អានតួអត្ថបទ
កម្ពជា-អាមេរិក

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទទួល​រង្វាន់​ការ​ពារ​ព្រៃ​ឈើ​ពី​សាកល​វិទ្យា​ល័យ​យែល​សហ​រដ្ឋ​អាមេរិក​

នៅ​ថ្ងៃទី២៩ ខែ​មករា នេះ​បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) បាន​ទទួល​ពាន​រង្វាន់ កិច្ច​សហការ​អន្តរ​ជាតិអ្នក​ការ​ពារ​ព្រៃ​ឈើ​តំបន់​ត្រូពិច ឆ្នាំ​២០១៧ និង​ទឹក​​ប្រាក់​​៣០០០​​ដុល្លារ​អាមេរិក ពីសាកល​​វិទ្យា​ល័យ​​យែល ​(Yale) សហ​រដ្ឋអាមេរិក។ ជា​ពានរង្វាន់​ដែល​ទទួល​បាន​ក្រោយ​ពី​តំណាង​សហគមន៍ លោក​ផៃ​ ប៊ុន​លាង បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ពី​ការ​ងារ និង​សមិទ្ធ​ផល​នៃ​កិច្ចការពារ​ព្រៃ​ឈើ​នា​ពេល​កន្លង​មក។

លោកផៃ ប៊ុន​លាង(​អាវពណ៌​បៃ​តង​ខ្ចី)ពេល​ទទួល​ពាន​រង្វាន់​សាកលវិទ្យាល័យ​យែល​សហរដ្ឋអាមេរិក
លោកផៃ ប៊ុន​លាង(​អាវពណ៌​បៃ​តង​ខ្ចី)ពេល​ទទួល​ពាន​រង្វាន់​សាកលវិទ្យាល័យ​យែល​សហរដ្ឋអាមេរិក PLCN
ផ្សាយពាណិជ្ជកម្ម

 

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​នេះ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​អ្នក​ចូល​រួម​នៅ​ក្នុងសន្និ​សីទ ស្តីពី កិច្ច​សហការ​អន្តរ​ជាតិ​អ្នក​ការ​ពារ​ព្រៃ​ឈើ​តំបន់​ត្រូពិច បន្ទាប់​ពី​លោក ផៃ ប៊ុន​លាង តំណាង​បណ្តាញ​សហគមន៍​ទាំង​៤ ខេត្ត បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ពី ការ​ងារ និង​សមិទ្ធ​ផល នៃ​កិច្ចការ​ពារ​ព្រៃ​ឈើ នា​ពេលកន្លង​មក​របស់​បណ្តាញ​សហគមន៍។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃទី២៩ ខែ​មករា។

លោក​ផៃ ប៊ុន​លាង បាន​ឆ្លើយ​សំនួរ​មួយ​របស់​អ្នក​ចូល​រួម​ក្នុង​ពេល​លោក​ទទួល​រង្វាន់​នោះ​ថា លោក​បាន​ធ្វើកិច្ច​ការពារ​ព្រៃ​ឈើ​នេះ​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ ហើយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ព្រោះ​ក្រុមអ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​តែង​មាន​អាវុធ ហើយ​ដើម្បី​បង្រ្កាប​គឺ​លោក​ត្រូវ​លប​ចូល​ទៅ​យក​អាវុធ​មុន ទើប​ឃាត់​ខ្លួន​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​។

លោក​ផៃ ប៊ុន​លាង​បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​នោះ​ថា សកម្ម​ភាព​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គឺ​ធ្វើ​ការងារដោយ​ស្ម័គ្រ​ចិត្ត និង​មិន​មាន​កញ្ចប់​ថវិកា​ស្ថិត​ថេរ​ទេ ហើយ​ថវិកា​៧០​ភាគ​រយ​គឺ​បាន​មក​ពី​សមា​ជិក​ដែល​ជាអ្នក​ស្រឡាញ់​ព្រៃឈើ។

ចំណែក​លោក​ហឿន​ សុភាព ជា​សមា​ជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា​ពាន​រង្វាន់​នេះមាន​សារៈ​សំខាន់​សម្រាប់​បណ្តាញ​ព្រៃ​ឡង់​ ព្រោះ​ធ្វើ​ឲ្យ​បណ្តាញ​សហគន៍​ព្រៃឡង់កាន់​តែ​មាន​ទឹក​ចិត្ត​បន្ត​សកម្ម​ភាពការ​ងារ​របស់​ខ្លួន​តទៅ​ទៀត។

 
សូម​បញ្ជាក់​ថា​ នេះ គឺ​ជា​ពាន​រង្វាន់​លើក​ទី​៣ ហើយ​សម្រាប់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក្រោយ​ពី​ទទួលបាន​ពាន​រង្វាន់ មូល​និធិ​អាឡិច​ស៊ែន​ឌ័រ​ស័រោះ (Alexander Soros Foundation) ២០១៣ និង​អេក្វទ័រ​ប្រាយ​របស់អង្គ​ការ​ UNDP (UNDP Equator Initiative Prize) កាល​ពី​ឆ្នាំ​២០១៥៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ