ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/07 12h00 GMT
កម្ពុជា

ប្រទេស​ចំនួន​៤៥​បន្ត​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

media លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននាពេល​កន្លង​មក @សហការី

ប្រទេស​នូវែលហ្សេឡង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ តំណាង​ឲ្យ​ ៤៥​ប្រទេស នៅ​ថ្ងៃ​ទី​ ២១​មីនា ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សិទិ្ធ​មនុស្ស សិទ្ធិ​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នា​ពេល​ខាង​មុខ។ ប៉ុន្តែ ស្ថានឯក​អគ្គរដ្ឋ​ទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​ព្រួយ​បារម្ភ​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា។

ក្នុង​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី ៣៧ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង ហ្សឺណែវ ថ្ងៃ​ទី​​ ២១​មីនា ២០១៨ ប្រទេស​នូវែលហ្សេឡង់ បាន​ដាក់​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ តំណាង​ឲ្យ​ ៤៥​ប្រទេស ដោយ​ជម្រុញ​ឲ្យ​កម្ពុជា​ត្រលប់​រក​ស្ថានការណ៍​នយោបាយ ដដែល ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ នា​ថ្ងៃ​ទី ២៩​កក្កដា ឆ្នាំ ២០១៨​ខាង​មុខ ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ ក្នុង​នោះ ប្រទេស​ទាំង ៤៥ ក៏​បាន​​ស្នើ​ផង​ដែរ ឲ្យ​រដ្ឋាភិបាល​លុប​ចោល​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ដើម​ចម​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ កម្ពុជា គួរ​តែ​ចាត់​វិធានការ​បន្ធូរ​បន្ថយ​ស្ថានភាព​(ភាព​តាន​តឹង) នយោបាយ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​យឺត​ពេល និង​ដើម្បី​ឲ្យ​ស្រប​តាម​​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ។ សេចក្តី​ថ្លែងការណ៍​ដដែល បញ្ជាក់​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក ដូច​ជា​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​រឹត​ត្បិត​សេរី​ភាព​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​នៅ​កម្ពុជា គឺ​ជា​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស។

គួរ​ជម្រាប​ជូន​ថា ក្តី​បារម្ភ​របស់​ប្រទេស​ទាំង ៤៥​ប្រទេស​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ក្រុម​បេសសកម្ម​ពិសេស និង​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី រ៉ូណា ស្មីត ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី ៥ ដល់ ១៤​មីនា​កន្លង​ទៅ។ តាម​ការ​សង្កេត​ជាក់​ស្តែង លោក​ស្រី រ៉ូណា ស្មីត បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ ហើយ​ត្រូវ​តែ​ចាប់​យក​សិទ្ធិ​មនុស្ស​ដែល​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និង​សន្តិភាព ដែល​រក​បាន​ដោយ​ពិបាក។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក ណី សំអុល ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​មួយ ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​នូវែលហ្សេឡង់ ក្នុង​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី ៣៧​នោះ។ លោក​ ណី សំអុល ចាត់​ទុក​ថា សេចក្តី​ថ្លែងការណ៍​នេះ មាន​ចរឹត​នយោបាយ​បង្កប់​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​រារាំង​កិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ការពារ​ច្បាប់។

តាម​លោក ណី សំអុល កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ របៀប​វារៈ​ដែល​ត្រូវ​បាន​កំណត់​រួច​ហើយ ប៉ុន្តែ​បែរ​ជា​លើក​យក​ចំណុច​ពី​ខាង​ដើម ដែល​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រទេស​ចំនួន​៤៥​មក​ជជែក​ជំនួស​ទៅ​វិញ។ ទន្ទឹម​នឹង​នេះ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន ក៏​បាន​ចាត់​ទុក​ក្ដី​ព្រួយ​បារម្ភ​នេះ​ថា ជា​ការ​លំអៀង​ផ្នែក នយោបាយ។

យ៉ាង​ណា​មិញ សហគមន៍​អន្តរជាតិ បាន​បញ្ជាក់​ថា គេ​នៅ​តែ​គាំទ្រ​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​កម្ពុជា គោរព​តាម​រដ្ឋធម្មនុញ្ញ​ ​ដូច​កាល​ពី​ ២៥​ឆ្នាំ​មុន ដែល ​អនុញ្ញាត​ឲ្យ​មាន​​ការ​បោះ​ឆ្នោត ដោយ​​​មាន​ការ​ចូល​រួម​ពី​ពហុបក្ស ជា​ពិសេស​គឺ​បក្ស​ប្រឆាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ