តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៨
មិនថាអ្នកចូលចិត្តទទួលសាច់ ទទួលទានបន្លែផ្លែឈើ ឬអ្នកចូលចិត្តញ៉ាំអាហារធម្មជាតិ អាហារសរីរាង្គទេ ... មនុស្សម្នាក់ៗលេបជាតិប្លាស្ទិក ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតតូចឆ្មារ មីក្រូប្លាស្ទិក ជាអាហារ ប្រមាណជិត៥ក្រាម ជាមធ្យម ក្នុងមួយសប្តាហ៍។ ៥ក្រាម គឺស្មើនឹងទម្ងន់ក្រេឌីកាតមួយ។ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាNewcastle អូស្ត្រាលី តាមសំណើរបស់អង្គការWWF។ តើលម្អងប្លាស្ទិកចូលក្នុងខ្លួនតាមណា ? តើអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា បើយើងលេបចូលក្នុងខ្លួនជារៀងរាល់ថ្ងៃយ៉ាងដូច្នេះ ?
មិនមែនមានតែសមុទ្ទទេ ដែលរងគ្រោះពីសំរាមប្លាស្ទិកនោះ មនុស្សលោកយើងក៏រងការបំពុលពីជាតិប្លាស្ទិកជារៀងរាល់ថ្ងៃដែរ ! ជាមធ្យមមនុស្សយើងម្នាក់ៗ លេបប្លាស្ទិកក្នុងទម្រង់ជាធាតុល្អិតៗ ឆ្មារៗ មើលឃើញដោយមីក្រូទស្សន៍ ប្រមាណជាង៥២០០០ធាតុ ចូលក្នុងខ្លួនក្នុងមួយឆ្នាំៗ ។ នេះបើតាមសេចក្តីសន្និដ្ឋានរបស់អ្នកស្រាវជ្រាវកាណាដា ចេញផ្សាយកាលពីថ្ងៃទី ៥ មិថុនា និងបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអូស្ត្រាលីវិញ មនុស្សស្រូបនិងលេបជាតិប្លាស្ទិកក្នុងកំរិតប្រមាណ៥ក្រាម (ពីរពាន់កូនដុំ) ក្នុងមួយសប្តាហ៍ ត្រូវជា២ខាំកន្លះក្នុងមួយឆ្នាំ។
ទឹកស្អាតនិងទឹកដប ជាប្រភពនាំលម្អងប្លាស្ទិកចូលក្នុងខ្លួនមនុស្ស
តើធាតុល្អិតនៃជាតិប្លាស្ទិកដែលយើងលេបចូលក្នុងខ្លួនវាមកពីណា ?! ប្លាស្ទិកមាននៅគ្រប់ទិសទី ក្នុងទឹក លើដី ក្នុងខ្យល់ លើមេឃ ... ប្លាស្ទិកដែលក្លាយជាសំរាម ដែលរាយប៉ាយនៅក្នុងធម្មជាតិ នឹងត្រូវស្រូបដោយប្រព័ន្ធអេកូសាស្ត្រ និងដោយជាក់ស្តែងទៅនោះវានឹងត្រលប់ចូលក្នុងប្រព័ន្ធចំណីអាហាររបស់មនុស្សយើងវិញ។ នៅពេលប្លាស្ទិករលួយបែករូបរាងទៅ វាមិនរលាយបាត់ទៅណាទេ វាក្លាយ ខ្លះទៅជាលំអងមីក្រូប្លាស្ទិក (µm តូចជាងមីល្លីម៉ែត្រ1លានដង) ខ្លះជាណាណូប្លាស្ទិក (nm តូចជាងមីល្លីម៉ែត្រ១០០លានដង) ដែលជាធាតុល្អិតតូចឆ្មារបំផុត អណ្តែតរសាត់ ក្នុងទឹក ដែលយើងទទួលទានរាល់ថ្ងៃ លើដីក្នុងសត្វសមុទ្ទ ក្នុងត្រី ដែលជាអាហាររបស់យើង និងក្នុងខ្យល់ដែលយើងស្រូបដង្ហើមរាល់ថ្ងៃ មិនថាខ្យល់ ក្រៅផ្ទះ ឬក្នុងផ្ទះទេ ព្រោះសម្ភារៈក្នុងផ្ទះក៏ធ្វើអំពីប្លាស្ទិកដែរ។
បើតាមរបាយការណ៍អូស្ត្រាលី ប្រភពដែលនាំឱ្យមានការលេបធាតុមីក្រូប្លាស្ទិកចូលក្នុងខ្លួនច្រើនជាងគេ គឺការបរិភោគទឹក ៖ ជាទឹកស្អាត ជាពិសេសទឹកសុទ្ធច្រកដប។ ទឹកដបនាំធាតុប្លាស្ទិកចូលក្នុងខ្លួនមនុស្សបន្ថែមក្នុងបរិមាណដល់ប្រមាណ៩ម៉ឺនលំអង លើសការទទួលទានទឹកម៉ាស៊ីន។ ចំណីអាហារផ្សេងទៀត ដូចជាគ្រឿងសមុទ្ទ ស្រាបៀ និងអំបិលសមុទ្ទ សុទ្ធសឹងជាអាហារដែលមានបង្កប់អត្រាជាតិប្លាស្ទិកខ្ពស់ជាងគេ។
តើមីក្រូប្លាស្ទិក ដែលមនុស្សលេបចូលក្នុងខ្លួន ជារៀងរាល់ថ្ងៃ ក្នុងបរិមាណ៥ក្រាមនេះ អាចបង្កគ្រោះថ្នាក់យ៉ាងណាដល់សុខភាព ?
អង្គការសុខភាពពិភពលោកបានផ្តល់ចម្លើយនៅថ្ងៃព្រហស្បតិ៍ទី ២២សីហា ២០១៩ ថាវត្តមាននៃមីក្រូប្លាស្ទិកក្នុងប្រព័ន្ធទឹកស្អាត (ទឹកម៉ាស៊ីន) ទឹកច្រកដប ត្រឹមកំរិតបច្ចុប្បន្ននេះ មិនទាន់ជាតំណាងគ្រោះថ្នាក់សម្រាប់សុខភាពនៅឡើយ។ អង្គការសុខភាពពិភពលោកបានសិក្សាវិភាគអំពីគុណភាពនៃទឹកស្អាត ដោយផ្តោតទៅលើហានិភ័យបីយ៉ាង ៖ ហានិភ័យនៃការទទួលទាន ហានិភ័យគីមី និងហានិភ័យដែលមានពាក់ព័ន្ធនឹងវត្តមានបាក់តេរីBiofilm។
ថ្វីបើអង្គការសុខភាពពិភពលោក បានធានាអះអាងថាក្នុងកំរិតបច្ចុប្បន្ន មីក្រូប្លាស្ទិកក្នុងទឹកមិនបង្កគ្រោះថ្នាក់ដល់សុខភាពមែន ប៉ុន្តែអ្នកជំនាញចាប់មានការសង្ស័យសម្រាប់ពេលអនាគត និងចង់បានការសិក្សាស៊ីជម្រៅបន្ថែមទៀត។ បរិមាណជាតិមីក្រូប្លាស្ទិកក្នុងទឹកផឹក ត្រូវមានកំរិត ប៉ុន្តែបើមនុស្សនៅតែបន្តចោលប្លាស្ទិកបំពុលបរិស្ថានដូចពេលនេះ មីក្រូប្លាស្ទិក ពិតជានឹងមានវត្តមានជាទូទៅក្នុងគ្រប់ប្រព័ន្ធអេកូសាស្ត្រ ដូច្នេះគ្រោះថ្នាក់ពិតជានឹងមានចំពោះសុខភាពមនុស្សជាក់ជាប្រាកដ នាពេលអនាគត។
ប្លាស្ទិកជាសារធាតុចម្លង
និយាយជាទូទៅ ផលវិបាកយ៉ាងណាចំពោះសុខភាពមនុស្ស ពិតជាគ្មាននរណាអាចទាន់វាយតម្លៃបានទេ ! ការសិក្សាអំពីផលប៉ះពាល់នៃមីក្រូប្លាស្ទិកចំពោះសុខភាព ទើបតែនឹងចាប់ផ្តើម។ តែជាគោលការណ៍ ប្លាស្ទិកណាដែលលេបចូលទៅ វានឹងចេញមកវិញ។ គ្រាន់តែថាក្នុងចន្លោះពេលនោះ តើនឹងមានអ្វីកើតឡើង ?! ព្រោះប្លាស្ទិកអាចនាំសារធាតុគីមីផ្សេងទៀតឱ្យធ្វើដំណើរពេញខ្លួនយើង។
“ប្លាស្ទិកមានបន្សំសារធាតុរូបវិទ្យាគីមីយ៉ាងពិសេស ដែលអាចស្រូបធាតុចម្លងមួយចំនួនបានទៀត”។ នេះបើតាមសេចក្តីពន្យល់របស់អ្នកស្រាវជ្រាវអឺរ៉ុបលើប្រធានបទប្លាស្ទិកនិងសុខភាព។ ដូច្នេះ ប្លាស្ទិកអាចធ្វើដំណើរក្នុងសរីរាង្គកាយយើង ជាធាតុចម្លង ធាតុពុល និងដែលអាចជះឥទ្ធិពលទៅលើពោះវៀន ថ្លើម ខួរក្បាល។ តែគេនៅពុំទាន់មានចម្លើយច្បាស់លាស់ទេ។ គេនៅមានការលំបាកនៅឡើយក្នុងការកំណត់ឱ្យបានច្បាស់លាស់អំពីផលប៉ះពាលចំពោះសុខភាពមនុស្ស។ មានន័យថា លេបធាតុប្លាស្ទិកចូលក្នុងខ្លួនមិនប្រាកដថាសុទ្ធតែជាគ្រោះថ្នាក់ទេ វាអាចអាស្រ័យផងដែរ ទៅនឹងទំហំនៃធាតុប្លាស្ទិកនោះ ព្រោះអ្វីដែលច្បាស់គឺបើលម្អងធាតុល្អិតនៃប្លាស្ទិកកាន់តែតូចផង់ នោះវាអាចជ្រៀតទៅដល់សួតដែលក្នុងករណីបែបនេះ ទើបជាគ្រោះថ្នាក់ពិតប្រាកដ។ បើតាមអង្គការសុខភាពពិភពលោកលម្អងប្លាស្ទិក ក្នុងកំរិតតូចឆ្មារ មីក្រូប្លាស្ទិក ធំជាង១៥០មីក្រុង មិនត្រូវបានស្រូបចូលរួចក្នុងមនុស្សទេ តែធាតុល្អិតឆ្មារកំរិតណាណូប្លាស្ទិក ទំនងជាជ្រាបចូលក្នុងខ្លួនយើងយ៉ាងខ្ពស់ ហួសកំរិត។
អ្វីដែលគួរឱ្យអស្ចារ្យបំផុតចំពោះប្លាស្ទិក គឺវាមានរូបរាងតាំងពី១០០ឆ្នាំមុន វាបានក្លាយជាចំណែកមួយឬឈ្លានពានជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទៅហើយ ហើយយើងទើបតែចាប់អារម្មណ៍គិតអំពីឥទ្ធិពលរបស់លម្អងវាចំពោះសុខភាពនៅពេលនេះ។ ដូច្នេះយើងត្រូវរង់ចាំពីរបីឆ្នាំទៀត ទើបអាចរកឃើញចម្លើយ។
ប៉ុន្តែគ្រោះថ្នាក់របស់ប្លាស្ទិកចំពោះសុខភាព ត្រូវបានអ្នកស្រាវជ្រាវសិក្សាជាច្រើនករណីមកហើយ ដោយផ្តោតទៅលើដំណាក់កាល នីមួយៗ នៃដំណើរជីវិតរបស់ប្លាស្ទិក តាំងពីនៅជាវត្ថុធាតុដើម ក្នុងទម្រង់ជាប្រេងឬឧស្ម័នបូមខួងចេញពីក្រោមដី រហូតដល់ការចម្រាញ់ចេញជាប្រេង រួចក្លាយជាវត្ថុប្រើប្រាស់ដាក់លក់នៅហាង ប្រើនៅលើខ្លួនប្រាណមនុស្ស និង ការកម្ចាត់សំរាមប្លាស្ទិក។ ជាសរុប ប្លាស្ទិកបង្កផលប៉ះពាល់ ជាទូទៅ ចំពោះសុខភាពគ្រប់ដំណាក់ទាំងអស់ តាមរយៈលម្អងធាតុល្អិតនៃប្លាស្ទិករបស់វាផ្ទាល់ផង និងតាមរយៈសារធាតុគីមីដែលផ្សំជាមួយផង។
ប្លាស្ទិកនិងសុខភាព
មជ្ឈមណ្ឌលច្បាប់បរិស្ថានអន្តរជាតិ Centre for International Environmental Law (Ciel.Org) បានសង្ខេបអំពីផលប៉ះពាល់នៃការប្រឈមដោយផ្ទាល់នឹងប្លាស្ទិក តាំងពីនៅជាវត្ថុធាតុដើម រហូតដល់ក្លាយទៅសំរាម និងនៅពេលមនុស្សត្រូវប្រឈមនឹងបរិយាកាសពុលដោយប្លាស្ទិក។
វត្ថុធាតុដើម នៃប្លាស្ទិកគឺ ប្រេងឬឧស្ម័នក្រោមដី។ ប្រេងឬឧស្ម័នដែលគេយកមកផលិតប្លាស្ទិក អាចស្រូប និងលេប ចូលក្នុងខ្លួនមនុស្ស តាមខ្យល់និងទឹក នូវធាតុពុលក្នុងទម្រង់ជាសារធាតុគីមី ចំនួនជាង១៧០មុខ។ សារធាតុគីមីនេះ អាចនឹងមានឥទ្ធិពលលើប្រព័ន្ធការពារខ្លួន ដល់សរីរាង្គជាញាណ ដល់ថ្លើមនិងដល់តម្រងនោម។ ផលប៉ះពាល់អាចនឹងធ្វើឱ្យមានបញ្ហាជំងឺមហារីក ពុលប្រព័ន្ធប្រសាទ ប្រព័ន្ធបន្តពូជ និងការលូតលាស់ផង។
ដំណាក់កាលចម្រាញ់ប្រេងនិងផលិត ៖ ភាពប្រឈមអាចជាការប៉ះពាល់ ឬតាមរយៈការស្រូបឬលេប។ ផលរំខានចំពោះសុខភាព គឺអាចធ្វើឱ្យកើតជំងឺមហារីក ជាច្រើនមុខ ប្រព័ន្ធប្រសាទមានបញ្ហា ពុលដល់ប្រព័ន្ធបន្តពូជ កូនកើតមកស្រាលខុសប្រក្រតី និងរលាកស្បែក រលាកភ្នែក
ដំណាក់កាលក្លាយជាវត្ថុប្រើប្រាស់ ៖ ដើម្បីបានក្លាយជាវត្ថុឬរបស់ប្រើប្រាស់ ប្លាស្ទិកត្រូវបានគេលាយជាមួយនឹងល្បាយសារធាតុគីមីជាច្រើនមុខ ដែលអាចមានបញ្ចេញជាតិពុល ជារ៉ែធ្ងន់ ជាហ្សែនអាចបង្កជំងឺមហារីក និងជាលំអងប្លាស្ទិក។ ក្នុងដំណាក់កាលនេះ មនុស្សអាចការប្រឈមនឹងធាតុពុលប្លាស្ទិកតាមរយៈការស្រូបតាមផ្លូវដង្ហើម ការប៉ះពាល់លើស្បែក ឬការលេបចូលតាមមាត់។ ចំពោះឥទ្ធិពលចំពោះសុខភាពអាចមានច្រើនយ៉ាង ៖ លើប្រព័ន្ធតំរងនោម សរសៃឈាមបេះដូង ក្រពះពោះវៀន ប្រព័ន្ធប្រសាទ ប្រព័ន្ធបន្តពូជ និងប្រព័ន្ធដង្ហើម ដោយថែមអាចបង្កឱ្យមានគ្រោះកើតជំងឺមហារីក ទឹកនោមផ្អែម និងការលូតលាស់។
ដំណាក់កាលក្លាយជាសំរាម ៖ សំរាមប្លាស្ទិកតែប្រមាណ២០%ប៉ុណ្ណោះ នៅលើពិភពលោកត្រូវកែច្នៃប្រើឡើងវិញ និងប្រមាណ១០%ទៀត ត្រូវបានដុតបំផ្លាញ ក្រៅពីនោះត្រូវរាយប៉ាយរសាត់ពេញធម្មជាតិ។ នៅក្នុងដំណាក់កាលនេះ ជាតិពុលប្លាស្ទិក ក្នុងទម្រង់ជាលំអង ជាផេះ ជាសំណល់ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដោយអាចបង្កឱ្យមានជំងឺមហារីក មានដំបៅប្រព័ន្ធប្រសាទនិងប្រព័ន្ធការពារខ្លួន ព្រមទាំងប្រព័ន្ធបន្តពូជ ប្រព័ន្ធអ័រមូនលូតលាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ