អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មហារីក​សុដន់​លើ​ស្ត្រី​ក្រោម​អាយុ​៤០ឆ្នាំ ច្រើ​នតែ​ធ្ងន់ និង​ពិបាក​ព្យាបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ដុំ​ក្នុង​សុដន់ សុដន់រោល​​ឡើង​ពណ៌​ក្រហម ... រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់ ពុំ​សូវ​បង្ហាញឱ្យ​ច្បាស់​លាស់​ទេ ជួន​កាល​ទៀត វា​គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​សោះ​តែ​ម្តង​។ វាកាន់​តែ​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​មើល​មិន​ឃើញ​អ្វី​សោះ​ ថែម​ទៀត នៅ​ពេល​មហារីក​កើត​លើ​រូប​ស្ត្រី​នៅ​វ័យ​ក្មេង​ ព្រោះ​គេ​គិត​ថា​ជា​វ័យ​ដែល​គ្មាន​រង​ហានិភ័យ។ ប៉ុន្តែ​ជា​ការ​គិត​ខុស ជំងឺ​មហារីក​សុដន់​ អាច​កើត​មាន​លើ​ស្ត្រី​គ្រប់វ័យ​ និងក្មេង​ខ្លាំង​ក្រោម​អាយុ​៤០​ឆ្នាំ​ផង​ក៏​មាន។ តើ​មាន​សញ្ញា​អ្វី​ដាស់​ប្រាប់​ឱ្យ​ស្ត្រីក្មេង​ប្រុង​ប្រយ័ត្ន​ថែ​សុខភាពសុដន់ ? តើ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេលណា ? ​​មហារីក​សុដន់​លើ​ស្ត្រី​ក្មេង​ខុស​ពី​ជំងឺ​កើត​លើ​មនុស្ស​វ័យ​ចំណាស់​ឬ ?

ស្ត្រី​វ័យ​ក្មេង​ក្រោម​៤០​ឆ្នាំ​ក៏​អាច​រងគ្រោះ​ជួប​ជំងឺ​​មហារីក​សុដន់​ដែរ
ស្ត្រី​វ័យ​ក្មេង​ក្រោម​៤០​ឆ្នាំ​ក៏​អាច​រងគ្រោះ​ជួប​ជំងឺ​​មហារីក​សុដន់​ដែរ ©AFP
ផ្សាយពាណិជ្ជកម្ម

ជំងឺ​មហារីក​សុដន់​ ​កើត​មាន​ច្រើន​លើ​មនុស្សស្រី​​វ័យ​ចំណាស់​ ក្រោយ​ពី​អស់​រដូវ​ទៅ។ ជា​អត្រា​ខ្ពស់ បើ​ប្រៀប​ទៅ​នឹង​ស្ត្រី​វ័យ​ក្មេង ប៉ុន្តែ​ពុំ​មាន​ន័យ​ថា ស្ត្រី​វ័យ​ក្មេង​មិន​កើត​ជំងឺ​មហារីក​សុដន់​សោះ​ឡើយ។

មហារីក​សុដន់​អាច​កើត​លើ​ស្ត្រីគ្រប់វ័យ មិន​ថា​ស្ត្រីមាន​ប្តី​ ស្ត្រី​ចំណាស់​អស់​រដូវ ឬ​នារី​ក្រមុំ​ចាស់ ក្រមុំ​ក្មេងទេ។

​ហេតុ​ដូច្នេះ​ហើយ​បាន​នៅ​​ឆ្នាំ​២០១៩​នេះ ក្នុង​ឱកាស​នៃយុទ្ធនាការ​បង្ការ​ជំងឺ​មហារីក​សុដន់ពេញ​មួយ​​​ខែ​តុលា ដែល​មាន​ឈ្មោះ​ថា កូលាប​តុលា វិទ្យាស្ថាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង​សូម​ឧទ្ទិសខែ​នេះ​ទាំង​មូល​ដល់​ស្ត្រី​វ័យ​ក្មេង។

​នៅ​ប្រទេស​បារាំង គេ​រាប់​ឃើញ​មាន​ស្ត្រី​ក្រោយអាយុ​៤០​ឆ្នាំ ចំនួន​ដល់​ទៅជាង​៣ពាន់​នាក់ក្នុង​មួយ​ឆ្នាំៗ កើត​ជំងឺ​មហារីក​សុដន់ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​៥%​នៃ​អ្នក​ជំងឺ​មហារីក​សុដន់​សរុប។ ​មហារីក​សុដន់​លើ​ស្ត្រី​វ័យ​ក្រោម​៤០​ឆ្នាំ​ជា​ករណី​កម្រ តែ​ស្ត្រី​វ័យ​ក្មេង​ក៏​អាច​មាន​ជំងឺ​មហារីក​សុដន់​គឺ​ជា​រឿង​ពិត​ជាក់​ស្តែង។

កត្តាពូជ​ជា​ហានិភ័យ​មួយ​ដែល​គេមិន​អាច​បញ្ចៀស​បាន​ឡើយ ! ប៉ុន្តែកត្តា​មាន​នេះ​មាន​បរិមាណ​តិច​តួច​ណាស់ ហើយមាន​​កត្តា​ក្រៅ​ខ្លួន​ជា​ច្រើន​ផ្សេង​ណាស់​ជា​អ្នកមកបូក​បន្ថែម​ឱ្យ​ស្ត្រី​វ័យ​ក្មេង មួយ​ចំនួន ​និង​ស្ត្រី​គ្រប់​វ័យផ្សេង​ទៀត​​ ងាយ​គ្រោះ​ជួប​ជំងឺ​មហារីក​សុដន់។ កត្តាហានិភ័យ​​ដែល​ឈ​រ​លំដាប់​លើ​គេ​បំផុត គឺ​ បញ្ហា​អ័រមូន។ អ័រមូន​ មាន​ការ​​ប្តូរផ្លាស់ ​មួយ​ភាគ​ដោយ​សារ​ការ​វិវឌ្ឍន៍​នៃ​សង្គម​មនុស្ស​ ៖ ស្ត្រីចាប់​​​មាន​គ៌ភជា​លើក​ដំបូង ក្នុង​វ័យ​កាន់​តែ​ចាស់ (ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ អាយុកាលជា​មធ្យម​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូន​ដំបូង បានឡើង​ពី​ ២៥​ឆ្នាំ​ ទៅ​៣០​ឆ្នាំ) មនុស្សស្រី​​ចំណាស់ ក្រ​អស់​រដូវ តែ​​ក្មេង​ស្រី​​វិញ កាន់​តែ​ឆាប់​​មាន​រដូវ​ឡើងៗ។ ទាំង​នេះ​ជា​កត្តា​បង្អូស​អាយុកាល​អ័រមូនស្ត្រី និង​ការ​បង្កើន​​ហានិភ័យកើត​​ជំងឺ​មហារីក​សុដន់។ កត្តា​ហានិភ័យ​ចុងក្រោយ​មួយ​ទៀត​ដែល​មានពាក់​ព័ន្ធ​​ស្ត្រីគ្រប់រូប និង​គ្រប់​វ័យ គឺ​ កង្វះ​​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ធាត់ ជក់​បារី បរិស្ថាន និង​ការ​ទទួល​គ្រឿង​ស្រវឹង (ជាតិ​សុរ៉ា)។ ស្ត្រី​បច្ចុប្បន្ន​ ទទួល​ទាន​ជាតិ​សុរ៉ា កាន់​តែ​ច្រើន និង​តាំង​ពី​នៅ​វ័យ​ក្មេង​ខ្លាំង​នៅ​ឡើយ​ ហើយ​ស្ត្រី​ទាំង​នោះ​មិន​បាន​ដឹង​ខ្លួន​ទេ គ្រឿង​ស្រវឹង​ ជា​កត្តា​ហានិភ័យ​ដ៏ ចំបង​មួយ​នាំ​ឱ្យ​កើត​ជំងឺ​មហារីក​សុដន់។

បើ​តាម​​ ភ្នាក់ងារ​សុខភាពបារាំង​ នៅ​ក្នុង​ចំណោមអ្នកមាន​​​ជំងឺ​មហារីក​បង្ក​ឡើង​ដោយ​ជាតិ​សុរ៉ា​​ចំនួន ២៨០០០​នាក់ មាន​៨១០០​នាក់​ជា​មហារីក​សុដន់។ ផ្ទុយ​ទៅវិញ ការ​ប្រតិបត្តិ​កីឡាហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​កាយ​សម្បទា អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​បាន​២០%។

ប៉ុន្តែ​សំណាង​​ព្យាបាល​ជំងឺ​មហារីក​សុដន់​លើ​ស្ត្រី​វ័យក្មេង ច្រើន​មាន​កំរិត​ទាប​ជាង​មនុស្ស​ចាស់។ មហារីកសុដន់​​លើ​ស្ត្រី​វ័យ​ក្មេង​ច្រើន​តែវែក​រក​ឃើញ​នៅ​ពេល​ចូល​ដំណាក់កាល​ធ្ងន់​ធ្ងរជាង​ ករណី​មហារីក​សុដន់​លើ​វ័យ​ចំណាស់

ហេតុ​អ្វី​បាន​ជា​មហារីក​សុដន់​លើ​ស្ត្រី​វ័យ​ក្មេង​ច្រើន​តែជា​ជំងឺ​​ធ្ងន់ ?

មូលហេតុ​មាន​ច្រើន​យ៉ាង ! ចូល​ដល់​​វ័យមួយ ស្ត្រី​វ័យ​​ចំណាស់ អស់​រដូវ អាយុ​ពី​៥០ទៅ​៧០​ឆ្នាំ ច្រើន​ដឹង​ខ្លួន ថា​ជា​វ័យ​ប្រឈមនឹង​ជំងឺ​មហារីក​សុដន់។ បើ​នៅ​ប្រទេស​ជឿន​លឿន​ដូច​យ៉ាង​ប្រទេស​បារាំង រដ្ឋាភិបាល​មាន​កម្មវិធី​ជាតិ​ជំរុញ​ឱ្យស្ត្រី​មក​ធ្វើ​តេស្ត​វិភាគ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ។ ចំណែក​ស្ត្រី​វ័យ​ក្មេង​វិញ ដោយ​ហេតុ​តែ​មាន​​ជំនឿ​ថា​ក្នុង​វ័យ​នេះ​ ជំងឺ​មហារីក​សុដន់​​ពុំ​ទាន់​សូវ​រាតត្បាត ការ​វិភាគ​រោគ​សញ្ញា​​ច្រើន​តែ​ខុស​ទិសដៅ និង​ច្រើន​តែ​វែក​រក​ឃើញ​ជំងឺ​មហារីក​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ។ មូលហេតុ​ចុងក្រោយ​មួយ​ទៀត ​ ​អ្នក​ជំងឺក្មេង​មាន​លក្ខណៈប្លែកបន្តិច ​ពីអ្នក​ជំងឺ​មហារីក​វ័យ​ចំណាស់​ ដោយគេ​សង្កេត​ឃើញ​មាន​កត្តា​ពូជ​​ច្រើន​ ដល់​ទៅ ១០ទៅ​១៥​% ទល់​នឹង​ករណី​អ្នក​ជំងឺ​មហារីក​សុដន់​វ័យ​ចំណាស់​ដែល​​មាន​​កត្តា​ពូជ​ប្រមាណ​​តែ​៥%​ប៉ុណ្ណោះ។ ​ជំងឺ​មហារីក​សុដន់​​មាន​ច្រើន​ប្រភេទ តែ​ប្រភេទ​កាច​ខ្លាំង ពិបាក​ព្យាបាល​ មាន​កើត​ច្រើន​លើ​ស្ត្រី​វ័យ​ក្មេង ក្នុង​បរិមាណ​ពី​២០ទៅ​២៥% ទល់​នឹង​១០​ទៅ​១៥%​ប៉ុណ្ណោះ ចំពោះ​ជំងឺ​មហារីក​សុដន់​ជា​ទូទៅ។

ជំងឺ​មហារីក​សុដន់​លើ​ស្ត្រី​វ័យ​ក្មេង​ច្រើន​មាន​លក្ខណៈ​ស្មុគស្មាញនិង​ពិសេស​ជាង​មហារីក​សុដន់​របស់​ស្ត្រី​វ័យ​ចំណាស់ ដូច្នេះ​ការ​ព្យាបាល​ និង​តាម​ដាន​សុខភាព​ ក៏​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ដែរ ជាពិសេស​ចំពោះ​ស្រ្តី​ដែល​ប្រាថា្នមាន​បុត្រ​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​ការព្យាបាល​ជំងឺ​នេះ អាច​នឹងធ្វើ​ឱ្យ​ស្ត្រី​លែង​មាន​លទ្ធភាព​ពពោះ ឬ​ក៏​អាច​ធ្វើ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់ ក្នុង​ករណី​អ្នក​ជំងឺ​ទើប​មាន​គ៌ភ។ ការ​តាមដាន​សុខភាព​ផ្លូវ​ចិត្ត​ក៏​ចាំ​បាច់​ខ្លាំង​សម្រាប់​ស្ត្រី​វ័យ​ក្មេង ដែល​ត្រូវ​បន្ត​សកម្មភាព​ការងារ និង​បុគ្គល​វែង​ឆ្ងាយ​ទៀត ក្រោយ​ពី​ឆ្លង​កាត់​ការ​ព្យាបាល​ជំងឺ​មហារីក​ជា​។

ដោយ​ហេតុ​ការ​ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយ​ក្នុង​វ័យ​ក្មេង​នៅ​ឡើង និង​ដោយ​គ្មាន​អនុសាសន៍​ឬ​កម្មវិធី​ឱ្យ​ស្ត្រី​វ័យក្មេង​ ទៅ​ធ្វើ​វិភាគ​រក​ជំងឺ​មហារីក​សុដន់​ជា​ស្វ័យប្រវត្តិ​ ក្រុម​គ្រូពេទ្យ​ជំនាញ​ សូម​ណែនាំ​ឱ្យ​ស្ត្រី​វ័យ​ក្មេង​ឧស្សាហ៍​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ ប្រសិន​បើ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់​ និង​ជាពិសេស​ ត្រូវ​ចេះ​សម្គាល់​មើល​សុដន់​ខ្លួន​ឯង​ ដោយ​ខ្លួន​ឯង ទាំង​ ​​​ទម្រង់​នៃ​សុដន់ ឬ​​ផ្ទៃ​សាច់​សុដន់។ បើ​ឃើញ​មាន​សភាព​ប្លែក​ពីប្រក្រតី​ មាន​ដុំ​រឹង​នៅ​ក្នុង​សុដន់ នៅ​ក្រោម​ឃ្លៀក មាន​ការ​ឈឺចាប់ មាន​ការ​ហៀ​ទឹក​ដោះ ឬ​ការ​ប្តូរ​សណ្ឋាន​នៃ​ស្បែក​ នៃ​ក្បាល​ដោះ​ ត្រូវ​រួសរាន់​ទៅវិភាគ​ជំងឺ​ភ្លាម។ សូមឈប់​គិត​ថា នៅ​ក្មេង​ គ្មាន​ជំងឺ​មហារីក​សុដន់​!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ