អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពេល​ខ្លះ​មាន​សភាព​ស្ងប់ស្ងាត់​ តែ​ពេល​ខ្លះ​ទៀត មាន​ការ​ផ្លាស់​ប្ដូរ​លឿន​រហ័ស ​សឹង​តែ​តាម​មិន​ទាន់​។ កាល​ពី​សប្ដាហ៍​មុន ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ប្រធាន​រឿង​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​។ ក្នុង​សប្ដាហ៍​នេះ ចំណាប់​អារម្មណ៍​ស្ទើរ​តែ​ទាំង​អស់​បង្វែរ​ទៅ​កាន់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែ​ត្រូវ​បាន​តុលាការ​សម្រេច​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ​បាន​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​។ អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា ការ​សម្រេច​ថ្មី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នេះ អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ទាំង​ក្នុង​សំណុំ​រឿង EBA និង​សំណុំ​រឿង​លោក សម រង្ស៊ី​។

លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាត់​បង់​សេរីភាព​ដើរ​ហើរ​ជា​សាធារណៈ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ នៅ​ទី​បំផុត លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ហើយ​។ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ចុះ​ថ្ងៃ​ទី​១០​វិច្ឆិកា លោក កឹម សុខា ដ្បិត​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការឃ្លាំ​មើល​តាម​ផ្លូវ​តុលាការ​ក៏ពិត​មែន តែ​លោក​អាច​ចាក​ចេញ​ពី​ផ្ទះ ហើយ​មាន​សិទ្ធិ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​លក្ខខណ្ឌ​មិន​ធ្វើ​សកម្មភាព​នយោបាយ ហើយ​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច​។

តុលាការ​បាន​ពន្យល់​ពី​សេចក្ដី​សម្រេច​ថ្មី​របស់​ខ្លួន​នេះ​ថា ធ្វើ​ឡើង​ដោយ​ពិនិត្យ​ឃើញ​ពី​បញ្ហា​សុខភាព​របស់​លោក កឹម សុខា ដែល​ចាំ​បាច់​ត្រូវ​ពិនិត្យ​ព្យាបាល និង​ម្យ៉ាង​ទៀត ដោយ​សារ​លោក កឹម សុខា កន្លង​មក បាន​គោរព​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ព្រម​ទាំង​មាន​កិច្ច​សហការ​ល្អ​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​។ នេះ​គឺ​ជា​ការ​ពន្យល់​របស់​តុលាការ​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា ការ​សម្រេច​ថ្មី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នេះ អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវរង​​សម្ពាធជាប់​មិន​ដាច់​ពី​​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​។

កន្លង​មក សហភាព​អឺរ៉ុប​ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​អាច​បន្ត​ថែ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន ប្រសិន​បើ​ប្រទេស​នេះ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើ​រឡើង​វិញ​ តាម​រយៈ​ការ​ដោះ​ស្រាយ​ករណី​លោក កឹម សុខា និង​បញ្ហា​នយោបាយ​ផ្សេង​ទៀត​។ ​មួយ​ថ្ងៃ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប ត្រូវ​ចេញ​ផ្សាយ​របាយការណ៍​លើក​ទី​ពីរ​របស់​ខ្លួន​ជុំ​វិញ​ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា តុលាការ​ក្រុង​ភ្នំពេញស្រាប់​តែ​ចេញ​សេចក្ដី​សម្រេច​ថ្មី ​ក្នុងករណី​លោក កឹម សុខា។ ចំណាត់ការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​រង្វាន់ដែល​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ឲ្យ​​សហភាព​អឺរ៉ុប​ដើម្បី​ជា​ការ​លួង​ចិត្ត ​នៅ​ចំពោះ​មុខ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

បន្ថែម​ពី​លើ​សំណុំ​រឿង EBA អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​យល់​ឃើញ​ថា ករណី​លោក កឹម សុខា ដែលទទួល​បាន​ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការនា​ពេល​​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​មួយ​ដែរ ដែល​ធ្វើ​ឡើង​ដើម្បី​បន្សាប​ចំណាប់​អារម្មណ៍​របស់​សាធារណៈ​មតិ​​ចំពោះ​លោក សម រង្ស៊ី​។

គួរ​រំឭក​ថា ចាប់​តាំង​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​ប្រឆាំង​ប្រកាស​វិល​ចូល​ស្រុក​វិញ មជ្ឈដ្ឋាន​ជាតិ​និង​អន្ដរជាតិ​បាន​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​​និង​​តាម​ដាន​យ៉ាង​ជាប់​លាប់ អំពី​ការ​វិវត្ត​របស់​លោក​។ កាល​ពី​សប្ដាហ៍​មុន សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​អំពី​ការ​ឃ្លាំ​មើល​របស់​ខ្លួន ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​។ ចំណែក​សារព័ត៌មាន​បរទេស​ទាំង​ធំ​ទាំង​តូច ក៏​បាន​នាំ​គ្នា​តាម​ដាន​និង​ចុះ​ផ្សាយ​ព័ត៌មាន​លោក សម រង្ស៊ី ជាប់​រដឹក​ពេញ​មួយ​សប្ដាហ៍​កន្លង​ទៅ​ដែរ​។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​និង​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បុគ្គល​លោក សម រង្ស៊ី ដូច្នេះ ទំនង​មិន​មែន​ជា​រឿង​គួរ​ឲ្យ​រីក​រាយ​ទេ​។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ប្រាប់​ដល់​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន កុំ​ឲ្យ​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី​។ ប្រមុខ​រដ្ឋាភិបាល​ខ្លួន​ឯង​តែ​ម្ដង កម្រ​នឹង​ហៅឈ្មោះ​​លោក សម រង្ស៊ី ចំ​ៗ​ណាស់​។ លោក ហ៊ុន សែន ​និយម​ហៅ​លោក សម រង្ស៊ី តាម​ន័យ​ផ្សេង​ៗ តែ​ដាច់​ខាត​មិន​ហៅ​ឈ្មោះ សម រង្ស៊ី ទេ​។ តើ​នេះ​មិន​មែន​ជា​ចេតនា​ចង់​ផាត់​លោក សម រង្ស៊ី ចេញ​ឲ្យ​ផុត​ពី​ឆាក​នយោបាយ​កម្ពុជា​ទេ​ឬ​យ៉ាង​ណា?

សរុប​មក​វិញ ប្រសិន​បើ​ការ​បន្ធូរ​បន្ថយ​ចំណាត់ការ​តុលាការ​ក្នុង​ករណី​លោក កឹម សុខា មិនបង្ក​​គ្រោះ​ថ្នាក់​អ្វី​ដល់​គណបក្ស​កាន់​អំណាច, ហើយ​ប្រសិន​បើ​វា​​អាច​បន្សាប​ចំណាប់​អារម្មណ៍​របស់​មតិ​ជាតិ​និង​អន្ដរជាតិ​ចំពោះ​លោក សម រង្ស៊ី និង​ថែម​ទាំង​ជួយ​ស្ដារ​មុខ​មាត់​កម្ពុជា​ក្នុង​សំណុំ​រឿង EBA ថែម​ទៀត, តើមាន​​ហេតុផល​​អ្វី​ដែល​គណបក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រថុយ​សាក​ល្បង!

យ៉ាង​ណា​ក៏​ដោយ មាន​ការ​ពិត​មួយ​ទៀត​ដែល​ត្រូវ​ទទួលស្គាល់​គឺថា ការ​វិវត្ត​ក្នុង​ករណី​លោក កឹម សុខា ចុង​ក្រោយ​នេះ គឺ​ជា​ជំហាន​ដ៏​វិជ្ជមាន​ថ្មី​មួយ​ទៀត ក្នុង​ការ​ឈាន​ទៅ​បន្ធូរ​បន្ថយ​កំដៅ​លើ​ឆាក​នយោបាយ​កម្ពុជា​។ នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ អ្នក​នយោបាយ គួរ​តែ​ធ្វើ​នយោបាយ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ជា​ធំ​។ ល្បែង​នយោបាយ​ដែល​បង្កើត​ឡើង​ដើម្បី​តែ​បម្រើ​ផល​ប្រយោជន៍​​ខ្លួន​ឯង​និង​បក្ស​ពួក គឺ​ជា​រឿងអកុសល និង​គ្រោះ​ថ្នាក់​សម្រាប់​ជាតិ ដែល​គួរ​ចៀស​វាង​ជា​ចាំ​បាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ