សហគមន៍ជនជាតិភាគតិចព្នងប្តឹងក្រុមហ៊ុនបារាំងBolloré Groupeនៅតុលាការណង់ទែរ
សវនការប្តឹងក្រុមហ៊ុនបារាំង Bolloré Groupe បានប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ១តុលា នៅតុលាការណង់ទែរ ទីក្រុងប៉ារីស។ អ្នកតំណាង៩នាក់របស់សហគមន៍ជនជាតិភាគតិចព្នង ដែលបានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទទី ៣០កញ្ញា បានទៅចូលរួមស្តាប់ផ្ទាល់ ជាលើកទី១ នៅក្នុងបន្ទប់សវនការ នៅតុលាការណង់ទែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៧
សវនការ នៅថ្ងៃអង្គារនេះ ជាសវនការមិនមែនជាសវនការសួរដេញដោល ប៉ុន្តែ ជាសវនការដែលភាគីការពារក្តីទាមទារ ឲ្យដាក់ឯកសារ ផ្លូវច្បាប់ រៀងៗខ្លួន បន្ថែមទៀត។ សម្រាប់ មេធាវី របស់សហគមន៍ជនជាតិភាគតិចព្នង លោក ហ្វីយ៉ូដ័រ រីឡោវ Fiodor Rilov ឯកសារបន្ថែម ពីខាងក្រុមហ៊ុនBolloré នឹងអាចជួយឲ្យចៅក្រម មើលឃើញ ពីការជាប់ពាក់ព័ន្ធ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនបារាំង Bolloré លើការរំលោភដីធ្លីរបស់អ្នកភូមិជនជាតិភាគតិច ព្នង នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី។
“មានក្រុមហ៊ុនច្រើនដែលពាក់ព័ន្ធ ក៏ប៉ុន្តែ នៅពេលនេះយើងប្តឹងតែក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Bolloré និងក្រុមហ៊ុន Compagnie du Cambodge។
បណ្តឹងរបស់យើង គឺទីមួយស្នើសុំឲ្យចៅក្រមកំណត់ឲ្យក្រុមហ៊ុន Bolloré និងក្រុមហ៊ុន Compagnie du Cambodgeទទួលខុសត្រូវខាងរដ្ឋប្បវេណីចំពោះប្រជាកសិករជនជាតិព្នង ដែលបាត់បង់ដីធ្លី ហើយត្រូវប្រឈមនឹងបញ្ហាជីវភាពដ៏សែនលំបាក។
ចំណុចទីពីរ យើងស្នើសុំផងដែរឲ្យចៅក្រមបារាំងកំណត់ថា ការបាត់បង់ដីធ្លីរបស់ប្រជាកសិករព្នងនេះ គឺបាត់បង់ដោយការរំលោភយកដោយខុសច្បាប់។ នេះជាចំណុចបច្ចេកទេសផ្លូវច្បាប់ ដែលអាចពិបាកយល់បន្តិច ពីព្រោះថា កម្មសិទ្ធិដីធ្លីរបស់សហគមន៍ព្នង គឺជាកម្មសិទ្ធិសមូហភាព ហើយកម្មសិទ្ធិសមូហភាពនេះទទួលបាននូវការការពារដោយច្បាប់អន្តរជាតិ។ បណ្តឹងរបស់យើងនៅពេលនេះ គឺស្នើសុំឲ្យចៅក្រមធ្វើយ៉ាងណាធានាឲ្យបាននូវការអនុវត្តច្បាប់អន្តរជាតិនេះ ដែលទទួលស្គាល់នូវកម្មសិទ្ធិរបស់ប្រជាកសិករព្នងទៅលើដីធ្លីរបស់ពួកគាត់ ក៏ដូចជា សិទ្ធិទៅលើការអនុវត្តជាលក្ខណៈប្រពៃណី ដែលពួកគាត់តែងតែធ្វើតាំងពីរាប់សតវត្សរ៍មកហើយ ទៅលើការប្រើប្រាស់ ការទាញយកផល ក្នុងនាមជាម្ចាស់កម្មសិទ្ធិរួមទៅលើដីរបស់ពួកគាត់”។
នៅថ្ងៃ ទី ៨វិច្ឆិកាខាងមុខ ចៅក្រមបារាំងនឹងប្រកាសថា តើភាគី ត្រូវដាក់ឯកសារបន្ថែមទៅតាមការទាមទាររបស់ភាគីជម្លោះដែរឬទេ។
ជាម្ចាស់ដើមបណ្តឹង ប្តឹងក្រុមហ៊ុនបារាំងBolloré Groupe ដែលបានធ្វើឲ្យប្រជាជនភាគតិចព្នងបាត់បង់ដីធ្លី នៅឃុំប៊ូស្រា អ្នកតំណាងសហគមន៍ជនជាតិភាគតិចព្នងធ្លាប់បានអាក់ខានម្តងហើយ មិនអាចទៅចូលរួមក្នុងសវនការរបស់តុលាការណង់ទែរ កាលពីខែកុម្ភៈកន្លងទៅ ដោយសារតែស្ថានទូតបារាំងបដិសេធមិនផ្តល់ទិដ្ឋាការ។ លើកនេះ ក្រោមការខ្នះខ្នែងរបស់មេធាវីបារាំងលោក ហ្វីយូដ័រ រីឡោវ Fiodor Rilov អ្នកតំណាងសហគមន៍ជនជាតិព្នងប្រុសស្រី ទាំង៩នាក់បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃម្សិលមិញ និងបានធ្វើសន្និសីទកាសែតនៅទីស្នាក់ការរបស់មេធាវីនៅកណ្តាលក្រុងប៉ារីស កាលពីថ្ងៃ ចន្ទ ទី ៣០កញ្ញា។
សន្និសីទកាសែតរបស់សហគមន៍ជនជាតិភាគតិចព្នងធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពួកគេធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។ សន្និសីទកាសែត រៀបចំឡើងនៅមួយថ្ងៃមុន ពេលពួកគេត្រូវចូលរួមក្នុងសវនការបឋម នៅតុលាការបារាំង ណង់ទែរ នៅថ្ងៃអង្គារនេះ។ នៅចំពោះមុខអ្នកយកព័ត៌មាន ជាង១០នាក់ ដែលមកពីទូរទស្សន៍ វិទ្យុ និងកាសែតបារាំង អ្នកតំណាងសហគមន៍ជនជាតិភាគតិចព្នង ក្នុងភាសាព្នង បានរៀបរាប់ ពី ការបាត់បង់ដីធ្លី ទំនៀមទំលាប់របស់អ្នកភូមិជនជាតិព្នង នៅឃុំប៊ូស្រា ដែលបង្កឡើងដោយ ក្រុមហ៊ុន Socfin និងក្រុមហ៊ុនបារាំង Bolloré ដែលពួកគេបានដាក់ពាក្យបណ្តឹងប្តឹង នៅតុលាការណង់ទែរ នៅថ្ងៃអង្គារនេះ។
អ្នកតំណាងរបស់សហគមន៍ជនជាតិភាគតិចព្នងអាចធ្វើដំណើរមកចូលរួមក្នុងសវនការលើកនេះ ដោយមកពីមានការជួយខ្នះខ្នែងពីមេធាវីបារាំង លោកFiodor Rilov ដែលតំណាងពួកគេ នៅតុលាការបារាំង។ លោក Fiodor Rilov មេធាវីបារាំងរបស់សហគមន៍ជនជាតិភាគតិចព្នង បានដាក់ពាក្យស្នើសុំឲ្យចៅក្រមចេញសេចក្តីសម្រេច ដាក់កំរិតឲ្យក្រុមហ៊ុនបារាំងBolloréប្រគល់ឯកសារដែលអាចបង្ហាញពីទំនាក់ទំនងរវាងក្រុមហ៊ុនBolloré ហើយនិងក្រុមហ៊ុនTerre rouge Consultant ដែលតាំងពីទីក្រុងប៉ារីស ជាអ្នកគ្រប់គ្រង ចាត់ចែង ក្រុមហ៊ុនចំការកៅស៊ូនៅឃុំប៊ូស្រា ប្រទេសកម្ពុជា។ គោលដៅរបស់មេធាវីរបស់សហគមន៍ជនជាតិភាគតិចព្នង គឺចង់បង្ហាញថា ក្រុមហ៊ុនបារាំង Bolloré ជាប់ទាក់ទង និងទទួលខុសត្រូវលើការបាត់បង់ដីធ្លីរបស់ជនជាតិភាគតិចព្នងនៅប្រទេសកម្ពុជា នោះបើទោះបីជាក្រុមហ៊ុនអះអាងថា ខ្លួនមានចំណែកភាគហ៊ុនតែ៣៨%នៅក្នុងក្រុមហ៊ុនTerre rouge Consultantក៏ដោយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ