អានតួអត្ថបទ
កម្ពុជា

លោក​ខៀវ សុភ័គ​៖ ​៦ខែ​​ទៀត ​ជនភៀស​ខ្លួន​​អូស្ត្រាលី​​នឹង​​ចេញ​​រស់នៅ​​ដោយ​​ខ្លួន​ឯង​

គិត​មកដល់ពេលនេះ ជនភៀសខ្លួន​អូស្ត្រាលី​ចំនួន៤ នាក់ បានរស់នៅ​ក្នុងប្រទេស​កម្ពុ​ជាជាង​ពីរ​ខែ​ហើយ បន្ទាប់ពី​បញ្ជូនមក​ដល់ទី​ក្រុងភ្នំពេញ​កាល​ថ្ងៃទី៤ មិថុនា។ ពួក​គេ​ ត្រូវបាន​ដាក់​ឲ្យ​រស់នៅ​ដាច់​ដោយ​ពី​ឡែក​ពី​គេ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ។ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា យ៉ាងយូរបំផុត ៦ ខែ​ទៀត ជន​ភៀស​អូស្ត្រាលី​ទាំង៤នាក់ នឹង​ចេញ​រស់នៅ​ដោយ​ខ្លួនឯង​​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ជនភៀសខ្លួន៤រូបមកពីកោះណៅរូប្រទេសអូស្ត្រាលីបានធ្វើដំណើមកដល់កម្ពុជាកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៥
ជនភៀសខ្លួន៤រូបមកពីកោះណៅរូប្រទេសអូស្ត្រាលីបានធ្វើដំណើមកដល់កម្ពុជាកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៥ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ​ជនភៀសខ្លួន​អូស្ត្រាលី​ទាំង៤នាក់ កំពុង​បន្ត​រៀន​និយាយ​ភាសា និង វប្បធម៌​ខ្មែរ។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា។ ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​ជនភៀសខ្លួន​អូស្ត្រាលី​ទាំងនោះ កំពុង​រស់នៅ​នៅ​កម្ពុជា​ប្រមាណ​ជាង២ខែ​មកហើយ។

លោក​ខៀវ សុភ័គ បាន​បញ្ជាក់ថា ជនភៀសខ្លួន​អូស្ត្រាលី​ទាំងនោះ នឹង​រស់នៅ​ដោយ​ខ្លួនឯង បន្ទាប់ពី​ពួកគេ​រស់នៅ​ក្រោម​ការរៀប​ចំ​ដោយ​ក្រសួងមហាផ្ទៃ យ៉ាងយូរ៦ ខែ​ទៀត។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់ថា បន្ទាប់ពីនោះ ពួកគេ​នឹងត្រូវ​រៀបចំ​ឲ្យ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ឫ ត្រូវ​រស់នៅ​ក្រៅ​ក្រុង​នៅឡើយ​ទេ។ បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ជនភៀសខ្លួន​អូស្ត្រាលី​ទាំងនោះ​ក៏​ធ្លាប់បាន​ចេញទៅ​ដើរ​កម្សាន្ត​នៅតាម​ទីផ្សារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ។

គួរ​ជំរាបជូន​ថា ជនភៀសខ្លួន​ទាំង៤នាក់​នោះ ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូនមក​រស់នៅក្នុង​ប្រទេស​កម្ពុជា​កាល​ថ្ងៃទី៤ មិថុនា ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​បញ្ជូន និង ទទួល​ភ្ជាប់​ជាមួយ​ជំនួយ៤៣លាន​ដុល្លារ រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង អូស្ត្រាលី​កាលពី​ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ។ ជនភៀសខ្លួន​ទាំង៤ នាក់​រួមមាន ៣នាក់​គឺជា​ជនជាតិ អ៊ីរ៉ង់ និង​ម្នាក់ទៀត​ជា​ជនជាតិ​រូ​ហ៊ី​ន​យ៉ា។ ពួកគេ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា រៀបចំ​ឲ្យ​រស់នៅ​ដាច់ដោយឡែក​ពី​គេ​នៅក្នុង​ផ្ទះ​វិឡា​មួយ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​អន្តរជាតិ​សម្រាប់​ជនភៀសខ្លួន (IOM) និង ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា។

រដ្ឋាភិបាល​អូស្ត្រាលី កាលពីពេលថ្មីៗកន្លងទៅនេះ  ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ក្រុមការងារ​របស់ខ្លួន​ទៅកាន់​កោះ​ណៅ​រូ ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​អូស្ត្រាលី​ក្នុងការ​រៀបចំ​ទទួលយក​ជនភៀសខ្លួន​មក​រស់នៅ​កម្ពុជា​បន្ថែមទៀត។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បដិសេធ ដោយបាន​អះអាងថា រង់ចាំ​ឲ្យ​ជនភៀសខ្លួន៤នាក់​នេះ ធ្វើ​សមាហរណកម្ម​ជន​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ