អានតួអត្ថបទ
កម្ពជា

គណៈកម្មាធិការ​​គ្រប់គ្រង​​ឆ្នេរ​សមុទ្រ​​នឹង​​ស្នើ​​រដ្ឋាភិបាល​​កាត់​​ចំណែក​​កំពង់​ផែ​ឲ្យ​​ក្រុមហ៊ុន​​​​ឧ​កញ៉ា​​គិត ម៉េង​ ដំណើរ​ការ​​អភិ​វ​ឌ្ឈ​​កោះរ៉ុង​

គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បានរៀបចំ​កិច្ចពិភាក្សា​មួយ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់លោក​ឧ​កញ៉ា​គិត ម៉េង ដើម្បី​រក​ដំណោះ​លើ​ការសាងសង់​កំពង់ផែ​លើកដាក់​សម្ភារៈ​នៅ​ឆ្នេរ​អូរត្រេះ​សម្រាប់​បម្រើការ​អភិវឌ្ឍ​នៅលើ​កោះរ៉ុង។ គណៈកម្មាធិការ​នេះ​បានសម្រេច​ថា នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំ​កាត់​ចំណែក​ណាមួយ​នៃ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​សម្រាប់​បម្រើ​ដល់​ការ​អភិ​វ​ឌ្ឈ​កោះរ៉ុង​ជំនួស​ការសាងសង់​នៅលើ​ឆ្នេរ​អូ​ត្រេះ។

គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ​បានរៀបចំ​កិច្ចប្រជុំនៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មករា ​ឆ្នាំ​២០១៦​
គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ​បានរៀបចំ​កិច្ចប្រជុំនៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មករា ​ឆ្នាំ​២០១៦​ @siv channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ជួបប្រជុំគ្នា​ជាមួយ​លោក​ឧ​កញ៉ា​គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី និង លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​ស​ចរណ៍ បាន​ឯកភាព​ថា នឹង​ស្វែងរក​ទីតាំង​សមស្រប ដើម្បី​ដើម្បី​សាងសង់​ផែ​នៅ​តំបន់​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ដើម្បី​បម្រើការ​អភិវឌ្ឍ​កោះរ៉ុង។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ​នេះ បាន​បញ្ជាក់ថា ទីតាំង​សមស្រប​ដែល​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឯកភាពគ្នា​នោះ គឺ​នឹង​ស្នើសុំ​ទៅកាន់​រដ្ឋាភិបាល ដើម្បី​កាត់​ចំណែក​ណាមួយ​នៃ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​សម្រាប់​បម្រើ​ដល់​ការ​អភិ​វ​ឌ្ឈ​កោះរ៉ុង។

សូមរំលឹកជូនថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប(Royal Group)របស់លោក​ឧកញ៉ា គិត ម៉េង បាន​សាង់សង់​កំពង់ផែ​មួយ​នៅលើ​ក្បាលដី៤០ម៉ែត្រ ជម្រៅ១៥ម៉ែត្រ នៅតាម​បណ្តោយ​ឆ្នេរ​ខ្សាច់​អូរត្រេះ ដើម្បី​លើកដាក់​សម្ភារៈ​សម្រាប់​ប​ម្រើ​ការសាងសង់​នានា​នៅលើ​កោះរ៉ុង និង សម្រាប់​ដឹក​ភៀវ​ទេសចរ​ទៅ​កម្សាន្ត​ល់កោះ​នេះ​ផងដែរ។ ក៏ប៉ុន្តែ​កាលពី​ថ្ងៃទី២០ មករា កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ក្រុមហ៊ុន​នេះ​រុះរើ​ចេញ​វិញ ដោយសារ​មិនមាន​ការអនុញ្ញាត​ឲ្យ​សាងសង់។ បន្ថែម​លើ​នេះ រដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​នេះ ត្រូវ​សិក្សា​រក​ទីតាំង​ថ្មី​ដែលមាន​លក្ខណៈ​សមស្រប​មិន​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​សម្រាប់​ទេសចរណ៍ និង​ត្រូវមាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទើប​អាច​ដំណើរការ​សាងសង់​បាន។

ឆ្លងតាម​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​នេះ និង​បើតាម​អ្នកនាំពាក្យ​កិច្ចប្រជុំ គឺថា​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប(Royal Group)យល់ព្រម​នឹង​កែសម្រួល​ទៅតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​ឲ្យ​ក្រុមហ៊ុន​រុះរើ​សំណង់​របស់ខ្លួន​នោះ។ ក្រុមហ៊ុន ក៏បាន​គាំទ្រ​ចំពោះ​ការថែរក្សា​តំបន់ឆ្នេរ​សុម​ទ្រ​កម្ពុជា​ប្រកបដោយ​ស្ថិរភាព​​​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ