ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/03 12h00 GMT
កម្ពុជា

យុវជន ៦នាក់​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​អង្គការ​សមាគម​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ដោះ​លែង​ក្នុង​ថ្ងៃ​តែ​មួយ​

media  
យុវជន ៦នាក់ មក​ពី​ក្រុម​យុវជន​ខ្មែរ​មហាន​គរ ​និង​ក្រុម​យុវជន​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន​ឃាត់ខ្លួន @RFI/Siv Channa

យុវ​ជន​ ៦នាក់មក​ពីក្រុម​យុវ​ជន​ខ្មែរ​មហា​នគរ​ និង​ក្រុម​យុវ​ជន​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែលត្រូវ​បានកម្លាំង​អាជ្ញាធរ​ខណ្ឌ​ចម្ការមន ​ឃាត់​ខ្លួន ​នៅ​ព្រឹក​នេះ ត្រូវ​បាន​ដោះ​លែង​ចេញ​មក​វិញ​ហើយ ​នា​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា​នេះ។ ​សូម​បញ្ជាក់​ថា​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​អ្នក​ទោស​មក​ធ្វើការ​តវ៉ា ​នៅ​ខាង​មុខ​រដ្ឋ​សភា​ជាតិ សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ច្បាប់​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល។

ក្នុង​ការ​តវ៉ា​ព្រឹក​នេះ ​សមាជិក​៦​នាក់​ នៃ​ក្រុម​យុវ​ជន ដែល​មាន​គ្នា​ប្រមាណ ​៥០​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចម្ការមន​ ឃាត់​ខ្លួន​ និង​នាំ​ខ្លួន​ទៅ​កាន់​សាលាខណ្ឌ ​ដើម្បី​ធ្វើ​ការ​សាក​សួរ ណែនាំ​ពួក​គេ​ទាំង​នោះ។ ​មូលហេតុ​នៃ​ការ​តវ៉ា បណ្តាល​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​នេះ ត្រូវ​បាន​ លោក ​ហេង ​សំណាង ​ប្រធាន​ក្រុម​យុវជន​ខ្មែរមហានគរ បញ្ជាក់​ថា ដោយ​សារ​តែ​ក្រុម​យុវ​ជន​របស់​លោក​មិន​ពេញ​ចិត្ត និង​ច្បាប់​ស្តី​ពីសមាគម និង​អង្គការមិន​មែន​រដ្ឋាភិ​បាល ដែល​អាច​បំបិទ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​។

នេះ​គឺ​ជា​ការ​តវ៉ា​បែប​ថ្មី ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ដោយ​មាន​ប្រើ​ឯក​សណ្ឋាន​អ្នក​ទោស ​និង​ដាក់​ច្រវាក់​ជើងរបស់​ក្រុម​យុវជន ដែល​មិន​ពេញ​ចិត្ត​នឹង​ច្បាប់​គ្រប់​គ្រង​សមាគម​អង្គការ​។ ក្នុង​ចំណោម ​យុវជន​ទាំង​ ៦​នាក់ ដែល​អាជ្ញាធរ​ខណ្ឌ​ចម្ការមន​បាន​ចាប់​ខ្លួន​នោះ ក៏​មាន​ប្រធាន​ក្រុម​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក មួង សូនី ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​យុវជន​ខ្មែរ​មហាន​គរ​។
 
លោក​ អំ សំអាត មន្ត្រី​សើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ ដែល​បាន​ចូល​រួម​ឃ្លាំ​មើល​សកម្មភាព​តវ៉ា​របស់យុវ​ជន នៅ​ព្រឹក​ថ្ងៃ​ទី២៦ ​កក្កដា​នេះ បាន​បញ្ជាក់​ថា ​ក្រុម​យុវជន​ទាំង ​៦នាក់ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ នាំ​ទៅកាន់​សាលា​ខណ្ឌ គឺ​ជា​អ្នក​ស្លៀក​ពាក់​ឯក​សណ្ឋាន​អ្នក​ទោស​។ ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​លើ ​៣បទល្មើស រួម​មាន​ការ​ក្លែង​បន្លំ​ឯក​សណ្ឋាន​ជា​អ្នក​ទោស​ ការ​ធ្វើ​ឲ្យ​មាន​ចលាចល​សណ្តាប់​ធ្នាប់​សាធារណៈ ​និងធ្វើ​បង្ក​ឲ្យ​មាន​ភាព​អនាធិប​តេយ្យ។ ក្រោយ​ពី​ការ​ចាប់​ខ្លួន ​និង​ធ្វើការ​ណែនាំ​ចាប់​ ពី​ព្រឹក​រហូត​ដល់​ល្ងាច​មក អាជ្ញាធរ​ខណ្ឌ​ក៏​បាន​ដោះលែង​ក្រុម​យុវជន​ទាំង​ ៦នាក់​ ដោយ​ធ្វើ​កិច្ច​សន្យា​ឈប់​ឲ្យ​យុវជន​ទាំង​នោះ ​ធ្វើ​អ្វីដែល​ខុស​ច្បាប់​ ហើយ​បើ​ចង់​ធ្វើ​បាតុកម្ម​ត្រូវ​តែ​ជូន​ដំណឹង​ទៅ​សាលា​ក្រុង​ជា​មុន​។ នេះ​បើ​តាម ​លោក​អំ ​សំអាត​។
 
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​សកម្ម​ភាព​របស់​ក្រុម​យុវ​ជន​នេះ មិន​មាន​ច្បាប់​អនុញ្ញាត ​ហើយ​វា​គឺ​ជា​រូប​ភាព​មួយ​មិន​សម​រម្យ​នោះ​ទេ​ ដោយ​សារ​តែ​ពួក​គាត់​បាន​ប្រើ​សម្លៀកបំពាក់​អ្នក​ទោស និង​ដាក់​ច្រវាក់ ដោយ​គ្មាន​សាល​ក្រម។ ទង្វើ​នេះ​គឺ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សាធារណៈ ហេតុដូច្នេះ​អាជ្ញាធរ​ត្រូវ​តែឃាត់​ខ្លួន​ពួក​គាត់​មក​ណែ​នាំ។
 
សូម​បញ្ជាក់​ថា ការ​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ច្បាប់​នេះ​ស្ថិត​នៅ​ក្នុង​សេចក្តី​ព្រាង រហូត​ធ្លាក់​មក​ដល់​ដៃ​សភា ហើយ​សភាបាន​អនុម័តកាល​ពីថ្ងៃទី​១៣ ​កក្កដា ដោយ​មិន​មាន​ការ​ចូល​រួម​អនុម័ត​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ឡើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ