តើគេអាចសម្គាល់គ្រោះថ្នាក់សរសៃឈាមខួរក្បាលបានយ៉ាងដូចម្តេច ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៦
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជាអាការៈជំងឺមួយទាមទារការសង្គ្រោះជាបន្ទាន់ ទើបមានសំណាងអាចបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្សេងៗបាន។ ដើម្បីអាចសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា អ្នកនៅជុំវិញខ្លួនអ្នកជំងឺ ត្រូវចេះសម្គាល់នៅរោគសញ្ញាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។ ជាអាការៈសញ្ញាដ៏សាមញ្ញដែលជនគ្រប់រូប មិនថាក្មេងចាស់ប្រុសស្រី អាចសម្គាល់ឃើញ ក្នុងរយៈពេលតែពីរបីនាទី។ តើអាការៈសញ្ញាទាំងនោះមានអ្វីខ្លះ ? តើត្រូវធ្វើជួយសង្គ្រោះអ្នកជំងឺយ៉ាងដូចម្តេច ?
អន្តរាគមន៍ដោយ កញ្ញា សន ផលនិកា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី ដែលកំពុងមកបំពេញកម្មសិក្សាយកជំនាញប្រព័ន្ធប្រសាទនៅក្រុងប៉ារីសប្រទេសបារាំង
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជាអាការៈជំងឺមួយទាមទារការសង្គ្រោះជាបន្ទាន់ ទើបមានសំណាងអាចបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្សេងៗបាន។ ដើម្បីអាចសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា អ្នកនៅជុំវិញខ្លួនអ្នកជំងឺ ត្រូវចេះសម្គាល់នៅរោគសញ្ញាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។ ជាអាការៈសញ្ញាដ៏សាមញ្ញដែលជនគ្រប់រូប មិនថាក្មេងចាស់ប្រុសស្រី អាចសម្គាល់ឃើញ ក្នុងរយៈពេលតែពីរបីនាទី។
តើអាការៈសញ្ញាទាំងនោះមានអ្វីខ្លះ ? តើត្រូវធ្វើជួយសង្គ្រោះអ្នកជំងឺយ៉ាងដូចម្តេច ? សូមស្តាប់ប្រសាសន៍របស់កញ្ញា ស៊ន ផលនីកា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពរុស្ស៊ី ដែលកំពុងមកបំពេញកម្មសិក្សាយកជំនាញប្រព័ន្ធប្រសាទនៅក្រុងប៉ារីសប្រទេសបារាំង
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលជាអ្វី ?
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល គឺជាការកកស្ទះ ឬដាច់សរសៃឈាម នៅក្នុងខួរក្បាល ដែលបង្កឱ្យ មានការចុះខ្សោយ ឬបាត់បង់នូវតួនាទីណាមួយរបស់ប្រព័ន្ធប្រសាទ ពោលគឺរបស់ញាណនៃការដឹងនិងការបញ្ជាមកផ្នែកផ្សេងៗនៃរាងកាយ។ រោគសញ្ញាទីមួយ អាចជាការចុះខ្សោយ បាត់កម្លាំងនៅដៃ នៅជើង នៅមុខ ឬទាំងបីក្នុងពេលជាមួយគ្នាតែម្តង។ ទីពីរ គឺការបាត់បង់ភាពរំញោច អ្នកជំងឺមានអារម្មណ៍ថាស្ពឹក។ សញ្ញាទីបី ពិបាកនិយាយស្តី ពិបាកយល់ និងចុងក្រោយ មានបញ្ហាភ្នែក ស្រវាំងភ្នែក។ ជួនកាលអ្នកជំងឺអាចមានសញ្ញារោគផ្សេងទៀត ដូចជាវិលមុខ ឃ្លីឃ្លោង ឬឈឺក្បាលយ៉ាងខ្លាំង។ ក្នុង៩ករណីលើ១០ ជំងឺនេះបានស្តែងឡើងក្នុងរយៈពេលដ៏ខ្លី ពីរទៅបីនាទីប៉ុណ្ណោះ។
វិធីផ្ទៀងផ្ទាត់ ដើម្បីដឹងថាអ្នកជំងឺពិតជាមានគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល
ការផ្ទៀងផ្ទាត់ត្រូវធ្វើដោយរួសរាន់ (ពីរទីបីនាទី) តាមក្បួនអង់គ្លេស F-A-S-T
- Face- មុខវៀច ៖ ឱ្យអ្នកជំងឺញញឹម ដើម្បីសម្គាល់មើលថាតើ មាត់មានវៀចដែរឬទេ ?
- Arm- ដៃខ្សោយម្ខាង ៖ ឱ្យអ្នកជំងឺលើកដៃ ទាំងពីរ ដាក់ទៅមុខ ក្នុងកំរិត ៩០ដឺក្រ តើគាត់អាចលើកបានស្មើគ្នាដែរឬអត់? ឬឱ្យអ្នកជំងឺចាប់ឬច្របាច់ដៃយើង តើគាត់មានកម្លាំងដៃម្ខាងខ្លាំងជាងម្ខាងទៀតដែរឬទេ ?
- Speak- ពិបាកនិយាយស្តី ៖ ហៅអ្នកជំងឺឱ្យនិយាយ សួរសំណួរតើអ្នកជំងឺអាចឆ្លើយ បានដែរឬអត់
- Time -ពេលម៉ោង ៖ អ្នកនៅជុំវិញ ត្រូវចងចាំអំពីពេលវេលា និងរយៈពេលដែលអ្នកជំងឺធ្វើទុក្ខ រហូតដល់ជួបគ្រូពេទ្យ និងដល់មន្ទីរពេទ្យ។
ត្រូវជួយសង្គ្រោះនិងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័ស។ កាន់តែឆាប់ កាន់តែប្រសើរ ព្រោះការព្យាបាល ក៏អាស្រ័យទៅតាមពេលវេលាដែរ។ ហើយបើជាករណីគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដោយមានការកកស្ទះឈាមក្នុងសរសៃវ៉ែន បើមកដល់មន្ទីរពេទ្យ ក្នុងកំឡុងពេលមុនបួនម៉ោង ការព្យាបាលដោយចាក់ថ្នាំរំលាយឈាមមានប្រសិទ្ធភាពខ្ពស់ខ្លាំង។
តើត្រូវដាក់ជំងឺឱ្យសម្រាករបៀបណា ?
៩០%នៃអ្នកជំងឺ នៅមានស្មារតីធម្មតា។ ដូច្នេះជនរងគ្រោះអាចបន្តមានសកម្មភាព អាចអង្គុយដោយខ្លួនឯង តែអាការៈជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល អាចធ្វើឱ្យដៃជើងគាត់ទន់ ឬចុះខ្យោយ អាការៈនេះអាចនឹងធ្វើឱ្យអ្នកជំងឺដួល។
- យកល្អ គួរដាក់អ្នកជំងឺឱ្យសម្រាក ផ្អៀង (ខាងឆ្វេងក៏បាន ខាងស្តាំក៏បាន)
- ដាក់អ្នកជំងឺឱ្យសម្រាក ដោយបង្ហើបក្បាលឱ្យផុតពីផ្ទៃរាប ៣០ដឺក្រេ
- សូមកុំដាក់អ្នកជំងឺឱ្យឱ្យគេងផ្ញារឱ្យសោះ ទោះក្នុងករណីណាក៏ដោយ ព្រោះអ្នកជំងឺអាចឈ្លក់ទឹកមាត់ ឬទឹកមាត់អាចច្រាលហូរចូលទៅក្នុងសួត រួចបង្កឱ្យមានបញ្ហារលាកសួត។
តើត្រូវធ្វើដូចម្តេច នៅពេលអាការៈសញ្ញារលាយបាត់ អ្នកជំងឺមានសភាពធម្មតាវិញ?
អាការៈសញ្ញា ទន់អវៈយវៈ ឬខូចញាណណាមួយអាចនឹងបាត់ទៅវិញ ក្នុងរយៈពេលពីរបីនាទី ឬយ៉ាងយូរក្រោមមួយម៉ោង មិនមែនមានន័យថាអ្នកជំងឺជា រួចពីគ្រោះថ្នាក់ទេ ! អ្នកជំងឺត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ដដែល ពីព្រោះជំងឺនេះនឹងអាចវិលមកវិញ ក្នុងរយៈពេលមួយម៉ោងក្រោយ មួយសប្តាហ៍ក្រោយ (៣%) ឬមួយខែក្រោយ ឬបីខែក្រោយ (៨%)។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ