ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​៣​ថ្ងៃ​ភ្ជុំ​បិណ្ឌ​៖ ពលរដ្ឋ​ខ្មែរ​ជាង​១.២​លាន​នាក់​ដើរ​កំសាន្ត ខណៈ​ដំណើរ​ទៅ​កាន់​តំបន់​ឆ្នេរ​ថយ​ចុះ​

media  
ទិដ្ឋភាពចេញពីជ្រុងម្ខាងនៃឆ្នេរសមុទ្រខេត្តព្រះសីហនុ @FB/ Huy Bunleng

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ខ្មែរ​ប្រមាណ​១.២​លាន​នាក់ បាន​ដើរ​កំសាន្ត​នៅ​តាម​រមណីដ្ឋាន​ទេសចរណ៍​នានា ក្នុង​ឱកាស ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១០​តុលា​។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​២០​ភាគ​រយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ក៏​ប៉ុន្តែ ចំនួន​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​ថយ​ចុះ នៅ​តំបន់​ឆ្នេរ ជាពិសេស នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី១០​ខែតុលា​ម្សិល​មិញ​។ 

បី​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​សម្រុក​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​។ និន្នាការ​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត​សៀមរាប នៅ​តែ​រក្សា​បាន​កំណើន​ភ្ញៀវ​ទេចរ​ទៅ​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ ​រហូត​ដល់​ទៅ​ជាង ២សែន​នាក់ (២៥២,៤២២នាក់)​។ ផ្ទុយ​ពី​ខេត្ត​សៀមរាប ចុង​ម្ខាង​ទៀត​នៃ​ប៉ូល​ទេសចរណ៍ គឺ​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរណ៍​អំឡុង​បុណ្ឌ​ភ្ជុំ​បិណ្ណ​នេះ បាន​ធ្លាក់​ចុះ​សម្បើម គឺ​ជាង​១៣%​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ អ្វី​គួរ​ឲ្យ​កត់​សម្គាល់ និង​ប្រែ​ប្រួល​គឺ​តំបន់​ឆ្នេរ​រួម​មាន៖ ខេត្ត​កែប ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ កំណើន​អ្នក​ទៅ​លេង​កម្សាន្ត​មាន​ការ​ថយ​ចុះ​។ មូល​ហេតុ​នៃ​ការ​ថយ​ចុះ​ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ពន្យល់​ថា មក​ពី​ស្ថាន​ភាព​ផ្លូវ​មិន​សូវ​អំណោយ​ផល ដោយ​សារ​តែ​រង​ការ​ខូច​ខាត​ខ្លាំង​ដោយសារ​ជំនន់​ទឹក​ភ្លៀង​។ ម្យ៉ាង​ទៀត​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​នេះ មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​។ ក្រៅ​ពី​ខេត្ត​ទាំង​បី ភ្ញៀវ​ទៅ​លេង​ខេត្ត​កំពត​កើនឡើង​ខ្លាំង ជា​ពិសេស​នៅ​រមណីយដ្ឋាន​បូកគោ និង​ទឹកឈូ​។

ផ្ទុយ​ទៅ​វិញ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ថា មួយ​ផ្នែក​នៃ​កំណើន​ភ្ញៀវ​ទៅ​កាន់​តំបន់​ឆ្នេរ​ថយ​ចុះ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​វត្ត​មាន​ជន​ជាតិ​ចិន​។ វត្តមាន​ជន​ជាតិ​ចិន បាន​ប្រែ​ក្លាយ​ឆ្នេរ​សមុទ្រ​ខ្មែរ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់ ប្រែ​ជា​ស្ងាត់​ទៅ​វិញ​។

បើ​តាម​លោក សន ជ័យ ដោយ​សារ​តែ​កត្តា​បី​ទើប​នាំ​ឲ្យ​ខេត្ត​ព្រះសីហនុ​ស្ងាត់​មនុស្ស គឺបរិយាកាស​អនា​ធិបតេយ្យ​មិន​គោរព​សិទ្ធ​អ្នក​ដទៃ បង្ក​ឡើង​ដោយ​ជន​បរទេស​។ អ្នក​តាមដាន​សង្គម​រូប​នេះ​បញ្ជាក់​ថា ជន​ជាតិ​ចិន​ដដែល ធ្វើ​ឲ្យ​បញ្ហា​បរិស្ថាន​ប្រែ​ប្រួល រួម​នឹង ថ្លៃ​ស្នាក់​នៅ ម្ហូប​អាហារ​មាន​ការ​ដំឡើង​ថ្លៃ​។

ដោយ​ឡែក តាម​រយៈ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សម្រាប់​ក្រសួង​ទេសចរណ៍ ​បើ​និយាយ​ជា​រួម បាន​បង្ហាញ​ពី​ជោគ​ជ័យ​ក្នុង​ការ​ទប់​ស្កាត់ ការ​ដំឡើង​ថ្លៃ​ហួស​ហេតុ​លើ​ម្ហូប​អាហារ និង​ការ​រក្សា​បាន​បញ្ហា​បរិស្ថាន​អនាម័យ​ល្អ​ប្រសើរ​ជាង​មុន​។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ចំនួន​ភ្ញៀវ​ជាតិ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឯណេះ​វិញ គិត​ត្រឹម​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​គ្នា គឺ​មាន​ចំនួន​ជិត​៥ម៉ឺន​នាក់( ៤៨,​០០៤​នាក់ )កើន​ឡើង ២៣.៩៣​ភាគរយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ