អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ដំឡូងជាអាហារសុខភាព ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំឡូងស្ងោ ដំឡូង​ឆឹង ដំឡូង​ចំហុយ ដំឡូង​ជ្វា ដំឡូង​ឈើ ដំឡូង​ដៃ​ខ្លា ​... ដំឡូង​លែង​សូវ​ឃើញ​មាន​លក់ និង​​បរិភោគ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ តែ​ដំឡូង​កំពុង​​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​នៅ​អឺរ៉ុប​ នាពេល​បច្ចុប្បន្ន​នេះ។ ផ្ទុក​ពេញ​ទៅ​ដោយ​គុណ​ប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ ជា​ប្រភព​ផ្តល់​ថាមពល វីតាមីន ជាតិ​សរសៃ ដំឡូង​មាន​ឈ្មោះ​ក្នុង​បញ្ជីម្ហូប​កាន់​តែ​ច្រើន​ឡើង។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​បារាំង​បាន​ថែម​ទាំង​ណែនាំ​អ្នក​ចង់​ធ្វើរបប​អាហារ​ឱ្យ​ជ្រើសរើស​ទទួល​ទាន​ដំឡូង​មួយ​មុខ​ទៀត​ផង។

ដំឡូង​ជ្វា​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​បារាំង
ដំឡូង​ជ្វា​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​បារាំង @rfi
ផ្សាយពាណិជ្ជកម្ម

ដុះ​តែ​ក្នុង​ប្រទេស​ក្តៅ

ដំឡូង​ជ្វា ឬ​ដំឡូង​ ដែល​​មាន​ដុះ​លូត​លាស់​យ៉ាង​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា

ដំឡូង​ដែល​ជា​អាហារ​របស់​ជន​ក្រីក្រ កសិករ​នៅ​តាម​ជនបទ

ដំឡូង​ដែល​មាន​ច្រើន​ពណ៌ ស​ ក្រហម លឿង​ ស្វាយ

ឃើញ​ពណ៌​ធ្វើ​ឱ្យ​គេ​គិត​ដល់​បន្លែការ៉ុត មាន​ឈ្មោះ​និង​មាន​សាច់​ដូច​​ដំឡូង​បារាំង តែ​ដំឡូង​ខ្មែរ ដំឡូងជ្វា មិនស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ​តែ​មួយ​ជាមួយ​នឹង​​​ដំឡូង​បារាំង​ឡើយ។

​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ ​ដំឡូង​ដែល​ជា​មើមរុក្ខជាតិ ជួន​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពពួក​ម្សៅ ដូច​ជា​ក្រុម​​សណ្តែក ឬ​ជួន​​ជា​បន្លែ​ ព្រោះ​សម្បូរ​ជាតិ​អាមីដុង និង​សរសៃ មានអត្ថ​ប្រយោជន៍​ចំពោះ​​សុខភាព​ច្រើន។ គុណប្រយោជន៍​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការសិក្សាបែប​​វិទ្យាសាស្ត្រ មិនមែន​គ្រាន់​តែ​ជាជំនឿ ឬ​ដោយ​មាន​​ការ​ចំណាំ​តៗ​គ្នា​ទេ។

ខាង​ក្រោម​នេះ​ជា​មូលហេតុ ​ ដែល​លោក​អ្នក​គួរ​ជ្រើសរើស​បរិភោគ​​ដំឡូង ៖

ជា​បឋម ប្រសិន​បើ​គេ​វិភាគ​លម្អិត​មើល​កំរិត​នៃ​សារធាតុ​ចិញ្ចឹម​របស់​ដំឡូង គេ​សង្កេត​ឃើញថា ដំឡូង​សម្បូរ​ទៅ​ដោយ​វីតាមីន​អា ខ្ពស់​ណាស់។ វីតាមីនសេ និង​បេ៦ បេ២ បេ៥ ​ក៏​មាន​ច្រើន តែ​មិនច្រើន​ដូច​វីតាមីន​អា។ បើ​មាន​វីតាមីន​អា​ច្រើន មាន​ន័យ​ថា​ដំឡូង​អាច​ជួយ​ការពារ​លើកតម្កើង​សុខភាព​ភ្នែក និង​ការ​សមត្ថភាព​មើល​របស់​ចក្ខុ។ វា​មិន​មែន​ជា​ការ​កម្រ​ទេ មនុស្ស​ជាច្រើនមាន​ជំងឺ​ភ្នែក មើល​មិន​ឃើញ​ដោយ​ហេតុ​តែ​​ខ្វះ​វីតាមីនអានោះ។

ដំឡូង​ជា​ប្រភព​ផ្តល់​សារធាតុ​រ៉ែ ស្ពាន់ធ័រ មង់ហ្កាណែស កាល់ស្យូម ដែក អ៊ីយ៉ូត ម៉ាញេស្យូម ផូស្វ័រ ... ពោលគឺ​ដំឡូង​​​ជា​បណ្តុំ​នៃ​សារធាតុ​អង់ទីអុកស៊ីដង់​ ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ ទាប​មធ្យម។ ​ដំឡូង​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ទាប​ជាង​មធ្យមភាគ​នៃ​គ្រប់​បន្លែ​ទាំង​អស់។ ក្នុង​​១០០​ក្រាម ដំឡូង​ផ្តល់​ថាមពល ៨៦​កាឡូរី ហើយ​ជាង​នេះ​ទៅ​ទៀត​ សមាសធាតុ​បន្សំ​នៃ​ដំឡូង មាន​៧៧%​ជា​ជាតិ​ទឹក។

នៅ​ចំពោះ​មុខ​សមាសធាតុ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ដូច្នេះ ទើប​អ្នក​វិទ្យាសាស្ត្រ​ផ្តោត​ការ​សិក្សា​ដើម្បី​ស្វែង​យល់​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​ចំពោះ​សុខភាព​។

ប្រឆាំង​នឹង​ជំងឺ​មហារីក

មាន​ការ​សិក្សា​ជា​ច្រើន​បាន​ភ្ជាប់​ចំណង​រវាង​ការទទួល​ទាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ដំឡូង​ជ្វារ​ទៅ​នឹង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ប្រូស្តាត ថង់​ប្រមាត់ តម្រង​នោម ព្រម​មហារីក​សុដន់​របស់​ស្ត្រី មុន​ពេល​រៀប​អស់​រដូវ។ ឯ​ស្លឹក​ដំឡូង​ទំនង​ជា​អាច​ជួយ​ការពារកុំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​​មហារីក​សួត។ ជា​ទូទៅ​ និង​មួយ​ភាគ​ធំ​នៃ​គ្រោះ​ថ្នាក់​កើត​ជំងឺ​មហារីក​មក​ពី​កោសិកា​យើង​រង​ប្រតិកម្ម (ចាស់​ច្រេះ​) ហេតុ​ដូច្នេះ​ហើយ​បាន​គ្រូពេទ្យ​ជំនាញ​តែង​ណែនាំ​ឱ្យ​ជន​គ្រប់​រូប​បរិភោគ​អាហារ​ជាបន្លែ​និ​ងផ្លែឈើ​ដែល​មាន​សារធាតុ​អង់ទីអុកស៊ីដង់​ខ្ពស់ ក្នុង​នោះ​មាន​ដំឡូង​មួយ​ដែរ។ ជាង​នេះទៅ​ទៀត ដំឡូង​មាន​សមត្ថភាព​មួយ​ជួយ​ពន្យឺត​ភាព​ចាស់​ជរា​នៃ​កោសិកា ដូច្នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ (នាំ​ឱ្យ​កើតជំងឺ​មហារីក)​ បង្ក​ឡើង​ដោយ​ភាព​ចាស់​ទ្រុឌ​ទ្រោម​​កោសិកា។

ការពារ​បេះដូង និង​ជួយ​ថ្លើម​

តើ​ដំឡូង​ជួយ​ការពារ​បេះដូង​យ៉ាង​ដូចម្តេច ? ដោយ​សារ​សមាសធាតុ ជា​ធម្មជាតិ​​ក្នុង​មើម​ដំឡូង​ ដែល​កំរិត​ប្រតិកម្ម​អុកស៊ីត​ មាន​ន័យ​ថា​ដំឡូង​អាច​មាន​សមត្ថភាព​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ដំឡូង​ពណ៌​ស្វាយ​ទំនង​ជា​មាន​សមត្ថភាព​ខ្ពស់​ជាពិសេស​ជាង​គេ​ ក្នុង​ទប់​កុំ​ឱ្យ​មាន​ការ​កក​ដុំ​ឈាម​នៅ​លើ​ផ្ទាំង​សរសៃ​ឈាម​ ហើយ​ស្លឹក​ដំឡូង មានប្រសិទ្ធភាព​ខាង​ការពារ​ផ្ទៃ​នៃ​សរសៃឈាម​តូចៗ​ទៀត។

ការ​សិក្សា​លើ​សត្វ​ ​បាន​បង្ហាញ​អំពី​សមត្ថភាព​ការពារ​ថ្លើម​របស់​ដំឡូង។ តែ​ចំពោះ​មនុស្ស​ ដំឡូង​ទំនង​អាច​ត្រឹម​កាត់​បន្ថយ​គ្រោះ​រលាក​ថ្លើម​ និង​កាត់​បន្ថយ​អត្រា​អង់ហ្ស៊ីម​ថ្លើម​ ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​នៅថ្លើម។

គុណប្រយោជន៍​ដែល​វិទ្យាសាស្ត្រ​មិន​ទាន់​បញ្ជាក់

បើ​តាម​ការ​សិក្សា​ផ្សេ​ង​ទៀត ដំឡូង​ទំនង​ជា​អាច​ជួយ​ចាត់​ចែង​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​សារ​ថា​ដំឡូង​មាន​ជាតិសរសៃ​ច្រើន និងសន្ទស្ស​ជាតិ​ស្ករ​ទាប​ (ការបញ្ជ្រៀប​ជាតិស្ករ​មាន​កំរិត​យឺតៗ) និង​ទំនង​ជា​អាច​ជួយ​​ពន្យឺតភាព​ចាស់​ជរា​នៃ​ខួរក្បាល។ បើ​តាម​អ្នក​ស្រាវជ្រាវ​ក្រុម​នេះ ដំឡូង​​អាច​ទៅ​ជួយ​ខួរក្បាល​​មនុស្ស ​ដោយ​ទៅ​ភ្ញោចកោសិកា​ផ្នែក​​យល់​ដឹង​ និង​ការ​ចង​ចាំ​។ ប៉ុន្តែ​គុណប្រយោជន៍​នេះ នៅ​មិន​ទាន់មាន​ការ​បញ្ជាក់​​នៅ​ឡើយ​​នៅ​លើ​រូប​មនុស្ស​ និង​ជាពិសេស​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ឡើយ​ទេ។

ការ​ចម្អិន​

ដំឡូង​ជា​អាហារ​ដ៏​ល្អ ជា​ប្រភព​ផ្តល់​ថាមពល ផ្តល់​វីតាមីន ផ្តល់​ជាតិ​រ៉ែ ជា​អាហារ​ដែល​មាន​កំរិត​សារធាតុ​ចិញ្ចឹម​ខ្ពស់ ជួយ​ការ​ពារ​គ្រោះមាន​បញ្ហា​សរសៃ​ឈាម​បេះដូង កាត់​បន្ថយ​ការ​រលាក​បង្ករោគ ជំនួយ​ភ្នែក​ឱ្យ​ភ្លឺ​មើល​ស្រួល​នៅ​ពេល​យប់ ឬ​ជួយខួរក្បាល ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស​ប្រភេទ​ដំឡូង។ សូម​ចង​ចាំ​ថា ដំឡូង មាន​ពណ៌​កាន់​តែ​ដុត កាន់​តែ​មាន​គុណភាព​ខ្ពស់។ ក្នុង​ចំណោម​ដំឡូង​សាច់ពណ៌​ស ​ពណ៌​ទឹក​ក្រូវ ពណ៌ក្រហម​ព្រឿងៗ​ គឺ​ ពណ៌ស្វាយ​ដែល​មាន​ផ្ទុក​អាហារូបត្ថម្ភ​ខ្ពស់​ជាង​គេ។ ហើយ​កាន់តែ​ប្រសើរ​ទៀត គួរ​ទទួល​ទាន​ទាំង​សម្បក។

ដំឡូង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ដ៏​ប្រពៃ​សម្រាប់​អ្នក​ចង់​ធ្វើ​របប​អាហារ មិន​ចង់​ឡើង​ទម្ងន់។ លោក​អ្នក​អាច​ទទួល​ទាន​ជា​ម្ហូប​ប្រៃ ជា​បង្អែម ជា​អាហារ​សម្រន់ ឬ​ជា​ក្នុង​ទម្រង់​ជំនួស​ដំឡូង​បារាំង​បាន​ ប៉ុន្តែ​ដើម្បី​អាច​ទាញ​ប្រយោជន៍ផ្នែក​សុខភាព​ឱ្យ​បាន​កាន់​តែ​ពេញ​លេញ គួរ​ប្រុងប្រយ័ត្ន​មួយ​បន្ថែម​ទៀត គឺ​វិធី​ចម្អិន។ សូម​ជ្រើសរើស​ ការ​ចម្អិត​ដំឡូង​ដោយ​ ចំហុយ ដោយ​ស្ងោរ ដោយ​ដុត ឬ​វិធី​ចម្អិន​ផ្សេង​ណា​ទៀត​ក៏​បាន លើក​លែង​តែ​ការ​ចៀន​ឬ​បន្តោរ​ក្នុង​ខ្លាញ់​ ទើប​អាច​រក្សា​គុណភាព​​ផ្នែក​អាហារូបត្ថម្ភ​របស់​ដំឡូង​បាន។ សូម​ប្រុង​ប្រយ័ត្ន កុំ​ចម្អិន​ដំឡូង​ឱ្យ​ឆ្អិន​ខ្លាំង​​ពេក ព្រោះ​ដូច​បន្លែ គ្រាប់​ធញ្ជជាតិ អាហារ​ធ្វើ​ម្សៅ​អង្ករ ម្សៅ​ពោត ការ​ចម្អិន​យូរ​​ អាច​ធ្វើ​ឱ្យ​បាត់​បង់​សារធាតុ​ចិញ្ចឹម និង​ឡើង​ជាតិ​ស្ករ​ខ្ពស់។ ការ​​ចម្អិន​ឆ្អិន​ជ្រុល​ អាច​បង្កើន​បរិមាណ​ជាតិ​ស្ករ​ក្លុយស៊ីត តែ​លោកអ្នក​អាច​ស្តារ​កែខៃ​បាន​ ដោយ​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សិន​ សឹម​បរិភោគ។ ​ដើម្បីឱ្យ​​វីតាមីន ដូច​យ៉ាង​វីតាមីន​អា​នៅ​ក្នុង​ដំឡូង​នេះ អាច​ស្រូប​ចូល​ក្នុង​សរីរាង្គ​កាយ​បាន​កាន់​​ល្អ សូម​​ទទួល​ទាន​ដោយ​លាយ​ជាមួយ​ប្រេង ប្រេង​ល្ង ប្រេង​អូលីវ ឬ​ផ្លែ​ប័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ