អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជារង​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

«ប្រជាធិបតេយ្យ» បាន​ក្លាយ​ជា​ពាក្យ​ដ៏​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆាក​នយោបាយ​ ទាំង​នៅ​ទូទាំង​ពិភពលោក និង​ជា​ពិសេស​នៅ​កម្ពុជា​។ គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា រាប់​ចាប់​តាំង​ពី​​គណបក្ស​កាន់​អំណាច ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល ​សង្គម​ស៊ីវិល រហូត​ដល់​ប្រជាពលរដ្ឋ​ធម្មតា សុទ្ធ​តែ​ប្រកាស​ពី​សេចក្ដី​ស្នេហា​របស់​ខ្លួន ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា កំពុង​ដំណើរការ​ក្រោម​បរិបទ​ដាច់​ដោយ​ឡែក​មួយ​របស់​ខ្លួន​ឯង​ ដែល​ជា​រឿយ​ៗ តែង​តែ​ទទួល​បាន​ការ​រិះ​គន់​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​ថា «មិន​ប្រជាធិបតេយ្យ»។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១៨
បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​និយម​ន័យ របប​ប្រជាធិបតេយ្យ​ គឺជា​ការដឹកនាំ​ប្រទេស​ដោយ​គោរព​សិទ្ធិ​សម្រេច​​របស់​ប្រជាពលរដ្ឋ​ជាធំ។ នៅ​លើ​សកល​លោក​យើង​នេះ មាន​ប្រទេស​ច្រើន​ណាស់​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ប៉ុន្តែ​គឺ​មាន​តែក្រុម​ប្រទេស​លោក​ខាង​លិច​ទេ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញ​លេញ​។ ចំណែក​​​របប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​តូច​ៗ ដូច​យ៉ាង​នៅ​កម្ពុជាជា​ដើម ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា កំពុង​ដំណើរការ​ក្រោម​បរិបទ​ដាច់​ដោយ​ឡែក​មួយ​របស់​ខ្លួន​ឯង ដែល​ជា​រឿយ​ៗ តែង​តែ​ទទួល​បាន​ការ​រិះ​គន់​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​ថា «មិន​ប្រជាធិបតេយ្យ»។

មាន​មូលហេតុ​ច្រើនយ៉ាង ដែល​បណ្តាល​ឲ្យ​ខ្លឹមសារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ត្រូវ​ទទួល​រង​ការ​រិះ​គន់​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​។ ដំបូង​បង្អស់ គឺ​ដោយ​សារ​តែ​​កម្ពុជា​​​មាន​ប្រវត្តិ​នយោបាយ និង​ផ្នត់គំនិត​សង្គម​ដោយឡែក​របស់ខ្លួន​ខុសពី​គេ​យ៉ាងខ្លាំង​។ បើ​ទោះ​បី​ជា​ប្រជាធិបតេយ្យជា​វប្បធម៌​​​នយោបាយ​ដែលចាប់កំណើត​ជា​យូរ​ណាស់​មក​ហើយ​ក្ដី ប៉ុន្តែ​ទម្លាប់​នយោបាយ​នេះ មាន​ប្រើ​ប្រាស់ច្រើនតែ​​នៅ​តាម​ប្រទេស​លោក​ខាង​លិច​ប៉ុណ្ណោះ​។ ការ​ទទួល​យក​របប​ប្រជាធិបតេយ្យ​មក​ប្រើ​ប្រាស់ គឺ​ជា​រឿង​ថ្មី​ណាស់​សម្រាប់​កម្ពុជា ដែល​ធ្លាប់​ភ្លក់​អស់​ហើយ និង​រង​គ្រោះ​រាប់​មិន​អស់​​ហើយដែរ ដោយ​សារ​របប​ដឹក​នាំ​បែប​ផ្សេង​ទៀត។

​ផ្នត់គំនិត​​ចាស់​ៗ​​របស់​អ្នកនយោបាយ ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ។ អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន ដែល​តែង​តែ​​ចាត់ទុក​ខ្លួនឯង​ថា ​ជា​អ្នក​ដែលមាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​សម្រេច​កិច្ចការ​ទាំងឡាយ​របស់​ប្រទេសជាតិ​នោះ បាន​ដិតដាម​យ៉ាងជ្រៅ​នៅក្នុង​សង្គម​ខ្មែរ។ បើទោះជា​ដោយ​ចេតនា ឬ អ​ចេតនា​ក្តី ពួកគេ​ហាក់​ពិបាក​នឹង​បន្សាំ​ខ្លួន​ទៅនឹង​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ ដែល​ផ្តល់​សិទ្ធិសេរីភាព​ដល់​ប្រជាពលរដ្ឋ​ជាធំ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់តែ​ផ្ញើ​វាសនា​ទាំងស្រុង​ទៅលើ​អ្នកនយោបាយ​នោះ​ក៏​នៅ​មិនទាន់​ស៊ាំ​នឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅឡើយ​ដែរ ជាពិសេស​ទាក់ទង​នឹង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់ខ្លួន​តែម្ដង​។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​ទទួល​ស្គាល់​ថា កម្ពុជា​ត្រូវការ​ពេល​ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​របស់ខ្លួន​មាន​ភាពចាស់ទុំ។ ហើយ​គេ​ក៏​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត​មួយ​ទៀត​ដែល​ថា ប្រទេសមួយ​មិនអាច​ចម្លង​គំរូ​ប្រជាធិបតេយ្យ​ទាំងស្រុង​ពី​ប្រទេស​មួយទៀត​មក​អនុវត្ត​បាន​ឡើយ។ សូម្បីតែ​លោក​ខាង​លិច ដែល​អ្នកខ្លះ​ហៅថា​ជា «បិតា​ប្រជាធិបតេយ្យ» នោះ ក៏អនុវត្ត​ប្រជាធិបតេយ្យ​តាម​របៀប​ខុស​ៗ​គ្នា​ដែរ ពីព្រោះ​ប្រទេសនីមួយៗ មាន​វប្បធម៌ ប្រពៃណី និង​ទម្លាប់​រស់នៅ​​របស់​មនុស្សខុសៗគ្នា។

ប៉ុន្តែ ការ​ផ្តេកផ្តួល​ទៅលើ​តែ​ពេលវេលា​ខ្លាំងពេក​អាច​នឹង​ក្លាយជា​លេស​ក្នុងការ​លួង​ចិត្ត​ ដើម្បី​បិទបាំង​ភាពយឺតយ៉ាវ​នៃ​ការអភិវឌ្ឍ​ប្រទេស​ក៏​ថា​បាន។ ដូច្នេះ ដល់ពេល​ហើយ​ដែល​កម្ពុជា​គួរ​ទម្លុះទម្លាយ​រនាំង​ទាំងនេះ​ចោល។ ទោះបីជា​មិនអាច​ចម្លង​ពុម្ព​គំរូ​ប្រជាធិបតេយ្យ​ពី​ប្រទេស​ណាមួយ​ទាំងស្រុង​បាន​ក៏ដោយ ក៏​កម្ពុជា​អាច​ទាញយក​ចំណុចល្អៗមួយចំនួន​ពី​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត ​មក​ស្ល​ឲ្យ​ចេញ​ជា​ប្រជាធិបតេយ្យ​របស់ខ្លួន ​ដោយ​រៀនសូត្រ​និង​ទាញយក​ចំណុច​​ល្អ​មួយចំនួន​ពី​ប្រទេស​មួយទៀត​មក​អនុវត្តបាន​។

របប​ប្រជាធិបតេយ្យ មាន​សម្រស់​នៅ​ពេល​ដែលវា​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​ទ្រឹស្តី និងអនុលោម​ទៅ​តាម​វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និង​ទម្លាប់​នៃ​ការ​រស់​នៅ​នៃ​ប្រទេស​។ ការងារ​ទាំង​ពី​រនេះ ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជា​ចាំ​បាច់ ដោយ​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ​។ អ្នក​ដែល​ប្រាថ្នា​ចង់​ចម្លង​ទាំងស្រុង​នូវ​គំរូ​ប្រជាធិបតេយ្យ​របស់​ប្រទេស​លោក​ខាង​លិច ​មក​អនុវត្ត​នៅ​កម្ពុជា​នោះ​ គឺ​ពិតជា​មិនអាច​ទៅរួច​ឡើយ។ ចំណែក អ្នក​ដែល​ប្រកាន់​គំនិត​អភិរក្សនិយម​ជ្រុល​ដោយ​បដិសេធ​មិន​ទទួលយក​គំរូ​ពី​ប្រទេស​ណា​ទាំងអស់នោះ​ក៏​មិន​ត្រឹមត្រូវ​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ