បារ៉ាក់ អូបាម៉ា សរសេរដៃឆ្វេង តារាល្បីៗដូចជាអង់ហ្សេលីណា ចូលី មេស៊ី ... ភាគច្រើនសុទ្ធតែប្រើដៃឆ្វេង។ គេថាអ្នកប្រើដៃឆ្វេង ឆ្គង តែឆ្លាត ពូកែ ខ្លាំង ជាងអ្នកប្រើដៃស្តាំ។ តើជាការពិតមែនឬ ? ចុះកូនលោកអ្នក ? តើកូនអ្នកប្រើដៃស្តាំឬដៃឆ្វេង ? ហេតុអ្វីបានជាមានមនុស្សខ្លះប្រើដៃស្តាំ អ្នកខ្លះប្រើដៃឆ្វេង ? មានគំនិត និងការចំណាំផ្សេងៗប្លែកៗគ្នាច្រើន ទាក់ទងនឹងការប្រើដៃស្តាំ ឬដៃឆ្វេងនេះ។ អ្នកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ ក៏ចាប់អារម្មណ៍និងធ្វើការសិក្សាច្រើនខ្លាំងណាស់ដែរទាក់ទងនឹងទំនោរចិត្តប្រើដៃឆ្វេងឬដៃស្តាំ។
សរីរាង្គខ្លួនប្រាណខាងឆ្វេងនិងខាងស្តាំនេះ មិនស្មើគ្នាទេ ! មានម្ខាងខ្លាំងជាងម្ខាង ម្ខាងទំនងជាងម្ខាងទៀត។ សរីរាង្គ (ដៃ ជើង ត្រចៀក ភ្នែក ...) ស្តាំនិងឆ្វេង មានកម្លាំង និងភាពប្រសព្វមិនដូចគ្នា។ យើងមានដៃ ឬជើង ម្ខាងណា ពូកែ និងខ្លាំងជាងម្ខាងទៀត ចំណែកភ្នែកនិងត្រចៀកក៏ដូចគ្នា មានម្ខាងមើលមុត និងឮជាងម្ខាងទៀត។ ជាងនេះទៅទៀត បើយើងប្រើខ្លាំងខាងណា ខាងនោះកាន់តែរឹងមាំ កាន់តែពូកែ។
ប៉ុន្តែគេត្រូវរង់ចាំយូរ ទម្រាំដឹងថាផ្នែកខាងណានៃសរីរាង្គកាយខ្លាំងជាងខាងណា។ ពីពេលកើតមកភ្លាម រហូតដល់អាយុ ៦ទៅ៧ ខែ ទារកអាចប្រើដៃ-ជើង (ឆ្វេង ឬស្តាំ) ចាប់យកវត្ថុអ្វីមួយ ដោយគ្មានឆ្គងឡើយ។ ក្នុងវ័យលូតលាស់នេះ ក្មេងប្តូរផ្លាស់ច្រើន។ តាមធម្មតា គេអាចកំណត់បានថាសរីរាង្គកាយខាងណាខ្លាំងជាងខាងណា ឬដឹងជាប្រាកដថាក្មេងម្នាក់នេះ កូនម្នាក់នោះ ជាអ្នកប្រើដៃស្តាំ ឬប្រើដៃឆ្វេង ជាចំបង គឺនៅពេលក្មេងមានអាយុ៦-៧ឆ្នាំ។ ជម្រើសប្រើដៃឆ្វេងឬស្តាំអាចចាប់ផ្តើមបញ្ជាក់ នៅពេលក្មេង ចាប់មានសមត្ថភាពភាសាពេញលេញ ពោលគឺចាប់ពីអាយុ៤-៥ឆ្នាំ។
ការសម្រេចបើដៃខាងណា ជាងដៃខាងណា គឺអាស្រ័យទៅលើការលូតលាស់របស់ខួរក្បាល ឬអាចនិយាយបញ្ច្រាសមកវិញបានថា នៅពេលគេឃើញក្មេងសម្រេចប្រើដៃខាងណាហើយ នោះគេនឹងអាចយល់អំពីដំណើរការ និងការរៀបចំវិវឌ្ឍរបស់ខួរក្បាល។ ខួរក្បាលមនុស្សមានពីរផ្នែក មួយចំហៀងនៅខាងស្តាំ មួយចំហៀងទៀតនៅខាងឆ្វេង។ ខួរក្បាលជាម៉ាស៊ីនបញ្ជាសរីរាង្គ ៖ ខួរខាងស្តាំ បញ្ជាសរីរាង្គកាយខាងឆ្វេង ឯខួរខាងឆ្វេងបញ្ជាសរីរាង្គកាយខាងស្តាំ។ ខួរក្បាលពីរចំហៀងនេះ មានម្ខាង មានប្រៀបជាងម្ខាង ! បើខួរក្បាលផ្នែកខាងណាមានប្រៀបជាង គឺសរីរាង្គនៅផ្នែកម្ខាងទៀត ជាអ្នកមានសកម្មភាពខ្លាំង។ ឧទាហរណ៍ អ្នកប្រើដៃឆ្វេង មកពីខួរក្បាលស្តាំគាត់មានប្រៀបជាងខួរក្បាលឆ្វេង។ ឯអ្នកប្រើដៃស្តាំ មកពីខួរក្បាលផ្នែកខាងឆ្វេងមានប្រៀបជាង។
ខួរក្បាលចែកពីរផ្នែក ដឹកនាំបញ្ជាសរីរាង្គកាយមិនដូចគ្នា និងបញ្ជាខ្វែងខាងគ្នា យ៉ាងដូច្នេះ គឺដើម្បីកុំឱ្យមានខាងប្រកួតប្រជែងគ្នា។ ជាទូទៅ ខួរក្បាលខាងឆ្វេង ជាត្រួតត្រាបញ្ជាផ្នែកភាសា ហើយគឺខួរក្បាលខាងឆ្វេងដដែលនេះជាអ្នកគ្រប់គ្រងចលនា ហេតុដូច្នេះហើយបានជា មនុស្សភាគច្រើននៅលើភពផែនដី ភាគច្រើនជាអ្នកប្រើដៃស្តាំ (៩០%) ! និងមានមនុស្សប្រមាណតែ១០% ប៉ុណ្ណោះ ជាអ្នកប្រើដៃឆ្វេង។ ប៉ុន្តែតួលេខនេះមិនជាប្រាកដប៉ុន្មានឡើយ ព្រោះគេ បានគិតរាប់តែអ្នកប្រើឆ្វេងសុទ្ធ ឬស្តាំសុទ្ធតែប៉ុណ្ណោះ។
អ្នកប្រើឆ្វេងសុទ្ធ មិនមែនគ្រាន់តែ ធ្វើការ កាន់វត្ថុឬសរសេរ ដោយដៃឆ្វេងដែលគេអាចសម្គាល់ឃើញបានដោយងាយនោះទេ តែសរីរាង្គផ្សេងទៀត ពីលើដល់ក្រោម រាប់តាំងពីភ្នែក ត្រចៀក ជើង ផ្នែកខាងឆ្វេងសុខតែខ្លាំង និងមានទំនងជាងខាងស្តាំទាំងអស់។ ឯអ្នកប្រើស្តាំសុទ្ធ គឺសំដៅទៅលើអ្នកប្រើដៃស្តាំ និង ជើង ត្រចៀក ភ្នែក ផ្នែកខាងស្តាំខ្លាំងព្រមគ្នាទាំងអស់។
នៅមានករណីអ្នកឆ្វេងមិនសុទ្ធ ឬស្តាំមិនសុទ្ធ ច្រើនប្រភេទទៀត។ ឆ្វេងមិនសុទ្ធគឺ សរសេរ ប្រើ ធ្វើការដៃឆ្វេងមែន ប៉ុន្តែមានភ្នែកស្តាំ ឬជើងស្តាំ ឬត្រចៀកស្តាំ ខ្លាំងរឹងមាំជាង ឬក៏បញ្ច្រាសមកវិញ ប្រើដៃស្តាំ តែពូកែភ្នែកឆ្វេង ឬត្រចៀកឆ្វេង។ ពោលគឺអាចជាបង្គំ គ្រប់ទម្រង់គ្រប់បែប។ ករណីចុងក្រោយមួយទៀត អ្នកប្រើឆ្វេងក៏បាន ស្តាំក៏បាន។ មនុស្សក្នុងជំពូកនេះមានប្រមាណជា២-៣%នៃប្រជាជនសរុប។
ហេតុអ្វីបានជាមានអ្នកប្រើឆ្វេង និងអ្នកប្រើស្តាំ?
“មានសម្មតិកម្មជាច្រើនបញ្ជាក់អំពីជម្រើសប្រើឆ្វេងឬស្តាំ ថាមានទាក់ទងនឹងបញ្ហាហ្សែន។ ការប្រើឆ្វេងមិនមែនជាបញ្ហាតំណពូជទេ។ ប៉ុន្តែហ្សែនប្រើឆ្វេងអាចឆ្លងទៅដល់កូនចៅ។ ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើអ្នកជាឪពុកម្តាយ ជាអ្នកប្រើឆ្វេងទាំងពីរ នោះលទ្ធភាពមានកូនប្រើឆ្វេងដែរ ក្នុងកំរិតខ្ពស់ ដល់ទៅ ៤៦%។ លទ្ធភាពមានកូនប្រើឆ្វេងនឹងធ្លាក់ចុះមកត្រឹម១៧% បើមានម្តាយឬឪពុកតែម្នាក់ប្រើឆ្វេង។ តែបើទាំងឪពុកទាំងម្តាយមិនមែនជាអ្នកប្រើឆ្វេងសោះ លទ្ធភាពមានកូនកើតមកជាអ្នកប្រើឆ្វេង មានត្រឹមតែ២%ទេ។ ការប្រើឆ្វេងអាចឆ្លងជំនាន់ គ្រួសារប្រើឆ្វេងមិនប្រាកដមានកូនជាអ្នកប្រើឆ្វេងទេ តែអាចជាទៅចៅឬចៅទួត។ សម្មតិកម្មមួយទៀត គឺទាក់ទងនឹងជំហររបស់ទារកកាលពីនៅក្នុងផ្ទៃម្តាយ។ ជំហរក្នុងពេលបង្កកំណើតក៏មានឥទ្ធិពលនាំឱ្យមានការប្រើឆ្វេងនេះដែរ។ ហើយជាចុងក្រោយ បរិយាកាសនៅជុំវិញខ្លួន។”
តើអ្នកប្រើដៃឆ្វេង មានប្រាជ្ញានិងពូកែជាងអ្នកប្រើស្តាំមែនឬ?
“បច្ចុប្បន្នគេមិនធ្វើបាបក្មេងប្រើដៃឆ្វេង ដូចសម័យមុនទេ។ ពីដើមមក គេបង្ខំក្មេងនិយមឆ្វេង ឱ្យសរសេរដៃស្តាំ ដោយចងដៃឆ្វេងទៅក្រោយក៏មានដែរ។ មានមនុស្សចាស់ជាច្រើន ជាអ្នកប្រើស្តាំដោយបង្ខំ ពួកគាត់ច្បាស់ជានៅចងចាំហេតុការណ៍ទាំងអស់នេះ។ ក្មេងរៀនអក្សរមិនចេះ អាចបណ្តាលមកពីក្មេងនោះជាអ្នកប្រើឆ្វេង តែត្រូវសម្របខ្លួនរស់ក្នុងសង្គមដែលគេប្រើស្តាំ។ គេសង្កេតឃើញវិបត្តិនេះមានកើតច្រើនចំពោះក្មេងប្រើឆ្វេង តែត្រូវបង្ខំឱ្យងាកមកប្រើស្តាំ។ ឥលូវនេះ គេបានដឹងនិងយល់ហើយ គេមិនបង្ខំក្មេងទៀតទេ ! គេទុកឱ្យក្មេងសម្របខ្លួនក្នុងសង្គម ក្នុងសាលារៀន ក្នុងនាមជាអ្នកប្រើឆ្វេងតាមសម្រួល។ ហើយអ្វីដែលគួរឱ្យអស្ចារ្យ គឺទោះបីជាខុសគេយ៉ាងណាក៏ដោយ ក៏អ្នកប្រើឆ្វេងនៅតែអាចត្រដររស់បាន ទោះបីក្នុងកាលៈទេសៈលំបាកខ្លាំង និងសង្គ្រាមយ៉ាងណាក៏ដោយ។ តើនេះមកពីពួកគេមានឆ្លាតជាងអ្នកប្រើស្តាំ ដូចការជំនឿតគ្នាមែនឬយ៉ាងណា ?! មានការសិក្សាច្រើនណាស់ជុំវិញចំណោទនេះ។ ខ្លះថាពូកែជាង បន្ទាប់មកខ្លះអន់ជាង និងខ្លះដូចតែគ្នា ... ដោយពិតសម្រាប់បច្ចុប្បន្ននេះ គេសម្គាល់ឃើញថា អ្នកប្រើឆ្វេងមានភាពឆ្លាតវាងវៃក្នុងវិស័យពីរ ដែលគ្មានមុខវិជ្ជារៀននៅសាលា តែក៏សំខាន់ដែរក្នុងជីវិត។ ទីមួយគឺ បញ្ញាផ្នែកសិល្បៈកាយវិការ-ធ្វើដោយដៃ (រាំ ធ្វើកាយវិការ លេងកីឡាដោយប្រើដៃ ល្បែងត្រេះ ...) និងបញ្ញាទាក់ទងនឹងទីកន្លែងនិងចម្ងាយ (ពូកែខាងមើលរូប ខាងធរណីមាត្រ ប្លង់ ក្រាហ្វិក ...)។ ដោយសារខួរក្បាលខាងស្តាំ មានតួនាទីចាត់ចែងបែបសិល្បៈនិងចលនា និងជាបញ្ជាដៃឆ្វេង គេសង្គេតឃើញថា អ្នកប្រើដៃឆ្វេង ច្រើនតែមានប្រតិកម្មដៃជើងរហ័ស ភ្នែកវៃ រវាស ជាងអ្នកប្រើស្តាំ ព្រោះខួរក្បាលបញ្ជាផ្ទាល់ មិនដូចអ្នកប្រើស្តាំដែលបញ្ជាចេញពីខួរក្បាលស្តាំឆ្លងទៅខួរក្បាលឆ្វេងសិន ទើបដៃស្តាំធ្វើសកម្មភាព។ ល្បឿនខុសគ្នាតែមួយចម្រៀកនៃវិនាទីទេ ប៉ុន្តែគ្រប់គ្រាន់នឹងនាំអ្នកប្រើឆ្វេងឱ្យពូកែខ្លាំងក្នុងវិស័យកីឡាតទល់គ្នា ដូចជា ប្រដាល់ វាយសី ចាក់ដាវ ពីងប៉ុង។
អ្នកប្រើឆ្វេង គ្មានផលវិបាកអ្វីផ្សេងក្រៅពីការត្រូវប្រឹងសម្របខ្លួនក្នុងសង្គមអ្នកស្តាំទេ។ តែការមានសិក្សាបានបង្ហាញថាអ្នកប្រើឆ្វេងច្រើនតែអាយុខ្លីជាងអ្នកប្រើដៃស្តាំ ព្រោះគេពុំសូវរកឃើញមនុស្សចាស់ជរាអាយុចាប់ពី៨០ឆ្នាំឡើងប្រើឆ្វេងមានជីវិតណាស់។ អាយុសង្ឃឹមរស់របស់អ្នកប្រើដៃឆ្វេង ខ្លីជាងមនុស្សទូទៅ (អ្នកប្រើស្តាំ) ប្រមាណ៦ឆ្នាំ។
តើគួរហាមមិនឱ្យប្រើដៃឆ្វេងទេ? អ្នកឆ្វេងបង្ខំចិត្តប្រើដៃស្តាំ អាចជួបផលវិបាកអ្វីខ្លះ?
តើលោកអ្នកធ្លាប់ឮពាក្យកំប្លែងលេង ថា ដៃស្តាំកាត់ផ្តិល ដៃឆ្វេងកាន់ផ្ទាល់ដែរឬទេ ?! តាំងពីសម័យកាលដ៏យូរលង់មកក្នុងវប្បធម៌គ្រិស្ត ដៃឆ្វេងត្រូវបានគេរក្សាទុកថាជាដៃអាក្រក់ “ដៃព្រាយបិសាច” មានប្រយោជន៍តែសម្រាប់ពេលទៅបង្គន់។ ចំណែកដៃស្តាំ ជាដៃល្អ សម្រាប់ធ្វើការងារថ្លៃថ្នូរ ដូចជា សរសេរ កាន់អាហារបរិភោគ ... ដូច្នេះជនដែលប្រើដៃឆ្វេងជាសំខាន់ ត្រូវរស់ប្រឈមនឹងភាពតូចចិត្តយ៉ាងខ្លាំង និងត្រូវរងការបង្ខិតបង្ខំ ឬបង្ខំខ្លួនឯងឱ្យប្រើដៃស្តាំ។ គេត្រូវរង់ចាំដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ ទើបមានការអនុញ្ញាតឱ្យប្រើដៃឆ្វេង និងមានការទទួលស្គាល់ពីសង្គមត្រឹមត្រូវ។ វិទ្យាសាស្ត្រក៏បានយល់ដឹងកាន់តែច្រើនអំពីបាតុភូតពីនៃការប្រើដៃស្តាំឬដៃឆ្វេងនេះ។ ហើយក្រុមគ្រូពេទ្យជំនាញ បានណែនាំអ្នកជាឪពុកម្តាយ កុំបង្ខំក្មេង ទុកឱ្យក្មេងសម្រេចចិត្តប្រើស្តាំ ឬប្រើឆ្វេងដោយខ្លួនឯង និងសូមកុំកាច់បង្ខំកូន ដែលមាននិន្នការប្រើឆ្វេង ឱ្យមកប្រើស្តាំឱ្យព្រោះទង្វើបែបនេះអាចនឹងធ្វើឱ្យមានការរំខានដល់ការលូតលាស់របស់ក្មេង។
ថ្វីបើមានចំនួនដល់ទៅប្រមាណ១ពាន់លាននាក់នៅលើពិភពលោកមែន តែមិនសូវបានទទួលការយកចិត្តទុកដាក់ពីសង្គមមនុស្សទូទៅទេ។ អ្នកប្រើឆ្វេង ឆ្គង អក្សរមិនស្អាត វៀចឆ្អឹងខ្នង កដៃ ងាយប្រឈមនឹងគ្រោះថ្នាក់ និង ជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើភពផែនដី ដែលផលិតវត្ថុប្រើប្រាស់ សម្រាប់តែអ្នកប្រើស្តាំ (កន្ត្រៃ ប្រដាប់បើកគ្រឿងកំប៉ុង គ្រឿងអេឡិចត្រូនិក គ្រឿងជាង សៀវភៅ ប៊ិច ...)។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏គេមិនត្រូវបង្ខំក្មេងឱ្យប្រើស្តាំឡើយ ព្រោះបង្ខំក្មេងប្រើឆ្វេងឱ្យកាន់ស្តាំ ប្រៀបដូចជាបង្ខំក្មេងឱ្យដើរដោយប្រើដៃ មិនមែនដើរដោយជើងយ៉ាងដូច្នោះ។ ដូច្នេះផលវិបាកអាចធ្ងន់ធ្ងរខ្លាំង ដូចជាអាចធ្វើឱ្យក្មេងមានបញ្ហានិយាយត្រដិត រៀនអានរៀនសរសេរមិនចេះ នោមយប់ (អាយុច្រើនហើយនៅដេកនោមយប់) ភ្នែកស្រឡេវ/កែក។
ពេទ្យជំនាញផ្នែកចិត្តសាស្ត្រនិងការលូតលាស់ អាចមានវិធីធ្វើតេស្តសាកល្បង រកថាតើសរីរាង្គកាយណាប្រើស្តាំ ណាប្រើឆ្វេង។ មានអាការៈសញ្ញាខ្លះ ក៏ជាការផ្តល់ដំណឹងជំរុញឱ្យអ្នកជាម្តាយឪពុកចាប់គិតថាទំនងមកពីបញ្ហាឆ្វេងឬស្តាំហើយ។ អាការៈសញ្ញាមាន ដូចជា ៖
- រៀនអានមិនចេះ អានឬសរសេរបញ្ច្រាស ឧទាហរណ៍មើលអក្សរ ថ ថា ឋ d ជា b នេះមកពីភ្នែកឆ្វេងជាអ្នកនាំមុខ
- ឈឺក្បាល
- ហឹងត្រចៀក
- ឈឺភ្នែក
- ពិបាកផ្ចង់អារម្មណ៍
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ