អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិក​ខក​ចិត្ត​ចំពោះ​ការ​ផ្អាក​ដំណើរការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ

សហរដ្ឋ​អាមេរិកបាន​សម្ដែង​ការ​​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​ប្រកាស​ផ្អាក​ដំណើរការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ​។ នេះ​បើ​តាម​លិខិត​របស់​លោក​ស្រី អាន មៀល ហ្គ្រីហ្វីត នាយកប្រតិបត្តិ​សម្ព័ន្ធ​គ្រួសារ​របស់​ឈ្លើយ​សឹក​និង​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ផ្ញើ​ជូន​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥កញ្ញា​​។ ជា​ការ​ឆ្លើយ​តប នៅ​ថ្ងៃ​ទី​១២​តុលា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ទៅ​វិញ​ថា ការ​ផ្អាក​ដំណើរការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ​នេះ គឺ មាន​លក្ខណៈ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​។

លោក​ស្រី Ann Mills Griffiths ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​នាយកប្រតិបត្តិ​សម្ព័ន្ធ​គ្រួសារ​របស់​ឈ្លើយ​សឹក​និង​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍។
លោក​ស្រី Ann Mills Griffiths ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​នាយកប្រតិបត្តិ​សម្ព័ន្ធ​គ្រួសារ​របស់​ឈ្លើយ​សឹក​និង​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍។ U.S. Air Force photo by Kemberly Groue
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន លោក​ស្រី អាន មៀល ហ្គ្រីហ្វីត បានលើក​ឡើង​ថា ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម គឺជា​សកម្មភាព​មនុស្ស​ធម៌ ហើយ​លោក​ស្រី​រំឭកបន្ថែម​​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​ឯកភាព​ដែរ​ក្នុង​រឿង​នេះ​ ដោយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​នោះ​ទេ​។

មែន​ទែន​ទៅ លោក​ស្រី អាន បាន​ដឹង​អំពី​ភាព​ស្មុគស្មាញ​និង​ការ​លំបាក​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​​រវាង​កម្ពុជា និង​អាមេរិក ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្ដ្រី​កម្ពុជា សម្រេច​ចិត្តផ្អាក​កិច្ច​សហប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា ប៉ុន្តែ​លោក​ស្រី​ធានា​ថា វា​មិន​ទាក់ទង​នឹង​ការ​គិត​មិន​ត្រឹមត្រូវ​ដែល​ថា អាមេរិក​ព្យាយាម​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ នៅ​ក្នុង​លិខិត​ដដែល លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​ដែល​ពុំ​ទាន់​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា នឹង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ប្រសិន​បើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អាមេរិក​ក្នុង​ការ​ស្វែក​រក​អដ្ឋិធាតុ​ត្រូវ​បានផ្អាក​។

គួរ​ជម្រាប​ជូន​ថា លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ​។ ការ​ប្រកាស​ផ្អាក​នោះ ធ្វើ​ឡើង​​បន្ទាប់​ពីស្ថានទូត​អាមេរិក​ប្រកាស​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ដ្រី​ការទូត​ជាន់​ខ្ពស់​កម្ពុជា ​ ដោយ​សារកម្ពុជា​មិន​ព្រម​ទទួល​យកពលរដ្ឋ​ខ្លួន​ដែល​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​មក​មាតុ​ប្រទេស​វិញ​​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ទៅនាយកប្រតិបត្តិ​សម្ព័ន្ធ​គ្រួសារ​របស់​ឈ្លើយ​សឹក​និង​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​​វិញ​ចុះ​ថ្ងៃ​ទី​១២​តុលា, លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ផ្អាក​ដំណើរការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ​នេះ គឺ មាន​លក្ខណៈ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​។ និង​ថា កម្ពុជា​រំពឹង​ថា​នឹង​អាច​បន្ត​ធ្វើ​ការ​ជាមួយ​អាមេរិកឡើង​វិញ ក្នុង​សំណុំ​រឿង​នេះ នៅ​ពេលដែល​កម្ពុជា​​ទទួល​បាន​ការធានា​ទៅ​វិញ​ទៅ​មក​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​។

កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា​កន្លង​ទៅ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់យ៉ាង​ច្បាស់​ហើយ​​​ថា ប្រសិន​បើ​អាមេរិក​ចង់​បន្ត​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​៤៩​នាក់​ទៀត​ដែល​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​ខ្មែរ គឺ​ទាល់​តែ​អាមេរិក​ដក​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ដ្រី​ការទូត​ខ្មែរ​ចេញ​វិញសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ