អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

១៥ មិថុនា ៥៤​ឆ្នាំ​មុន កម្ពុជា​ឈ្នះ​ថៃ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

១៥​មិថុនា​១៩៦២ - ១៥​មិថុនា​២០១៦​។ ថ្ងៃ​ទី​១៥​មិថុនា​ម្សិលមិញ​នេះ គឺ​ជា​ខួប​ទី​៥៤ ដែល​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ទីក្រុង​ឡាអេ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ ចូល​ខ្លួន​មក​រំលឹក​អំពី​សំណុំ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​កម្ពុជា​និង​ថៃ ស្ដី​ពី​ប្រាសាទ​ព្រះវិហារ​នេះ តាម​រយៈ​សំណួរ​របស់ សួង សុខភារី។

ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅប្រាសាទព្រះវិហារ
ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅប្រាសាទព្រះវិហារ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​បាន​ចាប់​ផ្ទុះ​ឡើង​ខ្លាំង នៅ​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង ហើយ​ថៃ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។ ក្រោយ​ពី​ដំណើរ​ការ​តាម​ផ្លូវ​ទូត​ត្រូវ​ទទួល​បរាជ័យ កម្ពុជា​ក៏​បាន​ងាក​ទៅ​រក​យន្តការ​តុលាការ​វិញ​ម្តង។ កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ​ទី៦ ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា និង​ទាមទារ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញ​ពី​ប្រាសាទ។

នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​។ កម្ពុជា​និង​ថៃ បាន​លើក​ឡើង​នូវ​ទឡ្ហីករ​រៀង​ៗខ្លួន ដើម្បី​បង្ហាញ​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​។ កម្ពុជា​បាន​​លើក​យក​​​ ផែនទីដងរែក (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​​កើតចេញ​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់។ តាមរយៈ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១​នេះ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។

ចំណែក​ភាគី​ថៃ​ក៏​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ​​​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​ឡើង។ ​ថៃ​បាន​លើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបន្ទាត់​ព្រំដែន នៅ​តំបន់​ដងរែក គឺ​ត្រូវ​យក​តាម ​ខ្សែបែងចែក​ផ្លូវទឹក។ ភាគី​ថៃ​យល់ថា បើ​មើល​ទៅ​លើ​ដីជាក់ស្តែង ខ្សែបែងចែក​ផ្លូវទឹក គឺ​ស្ថិត​នៅ​ខាង​ត្បូង​ប្រាសាទ​ព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះ​វិហារ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ភាគី​ថៃ ដែល​បាន​លើក​ឡើង​ពី​មាត្រា ១ នៃ​សន្ធិសញ្ញា​ ឆ្នាំ​១៩០៤​។ បើ​តាម​តុលការ​ក្រុង​ឡាអេ មាត្រា១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ បាន​ចែង​កំណត់​យក​​ខ្សែបែងចែក​ផ្លូវទឹក​ធ្វើ​​ជា​ព្រំដែនពិត​មែន ក៏ប៉ុន្តែ នៅ​ក្នុង​មាត្រា ៣ នៃ​សន្ធិសញ្ញា​ដដែលនេះ​ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម។ បើ​និយាយ​ពី​​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម គឺ​មានតែ​មួយ​គត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​យក​មក​ធ្វើ​ជា​សំអាង។ ដូច្នេះ គេ​​មិនចាំបាច់​ស្វែងរក​ទីតាំង​ខ្សែបែងចែក​ផ្លូវទឹក​អ្វី​នោះទេ។

យោង​តាម​​ហេតុផល​ទាំងនេះ តុលាការ​បាន​កំណត់​​​ថា នៅ​តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​ស្របច្បាប់​រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​​ព្រំដែន​ ដែល​មាន​គូស​នៅ​លើ​ផែនទី​ឧបសម្ព័ន្ធ​ទី១។ ហើយ​តាម​រយៈ​ខ្សែបន្ទាត់​ព្រំដែន​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ​បាន​សម្រេច​សេចក្តី​ថា៖

·        ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា
·        ថៃ​ត្រូវ​តែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​​​​​​​​​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា
·        ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​៕

ការ​អនុវត្ត​​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ

ក្នុង​ចំណោម​សេចក្ដី​សម្រេច​ទាំង​បី​ចំណុច របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ មាន​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គោរព។ នោះ​គឺ​ចំណុច​ទី​១ ដែល​កំណត់​ថា ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ ដោយ​ឡែក ចំណុច​ទី​២ ដែល​តុលាការ​បង្គាប់​ឲ្យ​ថៃ​ដក​កង​កម្លាំង​ចេញ​ពី​ប្រាសាទ និង​បរិវេណ​ជុំ​វិញ​ប្រាសាទ​ក្នុង​ដែន​ដី​កម្ពុជានោះ មិន​ត្រូវ​បាន​ភាគី​ថៃ​អនុវត្តទេ​ភារី​។ សម្រាប់​ថៃ អ្វី​ដែល​តុលាការ​អន្ដរជាតិ​កាត់​សេចក្ដី​នោះ​គឺ​តួ​ប្រាសាទព្រះវិហារ​។ ដោយ​ឡែក បរិវេណ​ជុំ​វិញ​ប្រាសាទ ដែល​មាន​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ គឺ​ជា​កម្មសិទ្ធិ​​របស់​ថៃ​ ហើយ​ថៃ​មាន​សិទ្ធិ​ដាក់​កង​កម្លាំង​របស់​ខ្លួន នៅ​ទី​នោះ​។ ព្រោះ​តែ​ប្រកាន់​ជំហ​បែប​នេះ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ ថៃ​បាន​លើក​ទ័ព​ចូល​លុក​លុយវត្ត​កែវ​សិក្ខាគិរី​ស្វារៈ ជាប់​​ប្រាសាទ​ព្រះវិហារ​ម្ដង​ទៀត​។ ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត ជម្រុញ​ឲ្យ​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ឲ្យ​បក​ស្រាយ​សាលដីកា​ក្រុង​ឡាអេ ឆ្នាំ​១៩៦២​ឡើង​វិញ​។

នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២​ឡើង​វិញ និង​បាន​សម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំង​អស់​ចេញ​ពី​បរិវេណ​ជុំ​វិញ​ប្រាសាទ។ ប៉ុន្តែ សេចក្ដី​សម្រេច​លើក​ទី​២​នេះ នៅ​តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ថៃ​អនុវត្ត​តាម​បាន​ដដែល​។

យើង​ឃើញ​ថា រហូត​មក​ទល់​ពេល​នេះ កង​កម្លាំង​របស់​ថៃ នៅ​តែបន្ត​​មាន​វត្តមាន​នៅ​លើ​បរិវេណ​ជុំ​វិញ​ប្រាសាទ ដែល​ជា​ដែន​អធិបតេយ្យ​របស់ខ្មែរ​។ មិន​ត្រឹម​តែ​មិន​ដក​កម្លាំង​ចេញ​ពី​ដែន​អធិបតេយ្យ​ខ្មែរ​ទេ ភាគី​ថៃ​ក៏​នៅមិន​ទាន់​ប្រគល់​វត្ថុ​សិល្បៈ​បុរាណមក​ឲ្យ​ខ្មែរ​វិញ​ដែរ​។ ជា​វត្ថុ​បុរាណ ដែលថៃ​​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារឬ​តំបន់​ប្រាសាទ ក្នុង​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រាសាទ​ចាប់​ពី​ឆ្នាំ​១៩៥៤​។ ដែល​​នេះ គឺជា​ការ​ខក​ខាន​មិនបាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ។

វិធានការ​របស់​កម្ពុជាប្រឈម​នឹង​​ភាគី​ថៃ ដែល​មិន​​អនុវត្តសេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ

ការ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​​តុលាការ​ក្រុង​ឡាអេ ICJ ឲ្យ​បាន​ពេញ​លេញ នៅ​ក្នុង​ខណៈ​ដែល​ថៃ​គ្រប់​គ្រង​ដោយ​របប​យោធា​ដូច្នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពិបាក​នឹង​ទៅ​រួច​ណាស់​។ ពិបាក​ព្រោះ ​បើទោះ​បី​ជា​​រដ្ឋាភិបាល​យោធា​របស់​ថៃ ទទួល​ស្គាល់​និង​ព្រម​អនុវត្ត​តាម​សាល​ដីការ ICJ ក៏​ដោយ ក៏​គេ​មិន​អាច​ធានា​បានទេ​​ថា ការ​ទទួល​ស្គាល់​នេះ នឹង​នៅ​តែ​មាន​បន្ត​ទៀត​សម្រាប់​រដ្ឋាភិបាល​ថៃ​​ថ្មី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ព្រោះ​សូម​កុំ​ភ្លេច​ថា រដ្ឋាភិបាល​លោក ប្រាយុទ្ធ ចាន់អូចា រាល់​ថ្ងៃ គឺ​ជា​រដ្ឋាភិបាល​រដ្ឋ​ប្រហារ ជា​រដ្ឋាភិបាល​​ខុស​ច្បាប់ ដែល​ជនជាតិ​ថៃ​មួយ​ចំនួន​មិន​ទទួល​ស្គាល់​ទេ​។

តើ​ការ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​តុលាការ​ក្រុង​ឡាអេ គឺ​ជា​រឿង​ចាំ​បាច់​ដែរ​ឬ​ទេ​សម្រាប់កម្ពុជា? មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​នៅ​ក្នុង​ចំណុច​នេះ! លោក សំបូ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ យល់​ឃើញ​ថា រឿង​នេះ​ចាំ​បាច់​តែ​មិន​បន្ទាន់​ទេ​។ លោក​ថា កម្ពុជា​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ដែល​ចាំ​បាច់​និង​បន្ទាន់ ជា​ពិសេស​ការ​ថែ​រក្សា​សន្តិភាព​និង​បញ្ហា​សេដ្ឋកិច្ច​ជា​ដើម​។ ចំណាត់ការ​ណាមួយ​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដ៏​រសើប​នេះ សម្រាប់​លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​សន្តិភាព​។

ដោយ​ឡែក លោក​បណ្ឌិត ស៊ន សំណាង ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ឯ​ណុះ​វិញ យល់​ឃើញ​ថា ការ​អនុវត្ត​សាលដីកា​តុលាការ​ក្រុង​ឡាអេ​ឲ្យ​បាន​ពេញ​លេញ គឺ​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់ ទាំង​សម្រាប់​កម្ពុជា និង​ជា​ពិសេស​សម្រាប់​ប្រទេស​ថៃ​តែម្ដង​។ ប្រទេស​ថៃ ដែល​បើ​តាម​លោក​បណ្ឌិត ស៊ន សំណាង ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ ICJ ដើម្បី​កិត្យានុភាព​នៅ​លើ​ឆាក​អន្ដរជាតិ និង​ភាព​ជា​ប្រជាជាតិ​ស៊ីវីល័យ​របស់​ថៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ