អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក​ហ៊ុន សែន ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា អាស៊ាន​ដើរ​យឺត​តែ​រឹងមាំ

លោក​​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កម្មវិធី​ថា អាស៊ាន​ដើរ​យឺត​តែ​រឹង​មាំ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដី​ពី​អាស៊ាន ដែលលោក​ចូលរួម​ជា​វាគ្មិន រួម​ជាមួយ​នាយរដ្ឋមន្ដ្រី​វៀតណាម ព្រមទាំង​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត​។

ផ្សាយពាណិជ្ជកម្ម

«តើ​អាស៊ាន​ក្លាយ​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ?» នេះ​គឺ​ជា​ប្រធាន​បទ​នៃ​កិច្ច​ពិភាក្សា​ស្ដី​ពី​អាស៊ាន ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ចូល​រួម​ជា​វាគ្មិន នៅ​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស​។

ប្រធានបទ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​សារ​តែ​អ្នក​សេដ្ឋកិច្ច​មើល​ឃើញ​ថា អាស៊ាន ដែល​បាន​ប្រកាស​ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ​២០១៥ ធ្វើ​ដំណើរ​ទៅ​មុខ​យឺតយ៉ាវ​ណាស់។ កិច្ច​ពិភាក្សា​នេះ ក៏​មាន​បំណង​ស្វែង​រក​ផ្លូវ​ដើរ​សម្រាប់​អាស៊ាន​ផង​ដែរ ធ្វើ​យ៉ាង​ណា​ឲ្យ​សមាគម​នេះ ដំណើរការ​ទៅ​មុខរួម​គ្នា​​ប្រកប​ដោយ​ផលិតភាព​ខ្ពស់​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា បាន​ឆក់​យក​ឱកាស​នេះ ពន្យល់​អ្នក​ចូល​រួម​ពី​បញ្ហាប្រឈមដែលធ្វើឲ្យ​អាស៊ានដើរទៅមុខយឺត៖ ទី​១ គឺ​គម្លាត​ជីវភាព​របស់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​។ និង​ទី​២គឺ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​សហគមន៍​អាស៊ាន​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​អាស៊ានធ្វើ​ការ​ដោយ​ម៉ឺងម៉ាត់ និង​​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ទាំង​នេះ​គឺ​ជា​​ហេតុ​ធ្វើ​ឲ្យ​អាស៊ាន​​មាន​សាមគ្គីភាព​និង​រឹងមាំ​​។

នាយក​រដ្ឋ​មន្ដ្រីកម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​អាស៊ាន តែ​លោក​មិន​ចង់​ឲ្យ​អាស៊ាន​ដើរ​ទៅ​មុខ​លឿន​ពេក​នោះទេ​។ មិន​ចង់​ឲ្យ​ដើរ​លឿន ព្រោះ​មិន​ចង់​ឃើញ​​អាស៊ាន​ដើរ​ជាន់​ដាន​អឺរ៉ុប ដែល​កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ អង់គ្លេស​បាន​ធ្វើ​ប្រជាមតិ​ចាក​ចេញ​ពី​អឺរ៉ុប​។ ចង់​ឲ្យ​អាស៊ាន​ជោគជ័យ លោក ហ៊ុន សែន ពន្យល់​ថា គេ​ត្រូវ​ការពេលវេលា​មួយ​សមស្រប​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់ និង​ដើម្បី​អប់រំ​ឲ្យ​ប្រជាជនអាស៊ាន​ជាង​៦០០​លាន​នាក់​​យល់​ដឹង​ពី​ការ​ធ្វើ​សមាហរណកម្ម​។​ ហើយ​ពេល​វេលា​នោះ មិន​អាច​លឿន​ពេក​​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ