ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
កម្ពុជា

សមាជិក​សភា​​អាស៊ាន​​បារម្ភ​​ពី​​ជោគ​វាសនា​​លទ្ធិ​ប្រជាធិបតេយ្យ​​កម្ពុជា​​ក្រោយ​​មាន​ការ​​បិ​ទ​​NGO​និង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​

media  
អង្គការNDI​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ ​និង​បណ្តេញ​បុគ្គលិក​ចេញ​ពីប្រទេស​ CC/National Democratic Institute

សមាជិកសភា​មកពី​ទូទាំងប្រទេស​អាស៊ាន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់ទៅៗនៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្រុម​សមាជិកសភា​អាស៊ាន​ក៏​បារម្ភ​ខ្លាំង​ផងដែរ​ពី​ជោគវាសនា​របស់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​បញ្ហា​នេះ។

លោក Charles Santiago ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​ចលនា​ប្រឆាំងនឹង​សំឡេង​រិះគន់ សំឡេង​ឯករាជ្យ​កាន់តែខ្លាំង​ឡើង និង​ធ្វើ​ឲ្យ​មាន​ព្រួយបារម្ភ​ខ្លាំង​ផងដែរ​ទៅលើ​ជោគវាសនា​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ជាពិសេស​គឺ​ការបោះឆ្នោតជាតិ​ដែល​នឹងធ្វើ​ឡើង​នៅសល់​មិន​ដល់​មួយឆ្នាំ​ទៀតផង​នោះ។ ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស ក៏បាន​កត់សម្គាល់​ដែរ​ថា ជាច្រើន​ឆ្នាំ​មកហើយ ប្រទេស​កម្ពុជា​បាន​ស្ថិតក្នុង​បរិយាកាស​នៃ​ការភ័យខ្លាច​ដែល​បង្កឡើង​ដោយ​គណបក្សកាន់អំណាច​ធ្វើជា​យុទ្ធសាស្ត្រ​ក្នុងការ​រក្សា​អំណាច​របស់ខ្លួន​តទៅទៀត។ ក៏ប៉ុន្តែ​អ្វីដែល​បាន​កើតឡើង​ក្នុងពេលថ្មីៗនេះ គឺជា​ការបំពានច្បាប់​មួយ​ដែល​មិន​ដូចជា​អ្វីដែល​គេ​បានឃើញ​តាំងពី​ចុះ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ក្នុង​ឆ្នាំ១៩៩១មក។

ប្រតិកម្ម​ពី​សំណាក់​ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​នាពេលនេះ បានធ្វើ​ឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា បាន​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI បិទ​វិទ្យុ​ក្នុងស្រុក​មួយចំនួន​ដែល​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ក៏ដូចជា​ការ​គំរាម​បិទ​កាសែត​Cambodia Daily ប្រសិនបើ​មិន​បង់ពន្ធ​ចំនួន៦.៣លាន​ដុល្លារ​អាមេរិក​ទៅតាម​ពេល​កំណត់​នៅ​ថ្ងៃទី០៤ ខែកញ្ញា​ខាង​មុ​នេះ។

ក្រៅពី​បញ្ហា​ទាំងអស់នេះ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​ទាក់ទង​ទៅនឹង​របាយការណ៍​ស្តីពី​ឧបាយកល​សំខាន់​ជាច្រើន​ដែល​ផ្សាយ​ឡើង​តាម​អ៊ី​ន​ធើ​ណី​ត​រួមទាំង​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ​ដែល​ស្និត​នឹង​រដ្ឋាភិបាល​មួយចំនួន​ដែល​ភ្ជាប់​សមាជិក​គណបក្សប្រឆាំង​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​រៀបចំ​ផែន​ការ​​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ជាមួយគ្នានេះ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បាន​សង្កត់ធ្ងន់​ថា អាជ្ញាធរ​កម្ពុជា​បាន​បរាជ័យ ដោយ​មិន​បាន​ថ្កោលទោស​ចំពោះ​ការចោទប្រកាន់​​មិន​ពិត​ទាំងនេះ។

ប្រឈម​នឹង​បញ្ហា​ទាំងអស់នេះ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ក៏ដូចជា​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើការ​រួមគ្នា​កាន់តែ​ប្រសើរឡើង​ដើម្បី​ធ្វើការ​គាំទ្រ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមបញ្ចូល​ទាំង​ខ្លឹមសារ​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ផងដែរ ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ