ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

​មនុស្ស​៨​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​រឿង​លាក់​ទុក​អាវុធ​ដើម្បី​ប្រឆាំង​រដ្ឋា​ភិបាល​

media  
រូបភាព៖ កាំភ្លើងខុសច្បាប់ ដែលត្រូវបានរៀបជាជួរៗ @រស្មីកម្ពុជា

មនុស្ស​ចំនួន​៨​នាក់ ក្នុងនោះ​មាន​​ស្រី​ម្នាក់​ផង ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ក្នុង​ក្រុម​ជន​ប្រដាប់​អាវុធ​ខុស​ច្បាប់ បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ដោយ​រក​ឃើញ​អាវុធ​ចំនួន​២៨​ដើម និង​គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​ទៀត​។ ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​ ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ស្រប​ច្បាប់ ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​។ 

លោក ខៀវ សុភ័គ រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ថា ​សមត្ថ​កិច្ច​ពិត​ជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៨​នាក់​នោះ​មែន​។

ជាមួយ​គ្នា​នោះតំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​មនុស្ស​ទាំង​៨​នាក់​នោះ ពី​បទ« រៀប​ចំ​ចាត់​តាំង​ក្រុម​ជន​ប្រដាប់​អាវុធ សន្និ​ធិអាវុធ​និង​គ្រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​ចូល​រួម​ក្នុង​ក្រុម​ជន​ប្រដាប់​អាវុធ» តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ នេះ​បើ​តាម លោក ​លី សុ​ផា​ណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែលឆ្លើយ​តប​តាម​Telegram មក​កាន់​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​នៅ​​​ព្រឹក​ថ្ងៃ​​អង្គារ​​។

លោក​ ឆាយ គឹម​ឃឿន ​ជា​នាយ​សេនា​ធិការ នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​អះ​អាង​ថា លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លំអិត​បាន​ទេ​ជុំ​វិញ​ករណី​នេះ ដោយ​ថា កំពុង​ស្ថិត​ក្នុង​ប្រតិ​បត្តិ​ការ​ស៊ើប​អង្កេត​បន្ត​របស់​សមត្ថ​កិច្ច ហើយ​វា​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ​។

តែ​តាម​ព័ត៌​មាន​ជា​ច្រើន​បាន​ផ្សាយ​ថា ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់​ស្ពឺ ខេត្ត​កំពត និង​ខេត្តពោធិ៍សាត់ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

កាសែត​រស្មី​កម្ពុជា បាន​ផ្សាយ​ថា តាម​ចម្លើយ​របស់​ជន​សង្ស័យ​បាន​សារ​ភាព​ថា ក្រុម​ខ្លួន​ចង់​ងើប​បះ​បោរ​ប្រឆាំង​រាជ​រដ្ឋា​ភិបាល និង​ស្វះ​ស្វែង​រក​​ប្រភព​ហិរញ្ញវត្ថុ​។ កា​សែត​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​មួយ​នេះ បាន​ឲ្យ​ដឹង​ថា អាវុធ​ដែល​ដក​ហូត​បាន គឺ​មាន​អាកា​ស្វ័យ​បត់​ចំនួន​២៥​ដើម ត្រូវ​​ជន​សង្ស័យ​កប់​លាក់​ទុក​នៅ​ក្នុង​ដី នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​២​ដើម​ទៀត​ លាក់​ទុក​នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ​ស្រុក​ឈូក ខេត្ត​កំពត ខណៈ​កាំ​ភ្លើង ​សេ​កា​សេ មួយ​ដើម​ទៀត រកឃើញ លាក់​ទុក​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​។ ក្រៅ​ពី​កាំ​ភ្លើង​ទាំង​នេះ សមត្ថ​កិច្ច​ក៏​រក​ឃើញ​​​គ្រាប់​​​កាំ​ភ្លើង​​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​ផង​ដែរ​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ