អានតួអត្ថបទ
កម្ពុជា

ពលករ​​ខ្មែរ​​រងគ្រោះ​​លើ​​ទូក​​នេសាទ​​ថៃ​២១៣​នាក់​ បាន​​មក​ដល់​​​​កម្ពុជា​​វិញ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅតាម​ទូក​នេសាទ​ថៃ​នៅក្នុង​កោះ​អំ​បន់ (Ambon) ប្រទេស​ឥណ្ឌូនេស៊ី ចំនួន២១៣នាក់​ក្នុងចំណោម២៣០នាក់​បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​ហើយ។ ចំណែក​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន១៧នាក់​ទៀត នឹង​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ។  

ពលករ​​ខ្មែរ​​រងគ្រោះ​​លើ​​ទូក​​នេសាទ​​ថៃ​២១៣​នាក់​ បាន​​មក​ដល់​​​​កម្ពុជា​​វិញ​
ពលករ​​ខ្មែរ​​រងគ្រោះ​​លើ​​ទូក​​នេសាទ​​ថៃ​២១៣​នាក់​ បាន​​មក​ដល់​​​​កម្ពុជា​​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​តាំងពី​ម៉ោង​ប្រមាណ៦ព្រឹក ពលករ​ខ្មែរ​រងគ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទាំងនេះ បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្រោម​ការរង់ចាំ​ទទួល​ពី​សំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ។ ពលករ​ខ្មែរ​ទាំង២១៣នាក់​នេះ ត្រូវបាន​ដឹក​បន្ត​តាម​រថយន្ត​របស់​អគ្គ​ស្នងការ​នគរបាលជាតិ មកជួបជុំ​គ្នា​នៅ​ទីតាំង​មួយ​របស់​ក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ និង​សម្ភារៈផ្សេងៗមុន​វិលត្រឡប់​ទៅកាន់​គេហដ្ឋានរៀងៗខ្លួន។

លោកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​បាន​ទៅ​ទទួល​ពលករ​ខ្មែរ​ទាំងនេះ បាន​មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ នឹង​ជួយ​ជា​មធ្យោបាយ ដើម្បី​ដឹក​ពួកគេ​ទៅកាន់​គេហដ្ឋាន។ បើតាម​លោកស្រី​ជូ ប៊ុន​អេង នៅថ្ងៃនេះ​ពលករ​ខ្មែរ​រងគ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន២៣០នាក់​វិលត្រឡប់​មក​ក​ម្ពុ​ជា​វិញ ដោយនៅ​ព្រឹក​មិញ​នេះ​បាន​មកដល់​ចំនួន២១៣នាក់​ហើយ និង ១៧នាក់​ទៀត​មកដល់​នៅពេល​រសៀល។ យ៉ាងណាក៏ដោយ ក្នុងចំណោម​ពលករ​ទាំង២១៣នាក់ មាន​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​និយាយ​មិនកើត​ថែមទៀត។ លោកស្រី​ជូ ប៊ុន​អេង ដែល​ទទួលបាន​ការបញ្ជា​ក់​ពី​សាច់ញាតិ​ពលករ​រូបនោះ បាន​បង្ហាញថា គាត់​មាន​ជំងឺ​ឡើង​ឈាម ទើប​បណ្តាល​ឲ្យ​មាន​បញ្ហា​បែបនេះ។

គួរ​បញ្ជាក់ថា ពលករ​ខ្មែរ​ទាំង២៣០នាក់ ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ជួយសង្គ្រោះ​ពីលើ​ទូក​នេសាទ​ថៃ​នៅក្នុង​កោះ​អំ​បន់ (Ambon) ប្រទេស​ឥណ្ឌូនេស៊ី។ លោកស្រី​ជូ ប៊ុន​អេង បាន​គូសបញ្ជាក់ថា មកដល់ពេលនេះ ពលករ​ខ្មែរ​រងគ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន​ជាង៤០០នាក់​ហើយ​ដែល​ត្រូវបាន​ជួយសង្គ្រោះ និង​បាន​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។

ស្របពេល​ជាមួយគ្នានេះ ស្ត្រី​ខ្មែរ​រងគ្រោះ​ម្នាក់​នៅក្នុង​ប្រទេស​ចិន និង​ពល​ការិនី​រងគ្រោះ​ពីរ​នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏​ត្រូវបាន​ជួយសង្គ្រោះ​ផងដែរ ហើយ​ពួកគេ​គ្រោង​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី២០ និង​ថ្ងៃទី២១ មិថុនា​ចុង​សប្តាហ៍​នេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី១៨ មិថុនា៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ