អានតួអត្ថបទ
កម្ពុជា

ភ្នំពេញ​ នៅ​តែ​រំលឹក​ខួប ៧​ឆ្នាំ​នៃ​ការ​រត់​ជាន់​គ្នា​ស្លាប់​មនុស្ស​លើ​ស្ពាន​ពេជ្រ​ ទោះ​ទីក្រុង​កោះ​ពេជ្រ​មិន​ដូច​មុន!

ថ្ងៃ​ទី ២២​វិច្ឆិកា ២០១០ - ២២ វិច្ឆិកា ២០១៧ គឺ​ជា​ខួប​ ​៧​ឆ្នាំ​ នៃ​មហា​ព្រឹត្តិការណ៍​សោកនាដកម្ម​ សម្លាប់​មនុស្ស​ស្លូត​ត្រង់ ៣៥០​នាក់ ដោយ​សារ​ការ​រត់​ជាន់​គ្នា លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​ ៣ ។ ទោះ​បី​ជា​ពេល​នេះ ទី​ក្រុង​កោះ​ពេជ្រ បាន​ប្រែ​មុខ​មាត់​ថ្មី អម​ដោយ​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​ខ្ពស់ៗ និង​ច្រើន​ស្អេក​ស្កះ ស្ទើរ​តែ​បាំង​បាត់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ក៏​ដោយ ក៏​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​ចង​ចាំ ហើយ​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ២២​វិច្ឆិកា​នេះ។

រូបភាព​ចាស់៖ ស្ពានកោះពេជ្រ ដែល​សម្លាប់​មនុស្ស​ស្លូត​ត្រង់ ៣៥០​នាក់ ដោយ​សារ​ការ​រត់​ជាន់​គ្នា
រូបភាព​ចាស់៖ ស្ពានកោះពេជ្រ ដែល​សម្លាប់​មនុស្ស​ស្លូត​ត្រង់ ៣៥០​នាក់ ដោយ​សារ​ការ​រត់​ជាន់​គ្នា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២២​វិច្ឆិកា​នេះ បាន​រៀប​ចំ​ពិធី​សូត្រ​មន្ត បង្សុកូល និង​រាប់​បាត្រ​ឧទ្ទិសកុស ជូន​ដល់​វិញ្ញាណក្ខន​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ រត់​ជាន់​គ្នា លើ​អតីត​ស្ពាន​ពេជ្រ​ នៃ​ទីក្រុង​កោះពេជ្រ។ ទោះ​បី​ជា​ស្ពាន​ពេជ្រ ត្រូវ​បាន​រុះរើ​ចោល​ក៏​ដោយ ប៉ុន្តែ​សោកនាដកម្ម​នេះ នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​មហាជន បំភ្លេច​បាន​នោះ​ទេ ជា​ពិសេស​គឺ​រាល់​ពេល​ព្រះ​រាជពិធីបុណ្យ​អុំទូក​ រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល ៧ឆ្នាំ​មក​នេះ។

យ៉ាង​ណា​មិញ នៅ​ឆ្នាំ​នេះ វា​រាង​ខុស​ពី​ឆ្នាំ​មុន​បន្តិច ត្រង់​ថា​តំណាង​រាស្ត្រ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា មិន​បាន​បង្ហាញ​សកម្មភាព​​រំលឹក​ខួប​នេះ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​ ត្បិត​តែ​បក្ស​នេះ ទើប​តែ​ត្រូវ​បាន​រំលាយ​ក្នុង​ពេល​ថ្មីៗ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​នេះ ដោយ​មាន​ការ​រាប់​បាត្រ​ និង​ប្រគេន​ទេយ្យវត្ថុ ដល់​ព្រះ​សង្ឃ ចំនួន ១០៨​អង្គ រួម​នឹង​ពិធី​សូត្រ​មន្ត​តាម​បែប​សាសនា​ផ្សេងៗ​ទៀត។ ​

គួរ​រម្លឹក​ជូន​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩​យប់​ ថ្ងៃ​ទី ៣​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប កាល​ពី​ថ្ងៃ​ទី ២២​វិច្ឆិកា ឆ្នាំ ២០១០ មាន​មនុស្ស​ជា​ច្រើន​នាក់ បាន​ស្ទះ​ជាប់​គ្នា នៅ​លើ​ស្ពាន​ពេជ្រ រាប់​ម៉ោង ទម្រាំ​មាន​ការ​ជួយ​ទាញ​ចេញ​បាន​មក​វិញ។ ហើយ​ជា​លទ្ធផល​ មាន​មនុស្ស​ប្រមាណ ៣៥០នាក់​​ ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ នា​ថ្ងៃ​នោះ និង​ប្រមាណ ៧០០​នាក់​ទៀត បាន​រង​របួស ទាំង​ធ្ងន់ ទាំង​ស្រាល ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ តាម​មន្ទីរពេទ្យ​នានា ក្នុង​​រាជធានី​ភ្នំពេញ។

ការ​ស្លាប់​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ពេល​តែ​មួយ នា​ពេល​នោះ បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​ភាព​តក់​ស្លុត​ជា​ខ្លាំង។ តក់​ស្លុត ព្រោះ​តែ​ហេតុ​ការណ៍​នេះ ជា​រឿង​មួយ​ដែល​មិន​គួរ​កើត​ឡើង​ នៅ​ខណៈ​ពេល​ដែល​ប្រជាជន​កំពុង​តែ​សប្បាយ​រីករាយ ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ និង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ប្រកាស​ថា ពោរ​ពេញ​ដោយ​សន្តិភាព សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​។ ហេតុ​ផល​ផ្សេងៗ ត្រូវ​បាន​បក​ស្រាយ​ក្រោយ​ហេតុការណ៍​នោះ​ មាន​ដូច​ជា អ្នក​ខ្លះ​ថា​ដោយ​សារ​តែ​ការ​ផ្អើល​តាម​គ្នា និង​អ្នក​ខ្លះ​នៅ​តែ​មាន​ភាព​​ជឿ​ជាក់ លើ​ការ​ឆក់​ខ្សែ​ភ្លើង​ជា​ដើម។

ក្រោយ​ហេតុ​ការណ៍​ឧបទ្ទវហេតុ​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​រាប់​ពាន់​ដុល្លារ​អាមេរិក ដល់​គ្រួសារ​សព និង​​អ្នក​រង​របួស​ទាំង​អស់។ ហើយ​ពេល​នោះ ក៏​មាន​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ។ ក្នុង​នោះ​ផង​ដែរ រដ្ឋាភិបាល ក៏​បាន​រៀប​ចំ​ធ្វើ​ជា​ស្តូប​រំលឹក​វិញ្ញាណក្ខន នៅ​ក្បែរ​ស្ពាន​ពេជ្រ ដោយ​រាយ​នាម​ឈ្មោះ​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ទី​នោះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ បាន​មក​រំលឹក​ ជា​រៀង​រាល់​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ