អានតួអត្ថបទ
កម្ពុជា

ភ្នំពេញ​ធ្វើជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​មហា​សន្និបាត ​AIMF​ ដែល​មាន​ការ​ចូលរួម​ពី​អភិបាល​ក្រុង​ជាង​៨០​រូប

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​សមាគម​អន្ដរជាតិ ​នៃ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ ដែល​កិច្ច​ប្រជុំ​នេះ ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤​ខែ​ធ្នូ​សប្តាហ៍​ក្រោយ​។ ​ការ​ធ្វើជា​ប្រធាន​នៃ​កិច្ច​ប្រជុំ ​AIMF​ របស់​កម្ពុជា​នៅ​ពេល​នេះ ​គឺ​បន្ទាប់​ពី​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ AIMF ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៨​របស់​ខ្លួន​នៅ​ទី​ក្រុង​Lille ​ប្រទេស​បារាំង ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​កន្លង​ទៅ ​បាន​ជ្រើសរើស​ទី​ក្រុង​ភ្នំពេញ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៩​នេះ​។

សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ PP City
ផ្សាយពាណិជ្ជកម្ម

ក្រោម​ប្រធាន​បទ​«​ទីក្រុង​ដែល​មាន​ភាព​ធន់ ​ការ​គិតគូរ​ពី​បញ្ហា​ប្រឈម ​និង​ការ​ស្ថាបនា​ទី​ក្រុង​ឡើង​វិញ​» ​ក្រុង​ភ្នំពេញ​នឹង​ទទួល​អ្នក​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់ ​មកពី​១៤០​ទីក្រុង ​រួមមាន​៤១​ប្រទេស ​ក្នុង​ចំណោម​អ្នក​ចូលរួម​នោះ ​មាន​អភិបាល​ក្រុង​ចំនួន​៨៥​រូប​។

អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួង ស្រេង ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ភ្នំពេញ​បាន​រៀបចំ​រួចរាល់​ហើយ​មកទល់​នឹង​ពេល​នេះ ​ហើយ​សន្តិសុខ​ក៏​នឹង​មាន​ការ​ពង្រឹង​ផងដែរ ​ដើម្បី​ទទួល​ភ្ញៀវ​និង​ដឹកនាំ​កិច្ច​ប្រជុំ​ដ៏មាន​សារៈសំខាន់​មួយ​នេះ​។

លោក ​នួន ផារ័ត្ន ​អភិបាល​រង​រាជធានី​ភ្នំពេញ ​តាមរយៈ​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ការ​រៀបចំ​មហាសន្និបាទ​ AIMF​ នៅ​ពេល​នេះ ​គឺ​ជា​លើក​ទី​១​ហើយ ​ដែល​រាជធានី​ភ្នំពេញ​មាន​ឱកាស​បាន​បង្ហាញ​ស្នាដៃ ​និង​បទពិសោធន៍ ​ក៏ដូចជា​ការ​រីកចំរើន​របស់​ប្រទេស​កម្ពុជា​។

ក្រៅពី​កិច្ច​ប្រជុំ​នេះ ​រាជធានី​ភ្នំពេញ ​ក៏​មាន​រៀបចំ​តាំង​ពិ​ព័រណ៍​ដ៏​ធំ​មួយ​ នៅ​លើ​ដង​វិថី​ព្រះស៊ីសុវត្ថិ ​ចម្ងាយ​៧០០​ម៉ែត្រ ​ដើម្បី​បង្ហាញ​ពី​ដំណើរការ​ និង​ដំណាក់កាល​កសាង​ទីក្រុង​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​ទៅ និង​ដើម្បី​អបអរ​សាទរ​ខួប​៤០​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​(AIMF)​ផងដែរ​។​

សូម​រំលឹក​ថា ​សមាគម​អន្ដរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៧៩ ​ដើម្បី​ចងក្រង​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ​ក្នុង​ន័យ​ផ្លាស់ប្ដូរ​បទពិសោធន៍ ​និង​គំនិត​ល្អ​ៗ​ឲ្យគ្នា​ទៅវិញ​ទៅមក​។ ​ដោយឡែក ​រាជធានី​ភ្នំពេញ ​បាន​ចូលជា​សមាជិក​នៃ​សមាគម​នេះ ​នៅ​ឆ្នាំ​១៩៩០ ​ហើយ​បាន​ក្លាយ​ជា​សមាជិក​អចិន្ដ្រៃយ៍​នៅ​ឆ្នាំ​២០០៣​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ