អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី ២១ កញ្ញា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​វង្វេង​វង្វាន់ ឬ​អាល់ហ្សៃម៉ែរ Alzheimerជា​ភាសា​បារាំង។ ជំងឺ​វង្វេងវង្វាន់​ ជា​ការ​បាត់​បង់​សមត្ថភាព​ចង​ចាំ និង​ការ​ចេះ​ដឹងទាំង​ឡាយ​ដែល​មា​នកន្លង​មក។ ជំងឺ​នេះ​ជាពិការភាព​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ផ្ទាល់ និង​ក៏​ជា​​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​និង​សង្គម​ទាំង​មូល។ ​ដោយ​សារ​ភាព​ជឿន​លឿន​នៃ​វេជ្ជសាស្ត្រ​ គេ​ចាប់​ផ្តើម​យល់​ និង​ដឹង​ច្រើន​អំពី​វិធី​ជួយ​ការពារ​ខួរក្បាល​ កុំ​ឱ្យ​ឆាប់​មាន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់ ឬ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ការ​ចង​ចាំ។ តើ​គេ​អាច​ជួយ​ពង្រឹង​ការ​ចង​ចាំ​ តាម​វិធី​ណា​ខ្លះ ?

រូបភាព​តំណាងជំងឺ​វង្វេង​វង្វាន់ ​ខួរ​ក្បាលបាត់បង់​កោសិកា​ប្រសាទ
រូបភាព​តំណាងជំងឺ​វង្វេង​វង្វាន់ ​ខួរ​ក្បាលបាត់បង់​កោសិកា​ប្រសាទ Crédit : 3D4Medical.com
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ អង្គការ​សុខភាពពិភពលោក ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ប្រមាណ​៤៧,៥​លាន​នាក់​ មាន​ជំងឺ​អាល់ហ្សៃម៉ែរ Alzheimer។ ក្នុង​មួយឆ្នាំៗ គេរាប់​ឃើញ​មាន​អ្នក​ជំងឺ​ថ្មី​​ប្រមាណ​៧លាន​៧​សែន​នាក់។ ចំនួន​អ្នក​ជំងឺ​នឹង​កើន​ឡើងទ្វេ​​មួយ​ជា​ទីពីរ ជា​រៀង​រាល់​២០ឆ្នាំ រហូត​ឡើង​ដល់​១៥២​លាន​នាក់​នៅ​ឆ្នាំ​២០៥០។

ជំងឺ​វង្វេងវង្វាន់ ដែល​ជា​តំណាង​ពិការភាព​របស់​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​កើន​ឡើង​ជា​លំដាប់​ និង​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​គ្រួសារ​ព្រមទាំង​​សង្គម។ ចុះ​តើ​គេ​អាច​ការពារ​ ឬ​បង្ការ​កុំ​ឱ្យ​កើត​ជំងឺអាល់ហ្សៃម៉ែរ​នេះ​បាន​ដែរ​ឬ​ទេ ?

យើង​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​Professeur Philippe Amouyel សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​នៅ​មន្ទីរពេទ្យ​ក្រុង​លីល​ប្រទេ​សបារាំង

“​ប៉ុន្មាន​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា​មនុស្ស​ខ្លះ​ធ្លាក់​ខ្លួន​មាន​ជំងឺ​វង្វេងវង្វាន់ នៅ​វ័យ​ចាស់​ខ្លាំង​មែនទែន ហើយ​យើង​សាកល្បង​វិភាគ​រក​ថា​តើ​បណ្តាល​មកពី​មូលហេតុ​អ្វី។ ជា​ចម្លើយ​ យើង​បាន​កំណត់​ឃើញ​មាន​កត្តា​សកម្មជាច្រើន ដែល​អាច​រុញ​ ច្រាន ជំងឺ​កុំ​ឱ្យ​ឆាប់​កើត។ នោះ​​គឺការ​ថែរក្សាខួរក្បាល។ តើ​ត្រូវ​ធ្វើ​ដូចម្តេច ?! ខួរក្បាល​របស់​មនុស្ស​យើង នៅ​ពេលដល់​វ័យ​ណា​មួយ​លែង​ផលិតកោសិកាប្រសាទ​ថ្មី​ ដែល​ហៅ​ថា​ ​neuronesមែន ប៉ុន្តែ​បន្ត​លូតលាស់​ដដែល ឬ​អាច​និយាយ​បាន​ ខួរ​ក្បាល​បន្ត​វិវត្តន៍ ដើម្បី​​សម្រួល​សម្រប​ទៅ​តាម​ស្ថានការណ៍។ ហើយ​យើង​បានសម្គាល់​ឃើញ​ទៀត​ថា នៅ​ពេល​ណា​យើងអាច​​ថែរក្សា​ខួរក្បាល​ឱ្យលូតលាស់​ល្អ​​ នោះ​ខួរក្បាល​នឹង​អាច​ធន់​នឹង​ជំងឺ​ជា​ច្រើន និង​លូតលាស់​កាន់​តែ​​ប្រសើរឡើង។ ​ដើម្បី​​អភិវឌ្ឍន៍​ខួរក្បាល​ យើង​មាន​វិធី​សាស្ត្រ​សាមញ្ញ​ជា​ច្រើន ដូចជា ៖ ដើម្បី​ថែរក្សា​ខួរក្បាល

  • ត្រូវ​ប្រើ​ខួរក្បាល
  • ត្រូវ​ការពារ​ខួរក្បាល ព្រោះ​ជា​សរីរាង្គ​ដែល​ផុយស្រួយ និង​​​ដោយ​រក្សា​ខ្លួន​ប្រាណ​ទាំង​មូល​ឱ្យ​មាន​សុខភាព​ល្អ សម្រាប់​ទ្រ​ក្បាល
  • និង​ចុងក្រោយ​ ហើយ​សំខាន់​ជាង​គេ​ គឺ​ត្រូវ​មាន​ទំនាក់ទំនង ជិតស្និទ្ធិ​និង​ច្រើន​បំផុត​​ ជាមួយ​មិត្តភក្តិ និង​គ្រួសារ​ ព្រមទាំង​អ្នក​នៅ​ជុំវិញ​ខ្លួន។

ចំណែក​កាយវិការ​ដែល​បំផ្លាញ​ខួរក្បាល​ខ្លាំង​ជាង​បំផុត គឺ​ការ​មិន​ប្រើ​ខួរក្បាល។ ដូច្នេះ​យើង​ត្រូវ​ដើរ​ចេញ​ពី​ទម្លាប់ប្រចាំ​ថ្ងៃ ទម្លាប់​​ស្រណុក​ស្រួល​ ដោយ​បន្ត​ប្រឹង​រៀន​ចង់​ចេះ​ចង់​ដឹង ប្រឹង​អាន ប្រឹង​មាន​ជំនួប​ជាមួយ​មនុស្សម្នា។” ​នេះហើយ​​ជា​កត្តា​សំខាន់បំផុត​។​

តាមការពិត គ្មាន​ទេវិធី​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​វង្វេង​វង្វាន់​នោះ ​គឺ​មាន​តែ​ការ​​ការ​ពារ​បង្ការ កុំ​ឱ្យ​ឆាប់​កើត និង​ការពារ​ដោយ​កាត់​បន្ថយគ្រោះ​ហានិភ័យ​ដែល​នាំ​ឱ្យ​មាន​​​ជំងឺ​។ នា​ឱកាស​ទិវាពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អាល់ហ្សៃម៉ែរ​ឆ្នាំ​២០១៩ ថ្ងៃទី ២១​កញ្ញា​នេះ មូលនិធិ​យក​ឈ្នះ​ជំងឺ​អាល់ហ្សៃម៉ែរ​បារាំង បាន​រៀប​ចំ​កម្មវិធី​ជា​ច្រើន​ដើម្បី​បញ្ច្រាប​ព័ត៌មាន​ស្តី​អំពី​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​បាត់​បង់​ការ​ចងចាំ​ និង​ចេះ​ដឹង​នេះ និង​ពិសេស​បាន​ចេញ​ឯកសារ​ជា​ច្រើន​ពន្យល់​អំពី​វិធី​សាមញ្ញៗ និង​កាយវិការ​ប្រចាំ​ថ្ងៃ​ ដែល​ត្រូវ​ប្រកាន់​យក​ ដើម្បី​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​អាល់ហ្សៃម៉ែរ។

ទី​មួយ បញ្ចេញ​សកម្មភាព​ប្រឆាំងនឹង​កត្តា​ផ្តល់​ហានិភ័យ ៖ លើសឈាម ទឹកនោម​ផ្អែម ជក់​បារី ធាត់ជ្រុល ភាព​ខ្ជិល​រក​តែ​ភាព​ស្រណុក គឺ​ជា​កត្តា​ហានិភ័យ​ចំពោះ​សរសៃ​ឈាមដែល​យើង​គួរ​តែបញ្ច្រៀស​ឱ្យ​បាន ព្រោះ​កត្តា​ទាំង​៥​​បូក​សរុប​បញ្ចូល​គ្នា មាន​ឥទ្ធិពល​អាក្រក់​ និង​យ៉ាង​ជាក់​ស្តែង​ធ្វើ​ឱ្យ​មាន​គ្រោះ​អភិវឌ្ឍន៍​ជំងឺ​អាល់ហ្សែម៉ែរ។ ដូច្នេះ​លោកអ្នក​ត្រូវ​តែ​ប្រកាន់​យក​ឥរិយាបថ​ល្អ និង​ព្យាបាល​ជំងឺ​ខាង​លើ​ឱ្យ​បាន​ត្រឹម​ត្រូវ​។

ការ​ចង​ចាំ​និង​ចំណី​អាហារ

មាន​ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​អំពី​ចំណង​រវាង​ការ​មាន​របប​អាហារ​ល្អ​ ទទួល​ទាន​បន្លែផ្លែឈើ​ច្រើន ទៅ​នឹង​ការ​ចុះ​ថយ​នៃ​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ និង​កោសិកា​ប្រសាទ។ របប​​អាហារ​ ដែល​សម្បូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ​បៃតង គ្រាប់​ធញ្ញជាតិ និង​ ពពួក​សណ្តែក ល្អ​ខ្លាំង​ណាស់​សម្រាប់​​ខួរក្បាល​។ ត្រូវ​ទទួល​ទាន​ក្នុង​បរិមាណ​តិច​តួច​ល្មម នូវ​អាហារ​ធ្វើ​ជាតិ​ទឹក​ដោះ​គោ សាច់​បក្សាបក្សី ត្រី និង​ហូប​សាច់​គោ សាច់​ជ្រូក ព្រមទាំង​បង្អែម​មាន​ជាតិ​ស្ករ​​ យ៉ាងតិច​តួច​បំផុត។

ការ​ចងចាំ​និង​កីឡា

តើ​អ្នក​ហាត់​ប្រាណ​ធ្វើ​កីឡា​បញ្ចេញ​កម្លាំងកាយ​ជា​ប្រចាំ​ដែរឬទេ ? បើបាន​​ធ្វើហើយ គឺ​ជា​ដំណឹង​ល្អ ! គ្រប់ការ​​សិក្សា​វិទ្យាសាស្ត្រ​សុទ្ធ​តែ​បង្ហាញ​ឱ្យ​ឃើញ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ជា​ប្រចាំ អាច​កាត់​បន្ថយ​គ្រោះ​មាន​ជំងឺ​ប្រសាទ​និង​ខួរក្បាល​បាន៣០%។

បើ​មិនបាន​ធ្វើ ក៏​មិនហួសពេល​ដែរ ! សូម​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ចាប់​ពី​ថ្ងៃនេះ​ នូវ​កីឡា​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត ! សំខាន់​បំផុត​គឺ​អ្នក​បាន​បញ្ចេញ​កម្លាំង​កាយ​ ធ្វើ​កីឡា​ម្តង​ក្នុង​មួយ​សប្តាហ៍។

ប្រើការ​ចងចាំ

សូម​តឹង​តែង​ជា​មួយ​ខួរក្បាល​បន្តិច​ទៅ ! វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​អភិវឌ្ឍ និង​ថែបំប៉ន​សមត្ថភាព​ខួរក្បាល ឱ្យ​បាន​ពេញ​មួយ​ជីវិត។ ទោះបី​ជា​អាយុ​ច្រើន​ខ្លាំង​ក្តី ក៏​ត្រូវ​តែ​​ប្រឹង​​និង​បន្តរៀន​ បន្ត​ចង់​ចេះចង់​ដឹង​អ្វី​ដែល​ថ្មីៗ រហូត។ សូមទម្លាប់​​ប្រើ​និង​ភ្ញោច​ខួរ​ក្បាល​ដោយ​ធ្វើ​សកម្មភាពកំសាន្ត​ផ្សេង​ ដូច​ជា​រក​ល្បែង​លេង​ អាន​សៀវភៅ អាន​កាសែត ចូល​រួម​ប្រជុំ​តាមដានស្តាប់​សន្និសីទ ​ខ្លួន​ជា​ចេះ​ដឹង​គឺ​ជា​​រក្សា​ការ​យល់​ដឹង​និង​ខួរក្បាល។

រក្សា​ទំនាក់ទំនង​ដើម្បី​ជំរុញ​ការ​ចងចាំ​

ខួរក្បាល​របស់​អ្នក​ត្រូវ​ការ​មាន​ទំនាក់ទំនង និង​ការ​ផ្តោះប្តូរ ​ក្នុង​រង្វង់គ្រួសារ ជាមួយ​មិត្តភក្តិ និង​មនុស្ស​ទូទៅ។ មាន​ទំនាក់ទំនង​ក្នុង​សង្គម​ គឺ​ជា​ការ​លើក​ស្ទួយ​សុខភាព​ខួរក្បាល​និង​ការ​ចងចាំ។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា មនុស្ស​ចាស់​ជរា ដែល​មាន​ចំណែក​ក្នុង​សង្គម​ទាប ពុំ​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម និង​មាន​អារម្មណ៍​​ឯកា មាន​គ្រោះ​កើតជំងឺ​វង្វេងវង្វាន់ ជំងឺ​ភ្លេច ​ខ្ពស់​ខ្លាំង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ