គេងថ្ងៃល្អសម្រាប់បេះដូង តែអាចជាអាការៈរោគនៃជំងឺវង្វេងវង្វាន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៧
គេងថ្ងៃ ម្តងទៅពីរដង ក្នុងមួយសប្តាហ៍ ឬគេងក្នុងរយៈពេលខ្លី ផ្តល់ផលដ៏ប្រពៃដល់សុខភាពបេះដូង។ ប៉ុន្តែបើសម្រាកថ្ងៃ ញយ និងយូរ វាអាចជាសញ្ញាដាស់អាសន្នថាមានគ្រោះកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ទៅវិញ។ តើអ្នកវិទ្យាសាស្ត្រពន្យល់ អំពីគុណប្រយោជន៍និងគុណវិបត្តិនៃរយៈពេលគេងថ្ងៃនេះយ៉ាងដូចម្តេច ?
មិនដឹងជាការចៃដន្យយ៉ាងណា ?! ស្ទើរក្នុងពេលតែមួយ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រពីរក្រុម បានចេញផ្សាយលទ្ធផលសិក្សារបស់ខ្លួន ស្តីអំពីប្រធានបទតែមួយ ទាក់ទងនឹងការសម្រាកដំណេកថ្ងៃ។ ខាងក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រស្វីស លើអំពីផលល្អនៃដំណេកថ្ងៃ ចំពោះបេះដូង ឯចំណែកក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកលើកឡើងអំពីសញ្ញាអាសន្ននៃការសម្រាកថ្ងៃ ថាជាគ្រោះកើតជំងឺវង្វេងវង្វាន់។ តើគួរជឿខាងណា ?
ចាស ! គ្មានអ្វីត្រូវជ្រើសរើស និងគិតថាខាងណាល្អជាងខាងណាឡើយ ! តាមការពិត លទ្ធផលនៃការសិក្សារបស់អ្នកវិទ្យាសាស្ត្រទាំងពីរក្រុមនេះ បានបង្ហាញដូចគ្នាថា ការគេងថ្ងៃ សុទ្ធតែផ្តល់គុណប្រយោជន៍ដល់សុខភាពដូចគ្នា បើរយៈពេលសម្រាកនោះខ្លី តែបើគេងច្រើនជ្រុលវានឹងក្លាយជារឿងអាក្រក់ទៅវិញ។
គេងថ្ងៃ ជាថ្នាំការពារកុំឱ្យមានជំងឺបេះដូង !
អ្នកវិទ្យាសាស្ត្រធ្លាប់បានលាតត្រដាងអំពីគុណប្រយោជន៍នៃការគេងថ្ងៃ ថាល្អនិងមានប្រយោជន៍សម្រាប់អ្នកមានជំងឺលើសឈាម ព្រោះគេងថ្ងៃអាចបញ្ចុះសម្ពាធសរសៃឈាមបាន។ ប៉ុន្តែដើម្បីឱ្យការគេងថ្ងៃ មានប្រសិទ្ធិភាពខ្ពស់ និងដើរតួជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងទាំងឡាយបាន អ្នកស្រាវជ្រាវស្វីស ជំនាញផ្នែកវេជ្ជសាស្ត្រនិងដំណេកនៅសាកលវិទ្យាល័យក្រុងឡូសាន បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវគេងថ្ងៃច្រើន ដង និងឱ្យលើសពី ២០នាទីទេ !
នៅក្នុងសិក្សាតាមដានអស់រយៈពេល៨ឆ្នាំ ដោយគិតទាំងអំពីរបៀប និងបរិមាណនៃការគេងថ្ងៃ រយៈពេលនិងគុណភាពដំណេកនៅពេលយប់ ព្រមទាំងលក្ខខណ្ឌជីវិតផ្សេងៗទៀត លើមនុស្សពេញវ័យអាយុ៣៥-៧៥ឆ្នាំ ដែលគ្មានប្រវត្តិកើតជំងឺពាក់ព័ន្ធនឹងបេះដូង (បានឆ្លងកាត់ការធ្វើវិភាគសុខភាពជាមុន) អ្នកស្រាវជ្រាវអាចធ្វើសេចក្តីសន្និដ្ឋានបានថា ហានិភ័យជួបគ្រោះមានជំងឺសរសៃឈាមបេះដូង របស់អ្នកដែលនិយមគេងថ្ងៃ មានកំរិតទាបខ្លាំងគួរឱ្យកត់សម្គាល់បំផុត បើប្រៀបធៀបទៅនឹងមនុស្សទូទៅ។
ហេតុផលទីមួយ ដែលនាំឱ្យគ្រោះកើតជំងឺសរសៃឈាមបេះដូង មានកំរិតទាបខ្លាំងសម្រាប់អ្នកគេងថ្ងៃ ទំនងជាមានពាក់ព័ន្ធនឹងស្ត្រេស។ ស្ត្រេសជាសត្រូវរបស់បេះដូង ស្ត្រេសជាកត្តាមួយជំរុញឱ្យវិបត្តិសរសៃឈាមបេះដូងធ្លាក់ធ្ងន់ធ្ងរ តែគេងថ្ងៃ ដោយទៀងទាត់ ជាការបញ្ចេញស្ត្រេស ដែលគតៗគ្នាឱ្យចេញពីខ្លួន ពីអារម្មណ៍។ ដូច្នេះបើគេកាត់បន្ថយស្ត្រេសបាន សុខភាពបេះដូងក៏បានប្រសើរទៅតាមនោះដែរ។ មូលហេតុមួយទៀត គឺគេងថ្ងៃជាការបំពេញកង្វះដំណេក កាលពីពេលយប់។ គេងមិនគ្រប់ ជាកត្តាសម្រួលឱ្យងាយមានជំងឺបេះដូង តែកត្តាហានិភ័យមួយនេះត្រូវបានលុបចេញទៅវិញ ប្រសិនបើយើងបានសម្រាកថ្ងៃ។
ប៉ុន្តែការសិក្សាបានបង្ហាញអំពីករណីលើកលែងមួយ ! មនុស្សចាស់ អាយុចាប់ពី៦៥ឆ្នាំឡើងទៅ ពុំបានទាញប្រយោជន៍អំពីការគេងថ្ងៃទេ។ ហេតុអ្វីបានជាដូច្នេះ ? គឺមកពីពួកគាត់ សម្រាកថ្ងៃយូរពេក ! យោងតាមលទ្ធផលនៃការសិក្សាស្វីសនេះដដែល អ្នកចូលចិត្តគេងថ្ងៃ ម្តងម្កាល (តិចជាងមួយម៉ោង) មានគ្រោះជួបវិបត្តិបេះដូង (គាំងបេះដូង) គ្រោះថ្នាក់សរសៃឈាមខួរក្បាល (AVC) ឬខ្សោយបេះដូង ទាបជាងអ្នកមិនដែលគេងថ្ងៃសោះ ចំនួនពីរដង។ ផ្ទុយទៅវិញ អ្នកគេងថ្ងៃច្រើន ពី បីទៅ៧ដងក្នុងសប្តាហ៍ គេពុំឃើញមានឥទ្ធិពលល្អនៃការគេងថ្ងៃ ចំពោះបេះដូងទេ។ ដូច្នេះ សូមកុំភ្លេច ដាក់នាឡិការោទ៍ គេងថ្ងៃ កុំឱ្យយូរពេក និងឱ្យទៀងទាត់ ចំនួនម្តងទៅពីរដងក្នុងសប្តាហ៍បានហើយ។
គេងថ្ងៃច្រើន ជាសញ្ញានៃជំងឺវង្វេងវង្វាន់
ថ្វីបើគិតតាមបែបសរីរវិទ្យា ការគេងថ្ងៃ គ្មានចំណងទាក់ទងច្បាស់លាស់នឹងជំងឺបេះដូងមែន ប៉ុន្តែ លទ្ធផលនៃការស្រាវជ្រាវស្វីសនេះ ជាវិភាគទានដ៏សំខាន់មួយ សម្រាប់ការសិក្សាបច្ចុប្បន្នស្តីអំពីផលវិបាកសុខភាពនៃការគេងថ្ងៃ និងជាការរំលើកឱ្យឃើញថា ឥទ្ធិពលនៃការគេងថ្ងៃ មានពាក់ព័ន្ធខ្លាំងនឹង ចង្វាក់ (ចំនួន )នៃការគេងថ្ងៃ និង រយៈពេលគេង។
យ៉ាងណាមិញ ការគេងថ្ងៃ ច្រើន និងញយ មិនមែនជាសញ្ញាល្អទេ ! ថ្វីបើនៅក្នុងការសិក្សាមុនៗ សហគមន៍អ្នកវិទ្យាសាស្ត្របានចាត់ទុកការគេងថ្ងៃ ជាបំពេញភាពខ្វះខាត នៃការគេងមិនគ្រប់គ្រាន់នៅពេលយប់មែន ប៉ុន្តែបើគេងថ្ងៃច្រើនជ្រុល និងញយពេក វាគឺសញ្ញាប្រាប់ថាឱ្យដឹងមុនថា ជំងឺវង្វេងវង្វាន់ កំពុងតាមបៀតបៀនហើយ។ បើតាមការសិក្សាថ្មីរបស់អ្នកស្រាវជ្រាវអាមេរិក នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ។
ច្របូកច្របល់ ភ្លេចភ្លាំង បាត់ការចងចាំ មិនមែនជាអាការៈសញ្ញាតែមួយ ឬតែម្យ៉ាងនៃជំងឺវង្វេងវង្វាន់ឡើយ។ គេងថ្ងៃច្រើននិងញយ ក៏ជារោគសញ្ញាមុនដំបូងគេមួយនៃជំងឺវង្វេងវង្វាន់ មុនរោគសញ្ញាភ្លេចភ្លាំងទៅទៀត។ ចំណងទាក់ទងរវាងការគេងថ្ងៃ និងជំងឺអាល់ហ្សៃម៉ែរ មានបង្ហាញយ៉ាងច្បាស់តាមបែបជីវវិទ្យា។
បើតាមអ្នកស្រាវជ្រាវអាមេរិក ដែលជាសាស្ត្រាចារ្យវេជ្ជសាស្ត្រ ផ្នែកប្រសាទសាស្ត្រ នៅមជ្ឈមណ្ឌលចងចាំនិងចាស់ជរា គ្រាន់តែចាប់មានជំងឺវង្វេងវង្វាន់ ដំណាក់កាលដំបូងភ្លាម ប្រព័ន្ធប្រសាទដែលជាអ្នកចាត់ចែងបញ្ជាមនុស្សឱ្យនៅមានសកម្មភាពនៅពេលថ្ងៃ រងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនិងដោយផ្ទាល់តែម្តង។ ហេតុដូច្នេះហើយបានជាអ្នកជំងឺចេះតែមានអារម្មណ៍ងងោកងងុយ ចង់តែគេងនៅពេលថ្ងៃ បើទោះបីជាពេលយប់អ្នកជំងឺគេងលក់ យ៉ាងគ្រប់គ្រាន់ និងត្រឹមត្រូវក៏ដោយ។
អំណះអំណាងនេះជាលទ្ធផលនៃការសិក្សា វាស់វែង យ៉ាងមធ្យ័ត អត្រាប្រូតេអ៊ីននិងងចំនួនកោសិកាប្រសាទ បីកន្លែង ត្រង់តំបន់ដែលគ្រប់គ្រងនិងទ្រទ្រង់សកម្មភាពមនុស្សនៅពេលថ្ងៃ នៃខួរក្បាលសពរបស់មនុស្សកើតជំងឺអាល់ហ្សៃម៉ែរ ទៅប្រៀបធៀបនឹងខួរក្បាលមនុស្សដែលគ្មានជំងឺវង្វេងវង្វាន់។ ជាលទ្ធផល ខួរក្បាលអ្នកមានជំងឺអាល់ហ្សៃម៉ែរ មានអត្រាប្រូតេអ៊ីនខ្ពស់ កើនផ្តុំគ្នាច្រើន ឯចំណែកចំនួនកោសិកាប្រសាទ នៅត្រង់តំបន់ដដែលទាំងបីនោះវិញ បានថយបាត់បង់អស់ទៅ៧៥%។
អ្វីជាការគួរឱ្យកត់សម្គាល់បំផុត គឺមិនមែនតែស្នូលកណ្តាលនៃកោសិកាខួរក្បាលមួយទេដែលរងការខូចខាត តែគឺបណ្តាញប្រព័ន្ធកោសិកាខាងគ្រប់គ្រងបញ្ជាមនុស្សឱ្យនៅរស់រវើក មិនងងោកងងុយទាំងមូលតែម្តងដែលរកការប៉ះពាល់។ បានន័យខួរក្បាលគ្មានមធ្យោបាយអ្វី អាចបង្គប់ ឬមកបំពេញការបាត់បង់ទេ ព្រោះគ្រប់កោសិកាដែលមានពាក់ព័ន្ធនឹងមុខងារត្រូវបានត្រូវបានបំផ្លាញក្នុងពេលតែមួយជាមួយគ្នាទៅហើយ។
ថ្វីបើគេត្រូវការសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចយល់បានកាន់តែច្បាស់លាស់អំពីចំណងហេតុនិងផល ប៉ុន្តែសម្រាប់ពេលនេះ និងសម្រាប់អ្នកស្រាវជ្រាវអាមេរិកវាហាក់ដូចជាច្បាស់ណាស់ដែលថា បណ្តាញប្រព័ន្ធប្រសាទដែលទ្រទ្រង់មនុស្សនៅរស់រវើក ងាយរងគ្រោះ ដោយសារជំងឺអាល់ហ្សៃម៉ែរណាស់។ ចម្ងល់ដែលត្រូវស្រាយ នៅពេលខាងមុខ គឺតើហេតុអ្វីបានជាបណ្តាញខួរក្បាលត្រង់នេះងាយរកគ្រោះនឹងជំងឺអាល់ហ្សៃម៉ែរខ្លាំងម្ល៉េះ ?
គេងថ្ងៃមួួយភ្លែត បង្កើនសមត្ថភាពការងារ
ជំងឺអាល់ហ្សៃម៉ែរ បានបំផ្លាញខួរក្បាលដែលទ្រទ្រង់មនុស្សឱ្យនៅរស់រវើក ធ្វើឱ្យអ្នកជំងឺងងុយចង់គេងពេលថ្ងៃ។ អាល់ហ្សៃម៉ែរ ធ្វើឱ្យមនុស្សចង់តែគេង ប៉ុន្តែគ្រប់ការគេងថ្ងៃមិនមែនសុទ្ធតែសញ្ញារោគនៃជំងឺវង្វេងវង្វាន់ទេ ! ការគេងថ្ងៃ ដែលចាត់ទុកថាជាអាការៈសញ្ញានៃជំងឺវង្វេងវង្វាន់ គឺជាការគេងថ្ងៃ ច្រើនហួសហេតុ ពេលយប់គេងឆ្អែតគ្រប់គ្រាន់ ៧-៨ម៉ោងហើយ ពេលថ្ងៃត្រង់ ថ្ងៃរសៀល នៅចង់គេងទៀត និងគេងក្នុងរយៈពេលលើសពីមួយម៉ោង។ ទម្លាប់សំរាន្តថ្ងៃ ក្រោយទទួលទានអាហារថ្ងៃត្រង់រួច របស់មនុស្សវ័យចំណាស់ វ័យចូលនិវត្តន៍ ជាប្រការធម្មតា មិនមែនជាសញ្ញាខុសប្រក្រតីឡើយ។
ការគេងថ្ងៃ មួយភ្លែត (ក្រោម២០នាទី) ដែលភាសាខ្មែរសាមញ្ញថាដាក់មួយស្រឡេត ត្រូវបានអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រគ្រប់រូប ឯកភាពនិងទទួលស្គាល់ថាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។ គេងថ្ងៃមួយភ្លែត មិនត្រឹមតែអាចជួយបំពេញកង្វះដំណេកពេលយប់ទេ តែជាការផ្តល់ភាពស្វាហាប់ រហ័យរហួន និងបំបាត់ការនឿយហត់ ដំឡើងប្រសិទ្ធភាពក្នុងការងារទៀត។ ដោយមានការជ្រួតជ្រាបអំពីគុណប្រយោជន៍ដ៏សន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនសហគ្រាសបារាំងជាច្រើន បានចាប់ផ្តើមបំពាក់បំប៉នបុគ្គលិកឱ្យចេះ សម្រាក ក្នុងពេលបំពេញការងារ ជាជាងធ្វើការទាំងអារម្មណ៍ងងោកងងុយ។
តាមច្បាប់ធម្មជាតិ សរីរាង្គកាយវិទ្យាមនុស្ស នឹងភាពងងោកងងុយ (លក់មិនលក់ ភ្ញាក់មិនភ្ញាក់) នៅចម្លោះពីម៉ោង ១ ទៅម៉ោង៣ រសៀល ភាពប្រុងប្រយ័ត្ន និងសមត្ថភាពធ្វើការធ្លាក់ចុះទាបខ្លាំងនៅវេលានេះ។ ប្រឈមនឹងភាពងងោកងងុយ ដំណោះស្រាយដ៏ប្រសើរជាងគេ គ្មានអ្វីក្រៅពីគេងឱ្យលក់ទេ។ ដូច្នេះសូមជ្រើសរើសការសម្រាក ឬគេងថ្ងៃ មួយភ្លែត តែជាការគេងសម្រាកត្រឹម ៥នាទី គ្រប់គ្រាន់ហើយ នៅពេលមានអារម្មណ៍ថារមាស់ភ្នែក ទន់ភ្នែក មើលលែងសូវច្បាស់ (ស្រវាំង) ធ្ងន់ក្បាល ស្ងាប។ មុននឹងគេង ត្រូវដកដង្ហើមឱ្យអស់ចេញពីពោះ ដោយ បើកសន្ទះទ្រូងឱ្យអស់។ នេះជាដំបូន្មានរបស់គ្រូបង្ហាត់ដំណេកជំនាញខាងប្រព័ន្ធប្រសាទចិត្តសាស្ត្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ