ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

​ក្រសួង​អប់រំ​ដំណើរ​ការ​មណ្ឌល​សិក្សា ​អនុញ្ញាត​ឲ្យ​អ្នក​បោះ​បង់​ការ​សិក្សា​អាច​បន្ត​ការ​សិក្សា​បាន​

media  
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី

ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​សិក្សា​ទី១ នៃ​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​យុវជន បោះ​បង់​ការ​សិក្សា អាច​បន្ត​ការ​សិក្សា​បាន ស្រប​ពេល​កំពុង​បំពេញ​ការងារ​។ កម្មវិធី​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ក្នុង​១០​មណ្ឌល ដែល​ក្នុង​នោះ​មាន​៥មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​៥មណ្ឌល​នៅ​ខេត្ត​សៀមរាប​។ 

កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ីនធឺណិត ឬ​ហៅ​កាត់​ថា (BEEP) ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ កាល​ពី ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ហើយ​នេះ​គឺ​ជា​លើក​ទី១ ដែល​មណ្ឌល​សិក្សា​នៃ​កម្មវិធី​នេះ ត្រូវ​បើក​ឲ្យ​ប្រើ​ប្រាស់ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​ម្សិល​មិញ ក្នុង​រាជ​ធានី​ភ្នំពេញ​។

BEEP ត្រូវ​បាន​បង្កើ​តឡើង​ដើម្បី​ផ្តល់​នូវ​ការ​អប់រំ ដែល​មាន​ភាព​បត់​បែន ដល់​យុវជន ដែល​បោះប​ង់ការ​សិក្សា ដើម្បី​ឲ្យ​ពួក​គេ​បញ្ចប់​ការ​សិក្សា​ថ្នាក់​មូល​ដ្ឋាន ដែល​មាន​តម្លៃ​ស្មើនឹ​ងថ្នាក់​ទី​៩។​ កម្មវិធី​នេះ នឹង​ជួយ​យុវជន​កម្ពុជា​ឲ្យ​បន្ត​ការ​សិក្សា​របស់​ពួក​គេ ស្រប​ពេល​កំពុង​បំពេញ​ការ​ងារ​ផ្ទាល់​ខ្លួន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​របស់​ក្រសួង​អប់រំ ក្រសួង​ការងារ និង​អង្គការ​យូណេស្កូ​។

លោក ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ក្នុង​ឱកាស​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មណ្ឌល​សិក្សា​ទី១ នៃ​កម្មវិធី BEEP កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ បាន​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​គោលដៅ​ជួយ​ដល់​យុវជន​នៅ​ក្រៅ​សាលា ឬ​បោះបង់​ការ​សិក្សា​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះ​បើ​មិន​បាន​រៀន​ចប់​ទេ នោះ​បាន​ត្រឹម​តែ​ធ្វើ​ការងារ ដែល​មិន​សូវ​មាន​ប្រាក់​កម្រៃ​ខ្ពស់​។

លោក លៀវ គឹមឡាយ មន្ត្រី​ជាតិ​ផ្នែក​អប់រំ អង្គការ​យូណេ​ស្កូ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កម្មវិធី​សិក្សា​នេះ អនុញ្ញាត​ឲ្យ​អ្នក​សិក្សា ដែល​បោះ​បង់​ការ​សិក្សា​ក្នុង​ចន្លោះ​ថ្នាក់​ទី៧ ទី៨ និងទី៩ ឬ​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី៦ ហើយ​មិន​បាន​បន្ត​ការ​សិក្សា​នៅ​អនុ​វិទ្យាល័យ អាច​ចុះ​ឈ្មោះ​រៀន ដើម្បី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មូល​ដ្ឋាន​បាន​។

លោក លៀវ គឹមឡាយ បន្ថែម​ថា ការ​រៀន​តាម​រយៈ​កម្មវិធី​នេះ គឺ​មាន​លក្ខណៈ​ពិសេស ដោយ​សារ​តែ​អ្នក​សិក្សា​អាច​ប្រើ​ប្រាស់​ទូរស័ព្ទ​ក៏​បាន ឬ​អាច​មក​មណ្ឌល​សិក្សា​ផ្ទាល់​ក៏​បាន។ បើ​តាម​លោក គឹមឡាយ មណ្ឌល​សិក្សា​នៃ​កម្មវិធី BEEP មាន​បំពាក់​នូវ​បរិក្ខារ​ទំនើបៗ ដើម្បី​ជួយ​ដល់​អ្នក​សិក្សា​។

សូម​ជម្រាប​ជូន​ថា កម្មវិធី BEEP មាន​វគ្គ​សិក្សា​ចំនួន​១១​មុខ​វិជ្ជា សម្រាប់​ឲ្យ​សិស្ស​ជ្រើស​រើស និង​សិក្សា ហើយ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​មុខ​វិជ្ជា​ទាំង​អស់​ដោយ​ជោគ​ជ័យ និង​ឆ្លង​កាត់​ការ​ប្រឡង នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​អប់រំ​មូល​ដ្ឋាន និង​មាន​ឱកាស​បន្ត​ការ​សិក្សា​ជំនាញ​បច្ចេកទេស​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​របស់​ក្រសួង​អប់រំ ក្រសួង​ការងារ និង​អង្គការ​យូណេស្កូ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ