ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដាក់​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជាទៅក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​

media កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លង​មក។ Fabrice COFFRINI / AFP

អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្ដរជាតិ​យ៉ាង​ហោច​ណាស់​២៨​ស្ថាប័ន នា​ថ្ងៃ​សុក្រ ទី​៣០​សីហា​ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ព្រម​ទាំង​​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។ តាម​រយៈ​លិខិតកម្រាស់​៤​ទំព័រ ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ស្នើ​ឲ្យ​ដាក់​វិបត្តិសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៤២ ដោយ​សម្អាង​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨​មក​។

ដោយ​ចាត់​ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​ការ​វិវត្ត​ថ្មី​ៗ​មួយ​ចំនួន​ ប្រាប់​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ព្រម​ទាំង​​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។ ជា​ការ​វិវត្ត​អវិជ្ជមានដែល​អង្គការ​សង្គម​ស៊ីវិលយល់​ឃើញ​​ថា ចាំ​បាច់​ទាមទារ​ឲ្យ​លើក​យក​ទៅ​ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លើក​ទី​៤២ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ខាង​មុខ​នេះ​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០​សីហា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨​មក​។ ក្នុង​នោះ អ្នក​នយោបាយ​ប្រឆាំង​នៅ​តែ​បន្ត​រង​ការ​គាប​សង្កត់​និង​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ជាក់​ស្ដែង នៅ​ខែ​មីនា ឆ្នាំ​២០១៩ តុលាការកម្ពុជា​​ចេញ​ដីកា​ចាប់​ខ្លួន មន្ដ្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​យ៉ាងហោច​ណាស់​៨​នាក់ ដោយ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សកម្មជន​គាំទ្រ​នៃអតីត​​គណបក្ស​​​នេះចំនួន​១៤៧​នាក់ ​ក៏​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ​អំពី​ការ​រំលោភ​លើ​សាលដីកា​តុលាការ​កំពូល​ ដែល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ផង​ដែរ​។

ក្រៅ​ពី​សំណុំ​រឿង​អតីត​គណបក្ស​ប្រឆាំង លិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើងថែម​ទៀត អំពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ដែល​បន្ត​រង​ការ​គាប​សង្កត់​តាម​ផ្លូវ​តុលាការ ដោយ​សារ​តែ​សកម្មភាព​របស់​ពួក​គេ ជា​អាទិ៍ ករណី​អ្នក​បក​ប្រែ​ភាសា​រុស្ស៊ី លោក រ៉ាត់ រ័ត្នមុនី ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ផលិត​ឯកសារ​វីដេអូ​រឿង ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT។ ការ​រំខាន​របស់​អាជ្ញាធរ ក្នុង​ការ​ជួបជុំ​រំលឹក​ខួប​៣​ឆ្នាំ​នៃ​មរណភាព​លោក​កែម ឡី នៅ​ថ្ងៃ​ទី​១០​កក្កដា ថ្មី​ៗ​នេះ ក៏​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង​មួយ​ដែរ ជា​ពិសេស​ដំណើរការ​តាម​ផ្លូវ​តុលាការ​លើ​យុវជន​ពីរ​នាក់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​រំលឹក​ខួប​នោះ​។

តាម​រយៈ​ការ​វិវត្ត​អស់​ទាំង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ទាំង​អចិន្ត្រៃយ៍​និង​សង្កេតការណ៍ ទទួល​ស្គាល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ បើ​តាម​ក្រុម​អង្គការ​ដដែល រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ត្រូវ​តែ​លើក​ឡើង​ឲ្យ​ច្បាស់ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​មាន​ការ​ថ្កោល​ទោស និង​ចាត់​វិធានការ​ដោះ​ស្រាយ​ជាប​ន្ទាន់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ