មូលហេតុដែលលោកស្រី រ៉ូណា ស្មីត លើកឡើងពីការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកស្រីយល់ឃើញថា សន្លឹកឆ្នោតនិងសំឡេងនៃពលរដ្ឋ ដែលបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅថ្នាក់ឃុំ-សង្កាត់ ត្រូវបានបដិសេធ។
សូមរំឭកជូនបន្តិចថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលកាលណោះមិនទាន់ត្រូវតុលាការកំពូលរំលាយចោល បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដោយទទួលបានអាសនៈជាង៥ពាន់។ ប៉ុន្តែក្រោយមក នៅពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ អាសនៈទាំងអស់របស់គណបក្សនេះ ត្រូវបានយកទៅបែងចែកឲ្យគណបក្សដទៃ។ ក្នុងនោះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិស្ទើរតែទាំងស្រុង តាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សតូចៗចំនួន៥ទៀត។
សម្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត, ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតបក្សប្រឆាំងទៅឲ្យគណបក្សផ្សេងដូច្នេះ គឺប្រៀបបានទៅនឹងការបដិសេធនូវសិទ្ធិរបស់ពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន៤៤ភាគរយ ដែលបានបោះឆ្នោតគាំទ្រឲ្យអតីតគណបក្សសង្គ្រោះជាតិដូច្នោះដែរ។ បើតាមលោកស្រី ស្មីត ការរៀបចំការបោះឆ្នោតឃុំសង្កាត់មួយថ្មី គឺជាឧទាហរណ៍នៃដំណោះស្រាយ ដែលអាចធានានូវការគោរពចំពោះសិទ្ធិនិងឆន្ទៈរបស់ម្ចាស់ឆ្នោតទាំងនោះ។
ជាការកត់សម្គាល់ អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត យ៉ាងដូច្នេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ចាត់ទុកថា ជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា។ កម្ពុជាដែលជារដ្ឋអធិបតេយ្យពេញលេញមួយ។ សម្រាប់លោក ផៃ ស៊ីផាន, ការលើកឡើងរបស់លោកស្រីស្មីត ក្នុងកិច្ចទាមទារឲ្យមានការបោះឆ្នោតឃុំសង្កាត់នេះ បានបង្ហាញពីនិន្នាការនយោបាយហួសពីកិច្ចទទួលខុសត្រូវនិងកាតព្វកិច្ចរបស់មន្ដ្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ និងថា លោកស្រី រ៉ូណា ស្មីត គួរតែពង្រឹងភាពជាដៃគូជាមួយរដ្ឋាភិបាល ជាជាងដើរតួនាទីជាតុលាការអត្តនោម័ត ឬជា អ្នកនយោបាយគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋខ្មែរ។ នេះបើតាមលោក ផៃ ស៊ីផាន៕