តើគេអាចការពារជំងឺវង្វេងវង្វាន់បានដែរឬទេ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៣
នៅថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺវង្វេងវង្វាន់ ឬអាល់ហ្សៃម៉ែរ Alzheimerជាភាសាបារាំង។ ជំងឺវង្វេងវង្វាន់ ជាការបាត់បង់សមត្ថភាពចងចាំ និងការចេះដឹងទាំងឡាយដែលមានកន្លងមក។ ជំងឺនេះជាពិការភាពដ៏ធ្ងន់ធ្ងរសម្រាប់អ្នកជំងឺផ្ទាល់ និងក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារនិងសង្គមទាំងមូល។ ដោយសារភាពជឿនលឿននៃវេជ្ជសាស្ត្រ គេចាប់ផ្តើមយល់ និងដឹងច្រើនអំពីវិធីជួយការពារខួរក្បាល កុំឱ្យឆាប់មានគ្រោះកើតជំងឺវង្វេងវង្វាន់ ឬជំងឺពាក់ព័ន្ធនឹងការចងចាំ។ តើគេអាចជួយពង្រឹងការចងចាំ តាមវិធីណាខ្លះ ?
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក ប៉ាន់ប្រមាណថា មានមនុស្សប្រមាណ៤៧,៥លាននាក់ មានជំងឺអាល់ហ្សៃម៉ែរ Alzheimer។ ក្នុងមួយឆ្នាំៗ គេរាប់ឃើញមានអ្នកជំងឺថ្មីប្រមាណ៧លាន៧សែននាក់។ ចំនួនអ្នកជំងឺនឹងកើនឡើងទ្វេមួយជាទីពីរ ជារៀងរាល់២០ឆ្នាំ រហូតឡើងដល់១៥២លាននាក់នៅឆ្នាំ២០៥០។
ជំងឺវង្វេងវង្វាន់ ដែលជាតំណាងពិការភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ កើនឡើងជាលំដាប់ និងជាបន្ទុកដ៏ធ្ងន់របស់គ្រួសារព្រមទាំងសង្គម។ ចុះតើគេអាចការពារ ឬបង្ការកុំឱ្យកើតជំងឺអាល់ហ្សៃម៉ែរនេះបានដែរឬទេ ?
យើងស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតProfesseur Philippe Amouyel សាស្ត្រាចារ្យវេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈនៅមន្ទីរពេទ្យក្រុងលីលប្រទេសបារាំង
“ប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថាមនុស្សខ្លះធ្លាក់ខ្លួនមានជំងឺវង្វេងវង្វាន់ នៅវ័យចាស់ខ្លាំងមែនទែន ហើយយើងសាកល្បងវិភាគរកថាតើបណ្តាលមកពីមូលហេតុអ្វី។ ជាចម្លើយ យើងបានកំណត់ឃើញមានកត្តាសកម្មជាច្រើន ដែលអាចរុញ ច្រាន ជំងឺកុំឱ្យឆាប់កើត។ នោះគឺការថែរក្សាខួរក្បាល។ តើត្រូវធ្វើដូចម្តេច ?! ខួរក្បាលរបស់មនុស្សយើង នៅពេលដល់វ័យណាមួយលែងផលិតកោសិកាប្រសាទថ្មី ដែលហៅថា neuronesមែន ប៉ុន្តែបន្តលូតលាស់ដដែល ឬអាចនិយាយបាន ខួរក្បាលបន្តវិវត្តន៍ ដើម្បីសម្រួលសម្របទៅតាមស្ថានការណ៍។ ហើយយើងបានសម្គាល់ឃើញទៀតថា នៅពេលណាយើងអាចថែរក្សាខួរក្បាលឱ្យលូតលាស់ល្អ នោះខួរក្បាលនឹងអាចធន់នឹងជំងឺជាច្រើន និងលូតលាស់កាន់តែប្រសើរឡើង។ ដើម្បីអភិវឌ្ឍន៍ខួរក្បាល យើងមានវិធីសាស្ត្រសាមញ្ញជាច្រើន ដូចជា ៖ ដើម្បីថែរក្សាខួរក្បាល
- ត្រូវប្រើខួរក្បាល
- ត្រូវការពារខួរក្បាល ព្រោះជាសរីរាង្គដែលផុយស្រួយ និងដោយរក្សាខ្លួនប្រាណទាំងមូលឱ្យមានសុខភាពល្អ សម្រាប់ទ្រក្បាល
- និងចុងក្រោយ ហើយសំខាន់ជាងគេ គឺត្រូវមានទំនាក់ទំនង ជិតស្និទ្ធិនិងច្រើនបំផុត ជាមួយមិត្តភក្តិ និងគ្រួសារ ព្រមទាំងអ្នកនៅជុំវិញខ្លួន។
ចំណែកកាយវិការដែលបំផ្លាញខួរក្បាលខ្លាំងជាងបំផុត គឺការមិនប្រើខួរក្បាល។ ដូច្នេះយើងត្រូវដើរចេញពីទម្លាប់ប្រចាំថ្ងៃ ទម្លាប់ស្រណុកស្រួល ដោយបន្តប្រឹងរៀនចង់ចេះចង់ដឹង ប្រឹងអាន ប្រឹងមានជំនួបជាមួយមនុស្សម្នា។” នេះហើយជាកត្តាសំខាន់បំផុត។
តាមការពិត គ្មានទេវិធីការពារកុំឱ្យកើតជំងឺវង្វេងវង្វាន់នោះ គឺមានតែការការពារបង្ការ កុំឱ្យឆាប់កើត និងការពារដោយកាត់បន្ថយគ្រោះហានិភ័យដែលនាំឱ្យមានជំងឺ។ នាឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអាល់ហ្សៃម៉ែរឆ្នាំ២០១៩ ថ្ងៃទី ២១កញ្ញានេះ មូលនិធិយកឈ្នះជំងឺអាល់ហ្សៃម៉ែរបារាំង បានរៀបចំកម្មវិធីជាច្រើនដើម្បីបញ្ច្រាបព័ត៌មានស្តីអំពីចុះខ្សោយប្រព័ន្ធប្រសាទបាត់បង់ការចងចាំ និងចេះដឹងនេះ និងពិសេសបានចេញឯកសារជាច្រើនពន្យល់អំពីវិធីសាមញ្ញៗ និងកាយវិការប្រចាំថ្ងៃ ដែលត្រូវប្រកាន់យក ដើម្បីកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃម៉ែរ។
ទីមួយ បញ្ចេញសកម្មភាពប្រឆាំងនឹងកត្តាផ្តល់ហានិភ័យ ៖ លើសឈាម ទឹកនោមផ្អែម ជក់បារី ធាត់ជ្រុល ភាពខ្ជិលរកតែភាពស្រណុក គឺជាកត្តាហានិភ័យចំពោះសរសៃឈាមដែលយើងគួរតែបញ្ច្រៀសឱ្យបាន ព្រោះកត្តាទាំង៥បូកសរុបបញ្ចូលគ្នា មានឥទ្ធិពលអាក្រក់ និងយ៉ាងជាក់ស្តែងធ្វើឱ្យមានគ្រោះអភិវឌ្ឍន៍ជំងឺអាល់ហ្សែម៉ែរ។ ដូច្នេះលោកអ្នកត្រូវតែប្រកាន់យកឥរិយាបថល្អ និងព្យាបាលជំងឺខាងលើឱ្យបានត្រឹមត្រូវ។
ការចងចាំនិងចំណីអាហារ
មានការសិក្សាជាច្រើនបានបញ្ជាក់អំពីចំណងរវាងការមានរបបអាហារល្អ ទទួលទានបន្លែផ្លែឈើច្រើន ទៅនឹងការចុះថយនៃជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ និងកោសិកាប្រសាទ។ របបអាហារ ដែលសម្បូរទៅដោយផ្លែឈើ បន្លែបៃតង គ្រាប់ធញ្ញជាតិ និង ពពួកសណ្តែក ល្អខ្លាំងណាស់សម្រាប់ខួរក្បាល។ ត្រូវទទួលទានក្នុងបរិមាណតិចតួចល្មម នូវអាហារធ្វើជាតិទឹកដោះគោ សាច់បក្សាបក្សី ត្រី និងហូបសាច់គោ សាច់ជ្រូក ព្រមទាំងបង្អែមមានជាតិស្ករ យ៉ាងតិចតួចបំផុត។
ការចងចាំនិងកីឡា
តើអ្នកហាត់ប្រាណធ្វើកីឡាបញ្ចេញកម្លាំងកាយជាប្រចាំដែរឬទេ ? បើបានធ្វើហើយ គឺជាដំណឹងល្អ ! គ្រប់ការសិក្សាវិទ្យាសាស្ត្រសុទ្ធតែបង្ហាញឱ្យឃើញការបញ្ចេញសកម្មភាពរាងកាយ ជាប្រចាំ អាចកាត់បន្ថយគ្រោះមានជំងឺប្រសាទនិងខួរក្បាលបាន៣០%។
បើមិនបានធ្វើ ក៏មិនហួសពេលដែរ ! សូមចាប់ផ្តើមនៅថ្ងៃនេះចាប់ពីថ្ងៃនេះ នូវកីឡាណាមួយដែលអ្នកចូលចិត្ត ! សំខាន់បំផុតគឺអ្នកបានបញ្ចេញកម្លាំងកាយ ធ្វើកីឡាម្តងក្នុងមួយសប្តាហ៍។
ប្រើការចងចាំ
សូមតឹងតែងជាមួយខួរក្បាលបន្តិចទៅ ! វាជាការចាំបាច់ណាស់ដែលយើងត្រូវអភិវឌ្ឍ និងថែបំប៉នសមត្ថភាពខួរក្បាល ឱ្យបានពេញមួយជីវិត។ ទោះបីជាអាយុច្រើនខ្លាំងក្តី ក៏ត្រូវតែប្រឹងនិងបន្តរៀន បន្តចង់ចេះចង់ដឹងអ្វីដែលថ្មីៗ រហូត។ សូមទម្លាប់ប្រើនិងភ្ញោចខួរក្បាលដោយធ្វើសកម្មភាពកំសាន្តផ្សេង ដូចជារកល្បែងលេង អានសៀវភៅ អានកាសែត ចូលរួមប្រជុំតាមដានស្តាប់សន្និសីទ ខ្លួនជាចេះដឹងគឺជារក្សាការយល់ដឹងនិងខួរក្បាល។
រក្សាទំនាក់ទំនងដើម្បីជំរុញការចងចាំ
ខួរក្បាលរបស់អ្នកត្រូវការមានទំនាក់ទំនង និងការផ្តោះប្តូរ ក្នុងរង្វង់គ្រួសារ ជាមួយមិត្តភក្តិ និងមនុស្សទូទៅ។ មានទំនាក់ទំនងក្នុងសង្គម គឺជាការលើកស្ទួយសុខភាពខួរក្បាលនិងការចងចាំ។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សចាស់ជរា ដែលមានចំណែកក្នុងសង្គមទាប ពុំសូវមានទំនាក់ទំនងក្នុងសង្គម និងមានអារម្មណ៍ឯកា មានគ្រោះកើតជំងឺវង្វេងវង្វាន់ ជំងឺភ្លេច ខ្ពស់ខ្លាំងណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ