អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារ៉ាក់ អូបាម៉ា សរសេរ​ដៃ​ឆ្វេង តារាល្បីៗដូច​ជា​អង់ហ្សេលីណា ចូលី មេស៊ី ... ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ដៃ​ឆ្វេង។ គេថា​​​អ្នក​ប្រើ​ដៃ​ឆ្វេង ឆ្គង​ តែ​ឆ្លាត ពូកែ ខ្លាំង ជា​ង​អ្នក​ប្រើ​ដៃស្តាំ។ តើ​ជា​ការ​ពិត​មែន​ឬ ? ចុះ​កូន​លោក​អ្នក​ ? តើ​កូន​អ្នក​ប្រើ​ដៃ​ស្តាំ​ឬ​ដៃ​ឆ្វេង ? ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ខ្លះ​ប្រើ​ដៃ​ស្តាំ អ្នក​ខ្លះ​ប្រើ​ដៃ​ឆ្វេង ? មាន​គំនិត​ និង​ការ​ចំណាំ​ផ្សេងៗ​ប្លែកៗគ្នា​ច្រើន​ ទាក់ទង​នឹង​ការ​ប្រើ​ដៃ​ស្តាំ​ ឬ​ដៃ​ឆ្វេង​នេះ។ អ្នក​វិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ ក៏​ចាប់​អារម្មណ៍​និង​ធ្វើ​ការ​សិក្សាច្រើន​ខ្លាំង​ណាស់​ដែរ​ទាក់​ទង​នឹង​ទំនោរ​ចិត្ត​ប្រើ​ដៃ​ឆ្វេង​​ឬ​ដៃ​ស្តាំ។

លោកអូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក សរសេរ​និង​ប្រើ​ដៃ​ឆ្វេង
លោកអូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក សរសេរ​និង​ប្រើ​ដៃ​ឆ្វេង (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

សរីរាង្គ​ខ្លួន​ប្រាណខាង​ឆ្វេង​និង​ខាង​ស្តាំ​នេះ មិន​ស្មើ​គ្នា​ទេ ! មាន​ម្ខាង​ខ្លាំង​ជាង​ម្ខាង​ ម្ខាង​ទំនង​​ជាង​ម្ខាងទៀត។ សរីរាង្គ (ដៃ ជើង ត្រចៀក ភ្នែក ...)​ ស្តាំ​និង​ឆ្វេង មាន​​កម្លាំង និង​ភាព​ប្រសព្វ​មិន​ដូចគ្នា។ យើង​មាន​ដៃ​ ឬ​ជើង ម្ខាង​ណា ពូកែ​ និង​ខ្លាំង​ជាង​ម្ខាងទៀត ចំណែក​ភ្នែក​និង​ត្រចៀក​ក៏​ដូច​គ្នា មាន​ម្ខាងមើល​​មុត និង​ឮ​ជាង​ម្ខាង​ទៀត។ ជាង​នេះ​ទៅ​ទៀត បើ​​យើង​ប្រើ​ខ្លាំង​ខាង​ណា ខាង​នោះ​កាន់​តែ​រឹង​មាំ កាន់​តែ​ពូកែ។

ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​យូរ ទម្រាំ​ដឹង​ថាផ្នែកខាង​ណា​នៃ​សរីរាង្គកាយ​ខ្លាំង​ជាង​ខាង​ណា។ ពី​ពេលកើត​មក​ភ្លាម រហូត​ដល់​​​​​អាយុ ​៦ទៅ​៧ ខែ ទារក​អាច​ប្រើ​ដៃ-ជើង​ (​ឆ្វេង​ ឬ​ស្តាំ​) ​ចាប់​យក​វត្ថុ​អ្វីមួយ ដោយគ្មាន​ឆ្គង​ឡើយ។ ក្នុង​វ័យលូតលាស់​នេះ ក្មេង​​ប្តូរ​ផ្លាស់​ច្រើន។ តាម​ធម្មតា គេ​អាច​​​កំណត់​បានថា​សរីរាង្គកាយ​ខាង​ណា​ខ្លាំង​ជាង​ខាង​ណា ឬ​ដឹង​​ជា​ប្រាកដ​ថាក្មេង​ម្នាក់​នេះ កូន​ម្នាក់​នោះ ជា​អ្នក​ប្រើដៃ​​ស្តាំ ឬ​ប្រើ​ដៃ​ឆ្វេង ជា​ចំបង គឺ​នៅ​ពេល​ក្មេង​មាន​អាយុ​៦-៧​ឆ្នាំ។ ជម្រើស​ប្រើដៃ​​ឆ្វេង​ឬ​ស្តាំ​អាច​ចាប់​ផ្តើម​​បញ្ជាក់ នៅ​ពេល​ក្មេង ចាប់​មាន​សមត្ថភាព​ភាសា​ពេញ​លេញ ពោលគឺ​ចាប់​ពី​​អាយុ​៤-៥​ឆ្នាំ។

ការ​សម្រេច​បើ​ដៃ​ខាង​ណា ជាង​ដៃ​ខាងណា គឺ​អាស្រ័យ​ទៅ​លើ​ការ​លូត​លាស់​របស់​ខួរ​ក្បាល ឬ​អាចនិយាយ​​បញ្ច្រាស​មក​វិញ​បាន​​ថា នៅ​ពេល​គេ​ឃើញ​ក្មេង​សម្រេច​​ប្រើ​ដៃខាង​ណា​ហើយ នោះ​គេ​នឹង​អាច​យល់​អំពី​ដំណើរការ និងកា​រ​រៀប​ចំ​វិវឌ្ឍ​របស់​​ខួរ​ក្បាល។​ ខួរក្បាល​មនុស្ស​មាន​ពីរ​ផ្នែក មួយ​ចំហៀង​នៅ​ខាង​ស្តាំ មួយ​ចំហៀង​ទៀត​នៅ​ខាង​ឆ្វេង។ ខួរក្បាល​​​ជា​ម៉ាស៊ីន​បញ្ជា​សរីរាង្គ ៖ ខួរ​ខាង​ស្តាំ បញ្ជា​សរីរាង្គ​កាយ​ខាង​ឆ្វេង ឯ​ខួរ​ខាង​ឆ្វេង​បញ្ជា​សរីរាង្គ​កាយ​ខាង​ស្តាំ។ ខួរក្បាល​ពីរ​ចំហៀងនេះ​ មាន​ម្ខាង​ មាន​ប្រៀប​ជាង​ម្ខាង ! បើ​ខួរក្បាល​​ផ្នែក​ខាងណា​មាន​ប្រៀប​ជាង គឺ​សរីរាង្គនៅផ្នែក​​ម្ខាងទៀត ជា​អ្នក​មាន​សកម្មភាព​ខ្លាំង​។ ឧទាហរណ៍ អ្នក​ប្រើ​ដៃ​ឆ្វេង​ មក​ពីខួរក្បាល​ស្តាំ​គាត់​​មានប្រៀប​ជាង​ខួរ​ក្បាល​ឆ្វេង។ ឯ​អ្នក​ប្រើ​ដៃ​ស្តាំ​ មក​ពី​ខួរក្បាល​ផ្នែ​ក​ខាង​ឆ្វេង​មាន​ប្រៀប​ជាង។

ខួរក្បាល​ចែក​ពីរផ្នែក​ ដឹកនាំ​បញ្ជា​សរីរាង្គ​កាយ​មិន​ដូច​គ្នា និង​បញ្ជាខ្វែងខាង​​គ្នា យ៉ាង​ដូច្នេះ គឺ​ដើម្បី​កុំ​​ឱ្យ​មាន​ខាង​ប្រកួត​ប្រជែង​គ្នា​។ ជា​ទូទៅ​ ខួរក្បាល​ខាង​ឆ្វេង​ ជា​ត្រួត​ត្រាបញ្ជា​ផ្នែក​ភាសា ហើយ​គឺ​ខួរក្បាល​ខាង​ឆ្វេង​ដដែល​នេះ​ជា​អ្នក​គ្រប់​គ្រង​ចលនា​​ ហេតុដូច្នេះ​ហើយ​បាន​ជា មនុស្សភាគ​ច្រើន​​នៅ​លើ​ភព​ផែន​ដី ភាគ​ច្រើន​ជា​អ្នក​ប្រើដៃ​ស្តាំ (៩០%) ! និង​មាន​មនុស្ស​ប្រមាណតែ​​១០​%​ ប៉ុណ្ណោះ ជា​អ្នក​ប្រើ​ដៃ​ឆ្វេង។ ប៉ុន្តែ​តួលេខ​នេះ​មិន​ជា​ប្រាកដ​ប៉ុន្មាន​ឡើយ ព្រោះ​គេ ​បាន​គិត​រាប់​តែ​អ្នក​ប្រើ​ឆ្វេង​សុទ្ធ​ ឬ​ស្តាំ​សុទ្ធ​តែ​ប៉ុណ្ណោះ។

អ្នក​ប្រើ​ឆ្វេងសុទ្ធ​ មិន​មែន​គ្រាន់​តែ​ ធ្វើការ កាន់វត្ថុ​ឬ​​សរសេរ​ ដោយ​ដៃ​ឆ្វេង​ដែល​គេ​អាច​​សម្គាល់​ឃើញ​បាន​ដោយ​ងាយនោះ​ទេ តែ​សរីរាង្គ​ផ្សេង​ទៀត ពី​លើ​ដល់​ក្រោម រាប់​តាំង​ពី​ភ្នែក ត្រចៀក ជើង ផ្នែក​ខាង​ឆ្វេង​សុខ​តែ​ខ្លាំង និង​មាន​ទំនង​ជាង​​ខាង​ស្តាំ​ទាំង​អស់។ ឯអ្នក​ប្រើ​ស្តាំ​សុទ្ធ គឺសំដៅ​ទៅ​លើអ្នក​ប្រើ​ដៃស្តាំ និង​ ជើង ត្រចៀក ភ្នែក ផ្នែក​ខាង​ស្តាំខ្លាំង​ព្រម​គ្នា​ទាំង​អស់។

នៅ​​​មាន​ករណី​អ្នក​ឆ្វេង​មិន​សុទ្ធ ឬ​ស្តាំ​មិន​សុទ្ធ ច្រើន​ប្រភេទ​ទៀត។ ឆ្វេង​មិន​សុទ្ធ​គឺ សរសេរ ប្រើ ធ្វើ​ការ​​ដៃ​ឆ្វេង​មែន ប៉ុន្តែមាន​ភ្នែក​ស្តាំ ឬ​ជើង​ស្តាំ ឬ​ត្រចៀក​ស្តាំ ខ្លាំង​រឹង​មាំជាង ឬ​ក៏​បញ្ច្រាស​មក​វិញ ប្រើ​ដៃ​ស្តាំ តែពូកែ​​​ភ្នែក​ឆ្វេង ឬ​ត្រចៀក​ឆ្វេង។ ពោល​គឺ​អាច​ជា​បង្គំ ​គ្រប់​ទម្រង់គ្រប់បែប។ ករណី​ចុងក្រោយ​​មួយ​ទៀត អ្នក​ប្រើ​ឆ្វេងក៏​បាន​​ ស្តាំ​ក៏​បាន​។ មនុស្ស​ក្នុង​ជំពូក​​នេះ​មាន​ប្រមាណ​ជា​២-៣%​នៃ​ប្រជាជន​សរុប​។

ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ប្រើ​ឆ្វេង និង​អ្នក​ប្រើ​ស្តាំ?

មាន​សម្មតិកម្ម​ជា​ច្រើនបញ្ជាក់​អំពី​ជម្រើស​ប្រើ​ឆ្វេង​ឬ​ស្តាំ ថា​មាន​​ទាក់ទង​នឹង​បញ្ហា​ហ្សែន។ ការ​ប្រើ​ឆ្វេង​មិនមែន​ជា​បញ្ហា​តំណពូជ​ទេ។ ប៉ុន្តែហ្សែន​ប្រើ​ឆ្វេង​អាច​ឆ្លង​ទៅ​ដល់​កូន​ចៅ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រសិន​បើ​អ្នក​ជា​ឪពុកម្តាយ ជា​អ្នក​ប្រើ​ឆ្វេង​ទាំង​ពីរ ​នោះលទ្ធភាពមាន​កូន​ប្រើ​ឆ្វេង​ដែរ ក្នុង​កំរិត​ខ្ពស់ ដល់​ទៅ ៤៦%។ លទ្ធភាព​មាន​កូន​ប្រើ​ឆ្វេងនឹង​ធ្លាក់​ចុះ​មក​ត្រឹម១៧% បើ​មាន​ម្តាយ​ឬ​ឪពុក​តែ​ម្នាក់​ប្រើ​ឆ្វេង។ តែ​បើ​ទាំង​ឪពុក​ទាំង​ម្តាយ​មិន​មែន​ជា​អ្នក​ប្រើ​ឆ្វេង​សោះ​ លទ្ធភាព​មាន​កូន​កើតមក​ជា​អ្នក​ប្រើ​ឆ្វេង មាន​ត្រឹម​តែ​២%​ទេ។​ ការ​ប្រើ​ឆ្វេង​អាច​ឆ្លង​ជំនាន់ គ្រួសារ​ប្រើ​ឆ្វេង​មិន​ប្រាកដ​មាន​កូន​ជា​អ្នក​ប្រើឆ្វេង​ទេ តែ​អាច​ជា​ទៅ​ចៅឬ​ចៅ​ទួត។ សម្មតិកម្ម​មួយ​ទៀត គឺ​ទាក់​ទង​នឹង​ជំហរ​របស់​ទារក​កាលពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ជំហរ​ក្នុង​ពេល​បង្ក​កំណើត​ក៏​មាន​ឥទ្ធិពល​នាំ​ឱ្យ​មាន​ការ​ប្រើ​ឆ្វេង​នេះ​ដែរ។ ហើយ​ជាចុង​ក្រោយ បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន។”

តើ​អ្នក​ប្រើ​ដៃ​ឆ្វេង​ មាន​ប្រាជ្ញា​និងពូកែ​ជាង​អ្នក​ប្រើ​ស្តាំ​មែន​ឬ?

“បច្ចុប្បន្ន​គេ​មិន​ធ្វើ​បាប​ក្មេង​ប្រើ​ដៃ​ឆ្វេង​ ដូច​សម័យ​មុន​ទេ។ ពីដើម​មក គេ​បង្ខំ​ក្មេង​និយម​ឆ្វេង ឱ្យ​សរសេរ​ដៃ​ស្តាំ ដោយចង​ដៃ​ឆ្វេង​ទៅក្រោយ​ក៏​មាន​ដែរ។ មាន​មនុស្ស​ចាស់​ជា​ច្រើន ជា​អ្នក​ប្រើ​ស្តាំ​ដោយ​បង្ខំ​ ពួកគាត់​ច្បាស់​ជា​នៅ​ចង​ចាំ​ហេតុការណ៍​ទាំង​អស់​នេះ។ ក្មេង​រៀនអក្សរ​​មិន​ចេះ​ អាច​បណ្តាល​មក​ពីក្មេង​នោះ​ជា​អ្នក​ប្រើ​ឆ្វេង តែ​ត្រូវ​សម្រប​ខ្លួន​រស់​ក្នុង​សង្គម​ដែល​គេ​ប្រើ​ស្តាំ។ គេ​សង្កេត​ឃើញ​វិបត្តិ​នេះ​មាន​កើត​ច្រើន​ចំពោះ​ក្មេង​ប្រើ​ឆ្វេង តែ​ត្រូវ​បង្ខំ​ឱ្យ​ងាក​មក​ប្រើ​ស្តាំ។ ឥលូវ​នេះ គេ​បាន​ដឹង​និងយល់​ហើយ គេ​មិន​បង្ខំ​ក្មេង​ទៀត​ទេ ! គេ​ទុក​ឱ្យ​ក្មេង​សម្រប​ខ្លួន​ក្នុង​សង្គម ក្នុង​សាលា​រៀន​ ក្នុង​នាម​ជា​អ្នក​ប្រើ​ឆ្វេង​តាម​សម្រួល​។ ហើយ​អ្វី​ដែល​គួរឱ្យ​អស្ចារ្យ គឺ​ទោះ​បី​ជា​ខុស​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកប្រើ​ឆ្វេង​នៅ​តែ​អាច​ត្រដរ​រស់​បាន​ ទោះ​បី​ក្នុង​កាលៈ​ទេសៈ​លំបាក​ខ្លាំង និង​សង្គ្រាម​យ៉ាង​ណា​ក៏​ដោយ។ តើនេះ​មក​ពី​ពួកគេ​មាន​ឆ្លាត​ជាង​អ្នក​ប្រើ​ស្តាំ ដូច​ការ​ជំនឿ​តគ្នា​​មែន​ឬ​យ៉ាងណា ?! មាន​ការ​សិក្សា​ច្រើន​ណាស់ជុំ​វិញចំណោទ​នេះ។ ខ្លះ​ថា​ពូកែជាង បន្ទាប់​មក​ខ្លះ​អន់​ជាង និង​ខ្លះ​ដូច​តែ​គ្នា ... ដោយ​ពិតសម្រាប់​បច្ចុប្បន្ន​នេះ គេ​សម្គាល់​ឃើញ​ថា ​អ្នកប្រើ​ឆ្វេង​មាន​ភាព​ឆ្លាត​វាងវៃក្នុង​វិស័យពីរ​ ដែល​គ្មាន​មុខវិជ្ជា​រៀន​នៅ​សាលា តែ​ក៏​សំខាន់​ដែរ​ក្នុង​ជីវិត។ ទី​មួយ​គឺ​ បញ្ញា​ផ្នែកសិល្បៈ​​កាយវិការ-ធ្វើដោយ​ដៃ​ (រាំ​ ធ្វើ​កាយវិការ លេង​កីឡា​ដោយ​ប្រើ​ដៃ ល្បែង​ត្រេះ ...) និង​បញ្ញា​ទាក់ទង​នឹង​ទីកន្លែង​និង​ចម្ងាយ (ពូកែ​ខាង​មើល​រូប ខាងធរណីមាត្រ ប្លង់​ ក្រាហ្វិក ...)។ ដោយ​សារ​ខួរក្បាល​ខាង​ស្តាំ មាន​​តួនាទី​​ចាត់ចែងបែប​សិល្បៈនិង​​ចលនា និង​ជា​បញ្ជា​​ដៃ​ឆ្វេង គេ​សង្គេត​ឃើញ​ថា​ ​អ្នក​ប្រើដៃ​​ឆ្វេង ច្រើន​តែ​មាន​ប្រតិកម្ម​ដៃ​ជើង​រហ័ស​ ភ្នែក​វៃ រវាស​ ​ជាង​អ្នក​ប្រើ​ស្តាំ ព្រោះ​ខួរក្បាល​បញ្ជា​ផ្ទាល់​ មិន​​ដូច​អ្នក​ប្រើ​ស្តាំ​ដែលបញ្ជា​ចេញពី​ខួរក្បាល​ស្តាំ​ឆ្លង​ទៅ​ខួរក្បាល​ឆ្វេងសិន ទើប​ដៃ​ស្តាំ​ធ្វើ​សកម្មភាព។ ល្បឿន​ខុស​គ្នា​តែ​មួយ​ចម្រៀកនៃ​វិនាទី​ទេ ប៉ុន្តែ​គ្រប់គ្រាន់​នឹង​នាំ​អ្នក​ប្រើ​ឆ្វេង​ឱ្យ​​ពូកែ​ខ្លាំង​ក្នុង​វិស័យ​កីឡា​តទល់​គ្នា ដូច​ជា​ ប្រដាល់ វាយ​សី ចាក់ដាវ ពីងប៉ុង។

អ្នក​ប្រើ​ឆ្វេង​ គ្មាន​ផលវិបាក​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ត្រូវ​ប្រឹង​សម្រប​ខ្លួន​ក្នុង​សង្គម​អ្នក​ស្តាំ​ទេ។ តែ​ការមាន​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ប្រើ​ឆ្វេង​ច្រើន​តែ​អាយុ​ខ្លីជាង​អ្នក​ប្រើ​ដៃ​ស្តាំ ព្រោះ​គេ​ពុំ​សូវ​រក​ឃើញ​មនុស្ស​ចាស់​ជរាអាយុ​ចាប់​ពី​៨០​ឆ្នាំ​ឡើង​​ប្រើ​ឆ្វេង​មាន​ជីវិត​ណាស់។ ​អាយុ​សង្ឃឹម​​​រស់​របស់​អ្នក​ប្រើដៃ​​ឆ្វេង ខ្លី​ជាង​មនុស្ស​ទូទៅ (អ្នក​ប្រើ​ស្តាំ) ប្រមាណ​៦​ឆ្នាំ។

តើ​គួរ​ហាមមិន​ឱ្យ​ប្រើ​ដៃ​ឆ្វេង​ទេ? អ្នក​ឆ្វេង​បង្ខំ​ចិត្ត​ប្រើ​ដៃ​ស្តាំ អាច​ជួប​ផលវិបាក​អ្វី​ខ្លះ?

តើ​លោក​អ្ន​ក​ធ្លាប់​ឮ​ពាក្យ​កំប្លែង​លេង ថា ដៃ​ស្តាំ​កាត់​ផ្តិល ដៃ​ឆ្វេង​កាន់​ផ្ទាល់​ដែរ​ឬទេ ?! តាំង​ពី​​សម័យកាលដ៏​​យូរ​លង់មកក្នុង​វប្បធម៌​គ្រិស្ត​ ​ដៃ​ឆ្វេង​ត្រូវ​បាន​គេ​រក្សា​ទុកថា​ជា​ដៃ​អាក្រក់ “ដៃ​ព្រាយ​បិសាច” មាន​ប្រយោជន៍​តែ​សម្រាប់​ពេល​ទៅ​បង្គន់។ ចំណែក​ដៃ​ស្តាំ ជា​ដៃល្អ ​សម្រាប់​ធ្វើការងារ​ថ្លៃថ្នូរ ដូច​ជា សរសេរ កាន់​អាហារ​បរិភោគ ... ដូច្នេះ​ជន​ដែល​ប្រើ​ដៃ​ឆ្វេង​ជា​សំខាន់​ ត្រូវ​រស់​ប្រឈម​នឹង​ភាព​តូច​ចិត្ត​យ៉ាង​ខ្លាំង​ និង​ត្រូវ​រង​ការ​បង្ខិត​បង្ខំ ឬ​បង្ខំ​ខ្លួន​ឯង​ឱ្យ​​ប្រើ​ដៃ​ស្តាំ។ គេត្រូវ​រង់​ចាំ​ដល់​ពាក់​កណ្តាល​សតវត្សរ៍ទី ២០ ទើបមាន​ការ​អនុញ្ញាត​ឱ្យ​​ប្រើ​ដៃ​ឆ្វេង​ និង​មាន​ការ​ទទួល​ស្គាល់​ពីសង្គម​ត្រឹមត្រូវ។ វិទ្យាសាស្ត្រ​ក៏​បាន​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​បាតុភូតពីនៃ​​ការ​ប្រើ​ដៃ​ស្តាំ​ឬ​ដៃ​ឆ្វេង​នេះ។ ហើយ​​​ក្រុម​គ្រូពេទ្យជំនាញ បានណែនាំ​អ្នក​ជា​ឪពុកម្តាយ កុំ​​បង្ខំ​ក្មេង ទុក​ឱ្យ​ក្មេង​សម្រេច​ចិត្ត​ប្រើ​ស្តាំ ឬ​ប្រើ​ឆ្វេង​ដោយ​ខ្លួនឯង និង​សូម​កុំ​កាច់​បង្ខំ​កូន ​​ដែល​មាន​និន្នការ​ប្រើ​ឆ្វេង ឱ្យ​មក​ប្រើ​ស្តាំ​ឱ្យ​ព្រោះ​ទង្វើ​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​រំខាន​ដល់​ការ​លូត​លាស់​របស់​ក្មេង។

ថ្វីបើ​មាន​ចំនួន​ដល់​ទៅ​ប្រមាណ​១ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​មែន តែ​មិន​សូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​មនុស្ស​ទូទៅ​ទេ។ ​អ្នក​ប្រើ​ឆ្វេង ឆ្គង​ អក្សរ​មិន​ស្អាត វៀចឆ្អឹងខ្នង កដៃ ងាយប្រឈម​នឹង​គ្រោះ​ថ្នាក់ និង ជួប​ការ​លំបាក​ខ្លាំង​ក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​លើ​ភព​ផែនដី ដែល​ផលិត​​វត្ថុប្រើ​ប្រាស់ ​សម្រាប់​តែ​អ្នក​ប្រើ​ស្តាំ (កន្ត្រៃ ប្រដាប់​បើក​គ្រឿង​កំប៉ុង គ្រឿង​អេឡិចត្រូនិក គ្រឿង​ជាង សៀវភៅ ប៊ិច ...)។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គេ​មិនត្រូវ​​បង្ខំ​ក្មេង​ឱ្យ​ប្រើ​ស្តាំឡើយ​ ព្រោះ​បង្ខំ​ក្មេង​ប្រើ​ឆ្វេង​ឱ្យ​កាន់​ស្តាំ ប្រៀប​ដូច​ជា​បង្ខំ​ក្មេង​ឱ្យ​ដើរ​ដោយ​ប្រើ​ដៃ មិនមែន​ដើរ​ដោយ​ជើង​យ៉ាង​ដូច្នោះ។ ដូច្នេះ​ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ដូច​ជា​អាច​ធ្វើ​ឱ្យ​ក្មេង​មាន​បញ្ហា​និយាយ​ត្រដិត រៀនអានរៀន​សរសេរ​មិន​ចេះ នោមយប់ (អាយុ​ច្រើន​ហើយ​នៅ​ដេកនោម​យប់) ភ្នែក​ស្រឡេវ/កែក។

ពេទ្យ​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​និង​ការលូតលាស់ អាច​មាន​វិធី​ធ្វើ​តេស្ត​សាកល្បង រក​ថា​តើ​សរីរាង្គ​កាយ​ណា​ប្រើ​ស្តាំ ណា​ប្រើ​ឆ្វេង។ មាន​អាការៈ​សញ្ញា​ខ្លះ​ ក៏​ជា​ការ​ផ្តល់​ដំណឹង​ជំរុញ​ឱ្យ​អ្នក​ជា​ម្តាយ​ឪពុក​ចាប់​​គិត​ថា​ទំនង​មក​ពី​បញ្ហា​ឆ្វេង​ឬ​ស្តាំ​ហើយ។ អាការៈ​សញ្ញា​មាន ដូច​ជា ៖

  • ​រៀន​អាន​មិន​ចេះ​ អាន​ឬ​សរសេរ​បញ្ច្រាស ឧទាហរណ៍​មើល​អក្សរ ថ ថា ឋ d ជា​ b នេះ​មក​ពី​ភ្នែក​ឆ្វេង​ជា​អ្នក​នាំ​មុខ
  • ឈឺ​ក្បាល
  • ហឹង​ត្រចៀក
  • ឈឺ​ភ្នែក
  • ពិបាក​ផ្ចង់​អារម្មណ៍​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ