ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT
កម្ពុជា

​មេធាវី៖ ​ការ​កោះ​ហៅ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​របស់​តុលា​ការ​និង​អាជ្ញាធរ​ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​

media  
ពលរដ្ឋធ្វើការតវ៉ានៅមុខតុលាការខេត្តបាត់ដំបង ខណៈសកម្មជន៤នាក់ត្រូវចូលបំភ្លឺ @សហការី

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តុលាការ​ខេត្ត​បាត់​ដំបង បាន​សួរ​នាំ​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤នាក់​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រឆាំង និង រំលោភ​បំពាន​សាល​ដីកា​របស់​តុលា​ការ​កំពូល​។ បន្ទាប់​សាក​សួរ​រួច​រាល់ តុលាការ​មិន​បាន​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​យ៉ាង​ណា​ទេ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី មេធាវី​របស់​សកម្មជន​ទាំង​នេះ គឺ​លោក​សំ សុគង់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការ​កោះ​ហៅ​នេះ​ជា​ការ​រំលោភ​សិទ្ធិ និង ជា​ការ​គំរាម​កំហែង​មិន​ឱ្យ​ពួក​គេ​ហ៊ាន​ធ្វើ​ការ​ជួប​ជុំ​គ្នា និង​បញ្ចេញ​មតិ​ត​ទៅ​ទៀត​។ 

មេធាវី​ការពារ​ក្តី​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក​សំ សុគង់ បាន​ចាត់​ទុក​ការ​កោះហៅ​សកម្មជន​ទាំង​នេះ​របស់​តុលាការ​ខេត្ត​បាត់​ដំបង​ថា ជា​រឿង​នយោបាយ ដោយ​វា​បាន​រំលោភ​សិទ្ធិ​នៃ​ការ​ជួប​ជុំ ​និង​បញ្ចេញ​មតិ​របស់​ពួក​គេ​ស្រប​តាម​ច្បាប់​។

មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ហៅ​ទង្វើ​របស់​តុលាការ​នេះ​ថា ជា​ការ​គំរាម​កំហែង​ដល់​ពួក​គេ និង អ្នក​ផ្សេង​ទៀត​កុំ​ឱ្យ​ហ៊ាន​ជួប​ជុំ និង​បញ្ចេញ​មតិ​ទៀត​ផង​។ សម្រាប់​លោក​មេធាវី សំ សុគង់ ការ​ជួប​ជុំ និង បញ្ចេញ​មតិ​របស់​ពួក​គេ គឺ​ជា​សិទ្ធិ​។ ដូច្នេះ​ហើយ សកម្មភាព​ទាំង​នេះ​មិន​អាច​ចាត់​ទុក​ថា បទ​ល្មើស​បាន​នោះ​ទេ​។

សូម​ជំរាប​ជូន​ថា សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ចំនួន​៣៥​នាក់ ត្រូវ​បាន​តុលា​ការ​កោះ​ហៅ​ចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ប្រឆាំង ​និង​រំលោភ​បំពាន​សាល​ដីកា​របស់​តុលា​ការ​កំពូល​កាល​ពី​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។

មកដល់ពេលនេះ សកម្មជនចំនួន២៦នាក់ហើយដែលបានចូលទៅបំភ្លឺនៅតុលាការ ហើយ៩នាក់ផ្សេងទៀតនឹងចូលទៅបំភ្លឺនៅថ្ងៃទី២៤​ ឧសភាខាងមុខ។ ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានជួបជុំក្នុងពិធីបុណ្យទានមួយហើយបានបរិភោគនំបញ្ចុកជាមួយគ្នា។ ជាមួយគ្នានេះ ពួកគេក៏បានថតរូប និងធ្វើវីដេអូបង្ហាញការ​គាំទ្រ​ដល់​សកម្មភាព​លោកសម រង្ស៉ី​។

លោក​មេធាវី​សំ សុគង់ បាន​បង្ហាញ​ការ​សោក​ស្តាយ ដែល​គ្រាន់​តែ​ការ​ជួបជុំ​បែប​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ធ្វើ​របាយការណ៍​ដាក់​ទៅ​កាន់​តុលាការ​រហូត​មាន​ការ​កោះហៅ​ពួក​គេ​ទៅ​សួរ​នាំ​ជា​បន្ត​បន្ទាប់​។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ស្នើ​តុលាការ​ពិនិត្យ និង​ពិចារណា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​។

ក្រៅ​ពី​នៅ​ក្នុង​បាត់​ដំបង​នេះ សកម្មជន​អតីត​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៣៥​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​កំពង់​ធំ ក៏​បាន​ត្រូវ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទីនោះ កោះ​ហៅ​ទៅ​សាក​សួរ និង​ធ្វើ​កំណត់​ហេតុ​ផង​ដែរ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ ដោយ​មិន​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ពួក​គេ​ទេ។ ការ​សួរ​នាំនេះ ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​ទាំង​នោះ​ជួប​ជុំគ្នា ហើយ​បង្ហាញ​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​លោក​សម រង្ស៊ី​នៅ​ក្រៅ​ប្រទេស​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ