អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​ថា​អ្នក​ចូល​ចិត្ត​ទទួល​សាច់ ទទួល​ទាន​បន្លែផ្លែឈើ ឬ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធម្មជាតិ​ អាហារ​សរីរាង្គ​ទេ​ ... មនុស្សម្នាក់ៗ​លេប​ជាតិ​ប្លាស្ទិក​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុល្អិត​តូច​ឆ្មារ មីក្រូប្លាស្ទិក ជា​អាហារ​ ប្រមាណ​ជិត​៥​ក្រាម​ ជា​មធ្យម​ ក្នុង​មួយ​សប្តាហ៍។ ៥​ក្រាម គឺ​ស្មើ​នឹង​ទម្ងន់​ក្រេឌី​កាត​មួយ។ នេះ​បើ​តាម​របាយការណ៍​របស់​​សាកលវិទ្យា​Newcastle អូស្ត្រាលី តាម​សំណើ​របស់​អង្គការ​WWF។ តើ​លម្អង​​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​តាម​ណា ? តើ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា បើយើង​លេប​ចូល​ក្នុង​ខ្លួន​ជា​រៀង​រាល់ថ្ងៃ​យ៉ាង​ដូច្នេះ ?

មីក្រូប្លាស្ទិក​ក្នុង​ទឹក​ស្អាត មិន​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព​ទេ តែអង្គការ​សុខភាព​ពិភពលោក​ចង់​បាន​ការ​សិក្សា​ស៊ីជម្រៅថែមទៀត
មីក្រូប្លាស្ទិក​ក្នុង​ទឹក​ស្អាត មិន​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព​ទេ តែអង្គការ​សុខភាព​ពិភពលោក​ចង់​បាន​ការ​សិក្សា​ស៊ីជម្រៅថែមទៀត Pxhere CC0
ផ្សាយពាណិជ្ជកម្ម

មិនមែន​មាន​តែ​សមុទ្ទទេ ដែល​រងគ្រោះ​ពី​សំរាម​​ប្លាស្ទិក​នោះ មនុស្ស​លោក​យើង​ក៏រង​ការ​បំពុល​ពី​​ជាតិ​ប្លាស្ទិក​ជា​រៀង​រាល់​ថ្ងៃ​ដែរ ! ជាមធ្យម​មនុស្ស​យើង​ម្នាក់ៗ​ លេប​ប្លាស្ទិក​ក្នុង​ទម្រង់​ជា​ធាតុល្អិត​ៗ ឆ្មារៗ​ មើល​ឃើញ​ដោយ​មីក្រូទស្សន៍ ប្រមាណ​ជាង​៥២​០០០​ធាតុ​ ចូល​ក្នុង​ខ្លួន​ក្នុង​មួយ​ឆ្នាំៗ ។​ នេះ​បើ​តាមសេចក្តី​សន្និដ្ឋាន​របស់​អ្នក​ស្រាវជ្រាវ​កាណាដា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៥ មិថុនា និង​បើ​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​វិញ មនុស្ស​ស្រូប​និ​ងលេប​ជាតិ​ប្លាស្ទិក​ក្នុង​កំរិត​ប្រមាណ​៥​ក្រាម (ពីរ​ពាន់​កូន​ដុំ​) ក្នុង​មួយ​សប្តាហ៍ ត្រូវ​ជា​២ខាំ​កន្លះ​ក្នុង​មួយ​ឆ្នាំ។

ទឹក​ស្អាត​និង​ទឹក​ដប ជា​ប្រភព​នាំ​​លម្អង​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​មនុស្ស

តើ​ធាតុ​ល្អិត​នៃ​ជាតិ​ប្លាស្ទិក​ដែល​យើង​លេប​ចូ​លក្នុង​ខ្លួន​វា​មក​ពី​ណា ?! ប្លាស្ទិក​មាន​នៅ​គ្រប់​ទិស​ទី ក្នុង​ទឹក លើ​ដី ក្នុង​ខ្យល់ លើ​មេឃ ... ប្លាស្ទិក​ដែល​ក្លាយ​ជា​សំរាម ដែល​រាយ​ប៉ាយ​នៅ​ក្នុង​ធម្មជាតិ នឹងត្រូវ​ស្រូប​ដោយ​ប្រព័ន្ធ​អេកូសាស្ត្រ និង​ដោយ​ជាក់ស្តែង​ទៅ​នោះ​វា​នឹង​ត្រលប់​ចូល​ក្នុង​ប្រព័ន្ធ​ចំណីអាហារ​របស់​មនុស្ស​យើង​វិញ។ នៅ​ពេល​​ប្លាស្ទិក​រលួយ​បែក​រូបរាង​ទៅ វា​មិន​រលាយ​បាត់​ទៅ​ណា​ទេ វា​ក្លាយ ខ្លះទៅ​​ជា​លំអង​មីក្រូប្លាស្ទិក (µm តូច​ជាង​មីល្លីម៉ែត្រ​1លាន​ដង) ខ្លះ​ជា​ណាណូ​ប្លាស្ទិក (nm តូច​ជាង​មីល្លីម៉ែត្រ​១០០​លាន​ដង​)​​​​ ដែល​ជា​​ធាតុល្អិត​តូច​ឆ្មារបំផុត អណ្តែត​រសាត់​ ក្នុង​ទឹក​ ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ លើ​ដីក្នុង​សត្វ​សមុទ្ទ ក្នុង​ត្រី ដែលជា​អាហារ​របស់​យើង ​និង​ក្នុង​ខ្យល់ដែល​យើង​ស្រូប​ដង្ហើម​រាល់​ថ្ងៃ មិន​ថា​ខ្យល់​ ​ក្រៅ​ផ្ទះ ឬ​ក្នុង​ផ្ទះ​ទេ ព្រោះសម្ភារៈ​​ក្នុង​ផ្ទះ​ក៏​ធ្វើ​អំពី​ប្លាស្ទិក​ដែរ។

បើ​តាម​របាយការណ៍​អូស្ត្រាលី​ ប្រភព​ដែល​នាំ​ឱ្យ​មាន​កា​រលេបធាតុមីក្រូ​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​ច្រើន​ជាងគេ គឺ​ការ​បរិភោគ​ទឹក ៖ ​ជាទឹកស្អាត ជា​ពិសេស​ទឹកសុទ្ធ​ច្រក​ដប។ ទឹក​ដប​នាំ​​ធាតុ​ប្លាស្ទិក​ចូល​ក្នុង​ខ្លួនមនុស្សបន្ថែម​​ក្នុង​បរិមាណដល់​ប្រមាណ​៩ម៉ឺន​លំអង លើស​​ការ​​ទទួល​ទាន​ទឹក​ម៉ាស៊ីន​។ ចំណីអាហារ​ផ្សេង​ទៀត ដូច​ជា​គ្រឿង​សមុទ្ទ ស្រាបៀ និង​អំបិល​សមុទ្ទ​ សុទ្ធ​សឹង​ជា​អាហារ​ដែល​មាន​បង្កប់​អត្រា​ជាតិ​ប្លាស្ទិក​ខ្ពស់ជាង​គេ។

​​តើមីក្រូប្លាស្ទិក​ ដែល​មនុស្សលេប​ចូល​ក្នុង​ខ្លួន ជា​រៀងរាល់​ថ្ងៃ ​ក្នុង​បរិមាណ​៥ក្រាមនេះ ​​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាងណា​ដល់​សុខភាព ?

អង្គការ​សុខភាព​ពិភពលោកបាន​ផ្តល់​ចម្លើយ​​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២២​សីហា ២០១៩ ​​ថា​វត្តមាន​នៃ​មីក្រូប្លាស្ទិក​ក្នុង​ប្រព័ន្ធ​ទឹក​ស្អាត (ទឹក​ម៉ាស៊ីន) ទឹក​ច្រក​ដប ត្រឹម​កំរិត​បច្ចុប្បន្ន​នេះ មិន​ទាន់​ជាតំណាង​​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព​នៅ​ឡើយ។ អង្គការ​សុខភាព​ពិភពលោក​បាន​សិក្សា​​វិភាគ​អំពី​គុណភាព​នៃ​ទឹក​ស្អាត ដោយ​​ផ្តោត​ទៅលើ​ហានិភ័យ​បីយ៉ាង ៖ ហានិភ័យ​នៃ​ការ​ទទួល​ទាន ហានិភ័យគីមី និង​ហានិភ័យ​ដែល​មាន​ពាក់ព័ន្ធ​នឹង​វត្តមាន​បាក់តេរីBiofilm។

ថ្វីបើ​អង្គការ​សុខភាពពិភពលោក បាន​ធានា​អះអាង​​ថា​ក្នុង​កំរិត​បច្ចុប្បន្ន មីក្រូប្លាស្ទិក​ក្នុង​ទឹក​មិន​បង្ក​គ្រោះថ្នាក់​ដល់សុខភាព​មែន ប៉ុន្តែ​អ្នក​ជំនាញ​ចាប់​មាន​ការ​សង្ស័យ​សម្រាប់​ពេល​អនាគត និង​ចង់​បាន​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត។ ​បរិមាណ​ជាតិ​មីក្រូប្លាស្ទិក​ក្នុង​ទឹក​ផឹក​ ត្រូវ​មាន​កំរិត ប៉ុន្តែ​​បើ​មនុស្ស​នៅ​តែ​បន្ត​ចោល​ប្លាស្ទិក​បំពុល​បរិស្ថាន​ដូច​ពេល​នេះ មីក្រូប្លាស្ទិក ពិត​ជា​នឹង​មាន​វត្តមាន​ជា​ទូទៅ​ក្នុង​គ្រប់​ប្រព័ន្ធ​អេកូសាស្ត្រ ដូច្នេះ​គ្រោះថ្នាក់​ពិត​ជា​នឹង​មាន​​ចំពោះ​សុខភាពមនុស្ស​ជាក់​ជាប្រាកដ​​ នាពេល​អនាគត។

ប្លាស្ទិក​ជា​សារធាតុ​ចម្លង

និយាយ​ជា​ទូទៅ ​ផលវិបាក​យ៉ាងណា​ចំពោះ​សុខភាព​មនុស្ស ពិត​ជា​គ្មាន​នរណា​អាច​ទាន់​វាយ​តម្លៃ​បាន​ទេ ! ការ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃមីក្រូ​ប្លាស្ទិក​ចំពោះ​សុខភាព​ ទើប​តែ​នឹង​ចាប់​ផ្តើម។ តែ​ជា​គោលការណ៍ ប្លាស្ទិក​ណា​ដែល​លេប​ចូល​ទៅ​ វា​នឹង​ចេញ​មក​វិញ។ គ្រាន់​តែ​ថា​ក្នុង​ចន្លោះ​ពេល​នោះ តើ​នឹង​មាន​អ្វី​កើតឡើង ?! ព្រោះ​ប្លាស្ទិក​អាចនាំ​សារធាតុ​គីមីផ្សេង​ទៀត​​ឱ្យ​ធ្វើ​ដំណើរ​​ពេញ​ខ្លួន​យើង។

“ប្លាស្ទិក​មាន​បន្សំ​សារធាតុ​រូបវិទ្យាគីមី​យ៉ាង​ពិសេស ដែល​អាច​ស្រូប​ធាតុ​​ចម្លងមួយ​ចំនួន​បាន​ទៀត”។ នេះ​បើ​តាម​សេចក្តី​ពន្យល់​របស់​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​លើ​ប្រធានបទ​ប្លាស្ទិក​និង​សុខភាព។ ដូច្នេះ ប្លាស្ទិក​អាច​ធ្វើ​ដំណើរ​ក្នុង​សរីរាង្គ​កាយ​យើង ជា​ធាតុ​ចម្លង​ ធាតុ​ពុល និង​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ពោះវៀន ថ្លើម ខួរក្បាល។ តែ​គេ​នៅ​ពុំ​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ទេ។ គេ​នៅ​មាន​ការ​លំបាក​នៅ​ឡើយ​ក្នុង​ការ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ផល​ប៉ះពាល​ចំពោះ​សុខភាព​មនុស្ស។ មាន​ន័យ​ថា​ លេប​ធាតុ​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ជា​គ្រោះ​ថ្នាក់​ទេ វា​អាច​អាស្រ័យ​ផង​ដែរ ទៅ​នឹង​ទំហំ​នៃ​ធាតុ​ប្លាស្ទិក​នោះ ព្រោះ​អ្វី​ដែល​ច្បាស់​គឺ​បើ​លម្អង​ធាតុ​ល្អិត​នៃ​ប្លាស្ទិក​កាន់​តែ​តូច​ផង់ នោះ​វា​អាច​ជ្រៀត​ទៅ​ដល់​សួត​​ដែល​ក្នុង​ករណី​បែប​នេះ ទើប​ជា​​គ្រោះ​ថ្នាក់​ពិត​ប្រាកដ។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក​លម្អង​ប្លាស្ទិក ក្នុង​កំរិត​តូច​ឆ្មារ មីក្រូប្លាស្ទិក​ ធំ​ជាង​១៥០មីក្រុង មិន​ត្រូវ​បាន​ស្រូប​ចូល​រួច​ក្នុ​ង​មនុស្ស​ទេ តែ​ធាតុ​ល្អិត​ឆ្មារ​កំរិត​ណាណូ​​ប្លាស្ទិក​ ទំនង​ជា​ជ្រាប​ចូល​ក្នុង​ខ្លួន​យើង​យ៉ាង​ខ្ពស់​ ហួស​កំរិត​។

អ្វី​ដែល​គួរ​ឱ្យ​អស្ចារ្យ​បំផុត​ចំពោះ​ប្លាស្ទិក គឺ​វា​មាន​រូប​រាង​តាំង​ពី​១០០​ឆ្នាំ​មុន វា​បានក្លាយ​ជា​ចំណែក​មួយ​​​ឬ​ឈ្លានពាន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​យើង​ទៅ​ហើយ ហើយ​យើង​ទើប​តែ​ចាប់​អារម្មណ៍​គិត​អំពី​ឥទ្ធិពល​របស់លម្អ​ង​​វា​ចំពោះ​សុខភាព​នៅ​ពេល​នេះ។ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​ពីរ​បី​ឆ្នាំ​ទៀត​ ទើប​អាច​រក​ឃើញ​ចម្លើយ។

ប៉ុន្តែ​គ្រោះ​ថ្នាក់​របស់​ប្លាស្ទិក​ចំពោះ​សុខភាព ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សិក្សាជាច្រើន​ករណី​មក​ហើយ​ ដោយ​ផ្តោត​ទៅ​លើ​ដំណាក់កាល​ នីមួយៗ នៃ​ដំណើរ​ជីវិត​របស់​ប្លាស្ទិក តាំ​ងពីនៅ​ជា​វត្ថុធាតុដើម ក្នុង​ទម្រង់​ជា​​ប្រេង​ឬ​ឧស្ម័នបូម​ខួង​​ចេញ​ពី​ក្រោម​ដី រហូត​ដល់​ការ​ចម្រាញ់​ចេញ​ជា​ប្រេង រួច​ក្លាយ​ជា​វត្ថុ​ប្រើប្រាស់​ដាក់​លក់​នៅហាង ប្រើ​នៅ​លើ​ខ្លួន​ប្រាណ​មនុស្ស និង ​ការ​កម្ចាត់​សំរាម​ប្លាស្ទិក​។ ជា​សរុប ប្លាស្ទិកបង្ក​ផលប៉ះពាល់​ ជាទូទៅ ចំពោះ​សុខភាពគ្រប់​ដំណាក់​ទាំង​អស់ តាម​រយៈ​​លម្អង​ធាតុ​ល្អិត​នៃ​ប្លាស្ទិក​របស់​វា​ផ្ទាល់​ផង និង​តាម​រយៈ​សារធាតុ​គីមី​ដែល​ផ្សំ​ជាមួយ​ផង។

​ប្លាស្ទិក​និង​​សុខភាព

មជ្ឈមណ្ឌល​ច្បាប់​បរិស្ថាន​អន្តរជាតិ Centre for International Environmental Law (Ciel.Org) បាន​សង្ខេប​អំពី​ផលប៉ះពាល់​នៃការ​ប្រឈម​ដោយ​ផ្ទាល់​នឹង​​ប្លាស្ទិក តាំង​ពី​នៅ​ជា​វត្ថុធាតុដើម​ រហូត​ដល់​ក្លាយ​ទៅ​សំរាម​ និង​នៅ​ពេល​មនុស្ស​ត្រូវ​ប្រឈម​នឹង​បរិយាកាស​ពុល​ដោយ​ប្លាស្ទិក។

​វត្ថុធាតុ​ដើម​ នៃ​ប្លាស្ទិក​គឺ​ ​ប្រេង​ឬ​ឧស្ម័ន​ក្រោម​ដី។ ប្រេង​ឬ​ឧស្ម័ន​ដែល​គេ​យក​មក​ផលិត​ប្លាស្ទិក​ អាច​​ស្រូប និង​លេប​ ចូល​ក្នុង​ខ្លួន​មនុស្ស​ តាម​ខ្យល់​និង​ទឹក នូវធាតុ​ពុលក្នុង​ទម្រង់​ជា​សារធាតុ​គីមី ចំនួន​​ជាង១៧០​មុខ​។ សារធាតុ​គីមី​នេះ អាច​នឹងមាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​ការពារ​ខ្លួន​ ដល់​សរីរាង្គ​ជា​ញាណ​ ដល់ថ្លើម​និង​ដល់​តម្រង​នោម។ ផលប៉ះពាល់​អាច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ជំងឺ​មហារីក ពុល​ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​បន្ត​ពូជ និង​ការលូតលាស់​ផង។

ដំណាក់កាល​​ចម្រាញ់ប្រេង​និង​ផលិត ៖ ភាពប្រឈម​អាច​ជា​ការ​ប៉ះពាល់​ ឬ​តាម​រយៈ​ការ​ស្រូបឬ​លេប​។ ផលរំខាន​ចំពោះ​សុខភាព គឺ​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​មហារីក​ ជា​ច្រើន​មុខ ប្រព័ន្ធ​ប្រសាទ​មាន​បញ្ហា​ ពុល​ដល់​ប្រព័ន្ធ​បន្ត​ពូជ កូន​កើត​មកស្រាល​ខុស​ប្រក្រតី និង​រលាក​ស្បែក​ រលាក​ភ្នែក

ដំណាក់កាល​ក្លាយ​ជា​វត្ថុ​ប្រើប្រាស់ ៖ ដើម្បី​បាន​ក្លាយ​ជា​វត្ថុ​ឬ​របស់​ប្រើប្រាស់ ប្លាស្ទិកត្រូវ​បាន​គេ​លាយ​ជាមួយនឹង​ល្បាយ​សារធាតុ​គីមី​ជា​ច្រើន​មុខ ដែល​​អាច​មាន​បញ្ចេញ​ជាតិ​ពុល​ ជា​រ៉ែ​ធ្ងន់ ជា​ហ្សែន​អាច​បង្ក​ជំងឺ​មហារីក និង​ជា​លំអង​ប្លាស្ទិក។ ក្នុង​ដំណាក់កាល​នេះ មនុស្ស​អាច​ការ​ប្រឈម​នឹងធាតុ​ពុល​ប្លាស្ទិក​តាម​រយៈ​​ការ​ស្រូប​តាម​ផ្លូវ​ដង្ហើម ការ​ប៉ះពាល់​លើ​ស្បែក ឬ​ការ​លេប​ចូល​តាម​មាត់។ ចំពោះ​ឥទ្ធិពល​ចំពោះ​សុខភាព​អាច​មាន​ច្រើន​យ៉ាង​ ៖ លើ​ប្រព័ន្ធ​តំរង​នោម សរសៃ​ឈាម​បេះដូង​ ក្រពះ​ពោះវៀន ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​បន្ត​ពូជ និង​ប្រព័ន្ធ​ដង្ហើម ដោយ​ថែម​អាច​បង្ក​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​មហារីក ទឹកនោម​ផ្អែម និង​កា​រលូតលាស់។

ដំណាក់កាល​ក្លាយ​ជាសំរាម ៖ សំរាម​ប្លាស្ទិក​តែ​ប្រមាណ​២០%​ប៉ុណ្ណោះ នៅ​លើ​ពិភពលោក​ត្រូវ​កែច្នៃ​ប្រើ​ឡើង​វិញ និង​ប្រមាណ​១០%​ទៀត ត្រូវ​បាន​ដុត​បំផ្លាញ ក្រៅ​ពី​នោះ​ត្រូវ​រាយប៉ាយ​រសាត់​ពេញ​ធម្មជាតិ។ នៅ​ក្នុង​ដំណាក់កាលនេះ​ ជាតិ​ពុល​ប្លាស្ទិក​ ក្នុង​ទម្រង់​ជា​លំអង ជា​ផេះ ជា​សំណល់​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ដោយអាច​​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ មាន​ដំបៅ​ប្រព័ន្ធ​ប្រសាទ​និងប្រព័ន្ធ​ការពារ​ខ្លួន​ ព្រម​ទាំង​ប្រព័ន្ធ​បន្ត​ពូជ ប្រព័ន្ធ​អ័រមូន​លូត​លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ