អានតួអត្ថបទ
កម្ពុជា

ភ្លៀង​មួយ​មេ​នៅ​សៀមរាប​ បណ្តាល​ឲ្យ​រលំ​ផ្ទះ​និង​បាក់​ដើម​ត្នោត​ដែល​មាន​អាយុ​រាប់​សិប​ឆ្នាំ​នៅ​តំបន់​អង្គរ​

ភ្លៀង​​លាយ​​ខ្យល់​​មួយ​​មេ​ធំ ​នៅ​ក្នុង​​ខេត្តសៀមរាប​កាល​ពី​​ល្ងាច​​ថ្ងៃទី១៣​ឧសភា​ម្សិល​ម៉ិ​ញ បាន​​​បណ្តាល​​​ឲ្យ​​លំនៅ​ស្ថាន​​របស់​​ប្រជាពលរដ្ឋ​រាប់សិប​​ខ្នង​​បាន​​ដួល​រលំ​។ ​មិន​តែ​ប៉ុណ្ណោះ ភ្លៀង​​​លាយ​​ខ្យល់​​កន្ត្រាក់​​នេះ ក៏បាន​បណ្តាល​ឲ្យ​រលំ​បាក់​ដើមឈើ​ធំ​តូច​ជាច្រើន​ដើម​នៅ​ក្នុង​តំបន់​​អង្គរ ក្នុងនោះ​ក៏មាន​ដើមត្នោត​ដែលមាន​អាយុ​រាប់សិប​ឆ្នាំ​ដែល​ដុះ​ក្បែរ​ប្រាសាទ​​អង្គរ​ជា​​យូ​មក​ហើយ​​នោះ​ដែរ។ ​តែ​ហេតុការណ៍​នេះ មិន​​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​នោះ​ទេ។

ដើមត្នោត​ដែល​ដុះអែបជាប់​​នឹង​​ប្រាសាទ​អង្គរ​វត្ត​រាប់​សិប​ឆ្នាំ​មក​ហើយ​នេះ ​បាន​បាក់​ពាក់​កណ្តាល​ដើម​ដោយ​សារ​ខ្យល់​កន្រ្តាក់ ​កាល​ពី​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១៦។​
ដើមត្នោត​ដែល​ដុះអែបជាប់​​នឹង​​ប្រាសាទ​អង្គរ​វត្ត​រាប់​សិប​ឆ្នាំ​មក​ហើយ​នេះ ​បាន​បាក់​ពាក់​កណ្តាល​ដើម​ដោយ​សារ​ខ្យល់​កន្រ្តាក់ ​កាល​ពី​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១៦។​ សហការី
ផ្សាយពាណិជ្ជកម្ម

          ក្នុង​ចំណោម​​ដើមឈើ​​ធំ​តូច ​ដែល​​បាន​​ដួល​រលំ​​ដោយ​សារ​​បាតុភូត​​ខ្យល់​​កន្ត្រាក់​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​១៣​ឧសភា​​នៅ​​ខេត្ត​សៀមរាប ​ក៏មាន​​ដើម​ត្នោត​​ដែល​មាន​​អាយុ​​រាប់​សិប​​ឆ្នាំ​ ដែល​​ដុះ​អែប​​នឹង​​ប្រាសាទ​អង្គរវត្ត​​ដ៏​​ល្បីល្បាញ​​របស់​​ប្រទេស​​កម្ពុជា​​ជា​​យូ​​មក​ហើយ​​នោះដែ​រ​។ ​នេះ​​បើ​​យោង​តាម​​សេចក្ដី​ប្រកាស​​ព័ត៌មាន ​របស់​​អាជ្ញាធរ​​ជាតិ​​អប្សរា ​កាល​ពី​​ល្ងាច​​ថ្ងៃទី​១៣ ​ខែ​​ឧសភា​​​ឆ្នាំ​២០១៦នេះ​។​ បើ​តាម​​សេចក្តី​ប្រកាស ​ហេតុការណ៍​​ភ្លៀង​​លាយ​​ខ្យល់​​កន្ត្រាក់​​ដ៏​​អា​ក្រក់​​​នេះ ​បាន​កើត​​ឡើង​​នៅ​​ប្រមាណ​​ជា​​ម៉ោង ​៣និង​៤៥នាទី ​ដែល​​បាន​​បោកបក់​​យ៉ាង​ខ្លាំង​​នៅ​​​ម្ដុំ​​​បរិវេណ​​ក្រុង​​អង្គរធំ​មក​កាន់​​ប្រាសាទ​អង្គរវត្ត។ ​ថ្វីត្បិត​តែ​​ហេតុការណ៍​នេះ ​មិន​​បណ្ដាល​​ឲ្យ​​មាន​​មនុស្ស​​រង​របួស​ក្តី ​ក៏​ប៉ុន្តែ​​ដើម​ឈើ​​ធំ​តូច​​ជា​ច្រើន​​ដើម ​នៅ​​បរិវេណ​​ប្រាសាទ​អង្គរ​វត្ត​ខ្លះ​​បាក់​មែក ​ខ្លះ​​បាក់​​ដើម​​រលំ​​មកលើ​​ដងផ្លូវ​​នៅ​តាម​​ទីតាំង​​តំបន់​​ប្រាសាទ​​មួយ​ចំនួន​​ក្នុង​នោះ​​ក៏​មាន​​ដើមត្នោត​​មួយ​​ដើម​​ដែល​មាន​​អាយុ​​រាប់សិប​ឆ្នាំ ​ស្តិ​ត​​នៅ​​ជ្រុង​​ខាង​ត្បូង​​ឆៀង​​ខាង​លិច​​នៃ​​ខឿន​​ប្រាសាទ​អង្គរវត្ត​ក៏​បាន​រ​លំបាក់​​ផងដែរ។​

 
​យ៉ាងណាក៏​ដោយ ​ភ្លាមៗនៃ​ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​ស្ងប់ស្ងាត់​បន្តិច ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរាក៏បាន​ចេញ​ធ្វើ​អន្តរាគមន៍ភ្លាមៗ ដោយ​ក្នុងនោះ ពួកគេ​បាន​កាប់​លះ​យកចេញ​នូវ​ដើមឈើ​ដែល​រលំ​កាត់​ផ្លូវ ហើយ​ដើមឈើ​ដែល​រលំ​សង្កត់​លើ​ប្រាសាទ​មួយចំនួនទៀត ក៏ត្រូវ​បាន​កាប់​លះ​មែកដើម្បី​សម្រាល​ទម្ងន់​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​ផងដែរ។ បើតាម​សេចក្តីប្រកាស​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ហេតុការណ៍​នេះ មិនបាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទអង្គរវត្ត​នោះទេ។

សូមបញ្ជាក់ថា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នៅ​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី១៣ឧសភា​ម្សិល​​ម៉ិ​ញ បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន៣ គឺ​ស្រុក​ជីក្រែង បណ្ដាលអោយ​រលំ​និង​ប៉ើង​ដំបូល​ផ្ទះ​២២ខ្នង រន្ទះបាញ់​គោ​ងាប់០១ក្បាល និង​ខូចខាត​សម្ភារៈ​មួយចំនួន។ ស្រុក​ប្រាសាទបាគង បណ្ដាល​​ឲ្យ​រលំ​ផ្ទះ និង​ប៉ើង​ដំបូលផ្ទះ០៣ខ្នង និង​ប៉ើង​ដំបូល​ក្បឿង​សាលារៀន០១កន្លែង។ ចំណែក​នៅ​ស្រុក​ពួក បណ្ដាលអោយ​រលំ​ផ្ទះ​ចំនួន៥៦ខ្នង, ប៉ើង​ដំបូលផ្ទះ៣៣ខ្នង និង​បាន​បណ្ដាល​ឲ្យ​មនុស្ស០៦នាក់ បាន​រងរបួស និង​ខូចខាត​របស់របរ​ជាច្រើន​ទៀត។
យ៉ាងណាក៏ដោយ ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ដែល​ខេត្តសៀមរាប​មិន​ធ្លាប់​ជួប​ប្រទះ​​នេះ កំពុង​ធ្វើ​ឲ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​ដែលមាន​អាយុ​រាប់រយឆ្នាំ​របស់​ប្រទេស​កម្ពុជា ព្រោះថា ស្ទើ​តែ​គ្រប់​ប្រាសាទ​ទាំងអស់ នៅ​ខេត្ត​សៀមរាប សុទ្ធសឹងតែ​ហ៊ុំព័ទ្ធ​ទៅដោយ​ដើមឈើធំៗដុះ​ប្រជ្រៀត​គ្នា​នឹង​ថ្ម​ប្រាសាទ។

សូម​បញ្ជាក់ដែរថា ក្នុង​រយៈពេល៥ខែ​ឆ្នាំ២០១៦នេះ យ៉ាងហោចណាស់ មនុស្ស២៦នាក់​បាន​ស្លាប់ ដោយសារតែ​រន្ទះបាញ់​និង​ខ្យល់​កន្ត្រាក់ ក្នុងនោះ លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​​ជា៣០០០ខ្នងបាន​ដួលរលំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ