដល់សុខភាពមនុស្សដែរ។ គ្រាន់តែថា វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិក សែនមហាឆ្លង កំណាច និងពិបាកកម្ចាត់ខ្លាំងណាស់។ វីរ៉ុសអាចឆ្លងពីជ្រូកមួយទៅជ្រូក យ៉ាងឆាប់រហ័យ និងអាចសម្លាប់ជីវិតសត្វបានក្នុងរវាងបីទៅបួនថ្ងៃ ចំពោះករណីធ្ងន់ធ្ងរខ្លាំង និងបើស្រាល ជ្រូកឈឺអាចត្រដររស់បានដល់៣០ទៅ៤០ថ្ងៃ។
សំងំនៅក្នុងឈាម ក្នុងសាច់ ក្នុងជាលិកា ក្នុងទឹកក្រពេញ ក្នុងលាមក ក្នុងខ្លួនសត្វឈឺ សត្វងាប់ វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិកជាវីរ៉ុសធុនខ្លាំងមែនទែន ប្រលាក់អំបិល ចំអិនលើភ្លើងល្មមៗ ក៏មិនងាប់ដែរ ! មិនតែប៉ុណ្ណោះវីរ៉ុសអាចបន្តរស់បានជាច្រើនឆ្នាំនៅក្នុងសាច់កក។
ជំងឺមិនឆ្លងមកមនុស្សមែន តែមនុស្សជាភ្នាក់ងារចម្លងវីរ៉ុសទៅសត្វ។ វីរ៉ុសអាចឆ្លងតាមការរយៈការប៉ះពាល់ រវាងសត្វនិងសត្វ ឬតាមរយៈការស៊ីចំណីដែលមានលាយសំណល់សាច់មានផ្ទុកជំងឺ ឬតាមរយៈការសត្វល្អិតចុច (ចៃtique) និងតាមរយៈការប៉ះពាល់វត្ថុ សម្ភារៈ ប្រើប្រាស់ក្នុងតំបន់មានវីរ៉ុស។ សូម្បីតែកង់ឡានក៏វីរ៉ុសតោងជាប់ទៅចម្លងដល់សត្វជ្រូកស្រុកឬជ្រូកព្រៃនៅបានដែរ។ វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិកអាចនៅក្នុងទឹក ក្នុងដី ក្នុងសាច់។ និយាយជារួម វីរ៉ុសប៉េស្តជ្រូក ទៅដល់ណា ការចម្លងទៅដល់នោះ។ សាច់ជ្រូកឈឺទៅដល់ណា ហានិភ័យនៃការចម្លងរោគក៏ទៅដល់នោះដែរ។
ដូច្នេះហើយបានជា ចំណាត់ការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវតែដាច់ខាតបំផុត និងយ៉ាងទាន់ហន់បំផុត ៖ សម្លាប់សត្វមានជំងឺភ្លាម និងទាំងស្រុងក្នុងកសិដ្ឋានតែម្តង លាងបោសសម្អាតដោយផលិតផលសម្លាប់មេរោគ កំណត់បរិវេណសុវត្ថិភាព និងត្រួតពិនិត្យរាល់គ្រប់សកម្មភាពចេញ និងចូលកសិដ្ឋាន និងសកម្មភាពចេញចូលរបស់ផលិតផល។ គ្រប់គ្រងការធ្វើចរាចរណ៍សាច់ ដោយហាមឃាត់មិនឱ្យទទួលទានសាច់ជ្រូកឈឺ ដើម្បីកាត់បន្ថយគ្រោះចម្លងវីរ៉ុស ! នេះសុទ្ធសឹងជាវិធានការរបស់រដ្ឋាភិបាលមួយចំនួន។ បើអង្គការសុខភាពសត្វពិភពលោក ដែលជំរុញឱ្យគ្រប់ប្រទេសពង្រឹងសុវត្ថិភាពជីវសាស្ត្រ និងត្រូវពិចារណានិងគ្រប់គ្រងឱ្យបានហ្មត់ចត់ការបណ្តាញផ្គត់ផ្គង់ស្បៀង ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅអាស៊ី អាចនឹងត្រូវប្រើពេលយ៉ាងហោចពី ពីរទៅ១០ឆ្នាំទើបអាចគ្រប់គ្រងបាន !
ដោយសារសមត្ថភាពស៊ូខ្លាំង និងឆ្លងខ្លាំងរបស់វីរ៉ុស និងពិបាកកម្ចាត់បែបនេះ ហើយបានជាការព្រួយបារម្ភមានខ្លាំង។ ម្យ៉ាងវិញទៀត ប៉េស្តជ្រូកសព្វថ្ងៃ ឬប៉េស្តជ្រូកអាហ្វ្រិក ខុសពីជំងឺប៉េស្តជ្រូកដែលគេស្គាល់ពីមុន។ ប៉េស្តជ្រូកមុន នៅពេលធ្លាក់ដល់កំរិតធ្ងន់ធ្ងរខ្លាំង ផ្តល់រោគសញ្ញាដូចប៉េស្តជ្រូកអាហ្វ្រិកដែរ ប៉ុន្តែអ្វីដែលខុសគ្នាស្រលះ គឺជំងឺប៉េស្តជ្រូកមុន មានថ្នាំបង្ការ ឯប៉េស្តជ្រូកអាហ្វ្រិកគ្មានថ្នាំព្យាបាលនិងបង្ការឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ